ហម ជន ៖ ចែករំលែកចំណេះដឹងអំពីការថែទាំសុខភាព និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម ទៅកាន់អ្នកជិតខាង និងសមាជិកគ្រួសារ

ខ្ញុំឈ្មោះ ហម ជន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្ន ខ្ញុំធ្វើជាអាចារ្យវត្ត រស់នៅភូមិក្ប៉ម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានជីវភាពមធ្យម និងរស់នៅសមរម្យដោយមិនខ្វះខាតអ្វីឡើយ។  សព្វថ្ងៃ ខ្ញុំមានជំងឺបេះដូង និងជំងឺលើសឈាម។

ខ្ញុំធ្លាប់បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួនបីដងរួចមកហើយ។  សម្រាប់ការជួបលើកទីមួយ គឺខ្ញុំបានជួបជាមួយក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញយុវជនមកជួបនិងសម្ភាសន៍ខ្ញុំអំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំនៅចាំបានថា ខ្ញុំនិយាយប្រាប់ក្មួយដែលជាអ្នកស្ម័គ្រចិត្តអំពីទុក្ខលំបាករបស់ខ្ញុំ ទាំងការរស់នៅ ការហូបចុក និងការធ្វើទារុណកម្មរបស់ខ្មែរក្រហមមកលើខ្ញុំនិងប្រជាជន។

ក្នុងជំនួបលើកទីពីរ គឺតាមរយៈមេឃុំក្តាញ់។ មេឃុំបានមកផ្ទះខ្ញុំ ហើយប្រាប់ថា គាត់អញ្ជើញខ្ញុំឲ្យទៅចូលរួមនៅក្នុងកម្មវិធីវេទិកាថែទាំសុខភាព និងពិគ្រោះយោបល់អំពីបញ្ហាសុខភាពដោយមិនគិតថ្លៃដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំឮហើយ ត្រេកអរណាស់ ព្រោះខ្ញុំពុំដែលមានការអញ្ជើញពីមុនមកទេ ដើម្បីឲ្យទៅពិនិត្យសុខភាពដោយមិនបង់ថ្លៃឡើយ។  ក្នុងការចូលរួមកម្មវិធីនេះ មិនមានកូនចៅណាហាមឃាត់ខ្ញុំឡើយ។ មុនចូលរួមក្នុងកម្មវិធី ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានថ្នាំពេទ្យ សេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ និងការអប់រំពីបញ្ហាសុខភាព។ ប៉ុន្តែ ខ្ញុំមិនបានទទួលថ្នាំពេទ្យទេ បន្ទាប់បានបញ្ចប់កម្មវិធីពិនិត្យសុខភាព និងវេទិកាអប់រំពីការថែទាំសុខភាពរួច។

ក្នុងពេលធ្វើដំណើរទៅចូលរួមកម្មវិធី ខ្ញុំទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលឯកសារកម្ពុជា លើការចំណាយថ្លៃធ្វើដំណើរ។  មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលចូលរួមកម្មវិធី ខ្ញុំមិនមានអារម្មណ៍ថាធុញទ្រាន់នោះទេ។ ខ្ញុំនៅចងចាំថា កម្មវិធីនេះបានផ្ដល់ដល់ខ្ញុំនូវសេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ និងផ្ដល់ការអប់រំពីបញ្ហាសុខភាព។ ខ្ញុំក៏ទទួលបានកូនសៀវភៅស្ដីពីការថែទាំសុខភាពចំនួនពីរក្បាល ហើយខ្ញុំចែកមួយក្បាលឲ្យទៅផ្ទះជិតខ្ញុំដើម្បីអាន និងយល់ដឹងពីការថែទាំសុខភាព។

បន្ទាប់ពីខ្ញុំបានចូលរួមក្នុងកម្មវិធីរួចមក ខ្ញុំមានការយល់ដឹងច្រើនជាងមុនអំពីការថែទាំសុខភាពផ្ទាល់ខ្លួនប្រចាំថ្ងៃ ក៏ដូចជាការហូបអាហារណាដែលជាជំនួយដល់សុខភាព និងតមអាហារណាដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ មិនតែប៉ុណ្ណោះ ខ្ញុំបានចែករំលែកព័ត៌មានអំពីការថែទាំសុខភាព ទៅកាន់កូនចៅជំនាន់ក្រោយ ដោយប្រាប់ឲ្យអានសៀវភៅដើម្បីបានដឹងពីរបៀបក្នុងការថែទាំសុខភាព។ ខ្ញុំក៏បានចែករំលែកទៅកាន់ប្អូនប្រុសរបស់ខ្ញុំម្នាក់ទៀតដែរ ដែលសព្វថ្ងៃប្អូនប្រុសខ្ញុំកំពុងរស់នៅឯស្រុកកោះធំ ខេត្តកណ្ដាលឯណោះ។ ប្អូនប្រុសខ្ញុំ មានជំងឺលើសឈាម និងជំងឺបេះដូងដូចខ្ញុំដែរ។ ខ្ញុំបានឲ្យសៀវភៅថែទាំសុខភាពមួយក្បាល ទៅប្អូនប្រុសខ្ញុំអាន ដើម្បីឈ្វេងយល់ខ្លួនឯងអំពីការថែទាំសុខភាព។ ខ្ញុំបានប្រាប់ប្អូនរបស់ខ្ញុំថា ការអនុវត្តតាមសៀវភៅណែនាំពីការថែទាំសុខភាព និងការធ្វើលំហាត់ប្រាណជាប្រចាំដើម្បីឲ្យសុខភាពបានប្រសើរជាងមុន គឺជារឿងចាំបាច់សម្រាប់ការថែរក្សាអាយុឲ្យកាន់តែវែងថែមទៀត។

ក្រោយពីចូលរួមកក្នុងកម្មវីធីរួចមក ស្ថានភាពជម្ងឺរបស់ខ្ញុំមានភាពធូរស្រាលជាងមុន ព្រោះជំងឺមិនសូវធ្វើទុកដូចកាលពីពេលមុន។ ខ្ញុំនៅតែចង់ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា បន្តធ្វើវេទិកាថែទាំសុខភាពនេះទៀត ព្រោះបានជួយរំឭកពីរបៀបការថែទាំសុខភាព និងជួយឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលបានសេវាសុខភាព និងមានអាយុកាន់តែវែងថែមទៀត។

ខ្ញុំយល់ឃើញថា កម្មវិធីអប់រំពីការថែទាំសុខភាព ការពិគ្រោះ និងពិនិត្យសុខភាពជូនមនុស្សចាស់ៗដូចខ្ញុំ គឺជាកម្មវិធីល្អបំផុត។ ខ្ញុំសំណូមពរឲ្យក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ជួយផ្សព្វផ្សាយនិងបង្កើតកម្មវិធីនេះឲ្យបានច្រើនថែមទៀត និងណែនាំដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងពីរបៀបថែទាំសុខភាពបន្តទៀត។

រឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ គឺប្រុស៣ និងស្រី២នាក់។ ប៉ុន្តែបងប្រុសខ្ញុំម្នាក់ បានស្លាប់ហើយ។ ខ្ញុំបានរៀបការក្នុងឆ្នាំ១៩៦៨ ជាមួយប្រពន្ធឈ្មោះ ជា រៀល។ ប្រពន្ធខ្ញុំទើបស្លាប់កាលពីពីរខែកន្លងទៅនេះទេ ដោយសារជំងឺក្រពះពោះវៀន។ ខ្ញុំមានកូនចំនួន៧នាក់ គឺស្រី៣នាក់ និងប្រុស៤នាក់។

ក្នុងរបបខ្មែរក្រហម ខ្ញុំគឺជាប្រជាជនមូលដ្ឋាន។ ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើស្រែរួមតាមក្រុម តាមភូមិ ដោយមួយក្រុមមានមនុស្សចំនួន១០នាក់។ ការធ្វើស្រែទទួលបានស្រូវច្រើនគួរសមដែរ ប៉ុន្តែខ្មែរក្រហមប្រមូលដាក់ឡានទាំងអស់។  ក្នុងអំឡុងពេលនោះ ខ្ញុំសង្កេតឃើញមានប្រជាជនថ្មីច្រើននាក់ណាស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញមកនៅភូមិខ្ញុំ។ ខ្មែរក្រហមបានប្រើប្រជាជនថ្មីទាំងនោះឲ្យធ្វើស្រែជាមួយអ្នកមូលដ្ឋានចាស់។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅធ្វើការងារនៅអង្គរបូរី។ ខ្ញុំបានចូលរួមជីកព្រែកស្ទើរតែគ្រប់ទីកន្លែងនៅទីនោះជាមួយកងចល័តបុរសៗជាច្រើននាក់ទៀត។ ខ្មែរក្រហមបានអនុញ្ញាតឲ្យខ្ញុំមកលេងផ្ទះរៀងរាល់៣ខែម្ដង។ ខ្ញុំមកលេងផ្ទះរយៈពេលមួយសប្ដាហ៍ ក៏ត្រឡប់ទៅធ្វើការងារវិញ។ រឿងរ៉ាវដែលខ្ញុំនៅចងចាំមិនបំភ្លេច គឺខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការងារហួសកម្លាំង ហូបមិនឆ្អែត និងរស់នៅគ្មានសិទ្ធិសេរីភាព។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖