ភូមិស្រែតាំងយ៉ គឺជាភូមិឧបសម្ពន្ធមួយក្នុងចំណោមភូមិទាំង៩ នៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភូមិស្រែតាំងយ៉មានប្រជាជនសរុបចំនួន ៩៦៨នាក់ ក្នុងនោះមានស្រី៤៩១នាក់ និង ស្តី្រមេម៉ាយចំនួន១៩គ្រួសារ។ ពាក់កណ្ដាលនៃចំនួនប្រជាជនសរុប គឺជាយុវជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ភូមិស្រែតាំងយ៉មានព្រំប្រទល់ ខាងកើតជាប់ភូមិទួលគ្រួស ខាងលិចជាប់ភូមិដូននាគ ខាងជើងជាប់ភូមិស្រែយក្ស និង ខាងត្បូងជាប់ដងស្ទឹងប្រម៉ោយ។ តាមការសាកសួរនឹងរៀបរាប់ពីមេភូមិស្រែតាំងយ៉ ឈ្មោះ គុជ ញិល បានឲ្យដឹងថា កាលពីមុនសង្រ្គាមស៊ីវិលឆ្នាំ១៩៧០ ភូមិស្រែតាំងយ៉ គឺជាឈ្មោះឃុំស្រែតាំងយ៉នៃស្រុកភ្នំក្រវាញ។ ពេលនោះឃុំស្រែតាំងយ៉ មានប្រជាជនរស់នៅប្រហែលជា៥០ទៅ៦០គ្រួសារ ដែលជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង និងជនជាតិខ្មែរ។ កាលនោះប្រជាជនរស់នៅឆ្ងាយៗពីគ្នា ដោយប្រកបរបរធ្វើចម្ការ និងដាំស្រូវដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចំពោះម្ហូបអាហារគឺប្រជាជនភាគច្រើនចេញទៅបរបាញ់សត្វនៅក្នុងព្រៃយកទុកជាអាហារប្រចាំថ្ងៃ។
នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ពេលប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ខ្មែរក្រហមបានចូលមកបង្កើតចលនាតស៊ូប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរនៅក្នុងឃុំស្រែតាំងយ៉។ ប្រជាជនភាគច្រើនត្រូវខ្មែរក្រហមឃោសនាឲ្យចូលបម្រើក្នុងចលនាកងទ័ពខ្មែររំដោះរបស់ខ្លួន។ នៅរវាងពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ ខ្មែរក្រហមបានយកទីតាំងមួយក្នុងឃុំស្រែតាំងយ៉បង្កើតជាស្រុកពាមព្រូស តំបន់៦ ភូមិភាគពាយ័ព្យ។ បន្ទាប់ពីឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឃុំស្រែតាំងយ៉ ក៏ដូចជា ភូមិ ឃុំ ផ្សេងទៀត ក្នុងស្រុកភ្នំក្រវាញ ត្រូវបានខ្មែរក្រហមបង្ខំឲ្យរស់នៅជាសហករណ៍ គឺត្រូវធ្វើការងារពលកម្មរួម ហូបចុករួម និងស្នាក់នៅរួមគ្នា។ នៅអំឡុងឆ្នាំ១៩៧៧ ប្រជាជននៅក្នុងឃុំស្រែតាំងយ៉ និងស្រុកពាមព្រូសទាំងមូលត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំឲ្យទៅរស់នៅខាងស្រុកភ្នំក្រវាញ ស្រុកបាកាន និង ស្រុកមោងឫស្សី។
ក្រោយឆ្នាំ១៩៧៩ ប្រជាជនជម្លៀសទាំងនោះបានបន្តរស់នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកមួយចំនួនទៀតក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដោយសារឃុំស្រែតាំងយ៉បានក្លាយជាសមរភូមិក្តៅ និងមានការប្រយុទ្ធគ្នាជាញឹកញាប់រវាងកងទ័ពខ្មែរក្រហម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលសហការជាមួយកងទ័ពវៀតណាម។ ចាប់តាំងពីមានសមាហរណកម្មរបស់កងកម្លាំងខ្មែរក្រហមចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨ ទើបមានប្រជាជនខ្លះដែលជាជនជាតិដើមភាគតិចព័រ និងខ្លះទៀតជាជនជាតិខ្មែរមកពីខេត្តកំពត ខេត្តតាកែវ និងមកពីខាងទន្លេសាបចូលមករស់នៅក្នុងភូមិតាំងយ៉នេះបណ្តើរៗ។ បន្ទាប់ពីសង្រ្គាមស៊ីវិលចប់ភ្លាមៗ នៅតាមផ្លូវសម្បូរទៅដោយគ្រាប់មីនបង្កប់ក្នុងដីដែលបណ្តាលឲ្យប្រជជនមានការពិបាកក្នុងការប្រកបមុខរបរធ្វើស្រែចម្ការ ដូច្នេះប្រជាជនភាគច្រើនដើររើសជ័រ និងកាប់ឈើលក់ឲ្យឈ្មួញ។ ក្រោយមក ទើបមានការដោះគ្រាប់មីន ហើយប្រជាជនអាចប្រកបមុខរបរធ្វើស្រែចម្ការរហូតដល់បច្ចុប្បន្ន។
អត្ថបទ និង រូបថត ៖ ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង