ជាយ ហ៊ុយ ៖ អតីតខ្មែរសដែលជាចលនាតស៊ូប្រឆាំងខ្មែរក្រហម

ខ្ញុំឈ្មោះ ជាយ ហ៊ុយ អាយុ៦៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ សៅ សរី និងម្ដាយឈ្មោះ គក មែក។ ខ្ញុំមានបងប្អូនចំនួន៩នាក់ គឺស្រី៥នាក់ និងប្រុស៤នាក់ ហើយខ្ញុំគឺជាកូនទី៤។ ខ្ញុំមានកូនចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់។

ខ្ញុំបានរៀនត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំនៅក្មេងនៅឡើយ។ ពេលនោះខ្ញុំរៀនផងគេចគ្រាប់ផង។ ខ្ញុំរៀននៅក្រោមផ្ទះប្រជាជន ប៉ុន្តែមិនបានរៀនជាប់លាប់ទេ ព្រោះមានការទម្លាក់គ្រាប់បែក ហើយម្យ៉ាងទៀតមិនមានសម្ភារសិក្សាគ្រប់គ្រាន់។ ឪពុកម្ដាយរបស់ខ្ញុំបានជីករណ្ដៅត្រង់សេដើម្បីលាក់ខ្លួន។ ខ្ញុំនៅក្មេងមិនសូវភ័យខ្លាចទេ ព្រោះនៅពេលមានការទម្លាក់គ្រាប់បែកមកម្តងៗ ខ្ញុំតែងចេញទៅមើល។ ខ្ញុំបានឃើញរណ្ដៅគ្រាប់ធំៗ នៅក្នុងភូមិដែលខ្ញុំរស់នៅ។ ពេលទម្លាក់គ្រាប់បែកនោះ ក៏បណ្តាលឲ្យប្រជាជននៅក្នុងភូមិស្លាប់ និងរងរបួសជាច្រើននាក់ដែរ។

កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិ នៅឆ្នាំ១៩៧៥ ដោយមានប្រជាជននាំគ្នាអបអរនឹងជ័យជម្នះនៃរបបដឹកនាំខ្មែរក្រហម ប៉ុន្តែផ្ទុយស្រឡះពីការរំពឹងទុករបស់ប្រជាជនព្រោះត្រូវបានខ្មែរក្រហមគាបសង្កត់ជាងរបបមុនទៅទៀត។ ខ្មែរក្រហមបានបែងចែកប្រជាជនថ្មី និងប្រជាជនចាស់ ដោយប្រជាជនចាស់គឺជាប្រជាជនដែលរស់នៅក្នុងមូលដ្ឋានរំដោះ និងគ្រប់គ្រងដោយខ្មែរក្រហមស្រាប់ ចំណែកប្រជាជនថ្មីគឺជាប្រជាជនដែលខ្មែរក្រហមជម្លៀសពីភ្នំពេញ ឬទីប្រជុំជនឲ្យមករស់នៅជនបទក្នុងឆ្នាំ១៩៧៥។ ប្រជាជនថ្មី ឬប្រជាជន១៧ មេសា ពិបាកជាងគេ ព្រោះគាត់ធ្លាប់រស់នៅស្រណុកសុខស្រួល ប៉ុន្តែដល់ពេលខ្មែរក្រហមបញ្ជូនទៅរស់នៅក្នុងព្រៃគឺជួបប្រទះការអត់ឃ្លាន និងជំងឺផ្សេងៗ បណ្តាលឲ្យបាត់បង់ជីវិតជាច្រើននាក់។ ដោយឡែកប្រជាជនចាស់ក៏ពិបាកដូចគ្នាដែរ ប៉ុន្តែអាចស៊ូទ្រាំបាន។ កាលនោះខ្មែរក្រហមបើកអង្ករ៣គីឡូសម្រា​ប់បបរមួយខ្ទះត្នោត ក្រោយមកសល់ត្រឹមតែ១គីឡូសម្រាប់បបរក្នុងមួយខ្ទះ។ រហូតអស់អង្ករ ខ្មែរក្រហមក៏បើកសណ្ដែក និងពោត សម្រាប់បបរលាយជាមួយគ្នា។ នៅពេលខ្វះខាតខ្លាំង ប្រធានកងឲ្យប្រជាជនដើររកអាហារហូបរៀងៗខ្លួន ប៉ុន្តែមិនអនុញ្ញាតឲ្យហូបមាន់ ទា ដំឡូងដែលយើងដាំទេ ព្រោះរបស់ទាំងអស់នោះគឺជារបស់រួម។

នៅក្នុងរបបខ្មែរក្រហម ខ្ញុំធ្វើការនៅកងចល័តរយៈពេល២ឆ្នាំ ដោយប្រធានកងប្រើខ្ញុំឲ្យរែកដីចាប់ពី១ម៉ែត្រគុប រហូតដល់២ម៉ែត្រគុបក្នុងមួយថ្ងៃ។ ខ្ញុំខិតខំតស៊ូរែកដីរហូតគ្រប់ផែនការកំណត់។ ការរដ្ឋានដែលខ្ញុំរែកដីមានឈ្មោះថា ទំនប់បឹងក្រចាប់ ដែលមានកម្ពស់ប្រហែល៥០ម៉ែត្រ និងខ្នងទំនប់ប្រហែល ២០ម៉ែត្រ ទៅ២៥ម៉ែត្រ។ បន្ទាប់មក ខ្មែរក្រហមបញ្ជូនខ្ញុំឲ្យទៅរែកដីទប់ទំនប់ និងជីកប្រឡាយនៅស្រុកក្រូចឆ្មារ ស្រុកដំបែរ ស្រុកទឹកជ្រៅ និងស្រុកឆ្លូង។

ក្រោយមក ខ្ញុំបានចូលរួមចលនាតស៊ូ ដែលមានឈ្មោះថា ខ្មែរស គឺជាចលនាតស៊ូដែលងើបឡើងប្រឆាំង និងរើបម្រះពីការគាបសង្កត់របស់ខ្មែរក្រហម ដោយចាប់ផ្ដើមដំបូងមានសមាជិកតែ៦០នាក់ប៉ុណ្ណោះ​។ ផែនការរបស់ក្រុមតស៊ូដំបូងគឺត្រូវហាមឃាត់មិនឲ្យខ្មែរក្រហមជម្លៀសប្រជាជនចេញពីខេត្តកំពង់ចាម ទៅខេត្តកំពង់ធំ ប៉ុន្តែសំណាងមិនល្អខ្ញុំត្រូវបានខ្មែរក្រហមចាប់ខ្លួនដោយសារខ្មែរក្រហមដឹងពីល្បិច និងការប្រើប្រាស់និមិត្តសញ្ញារបស់ក្រុមខ្ញុំនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៧៨។ យោធាខ្មែរក្រហមបញ្ជូនខ្ញុំទៅឃុំឃាំងនៅសួងរយៈពេលមួយខែ។ ខ្ញុំត្រូវបានឆ្មាំគុកវាយធ្វើបាប និងសួរចម្លើយមួយថ្ងៃ៣ដង។ កងសន្តិសុខគុកសួរខ្ញុំថា តើអ្នកដឹកនាំឈ្មោះអ្វី? តើឈរជើងនៅចំណុចណា? តើកម្លាំងមានប៉ុន្មាននាក់? តើមានអាវុធប៉ុន្មានដើម? កងសន្តិសុខបានធ្វើទារុណកម្មមកលើខ្ញុំដោយចងដៃខ្ញុំទាំងពីរទៅក្រោយជាប់នឹងកៅអី ហើយយកថង់ប្លាស្ទិកធំពណ៌សមកច្រកនឹងករបស់ខ្ញុំ ហើយយកទឹកមកចាក់ចូលក្នុងថង់ធ្វើឲ្យខ្ញុំថប់ដង្ហើម ឈ្លក់ និងផឹកទឹកនោះចូលក្នុងពោះ។ កងសួរចម្លើយធ្វើទារុណកម្មខ្ញុំបែបនេះរយៈពេលមួយខែ ហើយពេលខ្លះខ្ញុំចេញឈាមតាមរោមតាមភ្នែក។ ពេលខ្លះនៅពេលកងសួរចម្លើយដកថង់នោះចេញពីក្បាលទឹកខ្ញុំ ទឹកបានបាញ់ចេញពីពោះតាមមាត់របស់ខ្ញុំមានកម្ពស់ជាងមួយម៉ែត្រក៏មានដែរ។ ចំណែកក្បាលរបស់ខ្ញុំ កន្លែងណាក៏កងសួរចម្លើយវាយឡើងហើមពោរដែរ។ មិនត្រឹមតែប៉ុណ្ណោះកងសួរចម្លើយបានយកដង្កាប់មកចាប់ភ្លៅរបស់ខ្ញុំ ហើយបើខ្ញុំនៅតែមិនឆ្លើយ កងសួរចម្លើយបានយកដង្កាប់នោះទៅកៀបច្រមុះខ្ញុំថែមទៀត។ នៅពេលគាបច្រមុះខ្ញុំភ្លាម ទឹកភ្នែកខ្ញុំហូរស្រក់មកតែម្តង ព្រោះខ្ញុំឈឺចាប់ខ្លាំងណាស់ ចំណែកដៃរបស់ខ្ញុំទាំងឆ្វេងទាំងស្ដាំបានរលួយនៅសល់តែឆ្អឹង និងសរសៃរខ្លះៗប៉ុណ្ណោះ ដោយសាឆ្មាំគុកចងរឹតណែនពេក។

ទោះបីយ៉ាងណា ខ្ញុំនៅតែមិនឆ្លើយប្រាប់កងសួរចម្លើយ ដើម្បីកុំឲ្យអ្នកផ្សេងទទួលទារុណកម្មដូចខ្ញុំ។ បើនិយាយពីរបបអាហារវិញក្នុងរយៈពេលមួយខែនោះ ខ្ញុំហូបតែទឹកបបរប៉ុណ្ណោះព្រោះដៃខ្ញុំកាន់ស្លាបព្រាមិនកើត ចំណែកជើងខ្ញុំក៏ជាប់ខ្នោះ។ ខ្ញុំរំកិលខ្លួនដើម្បីកៀរចាន់បបរមកកៀកនឹងខ្លួនម្ដងបន្តិចៗរហូតដល់មាត់ទើបអាចបរិភោគបាន។ អស់រយៈពេលមួយខែទើបខ្ញុំឆ្លើយដាក់ឈ្មោះអ្នកនេះឈ្មោះអ្នកនោះថាជាមេកើយឬក៏ជាខ្សែរយៈរបស់ខ្ញុំ ប៉ុន្តែតាមអ្នកដែលខ្ញុំឆ្លើយដាក់ទាំងនោះសុទ្ធសឹងតែស្លាប់អស់ហើយ។ រយៈពេលមួយថ្ងៃបន្ទាប់ពីខ្ញុំសារភាព ស្រាប់តែកងទ័ពវៀតណាមចូលតាមព្រំដែន ចំណែកយោធាខ្មែរក្រហមបានរត់គេចខ្លួនអស់។ អ្នកទោសទាំង៥៦នាក់រួមទាំងខ្ញុំ ក៏បានរកវិធីសាស្ត្រដោះខ្នោះដែលបានជាប់នៅនឹងជើង។ ខ្ញុំបានរួចពីគុក ក៏ទៅនៅភូមិ ស្រាប់តែអ្នកភូមិបានដេញខ្ញុំចេញដោយចោទខ្ញុំថាគឺជាជនបង្កប់របស់ខ្មែរក្រហម។ ទោះជាយ៉ាងណា ខ្ញុំបន្តរស់ក្នុងភូមិបានមួយរយៈ ទើបខាងភូមិបញ្ជូនខ្ញុំទៅព្យាលបាលដៃនៅវៀតណាមរយៈពេលមួយឆ្នាំ រហូតបានជាសះស្បើយទើបវិញត្រឡប់មកជួបជុំបងប្អូនក្រុមគ្រួសារវិញ។

អត្ថបទ ៖ ស្រេង លីដា អ្នកស្ម័គ្រចិត្តកម្ពុជា នៅខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖