"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ប្រវត្តិសាស្រ្តគ្រួសារនៅខេត្តត្បូងឃ្មុំ

ក្រុមការងារគម្រោងប្រវត្តិសាស្ត្រគ្រួសារ រួមមាន ឡុង ដានី  រី លក្ខិណា និង គាត ស្រីឡែន បានទៅសម្ភាសន៍ប្រជាជននៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គម្រោងនេះនឹងផ្តល់ការយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងគ្រួសារ ក្រៅពីការសិក្សារៀនសូត្រនៅក្នុងកម្មវិធីសិក្សាផ្លូវការនៅតាមសាលាចំណេះទូទៅរបស់រដ្ឋ ដែលជាមធ្យោបាយដើម្បីការពារក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិពីអំពើប្រល័យពូជសាសន៍។  ខាងក្រោមនេះគឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

ខ្ញុំឈ្មោះ សឿ យេន ភេទប្រុស អាយុ៧៤ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តកំពង់ចាម (សព្វថ្ងៃខេត្តត្បូងឃ្មុំ)។ ឪពុករបស់ខ្ញុំឈ្មោះ ហែម សឿ និង ម្តាយឈ្មោះ ឃ្លោក មី។ ខ្ញុំមានបងប្អូន ចំនួន៨នាក់ ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ មាស មឿន និងមានកូន៥នាក់។ កាលពីសង្គមចាស់ខ្ញុំរៀននៅសាលាវត្ត ក្រោយមកខ្ញុំបួសបាន៤វស្សានៅវត្តតំបែរ។ ខ្ញុំសឹកនៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ ខ្ញុំសឹកបានរយៈពេល៣ខែ នៅក្នុងភូមិរបស់ខ្ញុំមានការជ្រើសរើសយុវជនឲ្យចូលបម្រើជាកងទ័ពរំដោះ ដោយនាំគ្នាចូលព្រៃនៅតំបែរដែលជាមូលដ្ឋាន។ មុនដំបូង មានការបង្ហាត់បង្រៀនពីកងទ័ពវៀតណាមខាងជើង ឈ្មោះ ណាំប៊ិញ។ ព្រៃដែលខ្ញុំនៅហ្វឹកហាត់នោះត្រូវបានស្គាល់ឈ្មោះថា ព្រៃសង្វាក់ ដោយនៅខាងក្នុងមានប្រក់សឹ្លកទ្រាំងធ្វើជាជំរំ។ យើងនាំគ្នាត្រួសត្រាយស្មៅឲ្យទៅជាវាល សម្រាប់ហាត់លូន ក្រាប និងប្រើប្រាស់កាំភ្លើង។ ដំបូងគឺយើងហ្វឹកហាត់ម្ខាងគឺជាខ្មាំង ម្ខាងទៀតគឺជាកងទ័ពរៀនបាញ់កាំភ្លើងឈើ និងគប់ដុំដី។ ពេលដែលហ្វឹកហាត់ស្ទាត់ជំនាញរយៈពេលមួយឆ្នាំ ទើបយើងអាចកាន់កាំភ្លើង។ យើងរៀបចំជាក្រុមត្រៀមវាយជាមួយនឹងទាហានធីវគី ចាប់ពីស្រុកតំបែររហូតដល់ស្រុកឆ្លូង ។ ប្រធានវរៈរបស់ខ្ញុំឈ្មោះ ពិសិដ្ឋ ហៅ ជ្រោយ។ ប្រធានយោធាតំបន់ឈ្មោះតាឯក ក្រោយមកឡើងជំនួសដោយ តាដែន។ វរៈ៥៩ ឈ្មោះតាសឿង និង លី សុភាព។ វរៈ៥៥ មានឈ្មោះ តាសាធ និងតាសី ហើយមានចំនួន២គ គឺគ-៦២ និងគ-៦៣។ ខ្ញុំនៅក្នុងគ-៦២ ឈរជើងនៅគោកចារ នៅជីរោទិ៍ រហូតដល់ទន្លេបិទ។ នៅឆ្នាំ១៩៧៥ ខ្ញុំបានសម្រាកពីកងទ័ព មកនៅក្នុងសហករណ៍។ ក្រោយមកគណៈស្រុកបានឲ្យខ្ញុំទៅធ្វើការនៅសង្កាត់រំចេក រយៈពេល២ឆ្នាំ ៣ខែ។ ខ្ញុំបានរៀបការជាមួយនឹងកូនខ្មែរកាត់វៀតណាម។ នៅពេលដែលកងទ័ពនិរតីចូលមកគឺសម្លាប់អ្នកដែលជាប់សែស្រឡាយជាមួយនឹងវៀតណាមចោលទាំងអស់។ ខ្ញុំទទួលដំណឹងថានិរតីចង់ចាប់អ្នកបូព៌ាទាំងអស់ដែលជាថ្នាក់ដឹកនាំ។ ខ្ញុំ, ព្រាប ពិជ័យ, សុខ កែម, សុខ គង់ និង ឈិត ឃើញសភាពការណ៍មិនស្រួលក៏នាំគ្នារត់ចូលព្រៃ ប៉ុន្តែប្រពន្ធរបស់ខ្ញុំមិនបានរត់ទៅជាមួយខ្ញុំទេ។ ប្រពន្ធរបស់ខ្ញុំដែលកាត់វៀតណាមត្រូវទ័ពមជ្ឈិម និងនិរតីសម្លាប់ចោល។ នៅក្នុងព្រៃខ្ញុំបានយកអង្ករដែលខាងសហករណ៍យកទៅលាក់នៅក្នុងព្រៃហូបជាមួយនឹងអំបិល។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលទៅដល់ក្នុងព្រៃក៏បានជួបជាមួយយើង ដែលកំពុងលាក់ខ្លួន។ កងទ័ពវៀតណាមបានឲ្យកាំភ្លើង និងខោអាវ មកយើងដើម្បីវាយជាមួយនឹងខ្មែរក្រហមវិញ។ កងទ័ពវៀតណាមបញ្ជូនខ្ញុំនិងអ្នកផ្សេងទាំងអស់៦២នាក់ទៅហាត់រៀននៅបន្ទាយធូឌឹក សមុទ្រក្រហមរយៈពេល៣ខែ។ ទៅដល់វៀតណាម ខ្ញុំរៀននយោបាយ យុទ្ធសាស្រ្តហ្វឹកហាត់ទាហាន ច្បាប់ទាហាន។ ពេលត្រឡប់មកវិញ ខ្ញុំនៅក្នុងគណៈចាត់តាំងស្រុកមេមត់។ ក្រោយមកខ្ញុំបានទៅធ្វើជាមេឃុំរំចេក រយៈពេល៣ខែ ៦ថ្ងៃ ដើម្បីពង្រឹងនៅខាងឃុំរំចេក។ ពេលឃុំរំចេករឹងមាំហើយ ខ្ញុំត្រឡប់មកកាន់ទ័ពនៅស្រុកមេមត់វិញ។ នៅឆ្នាំ១៩៨២ ខ្ញុំក៏សម្រាកពីការធ្វើទ័ព មករស់នៅក្នុងភូមិជាំតាម៉ៅ និងបានរៀបការប្រពន្ធទី២ និងរស់នៅភូមិជាំតាម៉ៅរហូតដល់សព្វថ្ងៃ។

ឈ្មោះ សោម ហាច ភេទស្រី អាយុ៧០ឆ្នាំ។ ខ្ញុំគឺជាជនជាតិដើមភាគតិចស្ទៀង និងរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ កូវ សិន និងឪពុកឈ្មោះ សោម ផាន់។ ប្ដីរបស់ខ្ញុំឈ្មោះ សេក ថៅ។ ខ្ញុំរៀនសូត្របានបន្តិចបន្តួចជាមួយព្រះសង្ឃនៅសាលាវត្តកន្ទួត។ កាលនោះខ្ញុំរៀនវេនយប់ ប៉ុន្តែខ្ញុំរៀនមិនសូវជាប់លាប់នោះទេ ព្រោះត្រូវជួយការងារម្ដាយ។ នៅម៉ោង៧យប់ទើបខ្ញុំទៅរៀន ហើយម៉ោង៨ត្រឡប់មកផ្ទះវិញ។ នៅពេលព្រឹកខ្ញុំត្រូវមើលប្អូនតូចៗ ព្រោះម្ដាយទៅធ្វើចម្ការ។ ខ្ញុំត្រូវមេភូមិឲ្យខ្ញុំយាមការពារភូមិដើម្បីកុំឲ្យកងទ័ពវៀតកុង និងទាហានអាមេរិកចូលមកដែលនាំឲ្យមានការជួបប្រយុទ្ធគ្នា និងបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាជន។ នៅឆ្នាំ១៩៧៣ ក្នុងភូមិចាប់ផ្តើមធ្វើការងារប្រវាស់ដៃ។ រហូតមកដល់ឆ្នាំ១៩៧៤ ប្រជាជនក្នុងភូមិចាប់ផ្ដើមធ្វើការរួម។ យើងមានរោងមួយសម្រាប់ប្រជាជននៅក្នុងភូមិមកហូបបាយជុំគ្នា។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន ១៧ មេសា ចូលមកក្នុងភូមិរបស់ខ្ញុំ និងឲ្យរស់នៅតាមផ្ទះអ្នកស្រុក។ ខ្មែរក្រហមចាត់តាំងឲ្យប្រជាជនជម្លៀសធ្វើចម្ការដូចអ្នកភូមិដែរ។ ខ្ញុំរស់នៅក្នុងភូមិ ដូច្នេះខ្មែរក្រហមចាត់តាំងឲ្យខ្ញុំធ្វើចម្ការរហូតដល់ឆ្នាំ១៩៧៧ ទើបជម្លៀសទៅខេត្តក្រចេះ។ នៅពេលទៅដល់ក្រចេះ ខ្មែរក្រហមឲ្យខ្ញុំលើកប្រព័ន្ធភ្លឺស្រែ និងធ្វើស្រែចម្ការ។ នៅទីនោះ ខ្មែរក្រហមបានឲ្យខ្ញុំរៀបការ ប៉ុន្តែខ្ញុំបដិសេធ ដោយប្រាប់ថា ខ្ញុំមិនទាន់ចង់រៀបការទេ។ ក្រោយមកទៀត ខ្មែរក្រហមជម្លៀសខ្ញុំទៅភូមិផ្សេងៗ។ ខ្ញុំធ្វើការនៅកងចល័តរហូត ដល់ថ្ងៃមួយមានប្រជាជនក្នុងភូមិប្រាប់ថា ប្រទេសរំដោះបានហើយ។ ប្រជាជនរស់នៅភូមិណា ស្រុកណាអាចទៅស្រុករបស់ខ្លួនវិញ។ ខ្ញុំដើររហូតដល់ស្រុកកំណើត។ នៅពេលមកដល់ភូមិកន្ទួត ខ្ញុំមិនហ៊ាននៅផ្ទះទេ ព្រោះមានព្រៃដុះព័ទ្ធផ្ទះ។ ខ្ញុំនិងក្រុមគ្រួសារបានធ្វើខ្ទមតូចមួយសម្រាប់រស់នៅ។ ក្រោយមកខ្ញុំរៀបការ ហើយប្រកបរបរធ្វើចម្ការដើម្បីចិញ្ចឹមជីវិត និងរស់នៅទីនេះរហូតមកដល់សព្វថ្ងៃ។

ខ្ញុំឈ្មោះ សេង កុសល ភេទប្រុស អាយុ៧២ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះទ្រង់ ឃុំកោះទ្រង់ ស្រុកក្រចេះ ខេត្តក្រចេះ។ ឪពុករបស់ខ្ញុំឈ្មោះ ឃួន សេង និងម្តាយ ឈ្មោះ កែវ ឡាំ។ ខ្ញុំមានបងប្អូនចំនួន៣នាក់ គឺប្រុសទាំងអស់។ ប្អូនប្រុសពៅរបស់ខ្ញុំម្នាក់ស្លាប់នៅសមរភូមិទន្លេបិទ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ សំ សុខ ហៅ សុទ្ធ អាយុ៦៤ឆ្នាំ។ ខ្ញុំរៀនដល់ថ្នាក់ទី៧នៅសាលាបឋមសិក្សាភូមិកោះទ្រង់។ ក្រោយមនៅឆ្នាំ១៩៦៨ ខ្ញុំឈប់រៀនហើយចូលបួសជាព្រះសង្ឈ។ រហូតដល់ឆ្នាំ១៩៧០ ខ្ញុំសឹកដោយសារមានសង្រ្គាម មិនអាចគង់នៅក្នុងវត្តបន្តទៀតបាន។ បន្ទាប់ពីសឹក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៧០ ខ្ញុំស្ម័គ្រចិត្តចូលបម្រើកងទ័ពតំបន់២១ តាមរយៈ គ្រូស្រេង។ គ្រូស្រេង ទទួលបន្ទុកការងារនៅខេត្តក្រចេះ និងមានអ្នកចូលរួមកងទ័ពខ្មែរក្រហមចំនួន១០០នាក់។ បន្ទាប់មក លោកគ្រូស្រេង ឲ្យកងទ័ពទាំងអស់មកឈរជើងនៅកំពង់រាំង ស្រុកតំបែរ ជាប់ព្រំប្រទល់ជាមួយនឹងស្រុកឆ្លូង។ នៅពេលនោះមានការហាត់រៀនយុទ្ធសាស្ត្រកងទ័ព។ កងទ័ពតំបន់២១មានចំនួន២កងអនុសេនាធំ គឺគ-១ គ្រប់គ្រងដោយ វង្សា និងគ-២ គ្រប់គ្រងដោយ សាង និងសារ៉ាត់។  ក្រោយមកទៀតទើបមានបង្កើតជាគ-៣ គ្រប់គ្រងដោយ ស្រី អារុណ។ នៅពេលហាត់នោះគឺមានទាំងកងទ័ពវៀតណាម និងកងទ័ពខ្មែរគឺជាអ្នកបង្ហាត់បង្រៀន។ ខ្ញុំហាត់យុទ្ធសាស្ត្រទាហានរយៈពេល៥ទៅ៦ខែ នៅទួលប្រោះ ក្នុងស្រុកតំបែរ ។ នៅពេលហាត់ចប់ គឺខ្ញុំចេញទៅសមរភូមិពីថ្នល់ជាតិលេខ៧ រហូតដល់ចម្ការកាហ្វេ នៅក្នុងឃុំកំពាន់ ស្រុកមេមត់។ អ្នកដែលគ្រប់គ្រងកងទ័ពតំបន់២១ គឺ កែវ សំណាង។ បន្ទាប់ពីកែវ សំណាង ផ្លាស់ទៅភូមិភាគ ឈ្មោះ សាង, សារ៉ាត់ និងសាញ់ ជាអ្នកគ្រប់គ្រងបន្ត។ ទីតាំងមន្ទីរតំបន់២១ នៅព្រៃងុយ ជាប់ ស្រុកក្រូចឆ្មារ។ នៅចុងឆ្នាំ១៩៧២ និងដើមឆ្នាំ១៩៧៣ ខ្ញុំមកកាន់ជាអនុសេនាធំលេខ៩៥។ កងទ័ពខ្ញុំឈរជើងនៅតាមផ្លូវលេខ៧ មកទន្លេបិទ, កងទ័ពសុខ សារឿន ឈរជើងនៅជីរោទិ៍ បឹងព្រួល បឹងកំបោរ ចំណែក សាញ់ និងសាធ ឈរជើងនៅខាងក្រោមខ្សែទឹក ចាប់ពីព្រែកជីកដូនម៉ៅ ទៅបឹងមាត់ខ្មុង ស្រុកត្បូងឃ្មុំ។ នៅចុងឆ្នាំ១៩៧៣ ពេលដែលបងសាង ប្រធានយោធាតំបន់២១ បានស្លាប់ដោយសារជាន់មីននៅសមរភូមិ ឈ្មោះ អ៊ួង ឯក បានឡើងជំនួស។ នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវរបួសទៅសម្រាកព្យាបាលនៅពេទ្យព-២ និងមានស្លាកស្នាម អំបែងគ្រាប់ជាប់នៅក្នុងសាច់ខ្ញុំរហូតមកដល់សព្វថ្ងៃ។ ឯកសណ្ឋានខ្ញុំស្លៀកពាក់កាលនោះគឺខោអាវកងទ័ពគឺពណ៌ត្រេអ៊ី និងស្បែកជើងកង់ឡាន។ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៧៥ ខាងកងទ័ពបានហៅខ្ញុំឲ្យទៅសមរភូមិបឹងព្រួល គឺក្នុងគោលបំណងចាប់ខ្ញុំ ដោយចោទថាជាខ្មែរស ហើយយកទៅដាក់សន្តិសុខនៅពាមជីលាំង។ ខ្ញុំត្រូវសន្តិសុខវាយនឹងបំពង់ឫស្សីឲ្យសន្លប់៣ដង ហេតុការណ៍ដែលខ្មែរក្រហមចោទខ្ញុំគឺមិនពិត ឡើយ ហើយខ្ញុំបានប្រកែក ទើបឆ្មាំគុកវាយខ្ញុំ។ បន្ទាប់មក តាចាន់ ហៅសេងហុង ដឹងថាខ្មែរក្រហមចាប់ខ្ញុំ គាត់សរសេរសំបុត្រសុំឲ្យដោះលែងខ្ញុំវិញ។ ខ្ញុំត្រូវបានចាត់តាំងឲ្យនៅកន្លែងពិការនៅក្នុងព្រៃស្ទឹងក្រពើ៣ និងត្រូវធ្វើគ្រែ តុ ធ្វើផ្ទះ ឲ្យបងប្អូនដែលពិការរស់នៅ។ នៅឆ្នាំ១៩៩២ ខ្ញុំមករស់នៅស្រុកមេមត់។ ខ្ញុំគ្រប់គ្រងកម្លាំងជីវពលនៅចម្ការកៅស៊ូ និងគ្រប់គ្រងអ្នកអតីតភាពកងទ័ព។ នៅឆ្នាំ២០០៦ ខ្ញុំធ្វើជាមេភូមិខ្នងក្រពើខាងលិច ហើយចូលនិវត្តន៍នៅឆ្នាំ២០១៩។

អត្ថបទ និង រូបថត៖ ក្រុមការងារមជ្ឈមណ្ឌលឯកសារ កោះថ្ម ខេត្តត្បូងឃ្មុំ

ដារ៉ារដ្ឋ មេត្តា

ដារ៉ារដ្ឋ មេត្តា

អ្នកសរសេរ ទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthmeta.d@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៦៩៨ ៣៣៣ គេហទំព័រ ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ