សិស្សានុសិស្សមកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ ធ្វើទស្សនកិច្ចសិក្សា មកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ នៅស្រុកកំពង់សៀម សរុបចំនួន៥នាក់ ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានស្តាប់ការធ្វើបទបង្ហាញអំពី ៖ ទី១) ពិព័រណ៍ប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ និងការកាត់ទោសមេដឹកនាំខ្មែរក្រហម ទី២) ការអានសៀវភៅ និងឯកសារនៅបណ្ណាល័យខ្មែរ​ក្រហម និងបន្ទប់បណ្ណសាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងទី៣) កិច្ចពិភាក្សា និងស្វែងយល់អំពីកិច្ចការរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។

ជាកិច្ចចាប់ផ្តើម ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍ និងធ្វើបទបង្ហាញទៅកាន់សិស្សស្ដីពីពិព័រណ៍អចិន្ត្រៃយ៍ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ព្រឹត្តិការណ៍នៃការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំឱ្យធ្វើការងារជាទម្ងន់នៅការដ្ឋានលើកទំនប់ និងការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មកទៀត សិស្សទាំងអស់បានចូលទៅកាន់បណ្ណាល័យ និងបន្ទប់បណ្ណសារខ្មែរក្រហម ដើម្បីស្វែង​យល់អំពីប្រភពធនធានសៀវភៅ និងឯកសារអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ តមក សិស្សានុសិស្សបានទស្សនាពិព័រណ៍ស្ដីពី «ក្តីសង្ឃឹមកម្ពុជា»។

ក្រោយពីសិស្សានុសិស្សបានបញ្ចប់ការទស្សនាផ្ទាំងពិព័រណ៍រួចមក លោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញអំពីកិច្ចការងារមួយចំនួនរបស់មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម ដែលកិច្ចការទាំងនោះរួមមាន ទស្សនកិច្ចសិក្សា, ថ្នាក់រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបេតយ្យ, ដំណើរទស្សនកិច្ចតាមរយៈរថភ្លើង, កិច្ចការងាររបស់អ្នកស្ម័គ្រចិត្តកម្ពុជាក្នុងការចុះជួបសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការសហការជាមួយអង្គការសង្គមស៊ីវិល, រដ្ឋបាលខេត្ត ស្រុកឃុំ និងវិទ្យាល័យនានា នៅក្នុងខេត្តកំពង់ចាម។

ក្រោយពីបានចូលរួមដំណើរទស្សនកិច្ចនៅក្នុងថ្ងៃនេះ សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍​ ​របស់ខ្លួនដូចខាងក្រោម៖

អ៊ាង លាងអឺ សិស្សថ្នាក់ទី១១ មកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ បានបង្ហាញចំណាប់អារម្មណ៍ ថា «ក្រោយពីបានចូលរួមដំណើរទស្សនកិច្ចនេះហើយ ខ្ញុំបានរៀន និងស្វែងយល់បានច្រើនបន្ថែមទៀតពីកិច្ចការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាកន្លែងស្រាវជ្រាវប្រវត្តិសាស្រ្តមួយសម្រាប់ខ្ញុំដែលជាសិស្សានុសិស្ស។ ខ្ញុំធ្លាប់បានដឹងពីប្រវត្តិ​សាស្រ្តខ្មែរក្រហមតាមរយៈការសិក្សា និងពីជីដូនរបស់ខ្ញុំ»។

លាង វិច្ចរ៉ា សិស្សថ្នាក់ទី១១ មកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនផងថា «ខ្ញុំរៀនសូត្របានច្រើនពីដំណើរទស្សនកិច្ចនេះ ជាពិសេសប្រវត្តិសាស្រ្តខ្មែរក្រហមតាម​រយៈឯកសារដែលបានតម្កល់ទុកនៅក្នុងបណ្ណាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម»។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ផ្ដល់ទីតាំងសម្រាប់ កិច្ចសន្ទនាជាមួយបុរសក្នុងតួនាទីសម្រេចចិត្ត លើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី

យុវជនស្ម័គ្រចិត្តគម្រោង «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» ដោយចុះសម្ភាសន៍ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម