"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

មេរៀនកម្ពុជា សម្រាប់អនាគតអាហ្វហ្គានីស្ថាន

ការក្រោកឈរឡើងវិញរបស់តាលីបង់ និងការដួលរលំនៃសាធារណរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន គឺជាសោកនាដកម្មដ៏រន្ធត់មួយដែលបានកម្រើកមកវិញនូវការចងចាំអំពីសង្គ្រាមពីអតីតកាល និងការជជែកវែកញែកអំពីគោលនយោបាយផ្សេងៗ។ ប៉ុន្តែយើងត្រូវគិតឲ្យបានហ្មត់ចត់ និងប្រើគំនិតឆ្ពោះទៅមុខក្នុងការដោះស្រាយវិបត្តិនេះ។ អនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន គឺមិនទាន់ត្រូវបានកំណត់ជាក់លាក់នៅឡើយទេ។ មានការលើកឡើងជាច្រើនទាក់ទងនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីប្រទេសវៀតណាម និងបានយកព្រឹត្តិការណ៍នេះទៅធ្វើជាប្រវត្តិសាស្រ្តប្រៀបធៀបដ៏សំខាន់ក្នុងការវាយតម្លៃពីផលប៉ះពាល់នៃស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន ប៉ុន្តែប្រវត្តិសាស្រ្តប្រៀបធៀបដែលល្អជាងនេះគឺមេរៀនប្រទេសកម្ពុជា។ ប្រវតិ្តសាស្រ្តប្រទេសកម្ពុជាមិនត្រឹមតែអាចផ្តល់នូវការយល់ដឹងដ៏សំខាន់ចំពោះផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ននៅប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭកដ៏សំខាន់ថាក្តីសង្ឃឹមចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនាពេលអនាគត និងវិធីសាស្រ្តរបស់សហគមន៍អន្តរជាតិចំពោះប្រជាជនអាហ្វហ្គានីស្ថានគឺនៅតែមាន។

យើងមិនអាចមិនប្រៀបធៀបរូបភាពនៃការជម្លៀសចេញដ៏វឹកវរតាមយន្តហោះរបស់សហរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថាន ជាមួយនឹងរូបភាពនៃការចាកចេញរបស់សហរដ្ឋអាមេរិកពីអាស៊ីអាគ្នេយ៍ឡើយ។ មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានល្បីៗជាច្រើនបានធ្វើការប្រៀបធៀបនេះ ដោយប្រើប្រាស់រូបភាពនៃការជម្លៀសចេញរបស់សហរដ្ឋអាមេរិកដោយឧទ្ធម្ភាគចក្រនៅទីក្រុងសៃហ្គន ឬ ទីក្រុងព្រៃនគរ (ទីក្រុងហូជីមិញ) ប្រទេសវៀតណាម។ យើងមិនអាចបដិសេធទេថា ការចាកចេញរបស់សហរដ្ឋអាមេរិកពីលើដំបូលសណ្ឋាគារនៅទីក្រុងកាប៊ុលគឺស្រដៀងគ្នានឹងរូបភាពនៃការជម្លៀសដ៏វឹកវររបស់ស្ថានទូតអាមេរិកនៅប្រទេសវៀតណាម ប្រមាណជាហាសិបឆ្នាំមុន ប៉ុន្តែភាពប្រហាក់ប្រហែលគ្នានៃព្រឹត្តិការណ៍ទាំងពីរគឺបញ្ចប់នៅត្រឹមទីនោះ ហើយព្រឹត្តិការណ៍នៅប្រទេសកម្ពុជាគឺសាកសមបំផុតក្នុងការលើកមកប្រៀបធៀបដោយសារហេតុផលមួយចំនួន។

នៅពេលដែលកងទ័ពខ្មែរក្រហមដណ្តើមអំណាចនៅខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងទាហានអាមេរិក បានធ្វើការចាកចេញយ៉ាងប្រញាប់ប្រញាល់ពីប្រទេសកម្ពុជា និងរៀបចំការជម្លៀសជនជាតិអាមេរិក មន្ត្រីរដ្ឋាភិបាលកម្ពុជា និងអ្នកដែលអាចទទួលបានសិទ្ធិជនភៀសខ្លួន ឬឋានៈផ្សេងៗទៀត។ ការជម្លៀសនេះត្រូវបានចងចាំមិនត្រឹមតែពីភាពច្របូកច្របល់តែប៉ុណ្ណោះទេ ប៉ុន្តែគឺភាពក្ដុកក្ដួលយ៉ាងខ្លាំង​របស់ប្រជាជនកម្ពុជាដែលមានអារម្មណ៍ថា ខ្លួនត្រូវបានបោះបង់ចោល ជាពិសេសមន្រ្តីរដ្ឋការដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីអាមេរិក។ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបសាធារណរដ្ឋខ្មែរលោក ចន កាន់ធឺដីន (១៩៧៤-១៩៧៥) បានចែករំលែកសំបុត្រមួយច្បាប់ដែលផ្ញើជូនលោកប្រហែលជាពីរបីម៉ោងមុនពេលដែលសហរដ្ឋអាមេរិកជម្លៀសចេញពីទីក្រុងភ្នំពេញ។

សំបុត្រនេះសរសេរដោយមេដឹកនាំនយោបាយនៃរបបសាធារណរដ្ឋខ្មែរ និងជាសមាជិកម្នាក់នៃគ្រួសាររាជវង្សកម្ពុជាគឺ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ មានខ្លឹមសារដូចខាងក្រោម ៖

ជូនឯកឧត្តម និងប្រិយមិត្ត,

ខ្ញុំសូមអរគុណដោយស្មោះចំពោះការផ្តល់ជូនរបស់លោកដើម្បីនាំខ្ញុំឆ្ពោះទៅរកសេរីភាព។ ខ្ញុំមិនអាចចាកចេញដោយភាពកំសាកបែបនេះបានទេ។ ចំពោះរូបលោក និងប្រទេសដ៏អស្ចារ្យរបស់លោកខ្ញុំស្ទើរតែមិនអាចជឿទាល់តែសោះថា លោកនឹងបោះបង់ចោលប្រជាជនដែលជ្រើសរើសសេរីភាព។ លោកបានបដិសេធមិនការពារប្រជាជនកម្ពុជា ហើយយើងទាំងអស់គ្នាមិនអាចធ្វើអ្វីបានទេ។ លោកចាកចេញទៅ ខ្ញុំសូមប្រសិទ្ធពរជូនលោក និងប្រទេសរបស់លោកឲ្យជួបតែសុភមង្គលនៅក្រោមមេឃ។ ប៉ុន្តែសូមលោកចងចាំឲ្យបានល្អថា ប្រសិនបើខ្ញុំស្លាប់នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់គឺសូមឲ្យបែបហ្នឹងទៅចុះខ្ញុំបានប្រព្រឹត្តកំហុសតែមួយគត់គឺជឿជាក់ទៅលើលោក និងជនជាតិអាមេរិក។ សូមឯកឧត្តម និងមិត្តទទួលយកនូវការរាប់អាននិងសេចក្តីស្មោះត្រង់ពីខ្ញុំ។

ហត្ថលេខា,

សិរិមតៈ

មួយសប្តាហ៍ក្រោយមកព្រះអង្គម្ចាស់ សិរិមតៈ ត្រូវបានខ្មែរក្រហមសម្លាប់។ ដូចជាព្រះអង្គម្ចាស់ សិរិមតៈដែរ ប្រជាជនកម្ពុជាជាច្រើនត្រូវបានសហរដ្ឋអាមេរិកបោះបង់ចោលនៅពេលដែលខ្លួនចាកចេញទៅ និងទុកឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងរបបខ្មែរក្រហមដែលជាចលនាកុម្មុយនីស្ត និងបានសម្លាប់ប្រជាជនកម្ពុជាជាង២លាននាក់។ អារម្មណ៍ដែលត្រូវបានបោះបង់ចោល ភាពអសន្ដិសុខ និងភេរវកម្មដ៏ឃោរឃៅដែលបានកើតឡើងទៅលើប្រជាជនកម្ពុជានៅឆ្នាំ១៩៧៥ គឺពិតជាដូចគ្នាទៅនឹងអ្វីដែលជនជាតិអាហ្វហ្គានីស្ថានជាច្រើនជួបប្រទះនៅពេលបច្ចុប្បន្ន ជាពិសេសអ្នកដែលបានលះបង់ជីវិតរបស់ខ្លួនដើម្បីស្វែងរកសេរីភាពឲ្យប្រទេសអាហ្វហ្គានីស្ថាន។

ទោះបីជាយ៉ាងណាក៏ដោយ អារម្មណ៍នៃការបោះបង់ចោលនេះ មិនសំដៅចំពោះតែសហរដ្ឋអាមេរិកនោះទេ។ សហរដ្ឋអាមេរិកបានដឹកនាំយុទ្ធនាការដែលបានផ្តួលរំលំរបបតាលីបង់ និងប៉ុនប៉ងកសាងឡើងវិញនូវរបបសាធារណរដ្ឋអាហ្វហ្គានីស្ថាន ប៉ុន្តែប្រទេសអាហ្វហ្គានីស្ថានមិនត្រូវបានបោះបង់ចោលដោយសហរដ្ឋអាមេរិកតែមួយនោះទេ។ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ គឺមានចំណែកទទួលខុសត្រូវស្មើគ្នាចំពោះស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន ដូចដែលពួកគេមានទំនួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា នាចុងសតវត្សរ៍ទី២០។ ការយល់ដឹងមួយចេញពីការប្រៀបធៀបរវាងស្ថានភាពប្រទេសកម្ពុជា និងអាហ្វហ្គានីស្ថានគឺគ្មានអ្វីដែលអាចជំនួសការដឹកនាំរបស់សហរដ្ឋអាមេរិកបានឡើយ។ ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកគឺនៅតែជាកត្តាដ៏សំខាន់ហើយអាចនិយាយបានថា ជាធាតុផ្សំដ៏សំខាន់ក្នុងការការពារក៏ដូចជាការដោះស្រាយបញ្ហាសន្តិសុខអន្តរជាតិ។

ការយល់ដឹងមួយទៀតដែលទទួលបានពីការប្រៀបធៀបរវាងប្រទេសអាហ្វហ្គានីស្ថាន និងកម្ពុជាគឺអំពីការបើកបង្ហាញ ឬការបញ្ជាក់ឲ្យឃើញថា ការស្វែងរកគោលដៅអភិវឌ្ឍន៍មនុស្ស ដូចជា ការការពារសិទ្ធិមនុស្ស ការប្តេជ្ញាចិត្តចំពោះប្រជាជនងាយរងគ្រោះ និងការគាំទ្រដល់សង្គមស៊ីវិល គឺត្រូវតែត្រឹមត្រូវ មានលក្ខខណ្ឌ និងអន្តរកាល។ អ្នកវិភាគទុទ្ទិដ្ឋិនិយម និងប្រវត្តិវិទូជាច្រើននឹងធ្វើការជជែកវែកញែកថា កាលៈទេសៈនេះគឺមិនមែនជាការបើកបង្ហាញ ប៉ុន្តែយើងជឿជាក់ថា ការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិចំពោះគោលដៅអភិវឌ្ឍន៍មនុស្សគឺបានបាត់បង់ទំនុកចិត្តដែលជាកត្តាដ៏សំខាន់ចំពោះ កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ហើយផលប៉ះពាល់នៃកាលៈទេសៈនេះនឹងបន្តវិវឌ្ឍន៍ទៅមុខ។

ទោះបីជាមានសេចក្តីថ្លែងការណ៍ជាសាធារណៈដោយថ្នាក់ដឹកនាំតាលីបង់ក៏ដោយ ប៉ុន្តែជាក់ស្ដែងគឺការស្វែងរកគោលដៅអភិវឌ្ឍន៍មនុស្សនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានប្រគល់ទៅឲ្យអង្គការភេរវកម្មបាត់ទៅហើយ។ របបនេះបានបង្ហាញពីទំនោររួចទៅហើយចំពោះអំពើឃោរឃៅ និងអរិភាពចំពោះសង្គមស៊ីវិល ហើយគណៈរដ្ឋមន្ត្រីដែលទើបបង្កើតថ្មីរបស់តាលីបង់មិនមានលក្ខណ:រាប់បញ្ចូល ឬមិនតំណាងឲ្យការសន្យានៃការកែទម្រង់របស់ខ្លួនឡើយ។ ការលើកឡើងថ្មីៗថាតាលីបង់បច្ចុប្បន្នអាចមានភាពខុសប្លែកពីតាលីបង់ពីអតីតកាលអាចបញ្ជាក់ថា គឺមិនត្រឹមត្រូវដោយមូលហេតុរៀបរាប់ខាងលើ។ ការវាយដំជាសាធារណៈទៅលើជនស៊ីវិលស្លូតត្រង់ ការវាយប្រហារសងសឹកអតីតអ្នកគាំទ្រសាធារណរដ្ឋអាហ្វហ្គានីស្ថាននិងការផ្លាស់ប្តូរសមត្ថភាពស្ត្រីក្នុងការរស់នៅ និងធ្វើការដោយគ្មានការគាបសង្កត់ ទាំងនេះ គឺបង្ហាញថាហេតុការណ៍ដែលអាក្រក់បំផុតគឺនឹងនៅមានបន្តទៀត។

ការពិចារណារបស់សហគមន៍អន្តរជាតិក្នុងការសហការជាមួយតាលីបង់ ធ្វើឲ្យខ្ញុំនឹកឃើញអំពីស្ថានភាពស្រដៀងគ្នាទៅនឹងប្រទេសកម្ពុជា នៅពេលដែលសហគមន៍អន្តរជាតិបានអនុញ្ញាតឲ្យខ្មែរក្រហមធ្វើជាតំណាងប្រជាជនកម្ពុជាបណ្តោះអាសន្ននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ សេចក្ដីព្យាយាមក្នុងការបកស្រាយពីភាពចាំបាច់ក្នុងការសហការជាមួយរបបភេរវកម្មដើម្បីគោលបំណងឈានទៅមុខ គួរតែត្រូវបានវាយតម្លៃដោយប្រិតប្រៀងថា តើគោលដៅអភិវឌ្ឍន៍មនុស្សនឹងត្រូវលះបង់ក្នុងកម្រិតណាខ្លះសម្រាប់បំពេញតម្រូវការនយោបាយឬសន្តិសុខ? តើយើងអាចទទួលយកភាពសាហាវឃោរឃៅប៉ុន្មានដងទៀតដើម្បីភាពចាំបាច់នៃស្ថានភាពនយោបាយ? ហើយថាតើការទទួលស្គាល់នៃរបបភេរវកម្ម ឬរបបដែលបង្កើតឡើងដោយភេវរកម្មអាចកាត់បន្ថយភាពជឿជាក់ និងសុចរិតភាពរបស់សហគមន៍ពិភពលោកដែលផ្ដល់សារសំខាន់ដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្ដេចខ្លះ?

ប៉ុន្តែនៅមានក្តីសង្ឃឹមមួយបានកើតឡើង បន្ទាប់ពីគ្រោះមហន្ដរាយដែលគ្របដណ្តប់លើប្រទេសកម្ពុជានៅក្រោមរបបខ្មែរក្រហម គឺជាក្តីសង្ឃឹមនេះហើយដែលកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។នៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ខ្មែរក្រហមបានប្រព្រឹត្តអំពើសាហាវឃោរឃៅដែលមិនអាចបរិយាយបាន។ មេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តរបបភេរវកម្មដែលជាអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្រោមហេតុផលដើម្បីពង្រឹងមនោគមវិជ្ជាកុម្មុយនីស្តទទេមួយ ដែលត្រូវបានបង្កើតឡើងនៅលើទស្សនៈខុសឆ្គងនៃសង្គមនិយមមហាលោតផ្លោះ មហាអស្ចារ្យ។ ថ្វីត្បិតតែខ្ញុំបានឃើញភាពភ័យរន្ធត់ដោយផ្ទាល់ និងជួបប្រទះការបាត់បង់យ៉ាងណាក្ដី ក៏ខ្ញុំមិនមានការអាក់អន់ស្រពោនចិត្ត ឬមានអារម្មណ៍ថា ត្រូវបានបោះបង់ចោលដែរ។ ត្រឹមតែជាក្មេងវ័យជំទង់មួយរូប ខ្ញុំគ្រាន់តែយល់ថា សហរដ្ឋអាមេរិកគឺជាទឹកដីដែលបំណងប្រាថ្នាអាចកើតឡើង ហើយក្តីសង្ឃឹមនេះហើយដែលជួយខ្ញុំ និងអ្នករស់រានមានជីវិតជាច្រើននាក់ទៀតមានជីវិតបន្តរស់នៅ។

ការក្រោកឈរឡើងវិញរបស់តាលីបង់ និងការដួលរលំនៃរដ្ឋអាហ្វហ្គានីស្ថានចាំបាច់បង្ខំឲ្យមានការសិក្សាឡើងវិញទៅលើគោលនយោបាយការបរទេសសហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិចំពោះគោលដៅអភិវឌ្ឍន៍មនុស្ស ប៉ុន្តែគឺជារឿងខុសឆ្គងក្នុងការមើលកាលៈទេសៈទាំងនេះថាជាការរាំងស្ទះដល់ឱកាសរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិដើម្បីជះឥទ្ធិពលទៅលើប្រទេសអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយតាលីបង់។ ស្របគ្នាជាមួយនឹងរូបភាព ឧទ្ធម្ភាគចក្រនៅលើដំបូលអគារ ភាពវឹកវរនៅតាមដងផ្លូវ និងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលសម្លាប់ជនជាតិអាហ្វហ្គានីស្ថានស្លូតត្រង់ និងទាហានអាមេរិកក៏មានរូបភាពវិជ្ជមានជាច្រើននៃវីរភាព ការតស៊ូ និងក្តីសង្ឃឹម។

អនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាននឹងមិនត្រូវបានកំណត់ដោយការបោះបង់ចោល និងការអាក់អន់ស្រពោនចិត្តនោះទេ ប៉ុន្តែគឺវីរភាព ការតស៊ូ និងក្តីសង្ឃឹម។ ដូចជាប្រទេសកម្ពុជាដែរ អនាគតរបស់ប្រទេសអាហ្វហ្គានីស្ថានគឺស្ថិតនៅក្នុងក្តីសង្ឃឹម និងក្តីសុបិន្តបំណងប្រាថ្នារបស់យុវជន ហើយគោលនយោបាយ​ការបរទេសរបស់សហរដ្ឋអាមេរិក និងយុទ្ធសាស្ត្ររបស់សហគមន៍អន្តរជាតិក្នុងការដោះស្រាយជាមួយប្រទេសអាហ្វហ្គានីស្ថានគួរតែរួមបញ្ចូលយុវជនអាហ្វហ្គានីស្ថាននៅក្នុងផែនការរយៈពេលវែងរបស់ខ្លួន។

គួរកត់សម្គាល់ថា សំឡេងយុវជនអាហ្វហ្គានីស្ថានមិនមានភាពលេចធ្លោនៅក្នុងការផ្សាយព័ត៌មានថ្មីៗនេះទេ ប្រសិនបើប្រៀបធៀបទៅនឹងចំនួនសមាមាត្ររបស់យុវជននៅក្នុងប្រទេសនេះ។ សំឡេងរបស់យុវជនអាហ្វហ្គានីស្ថានត្រូវបានគេកត់សម្គាល់ថា មិនមានច្រើននៅក្នុងការវិភាគស្តីពីអាហ្វហ្គានីស្ថានដែលផ្ទុយពីភាគរយដ៏លើសលប់របស់យុវជននៃចំនួនប្រជាជនសរុប។ ស្ទើរតែ ៧០ ភាគរយនៃជនជាតិអាហ្វហ្គានីស្ថានមានអាយុក្រោម២៥ឆ្នាំ ប៉ុន្តែសំឡេងភាគច្រើនដែលឮចេញពីអាហ្វហ្គានីស្ថានគឺមកពីអតីតមន្រ្តីរដ្ឋាភិបាល និងជនភៀសខ្លួនមានវ័យចំណាស់។ ជាការពិតណាស់ជនជាតិអាហ្វហ្គានីស្ថានដែលមានវ័យចំណាស់គឺចាំបាច់ជាប្រជាជនដែលមានសារសំខាន់ក្នុងការសិក្សាអំពីអ្វីដែលបានកើតឡើង និងភាពខុសឆ្គងនៃការចាកចេញរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិពីប្រទេសអាហ្វហ្គានីស្ថាន ក៏ប៉ុន្តែគឺជាយុវជនអាហ្វហ្គានីស្ថាននោះទេដែលមានសារសំខាន់បំផុតចំពោះចម្លើយនាពេលអនាគតលើសំណួរថាតើនឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ។ ប្រហែលជាគ្មានក្រុមប្រជាជនណាដែលសំខាន់ចំពោះអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថានជាងក្រុមយុវជននោះទេ ហើយគ្មានពេលណាដែលប្រសើរជាងនៅពេលនេះដើម្បីចាប់ផ្តើមគិតអំពីវិធីធ្វើយ៉ាងណាដើម្បីរាប់បញ្ចូលក្រុមយុវជននោះឡើយ។

ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិនៅប្រទេសកម្ពុជាមិនមែនជាផែនទីបង្ហាញផ្លូវ ឬមគ្គទេសក៍ណែនាំសម្រាប់ប្រទេសអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែគឺជាចំណុចយោងមួយដែលផ្តល់នូវការយល់ដឹង និងការរំឭកសំខាន់ៗដែលអាចបង្ហាញអំពីវិធីសាស្រ្ត និងគោលនយោបាយនាពេលអនាគត។ ថ្វីត្បិតតែមានសោកនាដកម្មកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន ក៏ប៉ុន្តែនៅតែមានក្តីសង្ឃឹម ហើយយើងត្រូវចាប់ផ្តើមគិតអំពីវិធីសាស្រ្តដើម្បីបង្កើនក្តីសង្ឃឹមនេះ និងកសាងអនាគតប្រទេសអាហ្វហ្គានីស្ថានមិនត្រឹមតែសម្រាប់ប្រជាជនអាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺការប្តេជ្ញាចិត្តរបស់យើងចំពោះមនុស្សជាតិ និងសន្តិសុខពិភពលោកនាពេលអនាគត។

អត្ថបទ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត។

អត្ថបទនេះចុះផ្សាយជាភាសាអង់គ្លេសនៅទស្សនាវដ្តីការទូត (The Diplomat) និងបកប្រែមកជាភាសាខ្មែរ ដោយ សូវិចិត្រ មេត្តា ដែលជានិស្សិតអនុបណ្ឌិតផ្នែករដ្ឋបាលសង្គមស៊ីវិល នៅប្រទេសកូរ៉េខាងត្បូង។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សោម ប៊ុនថន

សោម ប៊ុនថន

និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthbunthorn.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ