"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ស៊ន់ សឿន អតីតគ្រូពេទ្យក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះស៊ន់ សឿន កើតនៅឆ្នាំ១៩៦០ នៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូងស្រុកកោះ​សូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។ ក្នុងវ័យកុមារ ខ្ញុំចូលរៀនរហូតដល់ថ្នាក់ទី៣ចាស់នៅសាលាបឋមសិក្សាមហាសៀកក្រោម។​ ដោយសារតែជីវភាពក្រីក្រ ខ្ញុំ ឈប់រៀន និងមកជួយការងារផ្ទះឪពុកម្ដាយវិញ។ ក្រៅពីកិច្ចការងារនៅផ្ទះ ខ្ញុំទៅជួយឪពុករបស់ខ្ញុំធ្វើចម្ការ រួមមាន ចេក ពោត និងបន្លែផ្សេងៗ។ ខ្ញុំមានជីវភាពរស់នៅសមរម្យ ប៉ុន្តែស្ថានការណ៍​បានផ្លាស់ប្ដូរ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅពេលនោះ ខ្ញុំឃើញបាតុកម្មដង្ហែរតាមដងផ្លូវនៅមុខផ្ទះ នៅក្នុងភូមិមហាសៀកក្រោម។ ខ្ញុំឮអំពីការស្រែកអំពាវនាវឲ្យអ្នកភូមិនាំគ្នាចូលព្រៃម៉ាគីដើម្បីតស៊ូ។

នៅដើមឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម ចូលមកដល់ភូមិរបស់ខ្ញុំ និងស្នាក់នៅក្នុងបរិវេណផ្ទះអ្នកភូមិ។ កងទ័ពខ្មែរក្រហមដាក់កម្លាំងឈរជើងនៅតាមបណ្ដោយមាត់ទន្លេ។ ខ្ញុំមិនដឹងថាតើកងទ័ពរំដោះខ្មែរក្រហមមក​​ដើម្បីធ្វើអ្វីនោះទេ។ មិនយូរប៉ុន្មាន នាវា​ទាហាន​ម៉ា​រី​ន លន់ នល់ ដឹកទាហានថ្មើរជើងជាច្រើនដើម្បីបើកការវាយប្រហារជាបន្តបន្ទាប់ រហូតទាល់តែកងទ័ពរំដោះខ្មែរក្រហមដកចេញពីភូមិទើបទាហានថ្មើរជើង លន់ នល់ ដកទៅឈរជើងនៅបន្ទាយទាហានស្ថិតនៅត្រើយម្ខាងនៃស្រុកកំពង់សៀមវិញ។ បើទោះបីជាកងទ័ពរំដោះខ្មែរក្រហមដកបណ្ដេញចេញពីភូមិក៏ដោយ កងទ័ពរំដោះខ្មែរក្រហមតែងតែបើកការវាយប្រហារទៅលើនាវាទា​ហានម៉ារីន លន់ នល់ ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តតំបន់រំដោះខ្មែរក្រហម នៅតាមបណ្ដោយទន្លេមេគង្គ គឺចាប់ពីភូមិសាស្រ្តព្រែកតាម៉ាក់ រហូតដល់ទីរួមខេត្តកំពង់ចាម។

ចាប់ពីឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហានម៉ារីន លន់ នល់ និង កងទ័ពរំដោះខ្មែរក្រហមផ្ទុះឡើងកាន់តែខ្លាំងឡើង គឺទាំងផ្លូវទឹក និងផ្លូវគោក។ កងទ័ពរំដោះខ្មែរក្រហមជាច្រើនចូលមកឈរជើងនៅតាមបណ្តោយមាត់ទន្លេក្នុងភូមិមហាសៀកក្រោម។ កងទ័ពរំដោះខ្មែរក្រហមស្នាក់នៅក្រោយផ្ទះរបស់អ្នកភូមិ និងត្រៀមខ្លួន​រួចជាស្រេចដើម្បីវាយឆ្មក់នាវាទាហានម៉ារីន លន់ នល់ ដឹកជញ្ជូនសម្ភារយុទ្ធភណ្ឌ និងស្បៀងដែលបានឆ្លងកាត់ និងទទួលរងការវាយប្រហារពីទាហានម៉ារីន លន់ នល់ ដែលបើកល្បាតចុះឡើង។

នៅដើមឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមវាយឆ្មក់ទៅលើនាវាម៉ារីនទាហាន លន់ នល់ ដែលដឹកអង្ករចូលទៅកាន់ទីរួមខេត្តកំពង់ចាម និងទទួលជោគជ័យ។ កងទ័ពរំដោះខ្មែរក្រហមបញ្ជូនកម្លាំងដោយជិះទូកទៅនាំយកនាវាម៉ារីនទាហាន នល់ នល់ ដឹកអង្ករដើម្បីអូសចូលមកអែបនៅមាត់ទន្លេខាងតំបន់រំដោះ។ នៅពេលនោះ កងទ័ពរំដោះខ្មែរក្រហម​ឲ្យអ្នកភូមិចូលយកអង្ករមកដាំបាយហូប។ ខ្ញុំឡើងទៅនាវាម៉ារីននោះ និងយកអង្ករមកផ្ទះវិញ។ នៅពេលដែលចូលទៅយកអង្ករនៅលើនាវាម៉ារីនទាហាន លន់ នល់ ខ្ញុំឃើញដានឈាមនៅពេញនាវាម៉ារីន។ ក្រោមមកទៀត អ្នកភូមិម្នាក់ប្រាប់ខ្ញុំឲ្យដឹងថា ដានឈាមគឺជារបស់ជនជាតិហ្វីលីពីនដែលកងទ័ពរំដោះខ្មែរក្រហមសម្លាប់។  នៅឆ្នាំ១៩៧៤ ភូមិរបស់ខ្ញុំត្រូវបានរំដោះទាំងស្រុងដោយកងទ័ពរំដោះខ្មែរក្រហម ប៉ុន្តែពេលនោះគឺមិនទាន់មានការហូបបាយរួមនៅឡើយ​ទេ។

បន្ទាប់ពីកងទ័ពរំដោះខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ មានប្រជាជនថ្មីជម្លៀសមកពីទីក្រុងភ្នំពេញមកដល់ភូមិមហាសៀកក្រោម និងស្នាក់អាស្រ័យនៅក្រោមផ្ទះរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំបានទទួលប្រជាជនថ្មីចំនួនមួយគ្រួសារ ដែលស្នាក់នៅផ្ទះរបស់ខ្ញុំរយៈពេលជិត១ខែ។

នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ១៩៧៥ បងប្រុសរបស់ខ្ញុំ និងគ្រួសារមកដល់ភូមិកំណើតវិញ។ បន្ទាប់ពីបានមកដល់មួយរយៈពេលខ្លី គាត់ និងគ្រួសារ ត្រូវបានជម្លៀសបន្តទៅកាន់ភូមិផ្សេង និងបាត់ដំណឹងរហូតដល់បច្ចុប្បន្ននេះ។

នៅចុងឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តនារីដើម្បីដកស្ទូង និងដំាដុះដំណាំ រួមមានពោត និងថ្នាំជក់ជាដើមនៅតាមបណ្ដោយមាត់ទន្លេ រហូតដល់ឆ្នាំ១៩៧៧ ទើបខ្ញុំចូលធ្វើការនៅក្នុងមន្ទីរពេទ្យឃុំ ស្ថិតនៅក្នុងវត្តមហាខ្ញូង។ ខ្ញុំទទួលការបណ្ដុះបណ្ដាលផ្នែកព្យាបាលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ និងចាប់ផ្ដើមអនុវត្តផ្ទាល់តែម្ដង។  មន្ទីរពេទ្យឃុំបែងចែកទៅជា២កង គឺ កងព្យាបាលដែលមានសមមិត្ត អេង គឺជាប្រធាន និងកងផលិតឱសថ(ថ្នាំ)ដែលមានសមមិត្ត ទួន គឺជាប្រធាន។ កងផលិតឱសថមានក្បួនផលិតថ្នាំដោយដើរស្វែងរកប្រភេទរុក្ខជាតិថ្នាំនៅក្នុងព្រៃ ដើម្បីយកមកដាំរម្ងាស់ និងចាក់ក្នុងពុម្ពថ្នាំ។ គ្រាប់ថ្នាំដែលផលិតបានត្រូវយកទៅរក្សាទុកនៅក្នុងបន្ទប់ព្យាបាល ដែលមាន ដូចជា ទី១) ថ្នាំឈឺក្បាលគឺមានព៌ណផ្កាឈូក គ្រាប់តូចៗ។ ទី២) ថ្នាំរាកអាចម៍ អក្សរកាត់ថា «រ.អ» គឺមានព៌ណកាហ្វេ ដែលមានទំហំប៉ុនមេដៃ។ ទី៣) ថ្នាំត្រជាក់ គឺមានពណ៌ប្រផេះ។ ទី៤) ថ្នាំសសៃគឺធ្វើឡើងពីគ្រាប់និងស្លឹកស្លែង និងមានពណ៌បៃតង។ ទី៥) ថ្នាំអស់កម្លាំងគឺធ្វើឡើងពីកន្ទក់ (ចុងអង្ករ) លាយជាមួយស្ករត្នោត និងមានពណ៌លឿងទុំ។ ដោយឡែកសម្រាប់ថ្នាំចាក់ កងព្យាបាលត្រូវទៅយកនៅមន្ទីរពេទ្យស្រុកដើម្បីប្រើប្រាស់ព្យាបាលអ្នកជំងឺទូទៅក្នុងភូមិ។ ខ្ញុំមិនដឹងថា តើថ្នាំចាក់ទាំងនោះយកមកពីប្រភពណាទេ គឺគ្រាន់តែទៅយកដើម្បីប្រើប្រាស់ក្នុងព្យាបាលតែប៉ុណ្ណោះ។ កងព្យាបាលមានសមមិត្តប្រហែល៥-៦​​​​​​​​​​ និងត្រូវធ្វើការងារជ្រាប្រចាំដោយផ្លាស់ប្ដូរវេនគ្នាប្រចាំការ។ នៅពេលដែលមានអ្នកជំងឺបានចូលមកសម្រាកព្យាបាល សមមិត្ត អេង មកពិនិត្យមើលស្ថានភាពរបស់អ្នកជំងឺ។ អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវដឹកតាមរទេះសេះ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។ ចំណែកឯអ្នកជំងឺស្រាលៗ ដូចជា ហត់អស់កម្លាំង ហើមជើង ឬគ្រុនក្ដៅកម្រិតស្រាល សមមិត្ត អេង សរសេរកំណត់ហេតុអំពីអាការជំងឺ និងការប្រើប្រាស់ប្រភេទថ្នាំគ្រាប់ដើម្បីព្យាបាលអ្នកជំងឺរយៈពេល២-៣ថ្ងៃ។ ខ្ញុំសុំប្រធានកងមកលេងផ្ទះយូរៗម្ដង។

ក្រោយមកទៀត ខ្ញុំផ្លាស់ទៅព្យាបាលអ្នកជំងឺនៅតាមកងចល័ត។ នៅពេលនោះ អ្នកជំងឺភាគច្រើនគឺហេវហត់ និងហើមជើង។ ខ្ញុំចែកឲ្យអ្នកជំងឺនូវថ្នាំកម្លាំងធ្វើផ្សំឡើងពីកន្ទក់លាយជាមួយស្ករត្នោតចំនួន២-៣គ្រាប់ដើម្បីលេប ពីព្រោះអ្នកជំងឺមិនមានជាតិស្ករគ្រប់គ្រាន់ទើបបណ្ដាលឲ្យជើងរបស់គាត់ហើម។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានសើរើប្រវត្តិឡើងវិញដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីដែលមកគ្រប់គ្រងនៅក្នុងភូមិ។ ខ្ញុំដឹងថា ប្រធានកងព្យាបាល សមមិត្ត អេង ត្រូវបានចាប់យកទៅសម្លាប់ចោលនៅក្បែរមាត់ទន្លេ។ ខ្ញុំមិនបានរត់ភៀសខ្លួនទៅណានោះទេ និងបានរួចផុតពីការសម្លាប់ពីកម្មាភិបាលខ្មែរក្រហមភូមិភាគីនិរតី នៅពេលដែលកងទ័ពវៀតណាមវាយចូលមកដល់នៅដើមឆ្នាំ១៩៧៩។ ខ្ញុំបន្តរស់នៅនិងប្រកបរបរជាកសិករនៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន រហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទ៖ ទូច វណ្ណេត អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

ស៊ន់ សឿន សព្វថ្ងៃរស់នៅភូមិចម្ការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សាលាធម៌ អតីតមន្ទីរពេទ្យឃុំក្នុងរបបខ្មែរក្រហម សិ្ថតនៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។(ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ទូច វណ្ណេត, សាន ស្រីអូន និង គឹម សុភី អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
(ឡុង អូន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ទិដ្ឋភាពទីវាលនារដូវវស្សានៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
(ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អ៊ុន សុដាវី

អ៊ុន សុដាវី

អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthsodavy.u@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៩១០ ៧០៧ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ