នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំការបណ្ដុះបណ្ដាលសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ ចំនួន២០នាក់ អំពីការប្រើប្រាស់ម៉ាស៊ីនថតរូប និងបច្ចេកទេសថតរូបជាឯកសារ។ ការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនថតរូប និងបច្ចេកទេសថតរូប ធ្វើឡើងតបតាមការស្នើសុំរបស់គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ស្គន់ ដើម្បីផ្ដល់ចំណេះដឹង ក៏ដូចជាការអនុវត្តផ្ទាល់អំពីការប្រើប្រាស់ម៉ាស៊ីនថតរូប និងការថតរូបដល់សិស្សដែលជាសមាជិកនៃក្រុមប្រឹក្សាយុវជន-យុវនារីរបស់វិទ្យាល័យ ក្នុងការផ្តិតយករូបថត ដើម្បីចងក្រងជាឯកសាររាល់សកម្មភាព និងព្រឹត្តិការណ៍កើតឡើងនៅក្នុងវិទ្យាល័យ។
លោក លី ដេវីត បុគ្គលិកផ្នែកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្ដល់បទបង្ហាញអំពីមេរៀនជាមូលដ្ឋានអំពីរបៀបនៃការប្រើប្រាស់ ការគ្រប់គ្រងម៉ាស៊ីនថតរូប, ការប្រើប្រាស់ពន្លឺ និងការជ្រើសរើសប្លង់។ បន្ទាប់ពីការធ្វើបទបង្ហាញជាទ្រឹស្ដី សិស្សដែលចូលរួមទាំងអស់ គឺត្រូវបានតម្រូវឲ្យថតរូបក្នុងម្នាក់ចំនួន៥សន្លឹក និងត្រូវជ្រើសតែរូបថត១សន្លឹកដែលខ្លួនពេញចិត្តបំផុតដើម្បីយកមកជួបជាមួយលោក លី ដេវីត ដើម្បីផ្ដល់ជាមតិណែនាំបន្ថែម។
លោក ខូវ ណារិន នាយករងវិទ្យាល័យ ហ៊ុន សែន ស្គន់ ថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានចំណាយពេលចុះមកបង្រៀន និងផ្ដល់ការអនុវត្តផ្ទាល់ទៅកាន់សិស្សានុសិស្ស ពីព្រោះគណៈគ្រប់គ្រងវិទ្យាល័យមានបំណងចងក្រងទាំងរូបភាព និងវីដេអូ អំពីសកម្មភាព និងព្រឹត្តិការណ៍សំខាន់របស់វិទ្យាល័យទុកជាឯកសារសម្រាប់សិស្សជំនាន់ក្រោយ។
អត្ថបទ និង រូបថត ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម