សិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកអានសៀវភៅប្រវត្តិសាស្រ្តកម្ពជាប្រជាធិបតេយ្យ និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»

នៅវេលាព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយចំនួន១០នាក់ បានមកទស្សនកិច្ចសិក្សា និងអានសៀវភៅប្រវត្តិសាស្រ្តទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដើម្បីជាជំនួយដល់ការសិក្សារៀនសូត្រនៅក្នុងសា​លា​រៀន។ ក្នុងឱកាសនោះ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងក៏បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណង ជើងថា «កុំស្មានបងភ្លេច» ឱ្យសិស្សទស្សនាដែរ។ ខ្សែភាពយន្តឯកសារនេះ បានផ្សាភ្ជាប់ទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រប្រទេសកម្ពុជាអំឡុងសតវត្សរ៍ទី២០ អំពីការរីកចម្រើន សង្គ្រាម និងការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហមលើគ្រប់វិស័យ រួមទាំង សិល្បៈករ និងតន្រ្តីករ ដែលការចាក់បញ្ចាំងនេះក្នុងគោលបំណង៖

១) ចង់ឱ្យសិស្សានុសិស្សបានយល់ដឹងអំពីការបាត់បង់តន្ត្រី និងអ្នកចម្រៀងជើងចាស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។

២) ចង់ឱ្យសិស្សានុសិស្សឈ្វេងយល់អំពីសម័យកាលនីមួយៗនៅក្នុងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»។

៣) ចង់ឱ្យសិស្សានុសិស្សបានដឹងអំពីផលវិបាកនៃការកើតមានសង្រ្គាម និង

៤) ការដោះស្រាយបញ្ហាដោយសន្តិវិធី និងការទប់ស្កាត់ជម្លោះនានា។

បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» រួច សិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

ឆោម គីមមួយ ភេទស្រី គឺជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ រៀបរាប់ថា ៖ ខ្ញុំបានដឹងថាខ្សែភាពយន្តខាងលើបានឆ្លុះបញ្ចាំងបីសម័យកាល។ ក្នុងសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្ដេចព្រះ នរោត្ដម សីហនុ ខ្ញុំដឹងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យទាំងអស់។ ខ្ញុំពិតជាសប្បាយរីករាយ ប៉ុន្តែក៏មានអារម្មណ៍សោកស្ដាយផងដែរចំពោះការបាត់បង់តន្រ្តីករនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមានចិត្តអាណិតអាសូរដល់ប្រជាជន រួមទាំងអ្នកចម្រៀងល្បីៗមួយចំនួនដែលត្រូវបានបាត់បង់ជីវិត។   ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានចូលមកទស្សនា និងអានសៀវភៅនៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ខ្ញុំបានដឹងពីទុក្ខលំបាក និងការបាត់បង់របស់ប្រជាជនកម្ពុជានៅក្រោយរបបខ្មែរក្រហមដួលរលំ ហើយខ្ញុំកាន់តែយល់ដឹងច្បាស់អំពីប្រវត្តិរបស់ប្រទេសកម្ពុជាបន្ថែមបានមួយកម្រិតទៀត។

លី សៀបហេង ភេទស្រី គឺជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានលើកឡើងថា ៖ នៅពេលខ្ញុំបានទស្សនាខ្សែភាពយន្តនេះរួច ខ្ញុំបានឃើញទិដ្ឋភាពប្លែកៗដែលខ្ញុំមិនធ្លាប់បានឃើញឬដឹងពីមុនមក។ ខ្ញុំមានអារម្មណ៍សោកសៅជាខ្លាំងចំពោះប្រជាជន និងសិស្បៈករមួយចំនួនដែលបានបាត់បង់ជីវិត រួមទាំងការបាត់បង់សិល្បៈតន្រ្តី។ រូបភាពដែលខ្ញុំបានឃើញបានដិតជាប់ក្នុងអារម្មណ៍របស់ខ្ញុំ ហើយធ្វើឱ្យខ្ញុំឈឺចាប់ ហើយវាក៏ជាការឈឺចាប់សម្រាប់កូនខ្មែរគ្រប់រូបដែរ។ ខ្ញុំបានយល់ដឹងអំពីប្រវត្តិ​សាស្រ្ត​ច្រើន ហើយខ្ញុំចង់ឱ្យកូនខ្មែរគ្រប់រូបដឹងរឿងរ៉ាវប្រវត្តិសាស្រ្តនេះដែរ។

ស៊ុន ដេវីត ភេទប្រុស គឺជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ ប្រាប់ថា ៖ ក្រោយទស្សនាខ្សែភាព «កុំស្មានបងភ្លេច» ខ្ញុំពិតជាមានអារម្មណ៍សោកសៅ ក្ដុកក្ដួល និងឈឺចាប់ខ្លាំងណាស់។ ខ្ញុំបានយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាជនខ្មែរ ដែលបានឆ្លងកាត់ភាពសាហាវឃោរឃៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមានការសោកស្ដាយចំពោះការបាត់បង់ តន្រ្តី សិល្បៈ និងអ្នកចម្រៀង ព្រោះទាំងអស់នេះក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយ និងធ្វើឱ្យប្រទេសរបស់យើងកាន់តែមានការរីកចម្រើន។

ឈុន ឡៃហ៊ាង ភេទស្រី គឺជាសិស្សថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ឱ្យដឹងថា ៖ បន្ទាប់ពីបានទស្សនាខ្សែភាពយន្ត «កុំស្មានបងភ្លេច» ខ្ញុំមានការសោកស្ដាយចំពោះការបាត់បង់សិល្បៈករ និងសិល្បៈការិនីដែលមានភាពល្បីល្បាញ និងមានសមត្ថភាព។ ខ្ញុំអាណិតអាសូរចំពោះប្រជាជនគ្រប់រូបដែលត្រូវខ្មែរក្រហមចាប់យកទៅធ្វើទារុណកម្ម និងសម្លាប់យ៉ាងឃោរឃៅ។ ប្រសិនមានឱកាសខ្ញុំចង់មកអានសៀវភៅ និងចូលរួមរៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហមបន្តទៀត។

សុគុន លីហ៊រ ភេទប្រុស ថ្នាក់ទី៩ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ លើកឡើងថា  បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» រួច ខ្ញុំសង្កេតឃើញមានបីជំនាន់ ដោយជំនាន់មុនខ្ញុំ ឃើញប្រជាជនកម្ពុជាភាគច្រើនផ្តោតលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ បន្ទាប់មកខ្ញុំបានស្ដាប់ ចម្រៀង ដែលច្រៀងដោយតារាចម្រៀងល្បីជំនាន់ដើមដែលមានទឹកដមសំនៀងពិរោះ។ លុះដល់របបខ្មែរក្រហម តារាចម្រៀងជំនាន់ដើមភាគច្រើនត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការពលកម្មធ្ងន់ធ្ងរ និងខ្លះទៀតត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។

អត្ថបទ ៖ មឿង ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖