នៅថ្ងៃទី១២,១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥ សួនរុក្ខជាតិ «រុក្ខជាតិដើម្បីភាពសះស្បើយ និងការទូត» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយករុក្ខជាតិកម្រប្រមាណជាង២០០ប្រភេទ មកដាក់តាំងបង្ហាញនៅកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារបៃតងទីក្រុងភ្នំពេញលើកទី៥ ដែលរៀបចំធ្វើឡើងនៅទីតាំងមជ្ឈមណ្ឌលបៃតង Connecxion ទីក្រុងកោះពេជ្រ។ គោលបំណងនៃការចូលរួមតាំងពិព័រណ៍រុក្ខជាតិលើកនេះ គឺដើម្បីផ្សាភ្ជាប់រវាងអ្នកស្រឡាញ់ធម្មជាតិ នឹងអ្នកចង់ស្វែងយល់អំពីរុក្ខជាតិ។ អាចបង្កជាឱកាសនៃការជួបជុំគ្នារវាងម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្សេងៗ បានពិភាក្សាគ្នា អាចផ្តល់ការចែករំលែកចំណេះដឹង និងការផ្លាស់ប្ដូរបទពិសោធន៍នៃរបៀបបន្សាំពូជរុក្ខជាតិកម្រៗ មកដាំដុះនៅតាមគេហដ្ឋាននានា ដើម្បីជំរុញ និងលើកទឹកចិត្តសាធារណជនក្នុងប្រទេស និងក្រៅប្រទេសឱ្យចេះស្រឡាញ់ធម្មជាតិ។
សួនរុក្ខជាតិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏មានតាំងបង្ហាញផលិតផលសិប្បកម្មក្នុងគម្រោងសូត្រចាម ឬពណ៌នៃការចងចាំ ដូចជាផ្ទាំងក្រណាត់សូត្រ និងក្រមាសូត្រ រំលេចដោយរចនាគោមសំពតដ៏ស្រស់ស្អាត ជាស្នាដៃផលិតដោយស្រ្តីជនជាតិចាម មកពីខេត្តកំពង់ចាម។ សូត្រចាម ឬពណ៌នៃការចងចាំ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាប្រពៃណីវប្បធម៌ជនជាតិចាម ដែលនៅសេសសល់ពីរបបខ្មែរក្រហម និងទាមទារឱ្យមានការចូលរួមពីយុវជនជំនាន់ក្រោយ ព្រមទាំងធ្វើឱ្យមានការប្រកួតប្រជែង និងការទទួលស្គាល់អំពីស្នាដៃតម្បាញសូត្រចាម ទាំងក្នុង និងក្រៅប្រទេស។
ចំណែកឯរុក្ខជាតិដែលបានដាក់តាំងបង្ហាញទាំងនេះ អាចជួយបន្សុទ្ធបរិយាយកាសផ្លូវដកដង្ហើម បង្កើតជាសោភ័ណភាព និងជួយធ្វើឱ្យបរិយាកាសស្រស់ស្រាយ ដែលបច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុរហូតដល់ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន ហើយដែលមនុស្សប្រមាណ៤០ភាគរយនៅលើពិភពលោកកំពុងទទួលរងផលប៉ះពាល់។
កញ្ញា អាង សុខហេង និង លោក ជ័យ វីរៈ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកធុរកិច្ច និងជាសហស្ថាបនិកវ័យក្មេង នៃសួនរុក្ខជាតិ «រុក្ខជាតិដើម្បីភាពសះស្បើយ និងការទូត» និងជាអ្នកស្ម័គ្រចិត្តកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា «ធម្មជាតិមិនមែនត្រឹមតែជាផ្ទៃលម្អនោះទេ ធម្មជាតិគឺជាមូលដ្ឋានគ្រឹះនៃជីវិតមនុស្ស។ នៅពេលដែលធម្មជាតិត្រូវបានបំផ្លាញ ធម្មជាតិនឹងមិនអាចស្ដារឡើងវិញបានឡើយ»។ សហគ្រិនវ័យក្មេងទាំងពីររូប ចង់ឃើញប្រជាជនកម្ពុជា និងពិភពលោកពោពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតង ដែលជួយបន្សុទ្ធខ្យល់លំហអាកាស និងជួយកាត់បន្ថយហានិភ័យនៃការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡស៊ី។
គួររំឭកដែរថា ក្នុងអំឡុងពេលសង្រ្គាមរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានប្រើអាវុធជាផ្សេងគីមីបាញ់មកលើកងទ័ពកម្ពុជា និងបានបន្សល់ទុកនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ និងធម្មជាតិ។ ក្នុងនោះក៏មានវីរកងទ័ពចំនួន៤រូប ដែលបានបាត់បង់ជីវិត។ ជាងនេះទៅទៀត ប្រព័ន្ធអេកូឡូស៊ីត្រូវទទួលរងការបំផ្លិចបំផ្លាញ រុក្ខជាតិត្រូវហិចហោច ទឹកប្រែទៅជាមានជាតិពុល ដីស្រែចម្ការក៏មិនអាចបង្កបង្កើនផលបាន ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនត្រូវរស់នៅជាមួយហានិភ័យ ព្រោះត្រូវដកដង្ហើមជាមួយផ្សេងពុលគីមី «ផូស្វ័រពណ៌ស» ដែលបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដែលយើងត្រូវការពេលវេលារាប់សិបឆ្នាំដើម្បីស្តារផលប៉ះពាល់ទាំងនេះឱ្យប្រសើរឡើងវិញ។
អត្ថបទ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា