អត្ថបទ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨:១៥នាទីព្រឹក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១០នាក់ ធ្វើទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដើម្បីស្វែងយល់អំពីកិច្ចការងារស្រាវជ្រាវ ចងក្រង និងអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម (១៩៧៥-១៩៧៩) របស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ដំណើរទស្សនកិច្ចនេះរួមបញ្ចូល៖
១) ការទស្សនាពិព័រណ៍រូបថតអំពីប្រវត្តិសាស្រ្តខ្មែរក្រហម
២) ការចាក់បញ្ចាំងវីដេអូឯកសារស្ដីពីសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម
៣) ការបង្ហាញឯកសារទាក់ទងរបបខ្មែរក្រហម រួមមានចម្លើយសារភាព និងបទសម្ភាស
៤) ការចែកជូនប្រតិទិនឆ្នាំ២០២២ ដើម្បីរំឭកដល់កម្រងព្រះរាជអនុស្សាវរីយ៍នៃព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបោះពុម្ភដោយបណ្ណាល័យសម្ដេចម៉ែ ។
បន្ទាប់ពីកម្មវិធីនៃដំណើរទស្សនកិច្ចនេះបានបញ្ចប់នៅវេលាម៉ោង០៩:៣០នាទី អ្នករស់មានមានជីវិតពីរបបខ្មែរក្រហមដែលបានចូលទស្សនាមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចែករំលែកទស្សនៈយល់ឃើញ ក៏ដូចជាសម្ដែងការពេញចិត្តចំពោះការទទួលរៀបចំយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ ដូចខាងក្រោម៖
តុង សុភា អាយុ៦០ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បង្ហាញការពេញចិត្តចំពោះសកម្មភាពអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហមថា៖ «ខ្ញុំមានការចងចាំមិនអាចបំភ្លេចបានផ្ទាល់ខ្លួនចេញពីការបាត់បង់ឪពុក និងការរស់នៅឃ្លាតឆ្ងាយពីគ្រួសារ។ ខ្ញុំយល់ថា ការចងក្រងរឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិត និងការសិក្សាអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហមគឺមានសារសំខាន់សម្រាប់ក្មេងជំនាន់ក្រោយ។»
គង់ ហ៊ន់ អាយុ៧០ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាកសិកររស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម បានរំឭកអំពីការរស់នៅក្នុងភាពភ័យតក់ស្លុត៖ «នៅពេលដែលខ្ញុំឃើញម៉ាស៊ីនដេរខោរអាវនៅក្នុងផ្ទាំងរូបថតនេះ ខ្ញុំនឹកឃើញអំពីពេលវេលាដែលខ្ញុំធ្វើការនៅក្នុងកងកាត់ដេរភូមិ។ ខ្ញុំទទួលរងភាពភ័យតក់ស្លុតគ្រប់ពេលវេលាខ្ញុំធ្វើការ។ រូបភាពអំពីម៉ាស៊ីននេះ ជំរុញឲ្យខ្ញុំមានការចងចាំពីរឿងរ៉ាវជាច្រើនដែលខ្ញុំបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។»
អៀង សារឿន អាយុ៦៧ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម បង្ហាញទស្សនៈយល់ឃើញ «ខ្ញុំសូមអរគុណដល់ក្រុមការងារដែលបានបង្ហាញអំពីការងារ និងសកម្មភាពអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលខ្ញុំយល់ថា មានសារសំខាន់ដល់ក្មេងៗជំនាន់ក្រោយ។ ខ្លះមិនយល់ឬមិនជឿ ទុកលំបាកដែលចាស់ៗជំនាន់មុន រួមទាំងរូបខ្ញុំផ្ទាល់ បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមនោះឡើយ។