នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ អគារមរតកសង្គមរាស្ត្រនិយមសម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខារបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្ដល់កិច្ចសហការដោយផ្តល់ជាទីតាំងសម្រាប់កម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ កម្មវិធីពិនិត្យសុខភាពខាងលើមានការរៀបចំដោយ អង្គការគណៈកម្មាធិការសុខភាពកម្ពុជា (Cambodian Health Committee – CHC) សាខាខេត្តស្ទឹងត្រែង។
កម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយ សែនជ័យ ប្រព្រឹត្តឡើងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត បេង ទូច មកពីមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង និងអ្នកគ្រូពេទ្យ សេង បូរី មកពីមណ្ឌលសុខភាព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជ មាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ និងប្រជាពលរដ្ឋដែលមានវ័យជរា រស់នៅស្រុកបុរីអូរស្វាយ-សែនជ័យ សរុបចំនួន៥២នាក់។ ការពិនិត្យសុខភាពមានដូចជា៖ វាស់សម្ពាធឈាម, ពិនិត្យជាតិស្ករក្នុងឈាម និងពិនិត្យជំងឺសួត។ ក្នុងចំណោមលោកយាយលោកតាទាំង ៥២ នាក់ភាគច្រើនមានជំងឺសម្ពាធឈាមខ្ពស់ ហើយ បន្ទាប់មកគឺជំងឺលើសជាតិស្ករ។ រីឯអ្នកជំងឺចំនួន ២ នាក់ទៀតវិញ មានរោគសញ្ញាដូចជាក្អកជាញឹកញាប់ ប៉ុន្តែក៏មិនអាចសន្និដ្ឋានថាជាជំងឺសួត បានជាច្បាស់នៅឡើយទេ ដោយសារតែបច្ចុប្បន្ន លោកគ្រូពេទ្យកំពុងសម្រេចយកសំណាក់ទៅពិនិត្យបន្ថែមមុននឹងបញ្ចប់ការវាយតម្លៃ។
កន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប្រហែលប្រាំលាននាក់ និងជាពិសេសជួយដល់អ្នករស់រស់មានជីវិតពីរបបខ្មែរក្រហមឱ្យទទួលបានសេវាសុខភាព និងសេវាសង្គមដែលជាតម្រូវការបន្ទាន់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចន្លោះពី៦០ឆ្នាំ និង ៨០ឆ្នាំ ប្រឈមនឹងជំងឺប្រចាំកាយ និងជំងឺផ្លូវចិត្ត។ បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជានៅតែផ្តោតលើសុខុមាលភាព និងផ្តល់ការថែទាំដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយធ្វើឱ្យប្រាកដថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅបានយូរ ដូច្នេះគាត់អាចចែករំលែករឿងរ៉ាវរបស់គាត់ទៅអ្នកដទៃ និងចងក្រងទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយ។ ឯកសារ និងការកត់ត្រារឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅពេលនេះ គឺមានសារសំខាន់ជាងផ្នែកផ្សេងទៀតនៃប្រវត្តិសាស្ត្រទៅទៀត ពីព្រោះមនុស្សជំនាន់នេះនឹងត្រូវបាត់បង់នៅថ្ងៃណាមួយ ហើយលែងបានចែករំលែករឿងរ៉ាវដែលបានកើតឡើងចំពោះគាត់។ ដូច្នេះ ការចងក្រងឯកសារ និងការកត់ត្រា និងការរក្សាទុកនូវរឿងពីរបបខ្មែរក្រហម តាមរយៈការផ្តល់ជំនួយមនុស្សធម៌ និងសេវាថែទាំសុខភាពដល់អ្នករស់រមានជីវិតពីរបបខ្មែរក្រហម ដើម្បីឱ្យគាត់មានសុខភាពល្អនិងរស់នៅបានយូរទៅមុខទៀត គឺជារឿងចាំបាច់។
នៅចុងបញ្ចប់នៃកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃ លោកវេជ្ជបណ្ឌិត និងអ្នកគ្រូពេទ្យ ក៏ផ្ដល់ការណែនាំអំពីការថែទាំសុខភាព និងលើកទឹកចិត្តឱ្យអ្នកដែលមានជំងឺបន្តទៅពិនិត្យសុខភាពបន្ថែមនៅមណ្ឌលសុខភាពដែលនៅជិតខ្លួន ដើម្បីទទួលបានថ្នាំព្យាបាលទៅតាមភាពចាំបាច់ ដោយផ្អែកទៅលើស្ថានភាពសុខភាពជាក់ស្ដែងរបស់ខ្លួន។
អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា