"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

រឿងរ៉ាវ របស់ជនជាតិស្ទៀង នៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម 

ខ្ញុំឈ្មោះ ប៉ច សាំង អាយុ ៦៦ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិទំពូក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ ព្រះ ប៉ច និងម្ដាយឈ្មោះ មិច ទៀន។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ស្រីចំនួន១នាក់។ បងប្អូនប្រុសចំនួន២នាក់បានស្លាប់ដោយសារតែទៅធ្វើទាហាននៅភូមិភាគបូព៌ា។ កាលពីក្មេងខ្ញុំបានរៀនសូត្របានរយៈពេល ២ឆ្នាំនៅវត្តកន្ទួត ។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៧៣ ក្រោយពីឈប់រៀនខ្ញុំបានចូលធ្វើជាឈ្លបនៅក្នុងឃុំជាំតាម៉ៅ ដែលមាននាទី យាមការពារប្រជាជនក្នុងភូមិ។ ឆ្នាំ១៩៧៤ ខ្ញុំចូលធ្វើជាយោធាសុ្រកមេមត់ គណ:ស្រុកមេមត់ឈ្មោះ ញឹក ហួន។ តា ចាន់ គឺជាប្រធានតំបន់២១។ បន្ទាប់ពីរំដោះឆ្នាំ១៩៧៥ ខ្ញុំផ្លាស់ទៅនៅតំបែ និងនៅមន្ទីរស១០០ ដែលមានតា សឿង និង តាដែន គឺជាប្រធាន និងអនុប្រធានយោធាតំបន់២១។ បន្ទាប់មកខ្ញុំត្រូវបានបញ្ជូនមកការពារព្រំដែននៅក្នុងឃុំចាន់មូល។ នៅឆ្នាំ១៩៧៧ កងទ័ពមជ្ឈិមបានហៅកងទ័ពដែលមានឋានៈចាប់ពីប្រធាន «ខ» ប្រធាន «គ» ប្រធាន «ឃ» ទៅប្រជុំនិងចាប់ដាក់ឡានយកទៅសម្លាប់ចោល។ ចំណែកខ្ញុំគឺជាកូនចៅដែលគ្មានឋានៈអ្វីគេមិនបានចាប់នោះទេ។ ខ្ញុំក៏ដូរខោអាវ និងយកកាំភ្លើងទៅកប់ក្នុងដី ហើយមកត្រឡប់មកធ្វើជាកងចល័តវិញ។ ក្រោយមកពួកនិរតីបន្តស្រាវជ្រាវរហូតដឹងពីសមាសភាពរបស់ខ្ញុំធ្លាប់ធ្វើយោធា ពួកនិរតីបានចាប់ខ្ញុំទៅមន្ទីរសន្តិសុខ ដែលមានគ្នាសរុប៣០នាក់។ ពេលនៅក្នុងមន្ទីរសន្តិសុខ ខ្មែរក្រហមបញ្ជាឲ្យធ្វើការងារគាស់គល់ឈើ ធ្វើស្រែ។ ពេលនោះមានអ្នកទោសបានលួចដំឡូង ហើយត្រូវសន្តិសុខចាប់យកទៅសម្លាប់។ នៅពេលដែលវៀតណាមចូលមក ទម្លាក់គ្រាប់បែកនៅស្រែរនាម។ ពួកសន្តិសុខរត់អស់ ទើបខ្ញុំបានរួចខ្លួន និងធ្វើដំណើរមកដល់ស្ទឹងត្រង់ជាមួយកងទ័ព និងប្រជាជនផ្សេងៗទៀត។ ពេលមកដល់ស្ទឹងត្រង់ ប្រជាជនចែកបាយឲ្យហូបគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ខ្ញុំបានសុំឡានកងទ័ពវៀតណាមជិះត្រឡប់មកស្រុកកំណើតវិញ។ ឆ្នាំ១៩៨៨ ទើបខ្ញុំរៀបការ។

ខ្ញុំឈ្មោះ តូច រឿង ភេទប្រុស អាយុ៦៧ឆ្នាំ គឺជាជនជាតិស្ទៀង។ រឿង មានស្រុកកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុករបស់ខ្ញុំឈ្មោះ វ៉ិក និងម្តាយឈ្មោះ ភេម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន៤នាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ពៅ ញ៉ាក់ និងមានកូនចំនួន៧នាក់ ស្រី៥នាក់ និងប្រុស២នាក់។ កាលពីតូចៗខ្ញុំរៀនបានតិចតួច ព្រោះគ្មានសាលារៀន មានតែរៀននៅវត្តលោក។ ខ្ញុំធ្លាប់បានទៅស៊ីឈ្នួលចៀរជ័រកៅស៊ូឲ្យបារាំង។ ទីតាំងចម្ការកៅស៊ូបារាំងនៅឡាំបោ ដែលមានចម្ងាយពីភូមិរបស់ខ្ញុំប្រមាណជា២គីឡូម៉ែត្រ។ កម្មករនៅក្នុងចម្ការកៅស៊ូមាន បងប្អូនជនជាតិចាម និងជនជាតិវៀតណាម និងជនជាតិខ្មែរដែលមកពីភូមិផ្សេងៗ។ ភូមិខ្ញុំកាលពីដើមមានប្រជាជនប្រហែល២០ខ្នងផ្ទះ និងប្រើប្រាស់ភាសាស្ទៀង។ ពេលមានជំងឺម្តងៗអត់មានពេទ្យទេនៅក្នុងភូមិ ឪពុកម្តាយខ្ញុំប្រើប្រាស់ថ្នាំបុរាណ និងរកគ្រូស្ដោះផ្លុំ ឬបញ្ជាន់អារក្ខ។ នៅឆ្នាំ១៩៧០ ខ្ញុំទាន់ការលក់អង្ករឲ្យយៀកកុងនៅតាមព្រំដែន។

ខ្ញុំឈ្មោះ ពៅ ញ៉ាក់ ភេទស្រី អាយុ៦៣ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង និងរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ ងែ ឡាញ់ និងឪពុកឈ្មោះ ពៅ ចប។ ខ្ញុំមានបងប្អូន ចំនួន៧នាក់គឺប្រុស ចំនួន៤នាក់ និងស្រីចំនួន៣នាក់។  កាលពីក្មេងខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី២ នៅវត្តកន្ទួត ដែលនៅស្ថិតក្បែរផ្ទះ។ ខ្ញុំរៀនអក្សរលេខបានត្រឹមចេះអាន សរសេរបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់មកខ្ញុំឈប់រៀនមកជួយធ្វើការងារម្ដាយខ្ញុំវិញ។ ម្ដាយខ្ញុំកាលនោះគាត់ឧស្សាហ៍ឈឺ ខ្ញុំមើលប្អូនតូចៗ នឹងជួយធ្វើស្រែចំការម្ដាយរបស់ខ្ញុំ។ ក្រោយមកក្នុងឆ្នាំ ១៩៧០ នៅក្នុងភូមិបានកើតមានសង្គ្រាម រដ្ឋប្រហារ កាលនោះ ឪពុករបស់ខ្ញុំបានទៅចូលរួមធ្វើបាតុកម្ម។ នៅពេលគាត់ត្រឡប់មកផ្ទះវិញ គាត់បាននិយាយប្រាប់ខ្ញុំថា មានគេមកឃោសនាឲ្យទៅទទួលសម្ដេចឪ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន ថ្មីមករស់នៅក្នុងភូមិរបស់ខ្ញុំ រស់នៅតាមផ្ទះប្រជាជន និងធ្វើស្រែធ្វើចម្ការដូចប្រជាជនទូទៅដែរ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវខ្មែរក្រហមឲ្យទៅលើប្រព័ន្ធភ្លឺស្រែនៅឃុំជាំតាម៉ៅ នៅទីនោះមានមនុស្សប្រហែលជា១០០នាក់។ នៅពេលទៅធ្វើការនៅទីនោះ ខ្ញុំនៅឆ្ងាយពីឪពុកម្តាយ​ហើយខ្ញុំបានសុំខ្មែរក្រហមមកលេងឪពុកម្តាយ។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបាននាំខ្ញុំទៅធ្វើជាកងទ័ពនារីនៅឃុំចាន់មូល។ កងទ័ពនារីមានសមាជិកប្រហែល១០០នាក់។ ខ្មែរក្រហមបានចាត់តាំងកងទ័ពនារីធ្វើការងារដូចជាអ្នកដាំបាយ ធ្វើម្ហូបសម្រាប់កងទ័ពបុរសដែលទៅសមរភូមិ។ ខ្ញុំធ្វើការនៅទីនោះបានមួយវស្សា ខ្មែរក្រហមជម្លៀសខ្ញុំទៅក្រចេះ ទៅដល់ទីនោះ ខ្មែរក្រហមបានឲ្យខ្ញុំសែងអ្នករបួស និងសាកសពកងទ័ព។ កាលនោះខ្ញុំសែងអ្នករបួសនៅស្រែស្រណុក ស្រុកឆ្លូង។ ក្នុងសាកសពម្នាក់ត្រូវសែងដោយនារីពី៣នាក់។ ១៩៨០ ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំ។

អត្ថបទនិង រូបថត៖ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ

ដារ៉ារដ្ឋ មេត្តា

ដារ៉ារដ្ឋ មេត្តា

អ្នកសរសេរ ទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthmeta.d@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៦៩៨ ៣៣៣ គេហទំព័រ ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ