គរុសិស្សភូមិភាគខេត្តព្រៃវែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៧៩) និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍គរុសិស្សឆ្នាំទី១ ជំនាញអង់គ្លេស-កុំព្យូទ័រ, សីលធម៌ពលរដ្ឋ-ខ្មែរ, គណិតវិទ្យា-រូបវិទ្យា និងរូបវិទ្យា-គីមីវិទ្យា មកពីសាលាគរុកោសល្យភូមិភាគខេត្តព្រៃវែងចំនួន១៥នាក់។ គោលបំណងរបស់គរុសិស្សដែលមកទស្សនកិច្ចការិយា​ល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង គឺដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» ។

មុននឹងចាប់ផ្តើមកម្មវិធី គរុសិស្សទាំងអស់បានទស្សនាពិព័រណ៍រូបភាពសម័យខ្មែរក្រហម និងបានចំណាយពេលវេលាប្រមាណជា៣០នាទីដើម្បីអានសៀវភៅទាក់ទងទៅនឹងព្រឹត្តិការណ៍ ក្នុងសម័យខ្មែរក្រហម រួមមាន ៖ សៀវភៅសាក្សីប្រវត្តិសាស្ត្រ, សាលក្រមក្នុងសំណុំរឿង០០១, សៀវភៅរឿងទម្លាយភាពស្ងៀមស្ងាត់,  សៀវភៅអំពើប្រល័យពូជសាសន៍សំណុំរឿង០០២, រឿងរ៉ាវនៅក្នុងភូមិក្នុងសម័យខ្មែរក្រហម, សៀវ​ភៅណែនាំគ្រូបង្រៀន, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងទស្សនាវដ្តីស្វែងរកការពិត។

បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានធ្វើការសំណេះ​សំណាលជាមួយគរុសិស្សទាំងអស់ និងបានបង្ហាញត្រួសៗទាក់ទងទៅនឹងប្រវត្តិការិយាល័យមជ្ឈ​មណ្ឌល​ឯកសារខេត្តព្រៃវែង ដែលតម្កល់ទុកនូវឯកសារជាច្រើន ជាពិសេសគឺជាឯកសារនៅក្នុងតំបន់ និងភូមិភាគបូព៌ា ក្នុងសម័យខ្មែរក្រហម។ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ពីនិយមន័យប្រវត្តិសាស្ត្រ និងលើកយកអត្ថបទមួយ «ហេតុអ្វីបានជាចាំបាច់ត្រូវរៀនអំពីប្រវត្តិសាស្ត្រ»? បន្ទាប់មក លោក​ ផេង ពង្សរ៉ា បានបង្ហាញសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ នៅក្នុងឆ្នាំ២០២០ ដែលបានបន្ថែមមេរៀនទាក់ទងនឹងអង្គជុំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម។

នៅក្នុងឱកាសនោះដែរ លោក ផេង ពង្សរ៉ាស៊ី ក៏បានលើកឡើងអំពីគោលនៃការផលិតខ្សែភាព​យន្តឯកសារ «កុំស្មានបងភ្លេច» ត្រួសៗដើម្បីជាមូលដ្ឋានដល់សិស្សក្នុងការទស្សនា។ បទចម្រៀង និងភ្លេង នៅក្នុងខ្សែភាពយន្តឯកសារនេះ មិនត្រឹមតែធ្វើឱ្យអ្នកស្តាប់ពិរោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលខ្លាំងលើបញ្ហានយោបាយ និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការឃោសនា ផ្សព្វផ្សាយ និងបញ្ចូលមនោគមវិជ្ជាឱ្យមនុស្សដើរតាមទៀតផង។

គរុសិស្សបានទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» យ៉ាងស្ងៀមស្ងាត់រហូតដល់ចប់នៅវេលាម៉ោង១១កន្លះព្រឹក ហើយបង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម៖

១) ខ្ញុំឈ្មោះ ផល់ ភេត្រា ភេទប្រុស អាយុ២៥ឆ្នាំ គឺជាគរុសិស្សឆ្នាំទី១ ជំនាញ អង់គ្លេស-កុំព្យូទ័រ។ ពេលខ្ញុំ បានមកដល់ការិយាល័យនេះភ្លាម ខ្ញុំចាប់អារម្មណ៍ទៅលើបរិយាកាសនៅទីនេះស្រស់ស្រាយ ហើយមានការរៀបចំបានល្អ។ ខ្ញុំឃើញរូបភាព សៀវភៅ និងឯកសារជាច្រើនដែលតម្កល់ទុកនៅក្នុងការិយាល័យនេះ។ ខ្ញុំយល់ថា ខ្សែភាពយន្តឯកសារនេះ គឺជាការចងក្រងឡើងវិញទាក់ទងទៅនឹងប្រវត្តិសាស្ត្រតាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យ និងបន្តរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំបានទទួលចំណេះច្រើននៅក្នុងថ្ងៃនេះទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

២) ខ្ញុំឈ្មោះ រុន នរក្ស ភេទប្រុស អាយុ២០ឆ្នាំ គឺជាគរុសិស្សឆ្នាំទី១ ជំនាញ អង់គ្លេស-កុំព្យូទ័រ។ ខ្ញុំទទួលបាននូវចំណេះដឹងប្លែកៗជាច្រើនដូចជា ដឹងអំពីទុក្ខលំបាករបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម ហើយអ្នកដែលរៀនជំនាញផ្សេងក៏អាចសិក្សាអំពីប្រវត្តិសាស្ត្របានដែរ។ យើងគួរតែសិក្សាប្រវត្តិសាស្រ្តដើម្បីឱ្យដឹងថាសង្គមរបស់យើងឆ្លងកាត់អ្វីខ្លះ ហើយតើយើងគួរធ្វើបែបណាដើម្បីជួយឱ្យប្រទេសយើងមានការអភិវឌ្ឍន៍ និងមិនឱ្យដើរតាមគន្លងចាស់ដែលធ្លាប់ខុសតទៅទៀត។

៣) ខ្ញុំឈ្មោះ កុយ ស្រីមា ភេទស្រី អាយុ១៩ឆ្នាំ គឺជាគរុសិស្សជំនាញ គណិតវិទ្យា-រូបវិទ្យា។ ខ្ញុំមានអារម្មណ៍ប្លែកពេលមកអានសៀវភៅ, ស្តាប់វាគ្មិនបកស្រាយ និងបានមកទស្សនាខ្សែភាពយន្តឯកសារនៅទីនេះ។ ខ្ញុំមិនធ្លាប់ទស្សនា ខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» ពីមុនមកទេ។ ខ្សែភាពយន្តនេះ បង្ហាញពីប្រវត្តិសាស្ត្ររបស់ប្រទេសយើងតាមសម័យកាលនីមួយៗ និងមានលាយឡំគ្នា មានដូចជា សិល្បៈ, តន្រ្តី, ការអភិវឌ្ឍន៍ប្រទេស ក៏ដូចជារឿងរ៉ាវផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

៤) ខ្ញុំឈ្មោះ ផាត សុជាតា ភេទស្រី មានអាយុ១៩ឆ្នាំ គឺជាគរុសិស្សឆ្នាំទី១ នៃជំនាញ អក្សរសាស្ត្រខ្មែរ-សីលធម៌។ ខ្ញុំមានអារម្មណ៍រំភើបពេលដែលខ្ញុំបានមកដល់ទីនេះ។ ទស្សនកិច្ចសិក្សានេះអាចជួយឱ្យខ្ញុំយល់ដឹងពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យច្រើនជាងមុន ជាពិសេស ការតាំងបង្ហាញរូបភាព ឯកសារ និងសៀវភៅជាច្រើន។ ប្រសិនបើខ្ញុំមានពេលទំនេរ ខ្ញុំនឹងមកអានសៀវភៅ ទស្សនារូបភាព និងទស្សនាខ្សែភាពយន្តឯកសារម្តងទៀត។

៥) ខ្ញុំឈ្មោះ ហេង ចាន់វាសនា ភេទប្រុស អាយុ៣១ ឆ្នាំ គឺជាគរុសិស្សជំនាញ អក្សរសាស្ត្រអង់គ្លេស-កុំព្យូទ័រ។ ខ្ញុំគិតថាកម្មវិធីបណ្តុះបណ្តាល និងបង្ហាញដល់សាធារណៈជនទាក់ទងប្រវត្តិសាស្រ្តគឺល្អ។ ខ្ញុំចង់ផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយឱ្យសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសយើង ព្រោះប្រសិនបើយើងមិនស្គាល់ប្រវត្តិសាស្ត្ររបស់ប្រទេសយើងទេ យើងនឹងមិនមានអ្វីទាល់តែសោះ។

អត្ថបទ និង រូបថត ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក