ប្រវត្តិសង្ខេបអនុសេនីយ៍ត្រី ថន ញ៉ាញ់ កងទ័ពកម្ពុជាប្រចាំទិសភ្នំទ្រព្យ ៖ ពលីជីវិតទាំងមិនអស់ចិត្ត

អនុសេនីយ៍ត្រី ថន ញ៉ាញ់ គឺជាវីរយុទ្ធជនរបស់កម្ពុជា ​ប្រចាំទិសភ្នំទ្រព្យ ដែលបានពលីជីវិតក្រោយពេលផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងថៃ​ កាលពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ ។

តើ​អនុសេនីយ៍ត្រី ថន ញ៉ាញ់ មាន​ប្រវត្តិ​យ៉ាងណា?

តាមអ្វី​ដែលខ្ញុំបានសាកសួរ ទៅអ្នកស្រី មួត​ ម៉ៅ អាយុ៦៣ឆ្នាំ ត្រូវជាម្តាយអនុសេនីយ៍ត្រី ថន ញ៉ាញ់ ជា​យុទ្ធជននៅលីវ មិនមានប្រពន្ធកូនទេ។ គាត់មានអាយុ៣៩ឆ្នាំ។ កាលពីក្មេងគាត់ធ្លាប់បានបួសរៀន បានបីវស្សា បន្ទាប់ពីឈប់រៀនពីសាលាបឋមសិក្សាសសរស្តម្ភ ​ត្រឹមថ្នាក់ទី៦។​ ឪពុកឈ្មោះ មាន ថន​ សព្វថ្ងៃមានជំងឺ​ និងមានអារយុ៦៤ឆ្នាំ នៅភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ ថន​ ញ៉ាញ់ បានលាចាកសិក្ខាបទ ទៅ​ចូលបម្រើយោធាដែលមានទីតាំងឆ្ងាយពីភូមិនិងស្រុកកំណើត។ នៅក្នុងគ្រួសារ ញ៉ាញ់ គឺជាកូនប្រុសទី៣ ក្នុងចំណោមបងប្អូនបង្កើត៥នាក់ និងបងប្អូនម្តាយទីទៃរបស់គាត់២នាក់ទៀត។ ដោយសារការលះបង់សឹងមួយជិវិត ក្នុងកិច្ចការការពារប្រទេសជាតិ រយៈកាលជិត២១ឆ្នាំមកនោះ ទើបយុទ្ធជនថន ញ៉ាញ់​ មិនមានគូរស្រករ ដូចបងប្អូនប្រុសស្រីរបស់គាត់ផ្សេងទៀត ហើយយូរៗម្តង ទើបបានសុំអង្គភាពមកលេងស្រុកកំណើត។ ជាទូទៅគាត់មកលើងនៅរដូវបុណ្យភ្ជុំ។ បងប្អូនបង្កើតរបស់ ញ៉ាញ់ ក្រោយពីរៀបចំមានគ្រួសាររួច បានចាកចេញទៅរស់នៅឆ្ងាយពីភូមិ ដូចជា៖

-បងប្រុស​ ថន​​ ភេន បានទៅនៅត្រពាំងថ្ម ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

-បងស្រី ថន សឿន​ បានទៅធ្វើការនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

-ប្អូនប្រុស ថន​ ចាន់ បានទៅធ្វើការនិងរស់នៅភ្នំពេញ ជាមួយប្អូនស្រីឈ្មោះ ថន គង់នៅ។

រីឯឪពុក ម្តាយ​ ក៏បានចំណាកស្រុក ទៅរស់នៅស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីប្រកបរបរធ្វើស្រែចម្ការជាប្រចាំឱ្យគេនៅទីនោះ ហើយមិនបានដឹងថាអង្គភាពឈរជើងរបស់យុទ្ធជន ញ៉ាញ់ លេខប៉ុន្មាន។ ឪពុកម្តាយរបស់គាត់​ត្រឹមតែដឹងថានៅក្បែរប្រាសាទព្រះវិហារ ​លុះត្រាបានទទួលសព ពលីក្នុងសង្រ្គាម៥ថ្ងៃ ទើបបានដឹងថាកូនរបស់គាត់នៅឈរជើងទីតាំងមូលដ្ឋានចំណុចភ្នំទ្រព្យ។

ប្រវតិ្តការស្លាប់ ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ៖ ខ្ញុំនឹកឃើញកូនមុនគេ

ថន ញ៉ាញ់ ចូលកងទ័ពជាមួយប្អូនប្រុសឈ្មោះ ថន​ ចាន់ ដែលក្រោយពីសម័យកូវីដ-១៩ ថន ចាន់ បានលាឈប់ និងរៀបការមានគូរស្រករ រួច​បានចាកចេញមករស់នៅភ្នំពេញ។​ នៅមុនពេលកើតជម្លោះ គឺនៅឆ្នាំ២០២៤ មួត ម៉ៅ និងកូនស្រីពៅ​ បានទៅលេងខេត្តព្រះវិហារ ហើយបានត្រឹមតែទូរសព្ទទាក់ទងរកគ្នាជាមួយ​ ថន​ ញ៉ាញ់ ហើយគាត់បានប្រាប់ថា «រវល់ខ្លាំងនិងមិនអាចសុំអង្គភាពចុះមកជួបបាន»។ តាំងពីពេលនោះ គាត់មិនដែលបានត្រឡប់មកផ្ទះវិញទៀតទេ។ នៅពេលឮដំណឹងថាសង្រ្គាមផ្ទុះឡើងតាមព្រំដែនកម្ពុជា-ថៃ  មួត ម៉ៅ នឹករឭកដល់ ថន ញ៉ាញ់ មុនគេ ហើយមិនដឹងសុខឬទុក្ខយ៉ាងដូចម្តេច បើទាក់ទងលេខឯណាក៏មិនចូល។​ ស្រាប់តែថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ប្អូនស្រីរបស់ ថន ញ៉ាញ់ ឈ្មោះ គង់ នៅ បានទទួលដំណឹងតាមបណ្តាញសង្គមហ្វេសប៊ុក របស់មាឈ្មោះ មាន ធឿត នៅខេត្តព្រះវិហារ ថាបងប្រុស(ថន ញ៉ាញ់)​ បានស្លាប់ហើយ និងសាកសពកំពុងត្រូវបានដឹកចេញពីច្រកជាំ​ ខេត្តឧត្តរមានជ័យ។ សពនោះគឺក្នុងចំណោមសពយុទ្ធជនកម្ពុជា១២រូប ដែលថៃបានប្រគល់មកឱ្យកម្ពុជា។ តាមសម្តីមាឈ្មោះ មាន ធឿត បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សង្រ្គាមព្រំដែនកំពុងកើនកម្តៅ ការវាយប្រហារគ្នា កើតមានខ្លាំងក្លាលើទីតាំងចំណុចភ្នំទ្រព្យ ថន ញ៉ាញ់​ នៅក្រាញននាលទាំងមានរបួស។ ពេលដែលក្រុមទាហានថៃ អាចចូលទៅដល់ដើម្បីប្រមូលសាកសព និងអ្នកមានរបួស ថន ញ៉ាញ់ ត្រូវបានថៃចាប់បញ្ជូនយកទៅ ប៉ុន្តែក្រោយមកសព១២នាក់ដែលគេបានទទួលនៅច្រកជាំមានសភាពហើម និងមានស្នាមរបួស បែរជាមាន ថន ញ៉ាញ់ ម្នាក់ដែរ ។ មាន ធឿត អាចកំណត់ភិនភាគបាន តាមស្លាកលេខលើអាវ។ មួត ម៉ៅ បានធ្វើដំណើរតាមគោយន្តទាំងភ័យស្លុតចិត្តពីស្រុកវ៉ារិន មកកាន់រុនតាឯក កន្លែងធ្វើពិធីបុណ្យសព​។ ​ក្រោយពីបូជានៅទីនោះរួច គាត់បានយកអដ្ឋិធាតុអនុសេនីយ៍ត្រី ថន ​ញ៉ាញ់ មកធ្វើពិធីបន្តនៅវត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប និងបានតម្កល់នៅក្នុងកុដិមួយជាមួយព្រះសង្ឃដែលជាគ្រូរបស់ ថន ញ៉ាញ់ កាលពីពេលនៅបួសរៀន។

ស្រណោះពេលកូន ពលីជីវិតទៅទាំងនៅមិនទាន់មានគូរស្រករ

យុវជនភាគច្រើននៅភូមិរបស់ មួត ម៉ៅ បន្តការងារចូលបម្រើជាកងទ័ពតមកពីឪពុក និងជីតា។​ ឪពុក ញ៉ាញ់ ក៏ជាកងទ័ពមួយរូប ដែលក្រោយមក មានជំងឺ និងពិការមួយចំហៀងខ្លួន បានលាឈប់ពីកងទ័ព។ មិត្តភក្តិដទៃទៀតរបស់ ញ៉ាញ់ កាលនោះសុទ្ធបានចូលបម្រើជាកងទ័ព​ តែអ្វីដែល មួត ម៉ៅ ស្រណោះពេលនឹកដល់ ញ៉ាញ់ គឺវីរភាពរបស់កូន​ តស៊ូបម្រើកងទ័ព និងពលីទាំងមិនទាន់មានគូរស្រករដូចគេ។ ពេលរៀបចំបុណ្យសពរួចរាល់ ថវិកាដែល មួត ម៉ៅ ទទួលបានពីសប្បុរសជន ត្រូវបានបែងចែកទុកសង់កុដិមួយនៅក្នុងវត្តសសរស្តម្ភ ម៉្យាងទុកបានជាទីសំណាក់របស់ព្រះសង្ឃ និងម៉្យាងទុកជាទីប្រារព្ធពិធីបុណ្យរំឭក និងថវិកាខ្លះនៅសេសសល់ ទុកព្យាបាលឪពុកឈ្មោះ មាន​ ថន ដែលនៅមានអាការៈ ញ័រ ភ័យ និង​ រន្ធត់ ។ គាត់ យំរាល់់់់់លើក ពេលឃើញរូបថត ថន ញ៉ាញ់។

ការស្រណោះរឿងរ៉ាវបែកបាក់ ពលីជិវិតរបស់អនុសេនីយ៍ត្រី ថន ញ៉ាញ់  មួត ម៉ៅបានបន្តថា «នៅតែខឹងចំពោះការស្រេកឃ្លាន ចង់បានទឹកដីខ្មែរពីសំណាក់ទាហានថៃ» ហើយគាត់បន្តថា «ប្រសិនបើ នៅក្មេងមានកម្លាំងកំហែង ខ្ញុំមានចិត្តចង់កាន់អាវុធតស៊ូឆ្ពោះទៅសមរភូមិជួរមុខជំនួសកូនប្រុស ទប់ទល់ទាហានថៃបន្តទៀត‍»។

អត្ថបទ ៖ មាស ប៊ុនថាន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ក្រុមគ្រួសារ ថន ញ៉ាញ់/មជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖