រដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ បើកផ្លូវថ្មើរជើងថ្មីតាមមាត់ទន្លេ ដើម្បីលើកកម្ពស់សោភ័ណភាព និងវិស័យទេសចរណ៍

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក ផាន់ យុត អភិបាលនៃគណៈភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំកងកម្លាំងចម្រុះ ចុះអនុវត្តសកម្មភាពបើកផ្លូវថ្មើរជើងថ្មីមួយខ្សែ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ និងទាក់ទាញភ្ញៀវទេសចរ។

ផ្លូវថ្មើរជើងដែលទើបនឹងស្ថាបនារួចជាបឋមនេះ មានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

ទំហំ៖ ទទឹងប្រមាណ ៣ ម៉ែត្រ និងបណ្ដោយសរុប ៥៧០ ម៉ែត្រ។

ទីតាំង៖ ចាប់ផ្ដើមពីចំណុច អគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) រហូតដល់ ស្នាក់ការបរិស្ថាន (រ៉ាមសារ) ដែលស្ថិតនៅទល់មុខសាលាបឋមសិក្សា ព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ។

ផ្លូវថ្មើរជើងនេះ ចូលរួមសិក្សាប្លង់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានកិច្ចសហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ និងរដ្ឋបាលខេត្តស្ទឹងត្រែងដើម្បីបម្រើដល់ប្រយោជន៍ប្រជាជននៅក្នុងសហគមន៍។

មជ្ឈមណ្ឌលឯកសារកម្ពុជា បានសាងសង់ អគារមរតសង្គមរាស្រ្តនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ក្នុងភូមិអូរស្វាយ ដែលជាអតីតព្រះរាជដំណាក់តូចមួយរបស់សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ពេលដែលព្រះអង្គយាងទៅកាន់ស្រុកបុរីអូរស្វាយ នៅក្នុងឆ្នាំ១៩៦៤ ធ្វើជាបណ្ណាល័យ, សាងសង់កំពង់ផែបណ្តែតទឹក, សាងសង់ទូកជាច្រើនគ្រឿង សម្រាប់ប្រើប្រាស់ជាសាធារណៈ។ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) រួមបញ្ចូលសកម្មភាពជាច្រើន រួមមាន ការស្រាវជ្រាវប្រវត្តិសាស្រ្តរបស់សហគមន៍ សិល្បៈ ចម្លាក់ និងការកែលម្អសហគមន៍នៅជុំវិញ។

អគារមរតសង្គមរាស្រ្តនិយមសម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) មានតម្កល់ឯកសារប្រវត្តិសាស្រ្តទាក់ទងនឹងរបបខ្មែរក្រហម, រាជវង្សានុវង្ស និងឯកសារសមុច្ច័យជាច្រើន បម្រើដល់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ ជាពិសេសប្រជាជននៅក្នុងសហគមន៍។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖