"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ជីវិតអកុសលរបស់ម្តាយខ្ញុំ

ម្តាយខ្ញុំឈ្មោះ យី កួន អាយុ ៦៩​ឆ្នាំ។ គាត់គឺជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់។ ម្តាយខ្ញុំមានស្រុកកំណើតនៅក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គាត់ រៀនសូត្របានតិចតួចណាស់ ហើយគាត់បានសម្រេចចិត្តឈប់រៀនព្រោះតែប្រពៃណីទំនៀមទម្លាប់ពីបុរាណដែលយល់ឃើញថាកូនស្រី​ត្រូវនៅចាំផ្ទះថែរក្សាកូននិងក្រុមគ្រួសារដោយមិនចាំបាច់រៀនសូត្រឲ្យបានខ្ពង់ខ្ពស់នោះទេ។

នៅពេលម្តាយខ្ញុំមានអាយុប្រហែល១៨ឆ្នាំ គាត់រៀបការជាមួយឪពុកខ្ញុំឈ្មោះ មូល យាង នៅផ្ទះខាងឪពុកខ្ញុំស្ថិតក្នុងភូមិព្រៃសាក់ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅក្នុងថ្ងៃរៀបការរបស់គាត់ មានកងទ័ពខ្មែរក្រហមមួយចំនួនចូលមកក្នុងភូមិហើយចងអង្រឹងដេកយាមក្បែររោងការដែលបង្កឲ្យប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង។ នៅក្នុងរបប លន់ នល់ ម្តាយខ្ញុំបង្កើតបានកូន២នាក់ គឺបងស្រីរបស់ខ្ញុំឈ្មោះ យី សុភា និង យី សុផុន ។ ឪពុកម្តាយរបស់ខ្ញុំ ប្រកបមុខរបរធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត។

នៅពេលដែលរបបខ្មែរក្រហមចូលមកកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៧៥ អង្គការបានបំបែកម្តាយឪពុករបស់ខ្ញុំចេញពីគ្នា។ អង្គការមិនអនុញ្ញាតឲ្យម្តាយឪពុករបស់ខ្ញុំត្រឡប់ទៅរស់នៅផ្ទះនោះទេ ទោះបីជាកន្លែងធ្វើការរបស់គាត់នៅក្បែរផ្ទះក៏ដោយ។ ប្រជាជនទាំងអស់ត្រូវរស់នៅរួមគ្នាក្នុងសហករណ៍ក្នុងខ្ទមប្រក់ស្បូវដែលអង្គការបានសាងសង់ទុកឲ្យ។ អង្គការបានរុះរើផ្ទះកេរដូនតារបស់ម្តាយឪពុកខ្ញុំចោលខ្ទេចខ្ទីអស់គ្មានសល់ ដោយយកសសរផ្ទះទៅសាងសង់ធ្វើជាស្ពានឆ្លងស្ទឹងលំហាចដែលនៅសល់រហូតដល់សព្វថ្ងៃ។ អង្គការបានជម្លៀសម្តាយឪពុករបស់ខ្ញុំឲ្យទៅរស់នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រោះតែអង្គការគិតថាឪពុកខ្ញុំមានអត្តចរិតស្លូតបូតពេកមិនអាចធ្វើជាកងឈ្លបគ្រប់គ្រងប្រជាជន។ ក្រោយមក អង្គការបានជម្លៀសគាត់ទៅរស់នៅក្នុងស្រុកបវិល ខេត្តបាត់ដំបងវិញ ។ បងស្រីទាំងពីរនាក់របស់ខ្ញុំ ស្លាប់នៅតាមផ្លូវពេលជម្លៀសទៅកាន់ខេត្តបាត់ដំបង ដោយសារគាត់កើតជំងឺហើម។ ម្តាយខ្ញុំធ្លាប់និយាយរៀបរាប់ប្រាប់ខ្ញុំថា នៅពេលដែលគាត់ជម្លៀសចេញពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តបាត់ដំបង គាត់ឃើញរថក្រោះបើកកិនរទេះគោរបស់ប្រជាជនដែលបង្កឲ្យមានមនុស្សស្លាប់ហូរឈាមស្រោចស្រពពាសពេញដី។ ប្រជាជនមួយចំនួនផ្សេងទៀត ត្រូវក្រុមចោរព្រៃប្លន់យកសម្ភារប្រើប្រាស់និងទ្រព្យសម្បត្តិ រួចសម្លាប់ចោល។ រទេះគោរបស់ម្តាយឪពុកខ្ញុំនិងរទេះគោរបស់ប្រជាជនជម្លៀសដែលធ្វើដំណើររួមគ្នា ត្រូវចោរព្រៃម្នាក់តាមជាប់រហូត ប៉ុន្តែពូម្នាក់ដែលជម្លៀសទៅជាមួយម្តាយឪពុកខ្ញុំ មានកាំភ្លើងជាប់ខ្លួន ហើយបានបាញ់សម្លាប់ចោរព្រៃ។

នៅពេលទៅដល់ខេត្តបាត់ដំបង អង្គការបានឲ្យឪពុកខ្ញុំទៅរស់នៅជាមួយកងភ្ជួរ ចំណែកម្តាយខ្ញុំវិញ ត្រូវនៅជួយដាំបាយក្នុងរោងបាយ។ ទោះបីជាម្តាយខ្ញុំ គឺជាអ្នកដាំបាយ​ គាត់ក៏ទទួលបានរបបអាហារដូចៗគ្នាទៅនឹងប្រជាជនដ៏ទៃទៀតដែរ។ រហូតដល់ឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាម ចូលមកវាយកងទ័ពខ្មែរក្រហម ឪពុកម្តាយខ្ញុំ សម្រេចចិត្តត្រឡប់មករស់នៅក្នុងភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងវិញ។ ចុងក្រោយ ម្តាយឪពុកខ្ញុំ ប្តូរទីលំនៅមករស់នៅក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ដែលជាដីកេររបស់ឪពុកម្តាយខ្ញុំវិញ។ ​

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ម្តាយឪពុករបស់ខ្ញុំ ចាប់ផ្តើមប្រកបរបរធ្វើស្រែចម្ការឡើងវិញ ហើយបង្កើតបានកូនចំនួន៧នាក់ថែមទៀត។ ក្នុងឆ្នាំ១៩៩៥ ឪពុកខ្ញុំ ចាប់ផ្តើមឈឺភ្នែក។ ភ្នែករបស់គាត់ម្ខាងកើតជំងឺឡើងបាយភ្នែក ហើយបន្ទាប់មក ជំងឺនេះឆ្លងទៅភ្នែករបស់គាត់ម្ខាងទៀត ថែមទាំងបង្កឲ្យគាត់ងងឹតភ្នែកទាំងសងខាង។ ម្តាយខ្ញុំធ្លាប់នាំគាត់ទៅព្យាបាលភ្នែកជាមួយគ្រូខ្មែរបុរាណ ប៉ុន្តែភ្នែករបស់គាត់មិនបានប្រសើរឡើងវិញនោះទេ។

ក្រោយមកម្តាយខ្ញុំ សម្រេចចិត្តនាំឪពុកខ្ញុំ បងស្រីទី២ និងប្អូនស្រីពៅ ដែលទើបនឹងកើតទៅរស់នៅនិងធ្វើស្រែចំការឯស្រុកកំណើតខាងឪពុកខ្ញុំវិញដែលស្ថិតក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅទីនោះមានចម្ងាយប្រហែលជា៣0គីឡូម៉ែត្រពីផ្ទះដែលខ្ញុំរស់នៅ។ ម្តាយឪពុករបស់ខ្ញុំ សាងសង់ខ្ទមមួយប្រក់ដំបូលស្បូវនិងបាំងជញ្ជាំងស្លឹកត្នោតក្បែរទំនប់ព្រែកមួយដែលជីកតាំងពីសម័យខ្មែរក្រហម។ នៅទីនោះសម្បូរទៅដោយព្រៃក្រាស់ៗ និងមានសភាពស្ងាត់ជ្រងំ ហើយរាល់ពេលល្ងាចឡើងហ្វូងសត្វចចកយំលាន់ឮពាសពេញព្រៃ។ ចំណែកខ្ញុំនិងបងៗ រស់នៅផ្ទះក្នុងភូមិអង្គដដែល និងជារឿយៗម្តាយខ្ញុំ មកសួរសុខទុក្ខខ្ញុំនិងបងប្អូន។

រហូតដល់ចុងឆ្នាំ ២០០៣ ឪពុកខ្ញុំ ទទួលបានការព្យាបាលភ្នែករបស់គាត់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិបរទេស។ បន្ទាប់ពីព្យាបាល ភ្នែករបស់គាត់អាចមើលឃើញបានច្បាស់និងអាចត្រឡប់មកធ្វើការងារបានធម្មតាវិញ។ រហូតដល់ចុងឆ្នាំ២០០៥ ឪពុកខ្ញុំ កើតជំងឺផ្តាសាយធំ ហើយស្លាប់នៅពេលព្រឹកព្រលឹមក្នុងខ្ទមនោះ។ នៅពេលដែលឪពុកខ្ញុំស្លាប់ គឺមានតែម្តាយខ្ញុំទេដែលរស់នៅក្នុងខ្ទមជាមួយគាត់។ ម្តាយខ្ញុំមានភាពភ័យតក់ស្លុតយ៉ាងខ្លាំងចំពោះការស្លាប់របស់ឪពុកខ្ញុំ។ គាត់រៀបចំសាកសពឪពុកខ្ញុំ រួចដុតចង្កៀងបំភ្លឺក្នុងខ្ទម បន្ទាប់មកម្តាយខ្ញុំរត់ទៅហៅអ្នកភូមិដែលរស់នៅចម្ងាយប្រហែលជា ២គីឡូម៉ែត្រពីគ្នាដើម្បីសុំឲ្យអ្នកភូមិជួយ និងយកដំណឹងស្លាប់របស់ឪពុកខ្ញុំទៅប្រាប់ដល់កូនៗដើម្បីយកសាកសពឪពុកខ្ញុំមករៀបចំពិធីបុណ្យនៅក្នុងភូមិអង្គ។ បន្ទាប់ពីរៀបចំពិធីបុណ្យសពឪពុកខ្ញុំរួចរាល់ ម្តាយខ្ញុំ ត្រឡប់មករស់នៅជុំគ្នាជាមួយកូនៗវិញ។

ក្នុងឆ្នាំ២០០៧ ម្តាយខ្ញុំធ្លាក់ខ្លួនឈឺ ហើយមកព្យាបាលនៅមន្ទីរពេទ្យសម្តេចឪនៅភ្នំពេញ។ បេះដូងរបស់ម្តាយខ្ញុំចេះតែលោតលឿនខ្លាំងខុសធម្មតា។ គាត់ទទួលបានការព្យាបាលជំងឺបេះដូងរបស់គាត់រហូតត្រឡប់មកជាធម្មតាវិញ។ ម្តាយខ្ញុំរស់នៅជាស្រ្តីម៉េម៉ាយ ដោយខិតខំចិញ្ចឹមបីបាច់កូនៗតែម្នាក់ឯង។ គាត់មិនដែលរអ៊ូរទាំឡើយ។

ថ្ងៃមួយកាលពីជាង១ឆ្នាំមុន ម្តាយខ្ញុំវិលមុខដួលទៅលើដី។ ខ្ញុំនិងបងប្អូនភ័យខ្លាំងណាស់ រួចនាំគាត់ទៅពិនិត្យមើលអាការនៅឯមន្ទីរពេទ្យឯកជនមួយក្នុងស្រុកបរិបូណ៌។ គ្រូពេទ្យ បូមឈាមរបស់គាត់ទៅពិនិត្យ រួចធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានមេរោគក្នុងក្រពះ។ គ្រូពេទ្យបានផ្សំថ្នាំលេប និងចាក់សេរ៉ូមជំនួយកម្លាំងដល់គាត់។ ខណៈពេលនោះ ខ្ញុំមានបំណងចង់ឲ្យគ្រូពេទ្យពិនិត្យមើលបេះដូងរបស់គាត់ដែរ ប៉ុន្តែមន្ទីរពេទ្យនោះ មិនមានឧបករណ៍សម្រាប់វាស់បេះដូងទេ។

ជារឿយៗ ម្តាយខ្ញុំ មានអាការក្រហាយក្រហល់នៅក្នុងពោះរបស់គាត់ រាល់ពេលគាត់ហូបអាហារឆៅឬអាហារផ្អាប់ម្តងៗ។ ខ្ញុំសម្រេចចិត្តយកគាត់មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យសម្តេចឪនៅក្នុងទីក្រុងភ្នំពេញ។ ក្រៅពីពិនិត្យឈាម ខ្ញុំស្នើសុំឲ្យគ្រូពេទ្យពិនិត្យមើលបេះដូងរបស់គាត់ ព្រោះខ្ញុំបារម្ភថាភាពតក់ស្លុតដែលគាត់បានប្រឈមមុខតែម្នាក់ឯងកាលពី១០ឆ្នាំមុន នៅពេលដែលឪពុកខ្ញុំស្លាប់ អាចប៉ះពាល់ដល់បេះដូងរបស់គាត់។ គ្រូពេទ្យបានស្ទង់មើលចង្វាក់បេះដូង ហើយពិនិត្យឃើញថាបេះដូងរបស់គាត់មានសភាពធម្មតាទេ។ គ្រូពេទ្យប្រាប់ថាម្តាយខ្ញុំ មានជំងឺក្រពះពោះវៀន ហើយគ្រូពេទ្យផ្សំថ្នាំលេបមួយចំនួន ដើម្បីឲ្យម្តាយខ្ញុំយកមកលេបព្យាបាលនៅផ្ទះដោយខ្លួនឯង។

មួយរយៈពេលក្រោយមក ម្តាយរបស់ខ្ញុំបានត្អូញត្អែរថា គាត់ឆ្អល់និងចេះតែក្តៅនៅក្នុងពោះទៀត។ នៅពេលនោះ ជំងឺកូវីដ១៩ មានការឆ្លងរីករាលដាលខ្លាំង ហើយខ្ញុំមិនហ៊ានយកគាត់មកពិនិត្យនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញទេ។ ខ្ញុំនិងបងប្អូនបានសម្រេចចិត្តយកគាត់មកពិនិត្យនៅមន្ទីរពេទ្យឯកជនក្នុងស្រុករលាប្អៀរម្តង។ បន្ទាប់ពីពិនិត្យជំងឺម្តាយខ្ញុំរួច គ្រូពេទ្យនៅមន្ទីរពេទ្យនោះ ប្រាប់ថាគាត់មានជំងឺក្រពះពោះវៀន រួចផ្សំថ្នាំឲ្យម្តាយរបស់ខ្ញុំលេប។ បន្ទាប់ពីលេបថ្នាំនោះរួច ម្តាយខ្ញុំធូរស្បើយបានមួយរយៈពេលទៀត។

រហូតមកដល់ខែឧសភា ឆ្នាំ២០២១ ម្តាយខ្ញុំមានអាការវិលមុខជាប្រចាំ​​។ បងស្រីទី១របស់ខ្ញុំ នាំគាត់មកពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្បែរផ្សារពង្រ ក្នុងស្រុករលាប្អៀរដដែល។ គ្រូពេទ្យ បានពិនិត្យនិងធ្វើរោគវិនិច្ឆ័យ ទើបដឹងថាបេះដូងរបស់ម្តាយខ្ញុំលោតយឺតខុសចង្វាក់។ បន្ទាប់មក គ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យទិញថ្នាំលេប។ ម្តាយខ្ញុំ លេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យបានចំនួន៣ពេល រួចក៏ឈប់លេបបន្ទាប់ពីគាត់កត់សម្គាល់ឃើញថាមានអាការខុសប្រក្រតីដូចជា ងងុយដេក អស់កំលាំងល្ហិតល្ហៃ ​ហើមដៃជើងនិងហើមមុខជាដើម។ នៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ បងស្រីខ្ញុំ ជូនម្តាយខ្ញុំមកភ្នំពេញដើម្បីព្យាបាលជំងឺរបស់គាត់។ ខ្ញុំបានទាក់ទងមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងភ្នំពេញ ដើម្បីងាយស្រួលក្នុងការពិគ្រោះនិងព្យាបាល។ ម្តាយខ្ញុំបានមកដល់មន្ទីរពេទ្យនៅម៉ោងប្រហែល៣រសៀល។​​ មុនចូលទៅទទួលការព្យាបាល គ្រូពេទ្យតម្រូវឲ្យម្តាយខ្ញុំបំពេញសំណុំបែបបទឯកសារកូវីដ១៩ និងបានធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ១៩។ ម្តាយខ្ញុំ ជួបជាមួយគ្រូពេទ្យបរទេសម្នាក់។ គ្រូពេទ្យ សួរនាំអាការនិងវាស់ស្ទង់បេះដូងរបស់ម្តាយខ្ញុំ ហើយរកឃើញថាចង្វាក់បេះដូងរបស់គាត់លោតយឺត។ គ្រូពេទ្យ បានបញ្ជូនម្តាយខ្ញុំឲ្យទៅជួបជាមួយគ្រូពេទ្យខ្មែរដែលមានឯកទេសជំងឺបេះដូង​។ គ្រូពេទ្យខ្មែរបានយកម្តាយខ្ញុំទៅពិនិត្យ​ចង្វាក់បេះដូង បន្ទាប់មកគ្រូពេទ្យយកគាត់ទៅពិនិត្យអេកូបេះដូងបន្ថែមទៀត។ បន្ទាប់ពីគ្រូពេទ្យខ្មែរពិនិត្យឃើញថាចង្វាក់បេះដូងរបស់ម្តាយខ្ញុំដើរយឺតខុសធម្មតា គាត់ក៏ចេញវេជ្ជបញ្ជាឲ្យថ្នាំលេបដើម្បីតាមដានសុខភាពរបស់គាត់រយះពេលមួយសប្តាហ៍​សិន ហើយអនុញ្ញាតិឲ្យគាត់មកសម្រាកនៅផ្ទះវិញ។ បន្ទាប់ពីម្តាយខ្ញុំលេបថ្នាំបានរយៈពេល៥ថ្ងៃ ខ្ញុំសម្គាល់ឃើញថាចង្វាក់បេះដូងរបស់គាត់ដើរលឿនល្អជាងមុន។

ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម្តាយខ្ញុំចុកពោះរាកនិងឈឺក្តៅក្នុងពោះ ខ្ញុំបានហៅទូរសព្ទទៅពិគ្រោះជាមួយគ្រូពេទ្យបរទេសម្នាក់ទៀត។ គ្រូពេទ្យ ចេញវេជ្ជបញ្ជាឲ្យទិញថ្នាំនិងប្រាប់ឲ្យម្តាយខ្ញុំឈប់លេបថ្នាំបេះដូងដែលខ្ញុំធ្លាប់ឲ្យគាត់លេប។ ម្តាយខ្ញុំចាប់ផ្តើមលេបថ្នាំទៅតាមវេជ្ជបញ្ជាថ្មី ហើយចង្វាក់បេះដូងរបស់គាត់បានប្រសើរឡើងវិញយ៉ាងច្រើន។ បន្ទាប់ពីទទួលបានការព្យាបាលរួចមក ម្តាយខ្ញុំ​ សុំត្រឡប់ទៅស្រុកកំណើតវិញដោយសារគាត់មិនចូលចិត្តរស់នៅទីក្រុងនោះទេ ។

នៅពេលដែលម្តាយនិងបងស្រីរបស់ខ្ញុំធ្វើដំណើរត្រឡប់ទៅផ្ទះបាន១ថ្ងៃ គាត់ទទួលបានដំណឹងថាឡានដែលគាត់ជិះទៅផ្ទះនោះ មានដឹកអ្នកដំណើរវិជ្ជមានកូវីដ១៩ម្នាក់។ អាជ្ញាធម៌តម្រូវឲ្យម្តាយខ្ញុំនិងបងស្រីរបស់ខ្ញុំធ្វើចត្តាឡីស័ក១៤ថ្ងៃនៅវិទ្យាល័យហ៊ុនសែនបរិបូណ៌។ បងស្រីរបស់ខ្ញុំស្នើសុំឲ្យម្តាយខ្ញុំធ្វើចត្តាឡីស័កនៅផ្ទះព្រោះស្ថានភាពសុខភាពរបស់គាត់មិនល្អ ប៉ុន្តែសាលាស្រុកមិនអនុញ្ញាតិទេ។

ម្តាយខ្ញុំនិងបងស្រីរួមទាំងអ្នកបើកឡាន ត្រូវទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កដែលរៀបចំនៅក្នុងសាលារៀន។ អ្នកជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៤នាក់ត្រូវស្នាក់នៅក្នុងបន្ទប់តែមួយ។ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក មានបន្ទប់ទឹករួមមួយ និងកង្ហារពិដានពីរ និងគ្រែសម្រាកចំនួន៤ស្ថិតនៅតាមជ្រុងបន្ទប់ឃ្លាតពីគ្នា។ គ្រែរបស់បងស្រីនិងម្តាយខ្ញុំនៅក្បែរគ្នា។ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក មានអ្នកយាមនៅខាងក្រៅនិងមានការរៀបចំបាយម្ហូបចំនួន៣ពេលក្នុងមួយថ្ងៃសម្រាប់អ្នកធ្វើចត្តាឡីស័ក។ ម្តាយខ្ញុំគាត់ពិបាកហូបអាហារដែលចុងភៅធ្វើឲ្យណាស់ ដូច្នេះហើយបងប្អូនរបស់ខ្ញុំនាំគ្នាយកបាយម្ហូបឲ្យគាត់ជារៀងរាល់ថ្ងៃ។

ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ គាត់ធ្វើតេស្តរកមេរោគកូវីដ១៩ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ ម្តាយនិងបងស្រីរបស់ខ្ញុំ បានចេញពីមណ្ឌលធ្វើចត្តាឡីស័ក ហើយត្រឡប់មកផ្ទះវិញ។ មិនយូរប៉ុន្មាន បងស្រីទី២របស់ខ្ញុំដែលជាកម្មកររោងចក្រទទួលបានដំណឹងថាគាត់វិជ្ជមានកូវីដ១៩។ ម្តាយខ្ញុំ បារម្មណ៍បងស្រីរបស់ខ្ញុំខ្លាំងណាស់រហូតឡើងសម្ពាធឈាមរហូតដល់១៩ ហើយសុខភាពរបស់គាត់ធ្លាក់ចុះនិងមិនប្រសើរឡើងវិញទេ។

នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២១ ម្តាយខ្ញុំមកដល់ភ្នំពេញនៅម៉ោង១១ព្រឹក ដើម្បីពិនិត្យតាមដានបេះដូងរបស់គាត់ទៀត។ ម្តាយខ្ញុំនិងខ្ញុំចូលទៅបំពេញសំណុំឯកសារពាក់ព័ន្ធនឹងជំងឺកូវីដ១៩ រួចចូលទៅជួបជាមួយគ្រូពេទ្យ។​ ពេលនោះម្តាយខ្ញុំមានអាការចុកនិងក្តៅក្នុងពោះណែនចុងដង្ហើមពិបាកក្នុងការដកដង្ហើម។ គ្រូពេទ្យបរទេសម្នាក់បានពិនិត្យឈាមនិងអេកូពោះរបស់ម្តាយខ្ញុំ ប៉ុន្តែមិនបានអេកូបេះដូងឲ្យគាត់នោះទេ ព្រោះគ្រូពេទ្យដែលពិនិត្យបេះដូងនៅមន្ទីរពេទ្យនោះជាប់រវល់មិនអាចពិនិត្យឲ្យគាត់បាន។ គ្រូពេទ្យបរទេស ចេញវេជ្ជបញ្ជាឲ្យម្តាយខ្ញុំទិញថ្នាំលេប ហើយឲ្យគាត់តាមដានសុខភាពមួយសប្តាហ៍បន្តទៀត។ ថ្ងៃនោះខ្ញុំនិងម្តាយខ្ញុំអង្គុយរង់ចាំលទ្ធឈាមរហូតដល់ម៉ោង៥ល្ងាចធ្វើឲ្យម្តាយខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង។ នៅពេលមកដល់ផ្ទះ ម្តាយខ្ញុំ ព្យាយាមលេបថ្នាំបានរយៈពេល៣ថ្ងៃហើយអាការរបស់គាត់នៅតែចុកក្តៅនិងណែនចុងដង្ហើមដដែល។ គាត់ហូបអាហារមិនសូវបានទេ ហើយថែមទាំងសម្រាន្តមិនសូវលក់ទៀត។ បេះដូងរបស់ម្តាយខ្ញុំបានចាប់ផ្តើមត្រឡប់មកដើរយឺតវិញម្តងទៀត។ ខ្ញុំ ពិភាក្សាជាមួយម្តាយខ្ញុំថាចង់ឲ្យគាត់ទៅសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានសុខភាពតែម្តង ប៉ុន្តែម្តាយខ្ញុំគាត់មិនព្រមទៅមន្ទីរពេទ្យនោះទៀតទេព្រោះគាត់មិនសប្បាយចិត្តនឹងសេវាកម្មរបស់ពេទ្យ។

ខ្ញុំឃើញម្តាយខ្ញុំមិនសប្បាយចិត្តដូច្នោះ ក៏ពិភាក្សាជាមួយបងប្រុសនិងបងស្រីរបស់ខ្ញុំ ហើយសម្រេចចិត្តថា យកម្តាយខ្ញុំទៅជួបជាមួយគ្រូពេទ្យឯកទេសបេះដូងថ្មីមួយទៀតម្តុំទួលគោកវិញ។ ថ្ងៃទី២៣​ខែមិថុនាឆ្នាំ២០២១ ខ្ញុំនាំម្តាយខ្ញុំទៅជួបគ្រូពេទ្យនៅទីនោះ។ គ្រូពេទ្យ សាកសួរពីអាការជំងឺរបស់ម្តាយខ្ញុំ និងពិនិត្យមើលថ្នាំដែលគាត់កំពុងតែលេប ហើយក៏បានដកថ្នាំមួយមុខចេញ រីឯថ្នាំដែលនៅសេសសល់​ គាត់អនុញ្ញាតឲ្យបន្តលេបតាមធម្មតា។ គ្រូពេទ្យបានណាត់ម្តាយខ្ញុំឲ្យទៅធ្វើតេស្តឈាមនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ថែមទាំងបំពាក់ម៉ាស៊ីនតាមដានបេះដូង២៤ម៉ោងដល់គាត់ដើម្បីតាមដានចង្វាក់បេះដូងឲ្យបានច្បាស់លាស់។ ព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២១ ម្តាយខ្ញុំត្រឡប់ទៅមន្ទីរពេទ្យម្តងទៀតដើម្បីដោះម៉ាស៊ីនបេះដូងនិងទទួលលទ្ធផលឈាម។​ បន្ទាប់ពីលទ្ធផលឈាមចេញមក គ្រូពេទ្យ ក៏ចេញវេជ្ជបញ្ជាឲ្យម្តាយខ្ញុំទិញថ្នាំយកមកលេបបន្ត។ គ្រូពេទ្យ និយាយមកកាន់ខ្ញុំថាម្តាយខ្ញុំត្រូវដាក់ថ្មបេះដូងប្រសិនបើការប្រើប្រាស់ថ្នាំដែលពេទ្យផ្តល់ឲ្យមិនមានប្រសិទ្ធភាពទេនោះ។ ម៉ោងប្រហែល១២យប់ថ្ងៃដដែល ម្តាយខ្ញុំមានអាការក្តៅខ្លួនយ៉ាងខ្លាំងដែលកំដៅរបស់គាត់ឡើងរហូតដល់៣៨អង្សា។ ខ្ញុំសួរទៅគ្រូពេទ្យខ្លាចក្រែងម្តាយខ្ញុំប្រតិកម្មជាមួយនឹងថ្នាំដែលគ្រូពេទ្យបានឲ្យ ប៉ុន្តែគ្រូពេទ្យប្រាប់ថាម្តាយខ្ញុំប្រហែលជាគ្រុនក្តៅទេ។ គ្រូពេទ្យបានប្រាប់ខ្ញុំឲ្យថ្នាំបញ្ចុះកំដៅទៅម្តាយខ្ញុំលេប ហើយប្រសិនបើម្តាយខ្ញុំមិនបានធូរស្រាលទេ គ្រូពេទ្យឲ្យខ្ញុំនាំគាត់ត្រឡប់ទៅពេទ្យពិនិត្យម្តងទៀត។ ខ្ញុំឲ្យថ្នាំម្តាយខ្ញុំលេបទៅតាមដែលពេទ្យណែនាំ ហើយមួយថ្ងៃក្រោយមក ម្តាយខ្ញុំមានអាការក្អកញឹកញាប់ ឈឺក និង ក្តៅខ្លួនមិនបាត់សោះ​។ ពេលនោះ ខ្ញុំសង្ស័យថាម្តាយខ្ញុំឆ្លងមេរោគកូវីដ១៩ ព្រោះអាការរបស់គាត់មានដូចទៅនឹងអ្វីដែលអ្នកជំងឺកូវីដ១៩មាន។

ព្រឹកថ្ងៃអង្គារ៍ទី២៩ខែមិថុនាឆ្នាំ២០២១ ខ្ញុំជូនម្តាយខ្ញុំទៅជួបពេទ្យម្តងទៀតនៅបន្ទប់ពិគ្រោះជំងឺបេះដូង។ ដូចសព្វដង ខ្ញុំនិងម្តាយខ្ញុំធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលទៅជួបជាមួយគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ។ ក្រោយរង់ចាំលទ្ធផលតេស្ត ពេទ្យប្រាប់មកខ្ញុំវិញថា ម្តាយខ្ញុំសង្ស័យឆ្លងជំងឺកូវីដ១៩។ ចំណែកលទ្ធផលរបស់ខ្ញុំគឺអវិជ្ជមាន។ គ្រូពេទ្យបានប្រាប់ឲ្យនាំម្តាយខ្ញុំមកធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩នៅសាលាបាក់ទូក។ ម្តាយខ្ញុំធ្វើតេស្តរហ័សរកឃើញវិជ្ជមានមេរោគកូវី១៩។ នៅពេលទទួលបានលទ្ធផល អ្នកជំងឺវិជ្ជមានកូវីដ១៩ ត្រូវរៀបចំឲ្យអង្គុយរង់ចាំនៅក្នុងរោងដែលមានខ្សែព័ទ្ធជុំវិញ។ រហូតដល់ម៉ោង៦ល្ងាច ទើបក្រុមគ្រូពេទ្យទៅទទួលយកម្តាយខ្ញុំនិងអ្នកជំងឺផ្សេងទៀតទៅដាក់សម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅស្តាតអូឡាំពិក ។ នៅទីនោះ ម្តាយខ្ញុំស្នាក់នៅជាន់ទី១ គ្រែលេខ​ ១៩៧ F1។

ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្តាយខ្ញុំហូបអាហារមិនបានទេ ហើយគាត់ចេះតែក្អួត។ ពេទ្យបានបញ្ជូនម្តាយខ្ញុំមកស្នាក់នៅបន្ទប់សង្រ្គោះបន្ទាន់ជាន់ផ្ទាល់ដីវិញ។ គ្រូពេទ្យចាក់ថ្នាំឲ្យម្តាយខ្ញុំមួយម្ជុលនិងដាក់សេរ៉ូម ហើយដាក់ឧបករណ៍ចាប់ចង្វាក់បេះដូងជាប់នៅនឹងខ្លួនរបស់គាត់ដោយមិនអាចចេញដើរឬងូតទឹកបានទេ។ យប់ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២១ នៅពេលដែលម្តាយខ្ញុំកំពុងតែសម្រាន្តលក់ ស្រាប់តែអ្នកដឹកជញ្ជូនធុងអ៊ុកស៊ីសែនធ្វើឲ្យធុងនោះរអិលដួលផ្ទុះឡើងហើយបានធ្វើឲ្យម្តាយខ្ញុំភ្ញាក់ឡើងភ័យយ៉ាងខ្លាំងរហូតធ្វើឲ្យបេះដូងគាត់លោតញាប់និងបណ្តាលឲ្យគាត់សន្លប់ភ្លាមៗ។ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះដល់គាត់ដោយធ្វើចង្វាក់បេះដូងអស់រយះពេលប្រហែលមួយម៉ោងទើបគាត់ដឹងខ្លួនត្រឡប់មកវិញ។ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ម្តាយខ្ញុំត្រឡប់មកសភាពធម្មតាវិញដោយអាចនិយាយលេងជាមួយខ្ញុំ និងអាចហូបអាហារបានល្មមគួរសម។ ម្តាយខ្ញុំនិយាយប្រាប់ខ្ញុំថា គាត់ជាពីជំងឺកូវីដ១៩ហើយ ព្រោះគាត់អត់សូវក្អកទៀតទេ ហើយក៏មិនមានធ្វើទុកក្តៅខ្លួនអ្វីទៀតដែរ។

នៅយប់ថ្ងៃទី០៣ខែកក្កដាដដែល មានរឿងធ្វើអត្តឃាតរបស់បុរសម្នាក់ដោយអាអណ្តាតនិងចាក់ពោះខ្លួនឯងស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យនោះ​។ នៅយប់ថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២១ ធុងអ៊ុកស៊ីសែនក៏ដួលនៅខាងក្រៅម្តងទៀត ។ ម្តាយខ្ញុំជួបតែរឿងភ័យខ្លាចស្ទើររាល់ថ្ងៃ។

ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២១ ម៉ោងប្រហែល១០នាទីព្រឹក បន្ទាប់ពី​ម្តាយខ្ញុំហូបបបរដែលជាអាហារពេលព្រឹករបស់គាត់រួចរាល់ គាត់មានអាការញ័រក្នុងពោះនិងមានអារម្មណ៍រងាញាក់។ បងស្រីរបស់ខ្ញុំបានទៅឱបម្តាយខ្ញុំបីត្រកងឡើង ហើយម្តាយខ្ញុំក៏ដង្ហក់ដង្ហើមចុងក្រោយ រួចផុតដង្ហើមលែងដឹងខ្លួន។ គ្រូពេទ្យនៅទីនោះ ព្យាយាមជួយសង្គ្រោះគាត់ណាស់ ប៉ុន្តែមិនអាចជួយម្តាយខ្ញុំបាននោះទេ។ ម្តាយខ្ញុំស្លាប់នៅវេលាម៉ោង ១១ និង២២នាទីព្រឹក ថ្ងៃទី ០៦​ ខែ កក្កដា ឆ្នាំ២០២១។

សាកសពម្តាយខ្ញុំ ត្រូវក្រុមគ្រូពេទ្យដឹកយកទៅទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរង់ចាំថ្ងៃបូជា។ ខ្ញុំនិងក្រុមគ្រួសារត្រូវរង់ចាំរហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ទើបសាកសពម្តាយខ្ញុំយកទៅបូជានៅវេលាម៉ោង១១​ និង ៤៨នាទីយប់ក្នុងវត្តឬស្សីសាញ់ក្នុងទីក្រុងភ្នំពេញ។

ខ្ញុំខ្លាចជំងឺកូវីដ១៩ណាស់ ប៉ុន្តែអ្វីដែលខ្ញុំខ្លាចបំផុតនោះគឺរឿងរ៉ាវដែលបានកើតឡើងចំពោះម្តាយរបស់ខ្ញុំ ។

អត្ថបទ៖ យី សុឃី មជ្ឈមណ្ឌលឯកសារកម្ពុជា

រាប់​ពី​ខាងឆ្វេង យី សុខន (​កូន​ទី​៤), យី សុខា (​កូន​ទី​៣), មូល យាង (​ឪពុក​), យី កួន (​ម្តាយ​), យី សុ​ឃី (​នៅលើ​ដៃ​ម្តាយ​ខ្ញុំ​), យី សុ​ឃា (​កូន​ទី​២), កូយ ស្រី​ដាវ (​កូន​ទី​១)​។ រូបថត​នេះ​ថត​នៅ​កំឡុង​ទសវត្សរ៍​ទី​៩០ នៅ​ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ដើម្បី​ស្វែងរក​សាច់ញាតិ​ដែល​បាន​បែក​គ្នា​នៅ​អំឡុង​របប​ខ្មែរក្រហម​។ (រូបថត៖ ​យី សុ​ឃី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ព្រះអាទិត្យហៀបលិចនៅទីជនបទក្នុងប្រទេសកម្ពុជា។ (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ឈីម ពៅ

ឈីម ពៅ

ជំនួយការផ្នែកព័ត៌មានវិទ្យា និងរចនាគេហទំព័រទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អឺុម៉ែល៖ truthpeou.c@dccam.org ទូរសព្ទ៖ +៨៥៥​ (០) ៨៦​ ៣៤២ ២៥៥ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ