វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» សម្រាប់សិស្សានុសិស្សចំនួន៥នាក់ មកពីវិទ្យាល័យអន្លង់វែង។ គោលបំណងរបស់វេទិកាថ្នាក់រៀន គឺលើកកម្ពស់ការយល់ដឹងអំពីការចងចាំប្រវត្ដិសាស្រ្ដក្នុងរបបខ្មែរក្រហម ជាពិសេសយុវជនជំនាន់ក្រោយ លើកកម្ពស់សន្ដិភាព និងជំរុញឱ្យ​មាន​ការផ្សះផ្សាផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វេទិកាថ្នាក់រៀនសម្រាប់ខែមីនា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានផ្ដោតសំខាន់ទៅលើប្រធានបទចំនួនពីគឺ៖ ១) រដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និង២) គណៈអចិន្ត្រៃយ៍​ខ្មែរក្រហម​ពិភាក្សាអំពីបញ្ហា​នៃ​ការសុំលាលែងពីតំណែងប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ របស់សម្ដេចព្រះ នរោត្ដម សីហនុ នៅក្នុងថ្ងៃទី​១១ ​ខែមីនា ឆ្នាំ១៩៧៦។

១) ព្រឹត្ដិការណ៍រដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០

ចំពោះព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាចំណុចរបត់នៃប្រវត្ដិសាស្រ្ដនយោ បាយរបស់កម្ពុជាដែលបានរុញច្រានប្រទេសកម្ពុជា ឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជិត៣ទសវត្សរ៍។ រដ្ឋប្រហារត្រូវបានធ្វើឡើង នៅពេលដែលសម្តេចព្រះ នរោត្តម សីហនុ គង់នៅក្រៅប្រទេស។ លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានរៀបចំការបោះឆ្នោតទម្លាក់ព្រះអង្គចេញពីតំណែងព្រះប្រមុខរដ្ឋ ដោយមានការអនុម័តពីសភាជាតិកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្ដិការណ៍នេះចាត់ចូលជារដ្ឋប្រហារបាន ដោយសារតែក្នុងរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ប្រមុខរដ្ឋនឹងគ្រងតំណែងអស់មួយជីវិត ហើយការផ្លាស់របបដឹកនាំនៅក្នុងសង្គមមួយក៏ត្រូវបានចាត់ចូលក្នុងហេតុផលទាំងនេះដែរ។ មូលហេតុចម្បងដែលនាំឱ្យមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ គឺក្រោមហេតុផលដែលមានវត្តមានកងទ័ពវៀតកុងនៅលើទឹកដីកម្ពុជា ហើយនៅពេលនោះ រួមផ្សំជាមួយនឹងវិបត្តិសេដ្ឋកិច្ច និងអំពើពុករលួយក្នុងជួររដ្ឋាភិបាល។ ការធ្វើរដ្ឋប្រហាររបស់ លន់ នល់ បានធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ និងលេចចេញនូវចលនាបក្សកុម្មុយនីស្ដមួយដែលក្រោយមក ស្គាល់យ៉ាងទូលំទូលាយថា «ខ្មែរក្រហម»។ ភ្លាមៗនោះ សម្តេចព្រះ នរោត្តម សីហនុ បានបង្កើតរណសិរ្សរួបរួមជាតិមួយនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយអំពាវនាវឱ្យប្រជារាស្ត្ររបស់ព្រះអង្គចូលរួមនៅក្នុងចលនាតស៊ូនៅក្នុងព្រៃម៉ាគី ដែលត្រូវបានស្គាល់ថាជាព្រៃភ្លើង ឬព្រៃតស៊ូនៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះ បានធ្វើឱ្យក្រុមចលនាកុម្មុយនីស្ដខ្មែរក្រហមឆ្លៀតឱកាសកៀរគរប្រជាជន ហើយឈានទៅដល់ការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជន ក្រោមរូបភាពនៃការទាមទារអំណាចថ្វាយព្រះមហាក្សត្រ។

បន្ទាប់ពីនោះ ប្រជាជនរាប់ម៉ឺននាក់បានចូលរួមជាមួយខ្មែរក្រហម តាមរយៈការបង្កើនចំនួនកងទ័ពយ៉ាងឆាប់រហ័សនៃចលនាតស៊ូ ពីចំនួន៣ពាន់នាក់នៅក្នុងឆ្នាំ១៩៧០ ទៅ៤ម៉ឺននាក់នៅក្នុងឆ្នាំ១៩៧៣។ ក្នុងពេលជាមួយគ្នានេះ លន់ នល់ បានបង្កើតរបបថ្មីមួយហៅថា «របបសាធារណរដ្ឋខ្មែរ» ដែលដឹកនាំប្រទេសកម្ពុជាពីឆ្នាំ១៩៧០-១៩៧៥ ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។ របបសាធារណរដ្ឋខ្មែរ ទទួលបរាជ័យទៅវិញដោយសារអំពើពុករលួយ អសន្តិសុខសង្គម និងសង្គ្រាមផ្ដួលរំលំពីចលនាកុម្មុយនីស្តខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ចាប់ពីពេលនោះមក របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយក្រុមកម្មុយនីស្ដខ្មែរក្រហមបានឡើងកាន់កាប់អំណាចបានទាំងស្រុង (១៩៧៥-១៩៧៩) ដោយបានបើកទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់មួយសម្រាប់សង្គមកម្ពុជាតាមរយៈការបង្ហូរឈាម ការសម្លាប់រង្គាលមិនរើសមុខ និងអំពើប្រល័យពូជសាសន៍ជាតិសាសន៍ឯងបណ្ដាលឱ្យបាត់បង់ជីវិតប្រជាជនប្រមាណជិត២លាននាក់។

២) ការសុំលាលែងពីតំណែងប្រមុខរដ្ឋរបស់សម្ដេចព្រះ នរោត្ដម សីហនុ ក្នុងថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦

ព្រឹត្ដិការណ៍ដែលភ្ជាប់នឹងការពិភាក្សាលើការធ្វើរដ្ឋប្រហារ គឺការសុំលាលែងពីតំណែងប្រមុខរដ្ឋរបស់សម្ដេច ព្រះនរោត្ដម សីហនុ ដោយមានការពិភាក្សា និងជួបប្រជុំដំបូងបង្អស់របស់គណៈកម្មាធិការអចិន្ដ្រៃយ៍បក្សកុម្មុយនីស្ដកម្ពុជានៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦។ គណៈអចិន្ដ្រៃយ៍បក្សកម្មុយនីស្ត បានព្រមព្រៀងទទួលយកសំណើសុំលាលែងរបស់ព្រះអង្គ ប៉ុន្ដែមិនអនុញ្ញាតឱ្យព្រះអង្គចាកចេញពីប្រទេស ឬធ្វើសេចក្ដីថ្លែងការណ៍ ឬជួបពិភាក្សាជាមួយអង្គទូតបរទេសណាមួយឡើយ។ របបរាជានិយមនៅកម្ពុជា ត្រូវបានបញ្ចប់នៅអំឡុងរបបខ្មែរក្រហម។

រហូតដល់ខែមេសា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជនកម្ពុជាបានបើកសម័យប្រជុំលើកទីមួយ និងតែម្ដងគត់របស់ខ្លួន ដោយបានព្រមព្រៀងគ្នាជាឯកច្ឆន្ទទៅលើសំណើយាងចូលនិវត្ដន៍របស់សម្ដេចព្រះ នរោត្ដម សីហនុ ដោយផ្ដល់ថ្វាយព្រះអង្គនូវប្រាក់សោធននិវត្ដន៍ចំនួន៨ពាន់ដុល្លារនៅក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ខ្មែរក្រហមមិនដែលបើកថ្វាយនូវប្រាក់ចូលនិវត្ដន៍ដល់ព្រះអង្គទាល់តែសោះ។ ព្រះអង្គ និងព្រះរាជវង្សានុវង្ស ត្រូវបានឃុំឃាំងនៅក្នុងវីឡាតូចមួយស្ថិតនៅក្នុងបរិវេណនៃព្រះបរមរាជវាំង។ ព្រះអង្គបានឃុំជាប់នៅក្នុងវាំងរហូតដល់ខែមករា ឆ្នាំ១៩៧៩ គឺរហូតដល់ថ្ងៃដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។

នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៩ កងកុម្ម៉ង់ដូរវៀតណាមបានឆ្លងកាត់ទន្លេចតុមុខក្បែរព្រះបរមរាជវាំង ដើម្បីចាប់ពង្រត់សម្ដេចព្រះ នរោត្ដម សីហនុ យកទៅវៀតណាម និងឱ្យព្រះអង្គដឹកនាំចលនាតស៊ូមួយក្រោមការជួយទំនុកបម្រុងរបស់វៀតណាម ប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្ដែផែនការរបស់កងកុម្ម៉ង់ដូរវៀតណាមត្រូវបរាជ័យ។ នៅថ្ងៃនោះដែរ ដោយសារសភាពការណ៍ដែលវៀតណាមវាយចូលកម្ពុជាកាន់តែមានសភាពធ្ងន់ធ្ងរ ខៀវ សំផន បានជម្លៀសព្រះអង្គទៅកាន់ស្រុកស៊ីសុផុន ក្បែរព្រំដែនខ្មែរ-ថៃ។ ពីរថ្ងៃក្រោយមក ខៀវ សំផន បានទៅយាងព្រះអង្គចូលមកទីក្រុងភ្នំពេញវិញ ដោយនិយាយថា វៀតណាមបានដកថយវិញហើយ។ ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ ប៉ុល ពត បានយាងព្រះអង្គទៅជួបប្រជុំប្រឆាំងនឹងការលុកលុយរបស់វៀតណាម។ ជាថ្នូរនឹងកិច្ចការដ៏មានសារសំខាន់នេះ ប៉ុល ពត យល់ព្រមអនុញ្ញាតឱ្យព្រះរាជវង្សានុវង្សទាំងអស់ចាកចេញពីកម្ពុជាជាមួយព្រះអង្គដែរ ទោះបីមានការជំទាស់ពី អៀង សារី ដែលចង់ទុកព្រះរាជវង្សានុវង្សទាំងអស់នៅក្នុងប្រទេសជាចំណាប់ខ្មាំងក៏ដោយ។ សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះរាជវង្សានុវង្សរបស់ព្រះអង្គបានចាកចេញឆ្ពោះទៅកាន់ប្រទេសចិន តាមជើងហោះហើររបស់ចិន នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

អត្ថបទ ៖ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖