នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំចាក់បញ្ចាំងខ្សែភាព យន្តឯកសារ «អ្នកកសាងសន្តិភាព» ដល់សិស្សានុសិស្សចំនួន៤នាក់ មកពីអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រិយ៍។ ភាពយន្តឯកសារ «អ្នកកសាងសន្តិភាព» មានគោលបំណងចង់ឱ្យប្រជាជនទាំងអស់រស់នៅប្រកបដោយសន្តិភាព គ្មានការគុំកួន និងការចងគំនុំ ព្រមទាំងមានការប្រាស្រ័យទាក់ទងល្អជាមួយគ្នា។
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥ សាលារៀនសាធារណៈចំនួនប្រមាណ ៦០០កន្លែង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបើកដំណើរការឡើងវិញ ដើម្បីទទួលសិស្សឱ្យចូលរៀន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងថ្ងៃទី២៦ ខែតុលា ដោយមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សី។
ចំពោះកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្ត គឺត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យយុវជនទទួលបាននូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេសគឺប្រវត្តិសាស្ត្រ និងជីវិតក្នុងសហគមន៍អន្លង់វែង ដែលធ្លាប់ឆ្លងកាត់អតីតកាលដ៏ជូរចត់។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ ជាទីកន្លែងប្រមូលផ្តុំ និងចងក្រងឯកសារប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងអប់រំយុវជនក្នុងពេលបច្ចុប្បន្ន និងអនាគត។ តទៅមុខទៀត មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងនៅតែបន្តបេសកកម្មរបស់ខ្លួនជាមួយយុវជនក្នុងសហគមន៍អន្លង់វែង ដើម្បីផ្ដល់ចំណេះដឹងអំពីប្រវត្ដិសាស្រ្ដ បង្កើតនូវឱកាសដើម្បីអភិវឌ្ឍន៍សហគមន៍របស់ខ្លួន។
មកទល់ពេលនេះ មានឯកសារប្រវត្តិសាស្ត្រក្នុងសហគមន៍អន្លង់វែងប្រមាណ២,៩០០ឯកសារ ព្រមទាំងឯកសារថ្មីៗជាច្រើនទៀត ទាក់ទងនឹងសុខភាព និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានធ្វើការងារជាមួយយុវជនស្ម័គ្រចិត្តកម្ពុជាជាច្រើនជំនាន់តាំងពីដំបូងមក ជាពិសេសទៅលើសកម្មភាពអប់រំ ប្រមែប្រមូលព័ត៌មាន និងការថែរក្សាបរិស្ថានធម្មជាតិ។ អគារប្រវត្តិសាស្ត្រអតីតផ្ទះប្រជុំ តាម៉ុក នៅលើខ្នងភ្នំដងរែក ដែលជានិមិត្ដរូបដ៏សំខាន់ ត្រូវបានជួសជុល និងដាំដើមឈើរាប់រយដើមព័ទ្ធជុំវិញ។ ទីនោះ ត្រូវបានប្រែក្លាយពីកន្លែងប្រជុំនៃយុទ្ធសាស្រ្ដសង្គ្រាម ទៅជាទីកន្លែងអប់រំអំពីការបង្កើតសន្ដិភាព និងការផ្សះផ្សាទូទាំងតំបន់។ យុវជនរាប់រយនាក់បានចុះកម្មសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម និងប្រាស្រ័យទាក់ទងជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ចាប់តាំងពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩មក យុវជន និងការអប់រំ មានតួនាទីដ៏សំខាន់ បន្ទាប់ពីធនធានមនុស្សក្នុងសម័យខ្មែរក្រហមត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដូចដែលខ្លឹមសារក្នុងខ្សែភាពយន្តឯកសារ «អ្នកកសាងសន្តិភាព» បានបង្ហាញ។ ក្រៅពីនេះ ការស្វែងយល់អំពីប្រវត្តិសាស្ត្រគឺជារឿងសំខាន់ដើម្បីរកចំណុចចាប់ផ្តើមផ្សះផ្សាសង្គមដោយរបៀបណា។ ការងារដែលបានកសាងជាមួយយុវជន គឺចង់ឱ្យមានការបង្រួបបង្រួម ដែលជាគន្លឹះនៃការផ្សះផ្សា ដោយសារតែយុវជននឹងមានអនាគតវែងឆ្ងាយ និងអាចផ្សាភ្ជាប់ជីវិតរបស់ខ្លួន និងសហគមន៍ដែលខ្លួនរស់នៅទៅកាន់មជ្ឈដ្ឋានផ្សេងទៀត។
ដើម្បីឱ្យមានការទទួលស្គាល់យ៉ាងពេញលេញចំពោះតំបន់អន្លង់វែង ដែលធ្លាប់តែល្បីល្បាញអំពីភាពឃោរឃៅ និងសង្គ្រាមរ៉ាំរ៉ៃ រហូតដល់សមាហរណកម្មចុងក្រោយនៅឆ្នាំ១៩៩៨ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានព្យាយាមផ្សាភ្ជាប់ និងបកស្រាយអំពីជីវិត ឬការវិវឌ្ឍន៍សហគមន៍របស់ខ្លួនទៅកាន់មជ្ឈដ្ឋានខាងក្រៅកាន់តែទូលំទូលាយ។
ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្រោយទស្សនាកុនឯកសារ «អ្នកបង្កើត សន្ដិភាព»៖
ថន យឿន អាយុ១៤ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្សែភាពយន្តឯកសារនេះបានបង្ហាញយ៉ាងច្បាស់ពីទិដ្ឋភាពយុវជន និងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលធ្លាប់ទទួលរងនូវការលំបាក និងការគំរាមកំហែងដល់ជីវិតប្រជាជនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម»។
ឃឿន ចរិយា អាយុ១៤ឆ្នាំ យល់ឃើញថា៖ «តាមរយៈខ្សែភាពយន្តឯកសារដែលបានទស្សនារួចមក អន្លង់វែងគឺជាកន្លែងដែលមានឱកាសសម្រាប់ការកម្សាន្ត ដោយមានសារមន្ទីរផ្ទះ តាម៉ុក ទិដ្ឋភាពនៅលើភ្នំដងរែក និងព្រៃឈើធម្មជាតិស្រស់បំព្រង»។
អ៊ុន ដារីន អាយុ១៤ឆ្នាំ បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះ៖ «នៅពេលចាប់ផ្តើមទស្សនាខ្សែភាពយន្តឯកសារដំបូង ខ្ញុំពិតជាមានការឈឺចាប់ព្រោះឃើញគ្រោងឆ្អឹងជនរងគ្រោះពីសម័យខ្មែរក្រហម ត្រូវបានដាក់តម្រៀបនៅកន្លែងមួយនៅក្រោយសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ រូបភាពទាំងនោះបានធ្វើឱ្យខ្ញុំចងចាំប្រវត្តិនៃប្រទេសកម្ពុជា។ លើសពីនេះ ខ្សែភាពយន្តបានបង្ហាញនូវទិដ្ឋភាពផ្ទះ តាម៉ុក និងកន្លែងទស្សនាជាច្រើនទៀតនៅអន្លង់វែង ដោយមានផ្លូវបំបែកជាបួន និងស្លាកសញ្ញាព័ត៌មាននៅអមសងខាងផ្លូវ»។
អត្ថបទ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









