កងចល័តនារីក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ គង់ សារិន កើតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៥៧ នៅភូមិចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំបានផ្លាស់មករស់នៅក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបន្ទាប់ពីរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩។​ ឪពុករបស់ខ្ញុំឈ្មោះ ឈុន​ ស្រី ចំណែកម្តាយរបស់ខ្ញុំឈ្មោះ ហ៊ីង ភឿង។ ខ្ញុំមានបងប្អូនពីរនាក់ ហើយខ្ញុំគឺជាកូនទីពីរ។

គង់ សារិន នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខែសីហា ឆ្នាំ២០២១។ (សុខ ចន្រ្ទា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅអំឡុងឆ្នាំ១៩៧២ ខ្ញុំរៀនថ្នាក់ទីប្រាំបួន។ នៅពេលនោះមានការទម្លាក់គ្រាប់បែកបេ៥២យ៉ាងច្រើន ហើយខ្ញុំត្រូវរត់គេចខ្លួន ដូច្នេះខ្ញុំរៀនមិនបានជាប់លាប់ទេ។ កាលនោះកងទ័ពវៀតកុងបានចូលមកបាញ់នៅម្តុំត្រឡោងខុស ដែលប្រជាជននៅទីនោះហៅជាទូទៅថាសំយ៉ោង ស្ថិតនៅក្បែរៗភូមិរបស់ខ្ញុំ។ ខ្ញុំចូលដេកនៅក្នុងស្រះដើម្បីលាក់ខ្លួន ចំណែកប្រជាជននៅក្នុងភូមិជួបប្រទះនូវការលំបាកវេទនា​ និងស្លាប់ជាបន្តបន្ទាប់។ ឪពុករបស់ខ្ញុំគឺជាទាហាន លន់ នល់។ កាលនោះឪពុករបស់ខ្ញុំមានជំងឺ។ ម្តាយរបស់ខ្ញុំបាននាំឪពុករបស់ខ្ញុំពីក្រុងស្វាយរៀងទៅព្យាបាលនៅភូមិទាហាន ស្ថិតនៅខាងលិចផ្សារប្រសូត្រ។ ចំណែកខ្ញុំស្នាក់នៅជាមួយបង និងជីតារបស់ខ្ញុំនៅផ្ទះនៅឯស្រុកកំណើត។ នៅពេលនោះ ទីតាំងនៅលិចភូមិទាហានគ្រប់​គ្រងដោយទាហាន លន់ នល់ ហើយទីតាំងចាប់ពីភូមិទាហានទៅទិសខាងកើតគ្រប់គ្រងដោយចលនាបដិវត្តន៍ខ្មែរក្រហម។ ឪពុករបស់ខ្ញុំបានលាក់កាំភ្លើងខ្លីនៅក្នុងអាវ ហើយនិយាយប្រាប់មេកងនៅភូមិទាហាន តាមត្រង់ថា «អូនអើយ បងមកព្យាបាលជំងឺ ឥឡូវអូនឯងចង់ធ្វើអ្វីក៏ធ្វើទៅព្រោះអូនដឹងប្រវត្តិបងហើយ»។ ឪពុករបស់ខ្ញុំហ៊ាននិយាយដូច្នេះ ដោយសារតែឪពុករបស់ខ្ញុំនិងមេកងស្គាល់គ្នា និងត្រូវជាបងប្អូននឹងគ្នា។ មេកងតបថា «មិនអីទេបង​ បើបងមិនធ្វើអ្វីខ្ញុំ ខ្ញុំក៏មិនធ្វើអ្វីបងឯងដែរ» ទើបឪពុករបស់ខ្ញុំរួចខ្លួននៅពេលនោះ។ ​រហូតដល់ឪពុកខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់មើលមិនជា ទើបឪពុកខ្ញុំសុំមេកងត្រឡប់មកក្រុងស្វាយរៀងវិញ។ មេកងអនុញ្ញាតដោយប្រាប់ឪពុករបស់ខ្ញុំថា «បងឯងទៅក៏ទៅចុះៗ ប៉ុន្តែបងកុំរាយការណ៍ចេះចុះទៅបានហើយ» បន្ទាប់មកម្តាយរបស់ខ្ញុំនាំឪពុករបស់ខ្ញុំ​ដើរកាត់តាមភូមិបាសាក់ ឆ្លងមកវត្តកោះជុំសំដៅចូលមកក្នុងក្រុងស្វាយរៀងវិញ។ នៅខណៈនោះដែរ ខ្ញុំបានស្នើសុំប្រធានកងចល័តដែលត្រូវជាបងប្អូនជីដូនមួយរបស់ខ្ញុំឆ្លងព្រែកមកជូនដំណើរឪពុកម្តាយរបស់ខ្ញុំមកដល់ត្រឹមភូមិទាហាន​ក្រោម ព្រោះខ្មែរក្រហមមិនអនុញ្ញាតឲ្យកងចល័តចេញចូលពីតំបន់មួយទៅតំបន់មួយឡើយ លើកលែងតែចាស់ៗទើបខ្មែរក្រហមអនុញ្ញាតឲ្យចេញចូលនៅពេលឈឺថ្កាត់ម្តងៗ។ ក្រោយមកឪពុករបស់ខ្ញុំទៅព្យាបាលជំងឺបន្តនៅភ្នំពេញ ហើយមិនយូរប៉ុន្មានគាត់បានស្លាប់នៅទីនោះ។ ពេលបូជាសពឪពុករបស់ខ្ញុំរួចហើយ ម្តាយរបស់ខ្ញុំយកធាតុឪពុកខ្ញុំត្រឡប់មកខេត្តស្វាយរៀងវិញ។ ក្រោយមកម្តាយរបស់ខ្ញុំសុំអនុញ្ញាតពីខាង លន់ នល់ ដែលគ្រប់គ្រងនៅក្នុងក្រុងស្វាយរៀងយកធាតុប្តីទៅធ្វើបុណ្យនៅស្រុកកំណើតនៅឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ អ្នកគ្រប់គ្រងបានយល់ព្រមតាមសំណើររបស់ម្តាយខ្ញុំ និងប្រាប់ម្តាយខ្ញុំឲ្យដើរតាមថ្នល់ជាតិ ព្រោះបើដើរតាមផ្លូវវាង (ផ្លូវកាត់) គឺអាចជាន់មីនផ្ទុះស្លាប់។ ពេលម្តាយរបស់ខ្ញុំដើរចេញមក ខាង លន់ នល់ ធ្វើជាស្រែកថា «គ្នាយើងរត់ចូលខ្មាំងហើយកនយើង» ហើយក៏នាំគ្នាបាញ់កាំភ្លើង ប៉ុន្តែមិនឲ្យចំម្តាយរបស់ខ្ញុំឡើយ។ នៅពេលម្តាយខ្ញុំចូលទៅដល់តំបន់កងទ័ពរំដោះខ្មែរក្រហមគ្រប់គ្រង ខ្មែរក្រហមនាំគ្នាស្រែកថា មានខ្មាំងរត់ចូលមកហើយ គឺប្រពន្ធទាហានរត់ចូល ហើយក៏នាំគ្នាបាញ់អបអរ»។ ខ្ញុំបារម្ភពីម្តាយរបស់ខ្ញុំខ្លាំងណាស់។ ក្រោយមកប្រជាជននៅក្នុងភូមិប្រាប់ថា «មិត្តនារីដែលត្រូវជាម្តាយរបស់មិត្តមកដល់ហើយ»។ ពេលឮដូច្នេះ ខ្ញុំត្រេកអរយ៉ាងខ្លាំង។ យើងជួបគ្នា និងយំនៅពេលឃើញធាតុឪពុក។ យើងបានសុំកងទ័ពរំដោះខ្មែរក្រហមដើម្បីធ្វើបុណ្យជូនឪពុករបស់ខ្ញុំ ប៉ុន្តែមិនមានព្រះសង្ឃទេ។

នៅអំឡុងឆ្នាំ១៩៧៨ ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំឈ្មោះ រាម សាវុធ។ កាលនោះខ្មែរក្រហមរៀប​ចំពិធីរៀបការឲ្យខ្ញុំដែលសរុបទាំងអស់ចំនួន២៥គូ។ យើងរៀបការក្នុងយប់តែមួយជាមួយគ្នា។ នៅមុនពេលការប្តីរបស់ខ្ញុំស្នើទៅសុំទៅប្រធានកងរបស់គាត់ ប៉ុន្តែគូខ្លះត្រូវបានខ្មែរក្រហមបង្ខិតបង្ខំ។ គណអធិប​តីរៀបចំឲ្យយុវជន-យុវនារី អង្គុយទល់មុខគ្នា រួចហើយហៅឈ្មោះឲ្យឡើងកាន់ដៃគ្នា និងមានមេក្រុមម្នាក់ឡើងស្រែកប្តេជ្ញា។

នៅឆ្នាំ១៩៧៨ ដដែល ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំទៅកន្ទូត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខ្មែរក្រហមចាត់តាំងឲ្យខ្ញុំរែកដី ជីកប្រឡាយដែលមានជម្រៅ២០ម៉ែត្រ។ ខ្ញុំចូលធ្វើការនៅម៉ោង៧ព្រឹក រហូតដល់ថ្ងៃត្រង់ទើបសម្រាកហូបបាយ។ នៅពេលរសៀលខ្ញុំបន្តរែកដីរហូតដល់ម៉ោងកំណត់ទើបឈប់ហូបបាយ។ ខ្ញុំពិបាកស្វែងរកទឹកងូតខ្លាំងណាស់ព្រោះមនុស្សច្រើន ហើយអណ្តូងមានតែមួយ។  ខ្ញុំត្រូវរង់ចាំមួយម៉ោងទៅពីរម៉ោងទម្រាំបានទឹកកន្លះធុងយកមកងូត។ ខ្ញុំស្លៀកពាក់ខោអាវដដែលៗបណ្តាលឲ្យកើតមានចៃសាច់នៅលើក លើខ្នង លើក្លៀក និងចង្កេះ ព្រោះគ្មានទឹកងូតជម្រះខ្លួន។ ពេលងូតទឹកហើយ ប្រធានកងផ្លុំកញ្ចែឲ្យខ្ញុំទៅចូលរួមប្រជុំ រហូតដល់ម៉ោង១២ ឬម៉ោង១យប់។ យើងអង្គុយងោក ហើយព្រឹកឡើងយើងធ្វើការទាំងងងុយដេក។ ពេលខ្លះយើងជំពប់ជើងបណ្តាលឲ្យខ្ចាយដីពីបង្គី។ ចំណែកអាហារ គឺខ្ញុំទទួលបបរខាប់មួយវែក និងសម្លមួយចានចែកគ្នា៥នាក់។ ខ្ញុំហូបមិនគ្រាន់ទេ ដូច្នេះខ្ញុំលួចខ្សឹបប្រាប់សមាជិកក្នុងកងជាមួយគ្នាឲ្យលួចបេះស្លឹក និងបន្លែពេលចេញពីប្រជុំដើម្បីយកឲ្យខ្ញុំស្លឲ្យហូប។ ខ្ញុំមិនហ៊ានស្លឲ្យប្រធានកងដឹងទេ។ ប្រសិន​បើប្រធានកងដឹង យើងប្រាកដជាស្លាប់ទាំងអស់គ្នាមិនខាន។ ខ្ញុំប្រាប់ឲ្យអ្នកនៅក្នុងកងជាមួយចាំមើលផ្លូវ ចំណែកខ្ញុំគឺជាអ្នកដាំស្ល។ ពេលសម្លកំពុងតែពុះ ហើយប្រធានកងចល័តជិះកង់មក អ្នកចាំមើលផ្លូវត្រូវស្រែកប្រាប់ថា មកហើយវើយ! នៅពេលខ្ញុំឮដូច្នេះ ខ្ញុំត្រូវចាក់ទឹករំលត់ភ្លើង។ នៅពេលខ្លះប្រធានកងចល័តស្រែកសួរថា នារីអើយកំពុងធ្វើ ខ្ញុំឆ្លើយតបវិញថា គ្មានធ្វើអីទេបង ខ្ញុំរៀបចូលដេកហើយ។ ឮដូច្នេះប្រធានកងចល័តក៏ជិះផុតទៅ ទើបខ្ញុំបង្កាត់ភ្លើងស្លម្តង។ យើងឃ្លានយ៉ាងខ្លាំង និងភិតភ័យផង ទម្រាំតែសម្លឆ្អិន។ ខ្មែរក្រហមបានចែកចំនួនមនុស្សទៅតាមក្រុម រួមមាន ៖  «ក», «ខ», «គ», និង «ឃ»។ ក្រុម «ក» មានចំនួនសមាជិកតិចជាងគេ គឺ១០នាក់។ ក្រុម «ខ» មានសមាជិកចំនួន ៣០នាក់ ហើយក្នុងមួយ «គ» មាន៣ «ខ» មានសមាជិកចាប់ពី៩០នាក់ ទៅមួយរយនាក់ជាង​។ ខ្ញុំនៅក្នុងក្រុម «ខ»។

នៅពេលដែលនរណាម្នាក់ប្រព្រឹត្តខុស ដំបូងខ្មែរក្រហមយកអ្នកនោះទៅព្រមាននិងធ្វើការទិតៀនក្នុងចំណោមប្រជាជននៅក្នុងឃុំដែលអង្គុយជារង្វង់ ហើយអ្នកដែលប្រព្រឹត្តខុសខ្មែរក្រហមឲ្យអង្គុយនៅចំកណ្តាល។ ខ្មែរក្រហមឲ្យប្រជាជនមើលអ្នកប្រព្រឹត្តខុស ហើយកុំឲ្យប្រជាជនយកគំរូតាម។ នៅពេលនោះមានមន្ទីរសន្តិសុខមួយស្ថិតនៅម្តុំស្ពានអូរក្រញូង ឬ​វត្តឫស្សីសាញ់។ ខ្មែរក្រហមនាំអ្នកទោសនៅស្រុកកំពង់រោទិ៍មកឃុំនៅមន្ទីរសន្តិសុខវត្តឫស្សីសាញ់។ ខ្ញុំធ្លាប់ឃើញកងចល័តឈ្មោះ ក្រឹង អតីតទាហាន លន់ នល់ ដែលនៅលីវ។ ក្រឹង ឃើញកន្ទុយបារីដែលគេបោះចោលលើដី ក៏ទៅរើសយកមកជក់។ ពេលនោះមានកងចល័តម្នាក់ស្រែកប្រាប់ថា «អ្ហែងប្រយ័ត្នតែគេឃើញដឹងតែមានទោសហើយ»។ ច្រឹង តបវិញថា «ស្អីវើយគ្រាន់តែបារីបោះចោលចឹងគ្នារើសជក់ម៉ាហឺតចឹងក៏មានទោសដែរ» ស្របពេលដែលប្រធានសន្តិសុខជិះកង់មកពីក្រោយ ចំណែកប្រធានកងមិនមាត់កទេ។ លុះដល់ពេលល្ងាច ខ្មែរក្រហមហៅឈ្មោះ ក្រឹង មកអង្គុយកណ្តាលហ្វូងប្រជុំ។ ប្រធានអង្គប្រជុំលើកឡើងថា «មិត្តឯងសាហាវណាស់ មិត្តឯងឃ្លានណាស់ ឥឡូវយើងយកថ្នាំជក់ដែលដាំបានមកមូរជាមួយសន្លឹកសៀវភៅពីរសន្លឹកឲ្យមិត្តឯងជក់ឲ្យឆ្អែត។ មិត្តឯងមិនត្រូវបង្ហុយផ្សែងចោលទេ គឺបឺតផ្សែងចូលក្នុងពោះ»។ នៅពេលប្រធានអង្គប្រជុំនិយាយចប់ កងឈ្លបយកបារីឲ្យ ក្រឹង បឺត។ គ្រាន់តែ ក្រឹង បឺតតែមួយភ្លែតក៏ប្រកាច់នៅនឹងមុខអង្គប្រជុំ។ ប្រជាជនផ្អើលឈូរឆរ ខណៈនោះប្រធានកងស្រែកថា «មិត្តៗត្រូវនៅឲ្យស្ងៀម» គ្រាន់តែឮដូច្នេះប្រជាជនក៏អង្គុយចុះវិញ។ មួយសន្ទុះក្រោយមក ក្រឹង ដឹងខ្លួនឡើងវិញ រួចកងឈ្លបយកគាត់ទៅដាក់នៅមួយកន្លែងដោយមានឆ្មាំម្នាក់ចាំយាម។ ព្រលឹមឡើងខ្មែរក្រហមយក ក្រឹង ចេញទៅ ហើយចាប់តាំងពីថ្ងៃនោះមកបាត់ ក្រឹង រហូត។

វេលាថ្ងៃមួយ ខ្ញុំឈឺគ្រុ​នហើយលេបថ្នាំដែលខ្មែរក្រហមចែកឲ្យមិនបានធូរស្បើយ ខ្ញុំក៏ទៅរកអ្នកនៅក្នុងកងជាមួយកោសខ្យល់ឲ្យ។ កាលនោះ ខ្ញុំកោសខ្យល់តែជាមួយទឹកប៉ុណ្ណោះ ព្រោះគ្មានប្រេង។ ពីរថ្ងៃក្រោយមក ខ្ញុំចេញទៅធ្វើការវិញ ព្រោះមានកងឈ្លបខ្មែរក្រហមតាមសង្កេតមើល អ្នកណាឈឺពិតប្រាកដឬធ្វើពុត ប្រសិនបើធ្វើពុតជាឈឺកងឈ្លបនឹងកត់ឈ្មោះ រួចយកអ្នកជំងឺនោះទៅដាក់មួយឡែក។ នៅពេលដែលកងឈ្លបយកទៅហើយអ្នកជំងឺនោះដឹងតែបាត់ដំណឹងហើយ។

នៅរដូវច្រូតស្រូវ ខ្មែរក្រហមចាត់តាំងឲ្យក្រុមនារី និងយុវជន ទៅច្រូតស្រូវនៅព្រំដែនវៀតណាម។ យើងច្រូតស្រូវទាំងយប់ងងឹតដោយមិនហ៊ានតមាត់ឡើយ។ យើងពិបាកចងកណ្តាប់​ណាស់ដោយសារយប់ងងឹតមើលមិនឃើញ ដូច្នេះយើងប្រមូលស្រូវដែលច្រូតបានដាក់ចូលគ្នាដើម្បីចងជាកណ្តាប់ រួចហើយទើបបែងចែកកណ្តាប់គ្នា។ នៅពេលប្រធានក្រុមសួរថា តើមិត្តច្រូតបានប៉ុន្មានក្តាប់? ខ្ញុំឆ្លើយតបថា ច្រូតបានពីរកណ្តាប់។ ប្រធានក្រុមបញ្ជាខ្ញុំឲ្យច្រូតស្រូវថែមទៀតដើម្បីបានត្រឡប់ទៅផ្ទះវិញ។ នៅយប់ទីពីរខ្មែរក្រហមចាត់តាំងខ្ញុំឲ្យទៅច្រូតស្រូវនៅកន្លែងដដែល យប់នោះវៀតណាមបានដឹង និងបាញ់ត្រូវកងចល័តម្នាក់ឈ្មោះ ណិ ធ្លុះភ្លៅ។ កងចល័តបាននាំគ្នារត់ ចំណែកឈ្មោះ ណិ បានស្រែកហៅខ្ញុំឲ្យជួយ «បងៗជួយខ្ញុំផងៗ» ព្រោះ​ត្រូវគ្រាប់រត់មិនរួច។ ខ្ញុំទៅជួយគ្រាគាត់។ ពេលនោះវៀតណាមនៅតែបន្តបាញ់ក្បែរៗជើងរបស់ខ្ញុំ។ ខ្ញុំគ្រា ណិ ដើរបានចម្ងាយប្រហែលបាន១៥០ម៉ែត្រ ប្រធាន «ខ» មកជួយគ្រាបន្តទៀត ហើយ ណិ នៅតែអរគុណខ្ញុំមកដល់បច្ចុប្បន្ន។

មានថ្ងៃមួយ ប្រពន្ធពូ មុន្នី ទៅស្ទួងនៅកន្លែងខ្ញុំដែរ។ គាត់មាត់រអិលណាស់ នៅពេលឃើញមេឃស្រទំនិងពពកខ្មៅ គាត់និយាយថា «ឱលោកអើយ លោកភ្លៀងមកឲ្យច្រើនមក ហើយរន្ទះបាញ់ពួកអាយួនឲ្យងាប់ឲ្យអស់ទៅ កុំឲ្យវាបាញ់ខ្មែរ» ស្រាប់តែផ្លេកបន្ទោរច្រាវមកបាញ់ចំគាត់ស្លាប់តែម្តង។ ប្រជាជននាំគ្នានិយាយថា នៅកន្លែងនៅនោះមានអ្នកថែរក្សា។ នៅ​ពេលយប់ ខ្មោចប្រពន្ធ ពូមុន្នី លងបន្លាចអ្នកភូមិសឹងគ្រប់គ្នា។ ខ្ញុំក៏ធ្លាប់ខ្មោចប្រពន្ធ ពូមុន្នី លងបន្លាចដែរ ហើយចាប់តាំងពីពេលនោះមកទើបខ្ញុំជឿថា មានខ្មោចលង។

ពូរបស់ខ្ញុំម្នាក់គឺជាទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមយកទៅរៀនសូត្រ ហើយបាត់ដំណឹងរហូត។ តាមការពិតខ្មែរក្រហមយកគាត់ទៅវាយសម្លាប់ចោល ព្រោះខ្ញុំឃើញសាកសពមនុស្សជាច្រើននៅក្នុងអណ្តូង។ ខ្ញុំធ្លាប់ឃើញឈ្លបខ្មែរក្រហមវាយសម្លាប់ឈ្មោះ សារិន ជាប់និន្នាការជាគ្រូបង្រៀន និងប្រពន្ធរបស់គាត់នៅក្រោលគោដែរ។ កងឈ្លបយកគាត់ទៅវាយទាំងយប់ ព្រោះខ្ញុំឮសូរសម្រែកស្រែកអូយៗ។ ព្រឹកឡើងបាត់គ្រូ សារិន និងប្រពន្ធរបស់គាត់ រួមទាំងកូនពីរនាក់ទៀតឈ្មោះ សូរិយា និង ចន្ទ្រា គឺនៅរស់តែកូនច្បងឈ្មោះ ង៉ោល ម្នាក់ប៉ុណ្ណោះ ព្រោះ ង៉ោល ធ្វើការនៅកងចល័តផ្សេង។  ព្រឹកឡើង ង៉ោល មករកឪពុកម្តាយនិងប្អូនៗអត់ឃើញក៏យំ។ ង៉ោល យំមិនហ៊ានឲ្យប្រធានកងដឹងឡើយ ព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់ទៀត។

នៅឆ្នាំ១៩៧៩​ ខ្ញុំនាំគ្រួសារដើរត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំធ្វើដំណើរបានចម្ងាយ២០គីឡូម៉ែត្រក៏នាំគ្នាសម្រាក បន្ទាប់មកទើបបន្តដំណើរទៀត។ ខ្ញុំមកដល់ភូមិស្វាយតាភ្លដំបូងមិនទាន់មានប្រជាជនមករស់នៅច្រើនទេ ព្រោះម្ចាស់ផ្ទះត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកឆ្ងាយមិនទាន់ត្រឡប់មកវិញ ចំណែកប្រជាជនខ្លះក៏មិនត្រឡប់មកស្រុកដែរ។ ខ្ញុំនិងគ្រួសារនាំគ្នាធ្វើស្រែចម្ការ និងបន្តរស់នៅភូមិស្វាយតាភ្លរហូតមកដល់បច្ចុប្បន្ន។

អត្ថបទ និង រូបថត ៖ សុខ ចន្ទ្រា អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តស្វាយរៀង

ផ្ទះរបស់ គង់ សារិន នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខែសីហា ឆ្នាំ២០២១។ (សុខ ចន្រ្ទា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ទីធ្លាខាងមុខផ្ទះរបស់ គង់ សារិន នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខែសីហា ឆ្នាំ២០២១។ (សុខ ចន្រ្ទា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

 

អត្ថបទផ្សេងទៀត៖