គិន ម៉ន ៖ ខ្ញុំចូលកងទ័ពតាមការឃោសនារបស់ប្រធានសហករណ៍

ខ្ញុំឈ្មោះ គិន ម៉ន អាយុ៧៤ឆ្នាំ កើតនៅភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលនៅវ័យកុមារខ្ញុំបានចូលរៀននៅសាលាវត្តសង្កែជ្រុំ។ នៅឆ្នាំ១៩៦៤ ខ្ញុំបានឈប់រៀនដោយសារជីវភាពក្រីក្រ។ នៅអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៦៧ ខ្ញុំបានបួសជាសង្ឃនៅវត្តសង្កែជ្រុំ។ នៅឆ្នាំ១៩៦៩ ឪពុកម្តាយរបស់ខ្ញុំបានចូលស្តីដណ្តឹងកូនក្រមុំរបស់អ្នកភូមិឈ្មោះ ចន អយ ឲ្យខ្ញុំ។ បន្ទាប់មកយើងបានរៀបការជាប្តីប្រពន្ធ។

ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ខ្ញុំ និងប្រពន្ធបានភៀសខ្លួនទៅរស់នៅខាងជើងស្រុកមេសាង ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក។ រហូតដល់​យោធាខ្មែរក្រហមទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបែងចែកឲ្យប្រជាជនធ្វើការងាររួមគ្នា។ ដំបូង ប្រធានកងប្រើខ្ញុំឲ្យភ្ជួរស្រែនៅក្នុងភូមិ។ បន្ទាប់ពីភ្ជួរស្រែ​រួចរាល់ហើយ ប្រធានកងប្រើខ្ញុំឲ្យចេញទៅរែកកណ្តាប់វិញ។

គិន ម៉ន អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រហូតដល់ឆ្នាំ១៩៧៧ ប្រធានកងបញ្ចូលខ្ញុំក្នុងកងចល័ត និងបានចាត់តាំងខ្ញុំឲ្យទៅជីកអាងស្តុកទឹកនៅឃុំព្រៃឃ្នេសរយៈពេលពីរខែ។ តមកប្រធានកងបញ្ជូនខ្ញុំទៅស្ថានីយ៍ខ្សាច់សដើម្បីលើកទំនប់។ នៅទីនោះ ខ្ញុំបានហូបឆ្អែតជាងពេលដែលខ្ញុំធ្វើការនៅក្នុងភូមិ។ នៅស្ថានីយ៍ខ្សាច់ស មានត្រកួន ផ្កាកំប្លោក ព្រលិត រំចង់ និងស្លឹកឈើព្រៃផ្សេងៗទៀត។ ថ្ងៃខ្លះខ្ញុំហូបសម្លម្ជួរ និងថ្ងៃខ្លះខ្ញុំហូបសម្លកកូរត្នោត។ ទោះបីយ៉ាងណាខ្ញុំមិនមានផ្ទះស្នាក់នៅសមរម្យទេ គឺរាល់យប់ខ្ញុំដេកនៅតាមវាលជិតកន្លែងធ្វើការ។

ខ្ញុំធ្វើការនៅស្ថានីយ៍ខ្សាច់សបានរយៈពេលមួយខែ ប្រធានកងក៏បញ្ជូនខ្ញុំត្រឡប់មកភូមិវិញ ដើម្បីដឹកនាំសមាជិកកងចំនួន៣០នាក់ ដើរប្រមូលអាចម៍គោយកមកលាយធ្វើជីកំប៉ុស។ ព្រឹកឡើង ខ្ញុំចាត់តាំងឲ្យសមាជិកក្នុងកងរបស់ខ្ញុំកាន់ល្អីម្នាក់មួយ រួចហើយឲ្យចេញទៅរើសអាចម៍គោ។ លុះពេលល្ងាចឡើង ក្រោយពីចប់ម៉ោងការងារ ខ្ញុំត្រូវរាយការណ៍ទៅកាន់ថ្នាក់លើអំពីសកម្មភាពការងារនៅក្នុងក្រុមរបស់ខ្ញុំ។ ខ្ញុំមិនដែលលើករឿងមិនល្អរបស់ក្រុមខ្ញុំ ឲ្យអង្គការដឹងឡើយ បើទោះបីជាខ្ញុំដឹងថាសមាជិកក្រុមរបស់ខ្ញុំធ្វើការមិនយកចិត្តទុកដាក់ និងខ្ជិលក៏ដោយ។

នៅចុងឆ្នាំ១៩៧៨ កួយ គឺជាប្រធានសហករណ៍បានឃោសនាកុហក់ខ្ញុំថានឹងបញ្ជូនខ្ញុំឲ្យទៅធ្វើជាកម្មករនៅរោងម៉ាស៊ីនស្រូវ ប៉ុន្តែតាមពិតបញ្ជូនខ្ញុំទៅធ្វើកងទ័ពដើម្បីត្រៀមប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាម។ ពេលនោះខ្ញុំមិនចង់បែកពីប្រពន្ធ និងកូនឡើយ។ មុនពេលដែលខ្ញុំរៀបចេញដំណើរទៅធ្វើទ័ព ប្រពន្ធរបស់ខ្ញុំបានវេចដំឡូងឲ្យខ្ញុំទុកហូបតាមផ្លូវ។ ប៉ុន្តែខ្ញុំបានធ្វើឲ្យជ្រុះដំឡូងអស់ព្រោះក្នុងចិត្តរបស់ខ្ញុំនៅតែគិតអាល័យប្រពន្ធនិងកូន។ ខ្ញុំស្តាយយ៉ាងខ្លាំងចំពោះដំឡូងដែលប្រពន្ធខ្ញុំវេចខ្ចប់ឲ្យ។ នៅវេលាប្រហែលម៉ោង៥ល្ងាច យោធាខ្មែរក្រហមម្នាក់មកហៅខ្ញុំចេញដំណើរទៅ។ នៅវេលាម៉ោង៦ល្ងាច ខ្ញុំបានទៅដល់ឃុំព្រៃឃ្នេស ដែលពេលនោះយោធាខ្មែរក្រហមប្រមូលមនុស្សដែលត្រូវចូលធ្វើកងទ័ពបានចំនួន១គ ស្មើនឹង១៥០នាក់ ទៅជា​មួយដែរ។

គិន ម៉ន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំដើរបន្តទៅវត្តស្ទាវ ស្ថិតនៅឃុំច្រេស ស្រុកមេសាង ហើយនៅតាមផ្លូវមានមនុស្ស មករួមដំណើរជាបន្តបន្ទាប់បន្ថែមទៀត សរុបប្រមាណ៨០០នាក់ មកពីឃុំទាំង៨ ក្នុងស្រុកមេសាង។ ខ្ញុំនិងអ្នកឯទៀតសម្រាកនៅវត្តស្ទាវមួយយប់។ លុះវេលាម៉ោង៣រសៀល នៅថ្ងៃបន្ទាប់ ខ្ញុំនិងអ្នកឯទៀតបានឡើងជិះឡានបន្តដំណើរទៅមុខទៀត។ អ្នកបើកឡានបានជួនខ្ញុំនិងអ្នកឯទៀតទៅដល់ត្រពាំងផ្លុង រួចហើយឲ្យយើងធ្វើដំណើរដោយថ្មើរជើងបន្ត។ ខ្ញុំបានដើរកាត់ទឹកកាត់ព្រៃ និងជាន់បន្លាមុតសុះជើង។ ខ្ញុំដើររហូតដល់ចម្ការអំពៅ ក៏ឃើញកងទ័ព សមមិត្ត រិន ដើរចេញពីក្នុងព្រៃកាត់មុខក្រុមរបស់ខ្ញុំ។ ខ្ញុំនិងក្រុមបានឈប់សម្រាកនៅចម្ការអំពៅមួយរយៈខ្លី រង់ចាំឲ្យកងទ័ពសមមិត្ត រិន ដើរទៅផុត ទើបក្រុមរបស់ខ្ញុំដើរចេញពីចម្ការអំពៅមក។ ខ្ញុំដើរបានចម្ងាយពីរគីឡូម៉ែត្រ ក៏ឃើញខិតប័ណ្ណរបស់កងទ័ពសមមិត្ត រិន ជ្រុះនៅលើដី។ ខ្ញុំបានរើសខិតប័ណ្ណនោះមកអាន ដែលនៅលើខិតប័ណ្ណនោះសរសេរថា «មិត្តឯងចង់ចូលយួន! ងាប់!» ឃើញដូច្នេះ ខ្ញុំក៏ហែកខិតប័ណ្ណនោះចោល រួចបន្តដំណើរទៅមុខរហូតដល់ខ្សាច់ខោលស្ថិតនៅជាប់ព្រំដែនវៀតណាម។

ទៅដល់ទីនោះ មានហេតុការណ៍មួយដែលខ្ញុំភ្ញាក់ផ្អើល និងរន្ធត់ គឺកងទ័ពខ្មែរគ្នាឯងបានបាញ់សម្លាប់គ្នាឯង។ ដោយសារមានបាញ់ប្រហារគ្នាខ្លាំង ខ្ញុំចាប់ផ្តើមជីកត្រង់សេ (លេ​ណដ្ឋាន) ដើម្បីត្រៀមចូលប្រយុទ្ធ។ ដោយសារតំបន់នោះដីឆាប់ជ្រាបទឹក ដូច្នេះទឹកបានជ្រាបចេញមកពេញត្រង់សេធ្វើឲ្យខ្ញុំពិបាកដកដង្ហើមយ៉ាងខ្លាំង។ ខ្ញុំបានអើតក្បាលឡើងលើដើម្បីដកដង្ហើម និងត្រៀមប្រយុទ្ធជានិច្ច។ ខ្ញុំត្រាំនៅក្នុងទឹកអស់រយៈពេល៣យប់៣ថ្ងៃ ធ្វើឲ្យរាងកាយរបស់ខ្ញុំស្ពឹក និងមិនអាចធ្វើចលនាបាន។ កងទ័ពនៅក្នុងអង្គភាពជាមួយខ្ញុំ បានបញ្ជូនខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យស្រុកអូរាំងឪ។ ពេទ្យបានចាក់ថ្នាំឲ្យខ្ញុំ និងឲ្យថ្នាំមកខ្ញុំលេប ប៉ុន្តែនៅតែមិនធូរស្បើយ។ ឃើញដូច្នេះពេទ្យ បានបញ្ជូនខ្ញុំបន្តទៅព្យាបាលនៅមន្ទីរពេទ្យមួយទៀតស្ថិតនៅវត្តគងជ័យ។ តាហាន គឺជាគ្រូពេទ្យនៅវត្តគងជ័យបានជួយព្យាបាលខ្ញុំរហូតបានធូរស្រាល ស្រាប់តែកងទ័ពមកពីនិរតីផ្លោងគ្រាប់ចូលមក ដូច្នេះខ្ញុំរួមជាមួយអ្នកជំងឺផ្សេងទៀត សរុបចំនួន២៥០នាក់ បានចាកចេញពីវត្តគងជ័យ ឆ្ពោះទៅកាន់ទន្លេតូច។

នៅពេលខ្ញុំដល់ទន្លេតូច ស្រាប់តែមានបុរសម្នាក់បានប្រាប់ខ្ញុំថា យោធា ប៉ុល ពត នៅរង់ចាំខាងមុខ គឺនៅរង់ចាំវាយសម្លាប់មនុស្សចោលនៅមាត់ទន្លេ ហើយប្រសិនបើខ្ញុំទៅមុខទៀតនឹងត្រូវស្លាប់មិនខាន។ ខ្ញុំនឹកគិតនៅក្នុងចិត្តថា ខ្ញុំមិនគួរស្លាប់នៅក្នុងទឹកទេ ទើបខ្ញុំបបួល តាហាន ត្រឡប់មកវិញដោយបាននាំអ្នកជំងឺផ្សេងទៀតមកជាមួយគ្នាដែរ។ ក្រុមរបស់ខ្ញុំបានធ្វើដំណើរមកដល់ស្វាយសុខោ ក៏ឃើញមនុស្សស្លៀកពាក់ពណ៌ខៅ្មជាច្រើនពីចម្ងាយ។ ខ្ញុំគិតថានឹងមានសភាពការណ៍មិនស្រួលហើយ ទើបខ្ញុំចាប់ផ្តើមចាត់វិធានការបំបែកក្រុម ដោយក្នុងមួយក្រុមមានមនុស្សចំនួនប្រាំទៅប្រាំមួយនាក់ ដើម្បីកុំឲ្យអ្នកផ្សេងចាប់អារម្មណ៍។ ខ្ញុំធ្វើដំណើរផុតស្វាយអន្ទរបន្តិច ក៏បត់ទៅផ្ទះវិញ។ ដំបូងខ្ញុំមិនទាន់ហ៊ានចូលក្នុងភូមិទេ ព្រោះខ្លាច មេភូមិរករឿង និងចាប់ខ្លួន។ ខ្ញុំស្នាក់នៅផ្ទះបងប្រុសរបស់ខ្ញុំស្ថិតនៅភូមិត្រោក រហូតដល់របបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំមករស់នៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែងរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា