"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

សូ គឹមអាន ហៅ អាចារ្យ ម៉ី អនុលេខាតំបន់១០៥ ភូមិភាគឦសាន

ខ្ញុំឈ្មោះ សូ គឹមអាន ហៅ អាចារ្យ ម៉ី មានអាយុ៤៤ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៧)។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកអ្នកលឿង ឃុំព្រែកអ្នកលឿង ស្រុកពាមរក៍ តំបន់២៤។ នៅក្នុងឆ្នាំ១៩៥៤ ខ្ញុំប្រឡងជាប់សាលាបាលីជាន់ខ្ពស់។ កាលខ្ញុំនៅរៀនខ្ញុំស្នាក់នៅកុដិលោកអាចារ្យ ឃុត មានសញ្ញារូបសេះ នៅវត្តឧណ្ណាលោម។ ខ្ញុំមានភាពជិតស្និទ្ធជាមួយអាចារ្យ ឃុត ក្រោយមកប្រហែលជាចុងឆ្នាំ១៩៥៤ ខ្ញុំចូលជាខ្មែរសេរី។

នៅក្នុងឆ្នាំ១៩៥៨ ខ្ញុំត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាដូច្នេះខ្ញុំត្រូវតែខិតខំរៀនដើម្បីត្រៀមប្រឡង។ ខ្ញុំទាក់ទងសិស្សម្នាក់ឈ្មោះ ញេប សាវ៉ាន រស់នៅភូមិព្រែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយអប់រំនយោបាយក្បត់និងប្រគល់ឲ្យអាចារ្យ ឃុត អប់រំបន្ត រួចហើយ ចាត់តាំង សាវ៉ាន ជាសមាជិកខ្មែរសេរី។ ក្រោយមកខ្ញុំប្រឡងធ្លាក់ និងត្រូវរៀនរយៈពេល១ឆ្នាំថែមទៀត។ បន្ទាប់មកខ្ញុំក៏ប្រឡងជាប់ ហើយក៏ឈប់រៀន។

ជនជាតិភាគតិចនៅខេត្តស្ទឹងត្រែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងឆ្នាំ១៩៥៩ គ្រូបង្រៀនឈ្មោះ ជ័យ អេ គឺជាខ្មែរសេរីបង្រៀននៅសាលាបឋមសិក្សារំលង ខេត្តកំពង់ធំ បានបើកសាលាឈ្នួលឈ្មោះ អនុវិទ្យាល័យសង្គមសិក្សា នៅក្រុងកំពង់ធំ។ ជ័យ អេ មកទាក់ទងអាចារ្យ សាន វត្តសារាវ័ន ក្រុងភ្នំពេញ។ អាចារ្យ សាន បានមកទាក់ទងខ្ញុំ។ ខ្ញុំបង្រៀននៅអនុវិទ្យាល័យសង្គមសិក្សាបានរយៈពេល១ឆ្នាំ ប៉ុន្តែដោយសារខ្ញុំឃើញសាលាមិនមានស្ថិរភាពខ្ញុំបានសុំលា ជ័យ អេ ទៅបង្រៀនជាមួយ យឹម ធន នៅសាលាអនុវិទ្យាល័យវិជ្ជាសោភ័ណ។ នៅក្នុងឆ្នាំ១៩៦៦ និង១៩៦៧ អនុវិទ្យាល័យវិជ្ជាសោភ័ណ ត្រូវបិទទ្វារឈប់បង្រៀនដោយសារមិនមានសិស្សចូលរៀន និងការចំណាយច្រើនជាងចំណូល។ ខ្ញុំត្រូវផ្អាកការបង្រៀនមួយរយៈ ប៉ុន្តែខ្ញុំនៅតែបន្តសកម្មភាពចូលបង្កប់ខ្លួននៅក្នុងចលនាបដិវត្តន៍និងរស់នៅជាមួយអ្នកបដិវត្តន៍តាមរយៈឈ្មោះ នៅ ផន ហៅ សុក។ នៅ ផន ហៅ សុក បាន ឧទ្ទេសនាមមិត្ត ហុង ឲ្យស្គាល់ខ្ញុំ ធ្វើឲ្យខ្ញុំមានឱកាសស្និទ្ធស្នាលជាមួយអ្នកបដិវត្តន៍បន្ថែមទៀត។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦៧ ខ្ញុំត្រូវចេញពីកំពង់ធំមកនៅភ្នំពេញដើម្បីចូលបង្កប់ខ្លួនមិនឲ្យអង្គការបដិវត្តន៍ដឹង។ ខ្ញុំទាក់ទងជាមួយ យឹម ធន គឺជាពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា។ យឹម​ ធន បានប្រឡងជាប់ពេទ្យនៅក្នុងឆ្នាំ១៩៦២ បន្ទាប់ពីចាកចេញពីខេត្តកំពង់ធំ។ ធន ប្រាប់ខ្ញុំថា គាត់មានមិត្តភក្កិឈ្មោះ ដាវាល់ ពាក់ស័ក្តិ២គឺជាគិញនៅក្រសួងនគរបាលជាតិភ្នំពេញ។  យឹម ធន បានឲ្យ ដាវាល់ រកវិធីសាស្រ្តដើម្បីឲ្យអង្គការបដិវត្តន៍ជឿថា ខ្ញុំគឺជាអ្នកបដិវត្តន៍ប្រាកដមែន។ យឹម ធន ចង់ឲ្យ ដាវាល់ ចេញសំបុត្រចាប់ខ្លួនគិញដែលលាក់ខ្លូននៅក្នុងក្រុង និងខេត្ត។ ដាវាល់ គិតថាត្រឹមតែចេញសំបុត្រចាប់ខ្លួនមិនជាក់ស្ដែងនោះទេគាត់នឹងបញ្ជាឲ្យគិញ៣នាក់ទៅចាប់ខ្លួនខ្ញុំដល់ផ្ទះ។ គិញ តាមចាប់ខ្លួនខ្ញុំចំនួន២លើកក្នុងខែកក្ដដា និងខែសីហា ប៉ុន្តែចាប់ខ្ញុំមិនបានក៏ទុកសំបុត្រចាប់ខ្លួនឲ្យម្ដាយក្មេកខ្ញុំ។

នៅខែកញ្ញា ឆ្នាំ១៩៦៧ អង្គការបដិវត្តន៍ ទិញម៉ាស៊ីនដេរមួយគ្រឿងឧបត្ថម្ភដល់គ្រួសារខ្ញុំ។ ខ្ញុំស្នើអង្គការឲ្យយកម៉ាស៊ីដេរនោះយកទៅដាក់ដល់ផ្ទះប្រពន្ធរបស់ខ្ញុំនៅកំពង់ធំ។ ខ្ញុំបានទៅផ្ទះហើយម្ដាយក្មេកយកសំបុត្រចាប់ខ្លួនមកឲ្យខ្ញុំ។ ខ្ញុំត្រឡប់មកភ្នំពេញវិញ និងយកសំបុត្រនោះឲ្យមិត្តបដិវត្តន៍មើលបន្តគ្នា។ មិត្តងា គឺជាសាស្រ្តចារ្យអនុវិទ្យាល័យស្អាង ប្រាប់ខ្ញុំកុំឲ្យឡប់ទៅផ្ទះវិញទេ គឺត្រូវភៀសខ្លួនទើបរួចផុតពីការចាប់ខ្លួន។ ខ្ញុំត្រូវរស់នៅភ្នំពេញអស់រយៈពេល៣ខែ។ នៅខែតុលា ឆ្នាំ១៩៦៧ ខ្ញុំបានទៅជួបអាចារ្យ ឃុត ដោយបញ្ជាក់ប្រាប់គាត់អំពីដំណើររបស់ខ្ញុំហៀបចាកចេញពីទីក្រុងភ្នំពេញទៅជនបទ។ អាចារ្យ ឃុត ចេញសំបុត្រឧទ្ទេសនាមឲ្យខ្ញុំមួយសន្លឹកសម្រាប់ទាក់ទង កុយ ធួន។ នៅចុងខែតុលា ឆ្នាំ១៩៦៧ មាននីរសារម្នាក់បាននាំខ្ញុំទៅជួប កុយ ធួននៅភូមិមួយជិតភូមិបឹងធំ ក្នុងខេត្តកំពង់ចាម។ ខ្ញុំយកសំបុត្រឧទ្ទេសនាមរបស់អាចារ្យ ឃុត ទៅឲ្យ កុយ ធួន ហើយកុយ​ ធួន ទទួលស្គាល់ខ្ញុំ។ ខ្ញុំសម្រាកនៅទីនោះបានរយៈពេល២យប់ ខណៈបង កុយ ធួន ជិះទូកឡើងមកទីរួមខេត្តកំពង់ចាម សម្រាក៣យប់ដើម្បីរង់ចាំនីរសាររបស់គាត់ដែរ។ កុយ​ ធួន អប់រំខ្ញុំថា នៅស្រុកលើមានការកំបាកខ្លាំងណាស់មិត្តត្រូវមានការតស៊ូជម្នះ ហើយត្រូវខិតខំអប់រំកម្លាំងក្បត់ឲ្យបានច្រើន។ រយៈពេល៥យប់ ទើបនីរសារបានមកដល់ហើយបានណែនាំខ្ញុំឲ្យស្គាល់ឈ្មោះ កង គឺជាខ្សែរបស់គាត់ ហើយ កង ក៏បាននាំខ្ញុំទៅខេត្តមណ្ឌលគិរី។ នៅខែធ្នូ ឆ្នាំ១៩៦៧​ ខ្ញុំបានមកដល់ខេត្តមណ្ឌលគិរី។ យើងទៅរស់នៅផ្ទះរបស់ ពូឡឹ គឺជាជនជាតិព្នង ក្នុងភូមិពូគ្រេង។  នៅចុងឆ្នាំ១៩៦៨ ខ្ញុំនិងកង បានទៅរៀនវគ្គនយោបាយនៅមន្ទីរក៦០ របស់លេខាតំបន់ ឈ្មោះឡាំង។ ខ្ញុំបានជួប កុយ ធួន ហៅ គុន ជួយដឹកនាំការងារតំបន់១០៥ ដែលចល័តជាមួយរតនគិរី។

នៅក្នុងឆ្នាំ១៩៦៩ កង និងខ្ញុំបានកែខ្លឹមសារឃោសនាថ្មី ទិសដៅប្រឆាំងជាមួយបដិវត្តន៍។ បដិវត្តន៍វាយមិនឈ្នះចក្រពត្តិអាមេរិក បរិវារភ្នំពេញ និងព្រៃនគរឡើយ។ យើងឃោសនាឲ្យប្រជាជនខ្លាចបដិវត្តន៍មិនហ៊ានចូលព្រៃរកត្រីសាច់ដូចមុន ព្រោះខ្លាចខ្មែរក្រហមចាប់ខ្លួន។  នៅចុងឆ្នាំ១៩៧៨ បងឡាំង ហៅខ្ញុំទៅរៀននៅមន្ទីររបស់គាត់ ដោយមានឈ្មោះ គុណ គឺជាអ្នកឧទ្ទេសនាមឯកសារ។ អ្នកដែលចូលរៀននៅពេលនោះមានបង ឡាំង បងសូរុន បងខាំភូន និងខ្ញុំ។ បន្ទាប់ពីរៀនរួចឈ្មោះ គុណ ហៅខ្ញុំជួបដោយឡែកនិងអប់រំអំពីនយោបាយ។

នៅឆ្នាំ១៩៧០ អង្គការតំបន់១០៥ សម្រេចដកខ្ញុំចេញពីភូមិពូគ្រេងឲ្យទៅធ្វើជាលេខាស្រុកច្បារ ហើយ កង ត្រូវ គុណ ដកចេញពីតំបន់១០។ មុនពេលបែកគ្នា កង ធ្វើសំបុត្រឧទ្ទេសនាមឲ្យខ្ញុំទៅជួបខ្សែក្បត់នៅស្រែធំឈ្មោះ គ្រូគុំ  ដែលបង្កប់ធ្វើសកម្មភាពនៅមូលដ្ឋានស្រែធំនិងប្រគល់សមាជិកក្បត់ទាំង៤នាក់ឲ្យខ្ញុំគ្រប់គ្រង។ នៅពេលនោះខ្ញុំធ្វើជាលេខាស្រុក និងមិត្តចាំ ធ្វើជាអនុលេខា ខណៈដែលខេត្តមណ្ឌលគិរីទាំងមូលត្រូវបានរំដោះ។ ប្រជាជននៅក្នុងស្រុកច្បារ ធ្វើបដិវត្តន៍ មានជំនឿលើបដិវត្តន៍ ពួកគេមិនជឿលើការឃោសនារបស់ខ្មែរសេរីទេលើកលែងតែពួករដ្ឋការចាស់ និងទាហានប៉ូលីស។

១) កងឈ្លបបដិវត្តន៍ខ្មែរក្រហមកំពុងដោតចម្រូងការពារភូមិ។ ខេត្តរនគិរី ឆ្នាំ១៩៦៨-១៩៦៩)។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងឆ្នាំ១៩៧១ អង្គការតំបន់ចាត់តាំងខ្ញុំទៅរៀនសាលាបក្សជាមួយ បងសូរុន បងខាំភូន និង បងឡាំង ចំនួន២៥ថ្ងៃ។ ពេលនោះខ្ញុំបានជួប ធុច ក្រោយពេលរៀនចប់ ហើយ ធុច បានអប់រំខ្ញុំបន្ថែមទៀត។

នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវអង្គការតំបន់១០៥ សម្រេចឲ្យចុះជួយ ផ្តល់យោបល់ទាក់ទងការងារនៅស្រុកច្បារ អូរាំង និង កែវសីមា រយៈពេល១ខែ។ ខ្ញុំចុះដល់ស្រុកកែវសីមា ជួបជាមួយ កាស៊ី គឺជាលេខាស្រុកកែវសីមា បានឲ្យខ្ញុំដឹងសភាពការណ៍នៅស្រុក រ៥។ ខ្ញុំបានជូនយោបល់ដល់ កាស៊ី ឲ្យបន្តសកម្មភាពក្បត់ប្រឆាំងបក្សតទៅទៀត តាមសកម្មភាពអាចធ្វើទៅបាន។

នៅក្នុងឆ្នាំ១៩៧៤ ខ្ញុំជួបជាមួយមេក្រុមក្បត់គ្រប់ក្រុម និងក្ដាប់សភាពការណ៍គ្រប់មូលដ្ឋាន ហើយលើកទិសដៅការងារក្បត់ថ្មីតាមសភាពការណ៍ជាក់ស្ដែង។ ឯសភាពការណ៍រួមនៅក្នុងតំបន់គឺមានការចាត់តាំងសហករណ៍កម្រិតទាបជាបន្តបន្ទាប់ ការកើតឡើងបញ្ហាជំទាស់រវាងកម្មសិទ្ធិឯកជន និងសមូហភាព ដោយអ្នកខ្លះចង់ចូលសហករណ៍ អ្នកខ្លះមិនចង់ចូល ហើយមានអ្នកខ្លះទៀតចូលហើយសុំចេញវិញ។ ខ្ញុំបានទាក់ទងឈ្មោះ ច្រាន គឺជាគណៈស្រុក រ២​។

នៅក្នុងឆ្នាំ១៩៧៥  សភាពការណ៍នៅក្នុងតំបន់១០៥ មិនមានអ្វីប្រែប្រួលខ្លាំងទេ។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បដិវត្តន៍ឈ្នះទាំងស្រុកលើចក្រពត្តិអាមេរិក និងបរិវារ។ នៅចុងឆ្នាំ១៩៧៥ ខ្ញុំឡើងមករៀនសាលាបក្សនៅភ្នំពេញ ហើយបានជួបជាមួយ ឃួន។ ឃួន ឧទ្ទេសនាមខ្សែក្បត់ឈ្មោះ យ៉ា ឲ្យខ្ញុំបានស្គាល់។

នៅក្នុងឆ្នាំ១៩៧៦ តំបន់១០៥ ត្រូវចាត់ចូលក្នុងភូមិភាគឦសាន ដោយមានឈ្មោះ យ៉ា គឺជាលេខាភូមិភាគ។ យ៉ា បានទាក់ទងជាមួយខ្ញុំ តាមការឧទ្ទេសនាមរបស់ ឃួន។ មុនពេលប្រជុំគណៈតំបន់ យ៉ា បានមកជួបខ្ញុំ អប់រំ និងជំរុញឲ្យកសាងកម្លាំងទាក់ទងជាមួយ ឃួន ឲ្យបានល្អ និងសម្ងាត់បំផុត។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ បងយ៉ា បានឡើងទៅតំបន់១០៥ ប្រជុំគណៈតំបន់ដោយលើកយកបញ្ហាតំបន់មកប្រជុំ រួមមាន ១)បញ្ហាព្រំដែន ២) រៀបចំបោះទីតាំងកងពល និង តំបន់ ៣) ការទាក់ទងកងពល៩២០ និងតំបន់១០៥ ៤)បញ្ហាសហការកងពលនិងកងតំបន់ការពារព្រំដែនមណ្ឌលគិរី។ បញ្ហាព្រំដែន យ៉ា បានបញ្ជាក់ថា ប្រសិនបើមានយួនឈ្លានពានព្រំដែនត្រូវដោះស្រាយដោយសន្តិវិធីគឺចរចាឲ្យយួនដកចេញវិញ និងរាយការណ៍ទៅកាន់ភូមិភាគភ្លាមៗ។ បងយ៉ា មកជួបខ្ញុំដោយឡែកហើយអប់រំខ្ញុំ ពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាម ដែលឈានចូលដល់បដិបក្ខខ្ពស់ដោះស្រាយមិនរួចឡើយ។ វៀតណាមមានផែនការនៅក្នុងរដូវប្រាំងវាយយកខេត្តមណ្ឌលគិរី តាមប្រភពព័ត៌មានផ្លូវការសម្ងាត់ពីឈ្មោះ តី សឺន ភាគទី៥វៀតណាម។ នៅខែមេសា ឆ្នាំ១៩៧៦ យ៉ា បានឡើងទៅតំបន់១០៥ ប្រជុំគណៈតំបន់និងគណៈស្រុកដោយនាំលេខា និងអនុលេខាតំបន់មាន បងឡាំង ទទួលខាងយោធា,បង សូរុន គឺជាលេខាស្រុក រ៣, បងខាំភូន ខាងសេដ្ឋកិច្ច, ខ្ញុំ សង្គមកិច្ចសុខាភិបាល, មិត្តសូភា យោធា, មិត្ត ចាំ វប្បធម៌ (គឺជាលេខាស្រុក រ២)។ ចំណែកគណៈស្រុកមាន មិត្ត ស្វាយ លេខាស្រុករ១, មិត្តរ៉ា អនុលេខា, បងឡោក អនុលេខាស្រុក រ២, បងផាក់ អនុលេខាស្រុករ៣, បងគី លេខាស្រុករ៤, មិត្តខឿន អនុលេខាស្រុករ៤, កាស៊ី លេខាស្រុករ៥ និង ចាន់ដើរ អនុលេខា។

នៅខែមករា ឆ្នាំ១៩៧៧ គណៈតំបន់បានសម្រេចធ្វើសន្និបាតសម្រេចដកការងារពី គណៈទាក់ទងបរទេស,  ដកភូមិស្រែសង្គមឲ្យទៅស្រុក រ៤។ សកម្មភាពក្នុងពេលនោះគឺមិនអនុវត្តន៍ភារកិច្ចដែលបក្សប្រគល់ឲ្យ មិនគោរពតាមការចាត់តាំងរបស់គណៈតំបន់ មិនចុះដឹកនាំក្នុងក្រសួងរបស់ខ្លួន ហើយពេលសន្និបាតមានទំនាស់ជាមួយលេខាតំបន់។ កាស៊ី និង ចាន់ដើរ ត្រូវសន្និបាតតំបន់ដេញចេញពីគណៈស្រុកកែវស៊ីមា ឲ្យរស់នៅក្នុងមន្ទីរសេដ្ឋកិច្ចតំបន់ ក-១៦។  នៅខែកុម្ភៈ ឆ្នាំ១៩៧៧ យើងឃោសនាបំផុសទំនាស់នៅក្នុងសហគមន៍  ចលនាប្រជាជនឲ្យទាមទារពីសមូហភាព ដោះស្រាយការរស់នៅប្រចាំថ្ងៃ ដូចជាការស៊ីចុក ស្លៀកពាក់ប្រចាំថ្ងៃ និងថ្នាំស្កូវ។  បន្ទាប់ពីនេះខ្ញុំបានកែប្រែខ្លឹមសារឃោសនាខ្លះឲ្យស្របតាមសភាពការណ៍ថ្មី និងខំប្រឹងធ្វើសកម្មភាពក្បត់បន្ត រហូតដល់ថ្ងៃទី២៤ខែមីនា ខ្ញុំត្រូវបក្សចាប់ខ្លួនតែម្តង។

កំណត់ចំណាំ ៖ អត្ថបទនេះ ដកស្រង់ចេញពីចម្លើយសារភាពឯកសារJ00878។ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធ​តែ​​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយសារភាព​របស់ សូ គឹមអាន ហៅ អាចារ្យម៉ី ពិត​ឬ​យ៉ាងណា​នោះទេ?

អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត