ខ្ញុំឈ្មោះ អួន ធី អាយុ៦៤ឆ្នាំ កើតនៅភូមិពាមរក៍ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ អឿ ហៅ អួន ជនជាតិខ្មែរ កើតនៅភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ ឪពុកខ្ញុំបានស្លាប់ដោយសារសង្រ្គាម។ ម្ដាយរបស់ខ្ញុំឈ្មោះ នុប ហ្វា ជនជាតិខ្មែរ កើតនៅភូមិពាមរក៍ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនស្រីបង្កើតចំនួន៤នាក់។ ខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។ បងស្រីទី១) ឈ្មោះ សាវ៉ាន សព្វថ្ងៃរស់នៅខេត្តសៀមរាប, បងស្រីទី២) ឈ្មោះ វ៉ូន (ស្លាប់នៅទីក្រុងភ្នំពេញ), បងស្រីទី៣) ឈ្មោះ សាវី រស់នៅទីក្រុងភ្នំពេញ និងទី៤) ខ្ញុំ រស់នៅខេត្តបន្ទាយមានជ័យ។ ខ្ញុំមានប្តីឈ្មោះ តូ ប៉ិ ស្លាប់នៅឆ្នាំ១៩៩២។ ខ្ញុំមានកូនចំនួន២នាក់ ក្នុងនោះមានកូនប្រុសម្នាក់។
រំឭកកាលពីកុមារភាព គឺគ្រួសារខ្ញុំត្រូវផ្លាស់ប្ដូរទីលំនៅក្នុងរយៈពេលបួនខែ ឬកន្លះឆ្នាំម្ដង ព្រោះ ឪពុករបស់ខ្ញុំគឺជាប៉ូលីសដែលតែងតែផ្លាស់ទៅធ្វើការងារជាច្រើនទីតាំងដូចជា៖ ស្រុកកំចាយមារ, ដូង, ព្រះស្ដេច, កោះរការ និង តាកេត ក្នុងខេត្តព្រៃវែង។ ដូច្នេះខ្ញុំមិនសូវបានរៀនសូត្រជាប់លាប់ទេ។ នៅពេលនោះមានតែបងស្រីទីមួយឈ្មោះ សាវ៉ាន ដែលនៅបន្តការសិក្សានៅសាលាពាមរក៍ ខេត្តព្រៃវែង ពីព្រោះគាត់រស់នៅជាមួយម្ដាយមីង។ ខ្ញុំជាមួយបងស្រីទីពីរ និងទីបីត្រូវទៅតាមឪពុកម្ដាយទាំងអស់គ្នា។ បងស្រីច្បងខ្ញុំបានរៀនរហូតដល់ថ្នាក់ទី៦ចាស់។ ក្រោយពេលឪពុកខ្ញុំស្លាប់ ម្ដាយខ្ញុំបាននាំកូនៗមករស់នៅអ្នកលឿង ក្នុងខេត្តព្រៃវែង និងប្រកបមុខរបរលក់ដូរអីវ៉ាន់ចាប់ហួយ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចូលមកដល់អ្នកលឿង គ្រួសារខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសដោយថ្មើរជើងទៅកាន់ភូមិមាត់ព្រៃ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់មកទៀត ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំទៅនៅភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយត្រូវធ្វើដំណើររយៈពេល១យប់រហូតដល់ព្រឹក។ ខ្មែរក្រហមបានចាត់ឱ្យគ្រួសារខ្ញុំស្នាក់នៅផ្ទះតូចមួយក្នុងភូមិអន្លង់ចក ដើម្បីធ្វើការងារពលកម្មជាមួយប្រជាជនមូលដ្ឋាន។ គ្រួសារខ្ញុំពិតជាពិបាកខ្លាំងណាស់ព្រោះជាប្រជាជនថ្មី។ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យមើលថែក្មួយស្រីឈ្មោះនី និងឈ្មោះ ណា និងត្រូវធ្វើការងារស្ទូង, ដក និងធ្វើជីលាមកមនុស្ស។ នៅតាមសហករណ៍ខ្ញុំត្រូវជីករណ្ដៅមួយឬពីរសម្រាប់បត់ជើងធំ។ ដំបូងខ្ញុំត្រូវជីករណ្ដៅធំល្មមមួយ រួចយកបន្ទះឈើចំនួន២ទៅដាក់លើមាត់រណ្ដៅសម្រាប់បត់ជើងធំ។ នៅពេលបងប្អូនទៅបត់ជើងធំរួច ខ្ញុំត្រូវទៅប្រមូលលាមកយកមកដាក់ផ្សំជាមួយផេះ និងដើមទន្រ្ទានខែត្រចិញ្រ្ចាំលាយគ្នារួចយកទៅដាក់ហាលថ្ងៃ។ នៅពេលហាលស្ងួតខ្ញុំប្រមូលច្រកការុងទូលយកទៅដាក់នៅផ្ទះបាយ។ ចំណែកបងស្រីខ្ញុំ ធ្វើការងារនៅកងចល័តជីកព្រែក ជីកប្រឡាយ និងលើកទំនប់ធំៗ។ ខ្ញុំ និងបងស្រីចេញទៅធ្វើការងាររៀងៗខ្លួន។
នៅពេលខ្ញុំមានអាយុ១២ឆ្នាំ ខ្មែរក្រហមផ្លាស់ខ្ញុំចូលក្នុងកងចល័ត និងតម្រូវឱ្យធ្វើការងាររែកដី និងដកស្ទូងជាក្រុម។ ការងាររែកដី គឺប្រធានកងបានវាស់ដីគុណជាម៉ែត្រការ៉េ។ ទំនប់ដែលខ្ញុំចូលរួមកសាងមានឈ្មោះថា «ទំនប់ព្រែកជីកស្ថិតនៅក្នុងភូមិបឹងខ្យង»។ ពេលយប់ប្រធានកងចាត់តាំងខ្ញុំឱ្យដេរស្លឹកត្នោតចំនួន១០កណ្តប។ ខ្ញុំដេរស្លឹកត្នោតគ្រប់ចំនួនទើបបានសម្រាក។ ខ្ញុំត្រូវស្នាក់នៅជាមួយកងកុមារដដែល។ ខ្មែរក្រហមបានចែកបបរឱ្យកុមារម្នាក់មួយវែក ហូបជាមួយសម្លដើមចេក, ត្រកួន និងព្រលិតជាដើម។ ម្ដាយខ្ញុំតែងតែឈូសគល់ល្ហុង និងគល់ចេកពូតយកទៅស្ងោរលាយអង្ករមួយក្ដាប់ឱ្យកូនហូប។ ក្នុងរបបខ្មែរក្រហម យើងគ្មានអំបិលហូបគ្រាប់គ្រាន់ទេ ប្រជាជនហូបសាបៗទើបធ្វើឱ្យមានអាការៈហើមដៃ, ជើង និងក្បាលជង្គង់។
គ្រួសារខ្ញុំរស់នៅក្នុងភូមិអន្លង់ចកបានរយៈពេល១ឆ្នាំ ម្ដាយខ្ញុំត្រូវជាប់និន្នាការក្បត់ ដោយសារខ្មែរក្រហមស៊ើបដឹងថា «ម្ដាយរបស់ខ្ញុំមានប្ដីជាប៉ូលីស»។ ខ្មែរក្រហមបានហៅម្ដាយខ្ញុំទៅប្រជុំនៅភូមិអន្លង់ចក រួចហើយបាត់ដំណឹង។ អ្នកភូមិអន្លង់ចកម្នាក់បានខ្សឹបប្រាប់ខ្ញុំថា «អង្គការយកម្ដាយក្មួយទៅសម្លាប់ហើយ»។ ខ្ញុំបានឮហើយនាំបងប្អូនអង្គុយយំ ប្រជាជនដដែលនោះបានប្រាប់ខ្ញុំថា «ក្មួយកុំយំអីប្រយ័ត្នអង្គការយកទៅសម្លាប់ចោលទាំងអស់គ្នា»។ ខ្ញុំបានតបថា «យកទៅក៏យកចុះ ព្រោះខ្ញុំអាណិតម្ដាយខ្ញុំណាស់» ខ្ញុំនាំបងប្អូនយំរហូតដល់ដេកលក់។ ពេលយប់ម្ដាយខ្ញុំមកគោះទ្វារ រួចនិយាយ «ថាកូនៗម៉ែមកវិញហើយ»។ ខ្ញុំបើកទ្វារមកបានឃើញម្ដាយ ធ្វើឱ្យខ្ញុំត្រេកអររហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំបានរត់ទៅឱបម្ដាយជាប់។ ម្ដាយខ្ញុំត្រឡប់មកផ្ទះមិនបានប៉ុន្មានថ្ងៃផង ប្រធានកងបានហៅត្រឡប់ទៅវិញ។ លើកនេះខ្មែរក្រហមចាប់ខ្លួនម្ដាយខ្ញុំយកទៅសម្លាប់នៅភូមិបឹងខ្យង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ពេលម្ដាយខ្ញុំស្លាប់ បងប្អូនខ្ញុំត្រូវនៅជាមួយមីង។ ប្ដីបងស្រីខ្ញុំឈ្មោះ សាវ៉ាន ក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅវត្តកន្សោមអក ស្ថិតក្នុងភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ពេលនោះដែរ ព្រោះគាត់ជាអតីតទាហាន លន់ នល់។
ខ្ញុំរស់នៅភូមិអន្លង់ចករហូតដល់កងទ័ពវៀតណាមចូលមករំដោះនៅឆ្នាំ១៩៧៩ ទើបគ្រួសារខ្ញុំធ្វើដំណើរដោយថ្មើរជើងមករស់នៅក្បែរវត្តនិរោធ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ គ្រួសារខ្ញុំមកដោយសារតែបងស្រីជីដូនមួយឈ្មោះ សំមាន ធ្លាប់ធ្វើការងារនៅស្ថានទូតចិនក្នុងសម័យ លន់ នល់។ យើងរស់នៅច្បារអំពៅ ហើយបង សំមាន ធ្វើជាគ្រូពេទ្យ។ ខ្ញុំនៅផ្ទះដាំបាយ និងចិញ្ចឹមជ្រូក។ កាលនោះបងស្រីទីមួយមានកូនពីរនាក់ហើយ ចំណែកបងស្រីទីពីររៀបការនៅចំការមនឆ្នាំ១៩៧៩ រីឯបងទី៣ និងរូបខ្ញុំគឺនៅលីវ។
នៅឆ្នាំ១៩៨០ បងសំមាន បានធ្វើដំណើរទៅជំរំជនភៀសខ្លួនតាមរយៈមេខ្យល់។ ខ្ញុំ និងបងសាវ៉ាន ព្រមទាំងកូនទាំងពីរបានធ្វើដំណើរទៅតាមក្រោយ។ ខ្ញុំនិងបងសាវ៉ាន ព្រមទាំងក្មួយទាំងពីរបានធ្វើដំណើរដោយថ្មើរជើងមកចំណតរថភ្លើងទីក្រុងភ្នំពេញ។ យើងបានជិះរថភ្លើងពីទីក្រុងភ្នំពេញមកចុះនៅចំណតរថភ្លើងខេត្តបាត់ដំបង ហើយបានខ្ញុំឈប់សម្រាកនៅខេត្តបាត់ដំបងចំនួន២យប់។ បន្ទាប់មកខ្ញុំបានជិះឡានមកឈប់សម្រាកនៅស្វាយស៊ីសុផុនមួយយប់។ លុះស្អែកឡើង ខ្ញុំបានជិះរឺម៉កទៅសម្រាកនៅសូរិយា (និមិត្តកូនដំរី) មួយយប់ទៀត។ ខ្ញុំឱ្យប្រាក់ទៅមេខ្យល់ ដើម្បីនាំខ្ញុំទៅកាន់ជំរំណងចាន់។ ខ្ញុំទាំង៤នាក់បានដើរចេញពីសូរិយាទៅស្វារអិលរួចបន្តទៅជំរំណងចាន់ ដោយប្រើរយៈពេលពេញមួយថ្ងៃ។ នៅពេលខ្ញុំធ្វើដំណើរតាមផ្លូវក៏បានជួបទាហានប៉ារ៉ា។ ពេលទាហានប៉ារ៉ាសួរនាំ ខ្ញុំបានប្រាប់ថាខ្ញុំចូលទៅបើកអង្ករហូប។
ពេលទៅដល់ជំរំណងចាន់ដំបូង ខ្ញុំស្នាក់នៅកន្លែងចែកអង្ករ និងឃើញមនុស្សជាច្រើន។ ប្រជាជនដែលទៅមុនមានផ្ទះដែលបារាំងចែកឱ្យ។ ផ្ទះមិនធំទេគឺល្មមរស់នៅមួយគ្រួសារ។ ផ្ទះទាំងនោះនៅផ្ទាល់ដីនិងមានសរសរឫស្សី ជញ្ជាំងបាំងស្លឹកចាក និងដំបូលប្រក់ស្លឹកចាក។ ផ្ទះត្រូវសង់ជាជួរៗ។ នៅជំរំណងចាន់ខ្ញុំឃើញមានមនុស្សរស់នៅច្រើនគ្រួសារណាស់។ ជំរំណងចាន់ មានជនភៀសខ្លួនរស់នៅចម្រុះ មានទាំងគ្រួសារកងទ័ព និង គ្រួសារជនភៀសខ្លួន។ ខ្ញុំ និងបងសវ៉ាន ព្រមទាំងក្មួយចំនួន២នាក់បានរស់នៅសង្កាត់ទី៣ មានមេភូមិឈ្មោះតាគ្រី។ ជំរំណងចាន់ គឺជាទឹកដីខ្មែរដែលបារាំងបានធ្វើជំរំឱ្យប្រជាជនខ្មែររស់នៅ។ ដូនតាខ្ញុំបាននិយាយថាភ្នំដងរែក គឺជាខណ្ឌសីម៉ាចែកទឹកដីកម្ពុជា-ថៃ។ ខ្ញុំមិនទាន់មានគ្រួសារទេ។ នៅជំរំណងចាន់ មានប្រធានជំរំឈ្មោះ ជា រិទ្ធីឈុត។ នៅពេលនោះមានអង្គការកាកបាទក្រហម យូអ៊ិនប្រូ បានដឹកអង្ករមកចែកឱ្យប្រជាជនដល់ជំរំណងចាន់។
នៅឆ្នាំ១៩៨២ ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ តូ ប៉ិ ធ្វើជាទាហានប៉ារ៉ាប្រចាំនៅជំរំណងចាន់។ ប្ដីខ្ញុំកើតនៅក្នុងឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំបានជួបប្តីនៅជំរំណងចាន់ ក្បែរជំរំស្រះទឹកអូរបីជាន់ និងបានរៀបការនៅទីនោះ។
នៅឆ្នាំ១៩៨៣ខ្ញុំសម្រាលបានកូនមួយ។ ប្ដីខ្ញុំបានសុំច្បាប់មកលេង និងមកមើលថែខ្ញុំ ប៉ុន្ដែបានតែពីរទៅបីថ្ងៃក៏ត្រូវត្រឡប់មកបន្ទាយវិញ។
អំឡុងឆ្នាំ១៩៨៤ ឬឆ្នាំ១៩៨៥ គ្រួសារខ្ញុំបានផ្លាស់ទៅរស់នៅក្នុងជំរំណងចាន់ នៃជំរំសាយធូក្នុងទឹកដីថៃ។ ថៃបានធ្វើរបងលួសព័ន្ធជុំវិញជំរំសាយធូ។ នៅក្នុងជំរំសាយធូមានជំរំជាច្រើនទៀត ដូចជាជំរំ ណងចាន់ ជំរំដងរែក ជំរំណាំយឺន និងជំរំអូរបុក ជាដើម។
នៅឆ្នាំ១៩៩២ ប្ដីខ្ញុំស្លាប់ក្នុងជំរំសាយធូ។ បន្ទាប់មកខ្ញុំបានត្រឡប់មករស់នៅស្រុកកំណើតខាងប្ដី។ មួយគ្រួសារខ្ញុំត្រូវរស់នៅជាមួយបងថ្លៃ។ ដល់ឆ្នាំ១៩៩៣ ខ្ញុំប្រកបមុខរបរលក់បាយ ហើយលក់រហូតមកដល់បច្ចុប្បន្ន។
អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា