"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ស្រេង ហុងគាវ៖ កងកុមារ

ខ្ញុំឈ្មោះ ស្រេង ហុងគាវ អាយុ៥៧ឆ្នាំ កើតនៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ១៩៧០ ឪពុករបស់ខ្ញុំបានជិះកង់ទៅចូលរួមធ្វើបាតុកម្មទាមទារអំណាចថ្វាយព្រះអង្គវិញ។ ខ្ញុំនៅចាំថា នៅពេលឪពុករបស់ខ្ញុំធ្វើដំណើរចេញទៅបាត់ ម្ដាយរបស់ខ្ញុំចាប់ផ្តើមឈឺពោះឆ្លងទន្លេប្អូនរបស់ខ្ញុំ។ នៅថ្ងៃនោះខ្ញុំភ័យខ្លាំងណាស់ ព្រោះបារម្ភម្ដាយដែលកំពុងឈឺពោះ ប៉ុន្តែសំណាងល្អមិនមានបញ្ហាអ្វីកើតឡើង បើទោះបីជាឆ្មបមកមិនទាន់​ក៏ដោយ។

ស្រេង ហុងគាវ នៅផ្ទះរបស់គាត់ ស្ថិតនៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រហូតដល់អាយុ៧ឆ្នាំ ខ្ញុំចូលរៀននៅតាមផ្ទះរបស់ប្រជាជន។ ការរៀនសូត្រនៅក្នុងសម័យ លន់ នល់ គឺមិនមានសាលារៀនត្រឹមត្រូវទេ សិស្សទាំងអស់ត្រូវចល័តរៀនតាមផ្ទះប្រជាជន មួយទៅផ្ទះប្រជាជនមួយទៀតរៀងរាល់មួយសប្ដាហ៍ម្ដង។ សិស្សានុសិស្សពុំបានសិក្សារៀនសូត្រជាប់លាប់នោះទេ ព្រោះត្រូវភៀសខ្លួនទៅភូមិក្បែរៗនោះដើម្បីគេចអំពីការទម្លាក់គ្រាប់បែក និងការធ្វើបាបរបស់ទាហានធីវគី ឬវៀតណាមខាងត្បូង។

បន្ទាប់ពី លន់ នល់ ចាញ់សង្គ្រាម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥  នៅក្នុងភូមិរបស់ខ្ញុំប្រារព្ធពិធីអបអរហូបអាហារជុំគ្នាយ៉ាងសប្បាយរីករាយដើម្បីទទួលអបអរជ័យជម្នះរបស់ខ្មែរក្រហម។ ដំបូងប្រជា​ជនអាចហូបបាយតាមផ្ទះរៀងៗខ្លួន។ ពេលនោះខ្ញុំចូលរៀននៅពេលថ្ងៃត្រង់ រីឯពេលព្រឹក និងពេលរសៀលគឺមេកងតម្រូវឲ្យទៅធ្វើការនៅក្នុងភូមិ។ ការងាររបស់កុមារ មានដូចជា ប្រមូលលាមកមនុស្សតាមផ្ទះយកទៅកូរក្នុងឡជីលាយជាមួយដីដំបូកដើម្បីទុកធ្វើជីលេខមួយ។ កុមារដែលមានមាឌធំប្រធានកងបានចាត់តាំងឲ្យទៅលើកដីជាមួយមនុស្សធំ និងច្រូតស្រូវ ប៉ុន្តែកុមារទាំងនោះត្រូវឡើងមកហូបអាហារមុនកងចាស់ៗ។

ស្រេង ហុងគាវ កំពុងផ្ដល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ សូ ហាន់ ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមប្រមូលប្រជាជននៅក្នុងភូមិឲ្យហូបរួម ប៉ុន្តែសម្រាប់កុមារនៅក្នុងភូមិឫស្សីសាញ់អាចហូបបបរមួយចម្អែត និងមិនសូវខ្វះខាតឡើយ។ នៅពេលរៀបការប្រជាជននៅក្នុងភូមិ គឺប្រធានសហករណ៍គឺជាអ្នកជ្រើសរើសនិងផ្សំផ្គុំឲ្យ ហើយសាមីខ្លួនមិនអាចប្រកែកបានឡើយ។ ខ្ញុំចាំថា មានពូម្នាក់នៅជិតផ្ទះរបស់ខ្ញុំបានលេបថ្នាំសម្លាប់ខ្លួនព្រោះគាត់មិនទទួលយកប្រពន្ធដែលអង្គការរៀបចំឲ្យ។ គូខ្លះទៀតរស់នៅមិនចុះសម្រុងគ្នាឡើយ រហូតដល់របបខ្មែរក្រហមដួលរលំក៏លែងលះគ្នា។

នៅចុងឆ្នាំ១៩៧៨ បងប្អូនខាងឪពុកម្ដាយខ្ញុំជាច្រើនគ្រួសារត្រូវអង្គការយកទៅសម្លាប់ចោលដោយសារអង្គការស៊ើប និងចោទពូរបស់ខ្ញុំឈ្មោះ ស្រី សុផល គឺជាប្រធានង ថាក្បត់ជាតិ។ ពូរបស់ខ្ញុំធ្វើការនៅប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ហើយបន្ទាប់ពីយោធាចាប់ខ្លួនគាត់សាកសួរអំពីប្រវត្តិតស៊ូរួចហើយក៏មកតាមស្វែងរកចាប់បងប្អូនពូរបស់ខ្ញុំជាបន្តទៀតដើម្បីយកទៅសម្លាប់ចោល។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជា គ្រួសាររបស់ខ្ញុំបានធ្វើដំណើរទៅដល់ភូមិស្វាយអណ្ដូង ក៏ត្រឡប់មកផ្ទះនៅក្នុងភូមិឫស្សីសាញ់វិញ។ ខ្ញុំចាប់ផ្ដើមខិតខំរកស៊ីធ្វើស្រែចម្ការដើម្បីចិញ្ចឹមគ្រួសារ រហូតដល់ប្អូនៗរបស់ខ្ញុំរៀបការទាំងអស់គ្នា។ ចំណែកខ្ញុំរៀបការនៅ ខែមករា ឆ្នាំ២០០១ ជាមួយប្ដីឈ្មោះ អួន អៀប និងមានកូនចំនួន២នាក់ ហើយសព្វថ្ងៃខ្ញុំធ្វើជាអនុភូមិឬស្សីសាញ់។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា