យ៉ាង សុផាន៖ អតីតជនភៀសខ្លួននៅជំរំណងចាន់

ខ្ញុំឈ្មោះ យ៉ាង យ៉ុង ហៅ យ៉ាង សុផាន ភេទស្រី អាយុ៧៥ឆ្នាំ កើតនៅភូមិគោកខ្សាច់ ឃុំប្រទះឡាង ស្រុកដង្កោ ខេត្តកណ្ដាល។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ អ៊ួ យ៉ាង ហៅ ស្មៀនស្លឹក អតីតទាហានបារាំងនៅជាមួយលោក ពុធ ឆាយ។ គាត់បានស្លាប់នៅពេលខ្ញុំមានអាយុ៤ឆ្នាំ។ ចំណែកម្ដាយឈ្មោះ អ៊ួង ឈិន គឺជាអ្នកចម្រៀងអាយ៉ៃ។ គាត់បានស្លាប់នៅពេលខ្ញុំមានអាយុ៩ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតចំនួន២នាក់។ បងស្រីខ្ញុំបានស្លាប់ក្នុងសម័យប៉ុល ពត។

កាលពីនៅកុមារខ្ញុំមិនបានចូលរៀនទេ។ មុនពេលម្ដាយខ្ញុំស្លាប់ ឪពុកមាឈ្មោះ អ៊ួង លឿង បានសុំខ្ញុំពីម្ដាយឱ្យមកជួយមើលថែកូនគាត់ ដោយប្រាប់ថានឹងឱ្យខ្ញុំចូលរៀនសូត្រ។ ប៉ុន្តែក្រោយពេលម្ដាយខ្ញុំស្លាប់ទៅ ខ្ញុំបានសុំឪពុកមាចូលរៀនអក្ខរកម្ម ប៉ុន្តែប្រពន្ធឪពុកមាខ្ញុំឈ្មោះ ហ៊ីង មិនឱ្យខ្ញុំចូលរៀន និងបានឱ្យខ្ញុំដើរឃ្វាលគោ រកឧស ជញ្ជាត់ត្រី អូសកំពិស រើសខ្យង រើសក្ដាម ដកព្រលឹត និងដាំត្រកួនលក់។

នៅឆ្នាំ១៩៦៨ ពេលខ្ញុំមានអាយុ១៧ឆ្នាំ ម្ដាយមីងឈ្មោះ ហ៊ីង បានបង្ខំឱ្យខ្ញុំរៀបការជាមួយប្ដីទីមួយ ឈ្មោះ ចៅ នួន នៅទួលគោកទាំងដែលខ្ញុំមិនដែលស្គាល់គ្នាសោះ។ ឪពុកម្តាយប្ដីខ្ញុំគឺជាអ្នកធ្វើចម្ការនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅឆ្នាំ១៩៧០ ខ្ញុំមានកូនស្រីម្នាក់ឈ្មោះ យ៉ាង លីម។ ក្រោយមកលោកឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទ នរោត្ដម សីហនុ ពេលនោះប្ដីខ្ញុំបានចូលទាហានកន្សែងស (កងពលកន្សែងស) ដែលអាមេរិកកាន់កាប់ផ្ទាល់នៅទួលគោក។ បន្ទាប់មកប្ដីរបស់ខ្ញុំបានទៅរៀនយុទ្ធសាស្ត្រយោធានៅប្រទេសវៀតណាម។ ក្រោយពេលត្រឡប់មកពីប្រទេសវៀតណាមវិញ ប្ដីរបស់ខ្ញុំបានទៅនៅបន្ទាយរយៈពេល៦ខែ ដែលមានទីតាំងនៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង។ ប្ដីរបស់ខ្ញុំធ្លាប់បានវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅតាមផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៤ និងរហូតដល់ខេត្តព្រះវិហារ។ ចំណែកខ្ញុំបានរស់នៅទួលគោកជាមួយម្ដាយមីងខាងម្ដាយ។ នៅក្នុងរបបសាធារណរដ្ឋខ្មែរបានបង្កើតបន្ទាយនៅត្រពាំងព្រាយ បន្ទាយដើមអំពិល និងបន្ទាយភ្នំបាសិត។

នៅឆ្នាំ១៩៧២ ប្ដីខ្ញុំបានត្រឡប់មករស់នៅបន្ទាយត្រពាំងព្រាយ ហើយបានមកយកខ្ញុំ និងកូនទៅរស់នៅជាមួយ។ ពេលនោះខ្ញុំសម្រាលបានកូនប្រុសម្នាក់ទៀតឈ្មោះ ព្រឹម។ បន្ទាប់មកខ្ញុំ និងប្ដីបានផ្លាស់ទៅភ្នំបាសិតនៅទួលសាគរ(ខាងលិចព្រែកព្នៅ)។ ក្នុងឆ្នាំដដែល មេបញ្ជាការប្ដីរបស់ខ្ញុំឈ្មោះលោកតា អ៊ីន កូវ បានឱ្យឈ្មោះកាប់ប៉ារ៉ាសែបមួយមកឱ្យខ្ញុំថា អ៊ី សុផាន ហើយខ្ញុំ បានប្ដូរទៅជាឈ្មោះ យ៉ាង សុផាន វិញ។ ខ្ញុំរស់នៅក្នុងបន្ទាយជាមួយកូនៗពីរនាក់ រីឯប្ដីចេញទៅវាយក្នុងសមរភូមិ។ បន្តមកទៀត ខ្ញុំបាននាំកូនទៅរស់នៅទួលគោកជាមួយឪពុកមាឈ្មោះ អ៊ួង លឿង វិញ។ នៅឆ្នាំ១៩៧៤ ខ្ញុំ និងប្ដីបានផ្លាស់ប្ដូរពីបន្ទាយត្រពាំងព្រាយទៅខេត្តប៉ៃលិន រស់នៅក្នុងបន្ទាយអូរតាវ៉ៅ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយដណ្ដើមបានទីក្រុងភ្នំពេញ ខ្ញុំ និងប្ដីបានធ្វើដំណើរទៅជាមួយចៅហ្វាយខេត្តបាត់ដំបងឈ្មោះ សេក សំអ៊ាត បងថ្លៃរបស់ខ្ញុំឈ្មោះ មាស ចាន់ណារ៉េត ពាក់ស័ក្តិ៥ និងនាយទាហានផ្សេងទៀតចាកចេញដោយបានដឹកអង្ករ១៤បាវ ចេញពីខេត្តបាត់ដំបងអមដោយរថក្រោះចំនួន៩គ្រឿងបម្រុងចូលទៅប្រទេសថៃ។ ប្ដីរបស់ខ្ញុំ បងថ្លៃ និងចៅហ្វាយខេត្តបាត់ដំបង និងនាយទាហានផ្សេងទៀតបានទៅស្នាក់នៅព្រំដែនកម្ពុជា-ថៃ ចំនួន២យប់។ មុនចូលទៅទឹកដីថៃ ភាគីថៃបានប្រាប់ថា ប្រសិនបើចង់ចូលក្នុងដីថៃត្រូវទៅតែខ្លួន មិនឱ្យនាំយកអ្វីទៅជាមួយទេ។ បងថ្លៃរបស់ខ្ញុំមិនទុកចិត្តថៃឡើយ និងបាននិយាយជាភាសាបារាំងថា យើងកុំភ័យ កាលណាយើងទៅដល់ដីថៃ ហើយចាប់យើងជាឈ្លើយសឹក អាមេរិកកាំងមកយកយើងទៅហើយ។ គាត់ចង់និយាយថា យើងជាអ្នកធំយើងមិនបាច់ភ័យ។ បងថ្លៃរបស់ខ្ញុំ មានកូនទាហានម្នាក់ទៅតាម ហើយប្រាប់ថាខ្មែរក្រហមចូលដល់សាលាខេត្តបាត់ដំបងហើយ និងសុំទាហានជំនាន់សម្ដេចឪជួយធ្វើការឱ្យរបបខ្មែរក្រហម។ បន្ទាប់មកបងថ្លៃ និងប្ដីរបស់ខ្ញុំបានបកត្រឡប់មកវិញ។ ចំណែក សេក សំអ៊ាត បានដឹកនាំរថក្រោះទាំង៩គ្រឿងចូលទៅក្នុងទឹកដីថៃ។ ខ្ញុំនិងប្ដី ព្រមទាំងបងថ្លៃបានត្រឡប់មកស្នាក់នៅបន្ទាយអូរតាវ៉ៅវិញ។ ប្ដីនិងខ្ញុំត្រូវបានខ្មែរក្រហមហៅចំនួនពីរលើក គឺលើកទី១) បន្ទាប់ពីត្រឡប់មកពីព្រំដែនបានរយៈពេលបីថ្ងៃ ខ្មែរក្រហមបានហៅប្តីខ្ញុំឱ្យទៅទទួលសម្ដេចឪ ហើយខ្ញុំបានដាក់ខោអាវទាហានឱ្យគាត់ចំនួន៣សម្រាប់ និងឱ្យគាត់ពាក់ស័ក្តិដដែល។ ខ្មែរក្រហមបានដាក់ទាហានសម្ដេចឪ និងទាហាន លន់ នល់ នៅដោយឡែកពីគ្នា និងឈរតាមឋានៈតួនាទី។ ខ្ញុំបានឮប្រជាជននិយាយតៗគ្នាថា បងថ្លៃរបស់ខ្ញុំត្រូវបានខ្មែរក្រហមកុហកថានឹងយកទៅទីក្រុងភ្នំពេញ ប៉ុន្តែបាននាំយកទៅបាញ់សម្លាប់ចោលនៅភ្នំធិបតី។ ក្រោយមកប្ដីខ្ញុំបានត្រឡប់មកប៉ៃលិនវិញ។ នៅលើកទីពីរ ប្ដីរបស់ខ្ញុំត្រូវបានខ្មែរក្រហមហៅទៅម្ដងទៀត ហើយបានបាត់ដំណឹងរហូតតែម្តង។ នៅពេលនោះខ្ញុំមានកូនក្នុងផ្ទៃ។ បន្ទាប់មកខ្មែរក្រហមជម្លៀសខ្ញុំចេញពីប៉ៃលិនទៅកាន់បរិបូរណ៍សង្ហា ខេត្តបាត់ដំបង។

បន្ទាប់មក ខ្ញុំ និងកូនពីរនាក់ រួមទាំងអ្នកដទៃទៀតបានធ្វើដំណើរទៅវត្តបួនជួរ ក្នុងខេត្តបាត់ដំបង។ ពីបរិបូរណ៍សង្ហាមកវត្តបួនជួរមានចម្ងាយប្រហែល៧គីឡូម៉ែត្រ។ ខ្ញុំបានច្រូតស្បូវយកមកក្រង រួចឡើងទៅប្រក់ខ្ទមដោយខ្លួនឯងទាំងមានផ្ទៃពោះ។ ខ្ញុំរស់នៅវត្តបួនជួរគឺបានហូបឯកជន ដោយខ្ញុំដើររកគល់ល្ហុងគល់ចេកស្ងោរឱ្យកូនហូប។ ខ្ញុំកាប់ដើមចេកមួយដើមបកយកបណ្ដូល ហើយដាក់អង្ករមួយក្ដាប់និងបង់អំបិលបន្តិចបន្តួចដើម្បីបបរឱ្យកូនហូប។ កូនស្រីច្បងរបស់ខ្ញុំស្គមខ្លាំងណាស់ ចំណែកកូនប្រុសរបស់ខ្ញុំហើមក្បាលជង្គង់ ដោយខ្វះជីវជាតិ។ ក្រោយមកខ្ញុំសម្រាលកូនស្រីទី៣ ប៉ុន្ដែរយៈពេល៤ខែក្រោយមក កូនរបស់ខ្ញុំបានស្លាប់ដោយសារខ្ញុំមិនមានទឹកដោះឱ្យកូនបៅ។ ខ្ញុំបានបីកូនទៅកប់ដោយខ្លួនឯង។ បន្ទាប់មកបងស្រីធម៌របស់ខ្ញុំបានសម្រេចចិត្តយកប្ដីទីពីរដែលជាប្រជាជនមូលដ្ឋាន ព្រោះប្ដីទីមួយរបស់គាត់បានស្លាប់ដោយធ្លាក់យន្តហោះហើយ។ ខ្ញុំបានទៅនៅជាមួយគាត់ក្នុងក្រុមប្រជាជនចាស់ ហើយបានបាយឱ្យកូនហូប។ ខ្ញុំត្រូវធ្វើការងារដោយប្រើកម្លាំង ទើបបានបាយហូប និងចិញ្ចឹមកូនៗ។ ខ្មែរក្រហមបានបង្ខំឱ្យខ្ញុំរៀបការជាមួយបុរសចំណាស់ម្នាក់ដែលជាប្រជាជនចាស់ ប៉ុន្តែខ្ញុំបានបដិសេធ។ បន្ទាប់មកខ្មែរក្រហមបានបង្ខំខ្ញុំឱ្យយកប្ដីជាយោធាពិការដៃជើង ពេលនោះខ្ញុំបានបដិសេធម្ដងទៀតដោយនិយាយថា ពុកអើយ ខ្ញុំសូមទោសផង ខ្ញុំមិនទាន់ចេះច្បាប់សង្គមនិយមទេ ហើយក៏ខ្ញុំមិនទាន់កសាងខ្លួនខ្ញុំបានដែរ ដូច្នេះខ្ញុំមិនទាន់រៀបគ្រួសារទេពុក ខ្ញុំសុំនៅកសាងខ្លួនសិន ទើបខ្មែរក្រហមយល់ព្រម។

នៅឆ្នាំ១៩៧៧ ខ្ញុំបានស្ម័គ្រចិត្តរៀបការជាមួយប្ដីទីពីរ ឈ្មោះ រឿង សារ៉ន។ ប្ដីខ្ញុំនៅក្នុងកងអារឈើ។ ក្រោយរៀបការរួច ខ្ញុំរស់នៅវត្តបួនជួរដដែល។ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបាននិយាយថា អ្នកណាចង់មករស់នៅតំបន់កំពីងពួយអាចមករស់នៅបាន ពេលនោះខ្ញុំនឹកគិតឃើញថា ប្រហែលជាមានបងប្អូនមកពីភ្នំពេញនៅទីនោះ ទើបខ្ញុំសុំខ្មែរក្រហមទៅរស់នៅកំពីងពួយ។ រយៈពេលប្រហែល៣ខែក្រោយមក កងទ័ពវៀតណាមបានវាយចូលដល់ខេត្តបាត់ដំបង ពេលនោះខ្ញុំត្រូវបានខ្មែរក្រហមកៀរទៅបណ្ដាក់។ ខ្ញុំរស់នៅបណ្ដាក់បានរយៈពេល១ខែ កងទ័ពវៀតណាមបានចូលទៅដល់ ទើបកៀរពួកខ្ញុំចេញពីបណ្ដាក់ទៅនៅបន្ទាយម៊ុងចិន(បច្ចុប្បន្នផ្សារពុមពុយ) ទីរួមខេត្តបាត់ដំបងវិញ។

នៅឆ្នាំ១៩៧៩ ប្ដីរបស់ខ្ញុំបានទៅរកស៊ីរត់ពន្ធនៅជំរំជនភៀសខ្លួន។ ចំណែកខ្ញុំនៅលក់ក្រណាត់នៅផ្សារអណ្ដូងចេញ ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៨១ ខ្ញុំបានជិះរ៉ឺម៉កចេញពីបាត់ដំបងទៅស្វាយស៊ីសុផុន ដោយអស់សោហ៊ុយមាស៣ហ៊ុន។ បន្ទាប់មកខ្ញុំបានចុះដើរថ្មើរជើងពីស្វាយស៊ីសុផុនទៅចំការគ រួចចេញពីចំការគទៅតាមអូរតាម៉ាកាត់ទៅស្រុកស្វាយចេកដើម្បីទៅកាន់ជំរំថ្មី។ ពេលនោះមានប្រជាជនដែលស្គាល់ប្តីខ្ញុំ បានជូនខ្ញុំចេញពីជំរំថ្មីទៅកាន់ជំរំណងចាន់ដែលប្ដីខ្ញុំកំពុងរស់នៅ។ នៅពេលទៅដល់ជំរំណងចាន់ ខ្ញុំបានជួបប្ដីធ្វើជាទាហានប៉ារ៉ា ដោយស្លៀកសម្លៀកបំពាក់ប៉ារ៉ា នៅជាមួយលោក ឃុត សុខន កងវរសេនាតូចលេខ៦០២។ ដំបូង ខ្ញុំប្រាប់ប្ដីថាមិនចេះរស់នៅក្នុងបន្ទាយទេ ទើបខ្ញុំផ្លាស់មករស់នៅក្រៅបន្ទាយជាមួយជនភៀសខ្លួនដទៃ។ ទិដ្ឋភាពនៅជំរំណងចាន់ គឺមានសង់ខ្ទម មានផ្ទះប្រក់ស្បូវ និងរោងមួយចំនួនប្រក់តង់កៅស៊ូនៅលើទឹកដីរបស់កម្ពុជា។ ខ្ទមមួយចំនួនសង់នៅផ្ទាល់ដី រីឯមួយចំនួនទៀតប្រជាជនកាប់ឈើតូចៗធ្វើរានខ្ពស់ផុតពីដី។ ប្រជាជនក្នុងជំរំទៅកាប់ឈើ និងច្រូតស្បូវក្រងប្រក់ខ្ទមស្នាក់នៅដោយខ្លួនឯង។ ប្រជាជនមួយចំនួនបានទិញស្បូវទៅប្រក់ដំបូល។

នៅក្នុងជំរំណងចាន់ត្រូវបានបែងចែកជា១៣សង្កាត់ មានសង្កាត់១ រហូតដល់សង្កាត់១៣ និងមានមេក្រុម និងចៅសង្កាត់។ ខ្ញុំ និងប្ដីបានរស់នៅសង្កាត់៣ នៅជួរទី៤ ដែលមានចៅសង្កាត់ឈ្មោះ តាគ្រី។ ខ្ញុំបានឃើញប្រឡាយ និងទំនប់ ដែលខណ្ឌចែកព្រំដែនប្រទេសថៃ និងប្រទេសខ្មែរមានចម្ងាយប្រហែល៥០០ម៉ែត្រពីជំរំណងចាន់(ក្នុងទឹកដីរបស់កម្ពុជា)។ នៅក្បែរទំនប់ថៃមានដីវាលធំ ដែលទុកសម្រាប់អង្គការសហប្រជាជាតិមកបើកអង្ករឱ្យជនភៀសខ្លួនកម្ពុជា។ យូអ៊ិនប្រូ បានបើកអង្ករឱ្យខ្ញុំ និងប្រជាជនភៀសខ្លួនក្នុងមួយសប្ដាហ៍ម្ដង។ យូអ៊ិនប្រូ បើកអង្ករឱ្យមនុស្សស្រី មិនចិញ្ចឹមមនុស្សប្រុសទេ។ ប្រធានជំរំណងចាន់ឈ្មោះ ជា រិទ្ធីឈុត មានប្រពន្ធទី១ឈ្មោះ សារ៉ូ និងប្រពន្ធទី២ឈ្មោះ យាយ តាប់ផ្យា (ជនជាតិថៃ) រស់នៅស្រុកតាប់ផ្យា ប្រទេសថៃ។ អនុប្រធានជំរំណងចាន់មានឈ្មោះ ឡាយ វីរៈ ជាទាហាន, ឈួយ ម៉ារីន, លោក សាវ័ន, លោក ឃុត សុខន មេបញ្ជាការប្ដីរបស់ខ្ញុំ និងមានអ្នកផ្សេងទៀត។ បន្ទាប់មក ខ្ញុំបានប្រកបមុខរបរលក់ចាប់ហួយនៅក្នុងជំរំណងចាន់ ដោយទិញទំនិញពីថៃ។ ថៃបានយកអីវ៉ាន់មកលក់ដូចជា ស្ករ ប៊ីចេង ខោអាវ ស្បែកជើង កង់ឡាន ពោះវៀនកង់ឡាន និងក្រណាត់។ ខ្ញុំបានទិញពីថៃដើម្បីលក់បន្ត។ ប្រជាជនខ្មែរមួយចំនួនបានរែកត្រី អន្ទង់ និងមាន់ ហើយមួយចំនួនទៀតបានបររទេះគោដឹកត្រីងៀត ត្រីឆ្អើរ ស្ករត្នោត ផ្លែដូង ម្លូរ ស្លា ប្រហុក អំបិលមកលក់នៅជំរំណងចាន់។ ខ្ញុំ បានទិញរបស់ទាំងអស់យកទុកលក់នៅក្នុងផ្សារសង្កាត់៤ ក្នុងជំរំណងចាន់។ នៅសង្កាត់១៣ មានផ្សារមួយទៀត និងមានខ្មែរយកកម្ទេចមាសទៅលក់ឱ្យថៃផងដែរ។

នៅឆ្នាំ១៩៨២ ប្អូនជីដូនមួយរបស់ខ្ញុំ បាននាំកូន៣នាក់របស់ខ្ញុំនៅខេត្តបាត់ដំបង ឱ្យមករស់នៅក្នុងជំរំណងចាន់ ជាមួយខ្ញុំ។ កូនៗរបស់ខ្ញុំ បានចូលរៀននៅក្នុងជំរំណងចាន់។ ខ្ញុំ និងប្ដីមានទំនាក់ទងជាមួយជនជាតិថៃឈ្មោះ ចែ ផៃ ដែលជាអ្នករកស៊ីដូចគ្នា។ នៅថ្ងៃមួយក្នុងសង្កាត់៧ ពួកទាហានឈុតខ្មៅ បានចាប់ស្រ្តីម្នាក់ដែលកំពុងដកស្មៅដំឡូងនៅជិតវត្តណងចាន់ យកទៅរំលោភនៅជើងភ្នំ ហើយប្ដីជាជនពិការបានទៅជួយ។ ក្រោយមកទាហានបានបាញ់សម្លាប់ទាំងប្រពន្ធនិងប្ដីចោល បន្សល់ទុកកូនកំព្រាចំនួន៤នាក់។

នៅឆ្នាំ១៩៨៣ ពេលខ្ញុំសម្រាលបានកូនប្រុសបានរយៈពេល១ខែ កងទ័ពវៀតណាមបានវាយបែកជំរំណងចាន់។ បន្ទាប់មក ខ្ញុំបានរត់ចេញពីជំរំណងចាន់ទៅកាន់ជំរំថ្មី។ នៅជំរំថ្មីមានប្រាសាទមួយ(ព្រះអង្គខ្មៅ) ថៃបានយកបាត់ហើយ។ ក្រោយមកខ្ញុំបានចេញពីជំរំថ្មីមករស់នៅជំរំណងចាន់វិញ។ បន្ទាប់មក ខ្ញុំបានចេញពីជំរំណងចាន់ទៅរស់នៅអូរបីជាន់។ ក្រោយមកទៀត ខ្ញុំ ប្ដី និងកូនៗត្រូវបានដឹកចេញពីអូរបីជាន់ទៅកាន់ជំរំសាយធូ។ នៅជំរំសាយធូ មានទាហានថៃ និងខ្មែរសុរិន្ទឈ្មោះ សៅ, តៃ, ផន បានធ្វើបាបប្រជាជនខ្មែរនៅក្នុងជំរំខ្លាំងណាស់ ដោយវៃទាត់ធាក់ខ្មែរ។ ថ្ងៃមួយថៃបានជួលកូនក្មេងឱ្យដុតជំរំសាយធូ ដើម្បីឱ្យអង្គការសហប្រជាតិ និងប្រជាជនខ្មែរទិញស្បូវ តង់កៅស៊ូ ឆ្នាំង ចាន វែក ស្លាព្រា ឫស្សី លួស ដែកគោលពីប្រជាជនថៃ។ ក្រោយមកទៀត ខ្ញុំសម្រាលបានកូនប្រុសទី៥ ត្រូវនឹងឆ្នាំជូត ទើបប្ដីខ្ញុំបានទៅជួយលក់ថ្នាំជក់នៅក្នុងជំរំ។ នៅពេលនោះ ទាហានថៃជាខ្មែរសុរិន្ទ បានចាប់ប្ដីខ្ញុំឱ្យអង្គុយរួចយកជើងជាន់លើភ្លៅ ហើយបានយកកាំបិតទាហានចាក់ក្បាលប្ដីរបស់ខ្ញុំ និងបង្ខំឱ្យផឹកស្រា ក្លែមថ្នាំជក់។ ប្ដីខ្ញុំបានរត់រួចចូលទៅខាងរដ្ឋបាលដើម្បីឱ្យជួយ។ បន្ទាប់មកប្ដីខ្ញុំបានត្រឡប់មកអូរបីជាន់វិញ ហើយបានទៅវាយជាមួយខ្មែរក្រហមនៅវាលសាយសាម៉នក្នុងឃុំចំណោម ស្រុកមង្គលបុរី ខេត្តបាត់ដំបង ប៉ុន្ដែជាអកុសល្យគាត់បានត្រូវគ្រាប់ស្លាប់។ ចំណែកសាកសពមិនអាចយកមកបានឡើយ។ នៅឆ្នាំ១៩៩២ ខ្ញុំបានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖