ពីទិដ្ឋភាពមួយផ្សេងទៀត៖ ការនាំមកនូវសន្តិភាព, កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥

សន្តិភាព គឺតែងតែជាលក្ខខណ្ឌយ៉ាងលំបាកមួយដែលសម្រេចបានដោយការតស៊ូ ហើយខណៈពេលយើងគួរអបអរសាទររាល់សមិទ្ធផលដែលធានាសន្តិភាព យើងត្រូវតែដឹងដែរថា សន្តិភាពមានភាពផុយស្រួយ ហើយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ គេតែងតែនិយាយថា នៅអំឡុងពេលមានសន្តិភាព យើងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ធ្វើសង្គ្រាម ហើយទោះបីជាការនិយាយបែបមនោសញ្ចេតនានេះ មានការពិតខ្លះ ក៏ដោយ យើងមានមធ្យោបាយផ្សេងទៀតដែលចាំបាច់ក្នុងការគាំទ្រសន្តិភាព និងការទប់ស្កាត់សង្គ្រាម។

ជាមួយកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ប្រទេសកម្ពុជាត្រូវបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចការព្រំដែន កងទ័ព និងធនធានមនុស្សរបស់កម្ពុជា ដោយមានការសិក្សាស្រាវជ្រាវ ធនធាន និងការអប់រំ។ដើម្បីសម្រេចបានគោលដៅទាំងនេះ កម្ពុជាត្រូវវិនិយោគក្នុងការអភិវឌ្ឍកម្មវិធីសិក្សាប្រវត្តិសាស្ត្រយោធា។ ជម្លោះទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ប៉ុន្តែប្រវត្តិសាស្ត្រកាន់តែសំខាន់នៅក្នុងកាលៈទេសៈនៃជម្លោះនេះ ពីព្រោះការទាមទាររាល់ចំណុចសំខាន់ៗនូវដែនដីដោយភាគីថៃ គឺពោរពេញទៅដោយការកែប្រែប្រវត្តិសាស្ត្រដែលចាក់ឫសយ៉ាងជ្រៅ។ សន្តិភាពយូរអង្វែងសម្រាប់អនាគតអាចត្រូវបានធានា លុះត្រា តែមានការប្រឈមមុខនឹងការពិតនៃប្រវត្តិសាស្ត្រ ដែលចាប់ផ្តើមដោយការសិក្សាស្រាវជ្រាវ និងការបង្កើតនូវកម្មវិធីសិក្សាគ្រប់ជ្រុងជ្រោយមួយ។

ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រយោធាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ប្រជាជនកម្ពុជាត្រូវតែសិក្សាអំពីប្រវត្តិសាស្ត្រប្រទេសជិតខាង និងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក។ តើប្រទេសកម្ពុជាអាចក្លាយជាដៃគូយុទ្ធសាស្ត្រពិតប្រាកដជាមួយប្រទេសជិតខាង និងជុំវិញពិភពលោកបានដោយរបៀបណា ប្រសិនបើប្រទេសកម្ពុជាមិនបានស្វែងយល់ពីប្រវត្តិសាស្ត្រស្តីពីសេដ្ឋកិច្ចនយោបាយនៅក្នុងតំបន់ និងជុំវិញពិភពលោក? ភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ មិនត្រឹមតែទាមទារឱ្យមានការយល់ដឹងច្បាស់លាស់អំពីខ្លួនឯង និងប្រទេសជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសដទៃទៀតផង។

បន្ថែមពីលើការសិក្សាអំពីប្រវត្តិសាស្ត្រ គឺត្រូវមានធនធានសម្រាប់ការបេ្តជ្ញាចិត្តរបស់ខ្លួនចំពោះការការពារបូរណភាពទឹកដី។ កម្ពុជា អាចពិនិត្យមើលសហរដ្ឋអាមេរិកជាឧទាហរណ៍មួយ អំពីរបៀបនៃការផ្តល់ អាទិភាពសម្រាប់សន្តិសុខព្រំដែន។ ព្រំដែនរបស់ប្រទេសកម្ពុជាមិនមែនគ្រាន់តែជាបន្ទាត់ព្រំដែនអរូបីនៅលើផែនទីនោះទេ។ ការការពារដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា គឺអាស្រ័យលើវិធីសាស្រ្តជាច្រើនយ៉ាង។ វត្តមានយោធា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការប្តេជ្ញាចិត្តផ្នែកនយោបាយ គឺជាកត្តាគន្លឹះដែលបញ្ជាក់អំពីអធិបតេយ្យភាពលើដែនដីទាំងអស់របស់ប្រទេសកម្ពុជា។ កង្វះខាតកត្តាណាមួយក្នុងចំណោមកត្តាទាំងអស់នេះនឹងបង្កជាបញ្ហាប្រឈម និងជម្លោះនាពេលអនាគត។

ជាចុងក្រោយ តើដែនដីដែលគ្មានមនុស្សរស់នៅ និងមានអត្ថប្រយោជន៍អ្វីទៅ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាត្រូវបន្តកសាងធនធានមនុស្សរបស់ខ្លួន មិនត្រឹមតែនៅក្នុងទីប្រជុំជនទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ដាច់ស្រយាល ដូចជានៅតំបន់ព្រំដែនប្រទេសកម្ពុជា។ សន្តិភាពរបស់កម្ពុជាជាមួយប្រទេសជិតខាងរបស់ខ្លួន ត្រូវបានពង្រឹងយ៉ាងរឹងមាំដោយកិច្ចព្រមព្រៀងសន្តិភាពនេះ ដែលបានសម្របសម្រួល

ដោយសហរដ្ឋអាមេរិក ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នខ្ពស់ជានិច្ចដោយបន្តវិនិយោគលើការសិក្សា ស្រាវជ្រាវ ធនធាន និងការអប់រំដែលនឹងអាចធានាឱ្យមានសន្តិភាពសម្រាប់អនាគត។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្តាញសារព័ត៌មានកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖