មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពី «សារសំខាន់ក្នុងការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការជម្លៀសប្រជាជនដោយបង្ខំ» ដល់សិស្សវិទ្យាល័យ សុខអាន ១ ឧសភា និងវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពី «សារសំខាន់ក្នុងការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩) និងការជម្លៀសប្រជាជនដោយបង្ខំ» ដល់សិស្សានុសិស្ស ចំនួន៤៥នាក់ ក្នុងនោះមានសិស្សស្រី២៩នាក់ មកពីវិទ្យាល័យ សុខអាន ១ ឧសភា និងវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ។ គោលបំណងរបស់វេទិកានេះ គឺដើម្បីបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យទៅដល់យុវជនជំនាន់ក្រោយ និងលើកទឹកចិត្តសិស្សានុសិស្សឲ្យឈ្វេងយល់ពីរបៀបទប់ស្កាត់អំពើហិង្សា និងការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម។ មុននឹងចាប់ផ្តើមវេទិកាថ្នាក់រៀន សិស្សទាំងអស់បានបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹង (មុនវេទិកា) ជាមុន។

ជាកិច្ចចាប់ផ្ដើមវេទិកា គ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តកែវ ជំរុញសិស្សានុសិស្សឲ្យសរសេរសំណួរលើសៀវភៅកត់ត្រារបស់ខ្លួន ទាក់ទងនឹងចម្ងល់ដែលខ្លួនចង់ដឹងពីរបបខ្មែរក្រហម។ ពេលទន្ទឹមនឹងគ្នានោះដែរ គ្រូឧទ្ទេសបានពន្យល់នូវពាក្យគន្លឹះមួយចំនួន ដូចជា ៖ ភូមិភាគបូព៌ា (២០៣), ភូមិភាគនិរតី(៤០៥), ភូមិភាគពាយព្យ (៥៦០), ភូមិភាគឧត្ដរ (៣០៣), ភូមិភាគបស្ចិម (៤០១), ភូមិភាគឦសាន (១០៨), សហករណ៍, ការដ្ឋានការងារ និងតំបន់រំដោះមុននឹងចូលដល់មេរៀន។ បន្ទាប់មកគ្រូឧទ្ទេស បង្រៀនអំពី ការជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែរក្រហមក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២។ បន្ថែមលើនេះ គ្រូឧទ្ទេសបង្ហាញអំពីវិធីសាស្ត្រសំខាន់ៗមួយចំនួនក្នុងការទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍។

ខណៈនោះ គ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី ក៏បានចាក់បញ្ចាំងវីដេអូរឯកសារខ្លីដែលបង្ហាញពី «ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ»។ បន្ទាប់មក គ្រូទ្ទេសបានឆ្លើយតបទៅនឹងសំណួររបស់សិស្ស ដូចខាងក្រោម ៖

១) តើការជម្លៀសប្រជាជនដោយបង្ខំផ្ដល់ផលវិបាកអ្វីខ្លះ?

២) តើប្រជាជនទាំងអស់ពេញចិត្តនឹងការជម្លៀសនេះដែរឬទេ?

៣) តើការជម្លៀសប្រជាជនដោយបង្ខំបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនដែរឬទេ?

៤) តើការជម្លៀសប្រជាជនដោយបង្ខំរបស់ខ្មែរក្រហមដើម្បីអ្វី?

៥) តើប្រជាជនបែកបាក់គ្រួសារដែរឬទេ?

៦) តើមូលហេតុអ្វីបានជាខ្មែរក្រហមបង្កើតរបបប្រល័យពូជសាសន៍បែបនេះឡើង?

៧) តើរបបខ្មែរក្រហមបែងចែកប្រជាជនជាប៉ុន្មានវណ្ណៈ?

៨) តើហេតុអ្វីបានជាខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងទៅជនបទ?

៩) តើហេតុអ្វីបានជាខ្មែរក្រហមចង់បណ្ដេញជនជាតិវៀតណាម ឬកងទ័ពវៀតកុងចេញពីប្រទេសកម្ពុជា?

១០) តើមេដឹកនាំខ្មែរក្រហមមាននរណាខ្លះ?

១១) តើរបបខ្មែរក្រហមបានផ្ដល់ផលអាក្រក់អ្វីខ្លះ?

១២) តើហេតុអ្វីបានជារបបខ្មែរក្រហមសម្លាប់មនុស្ស?

១៣) តើក្នុងអំឡុងរបបខ្មែរក្រហមមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ?

១៤) តើមានមូលហេតុអ្វីដែលបណ្ដាលឲ្យមានការប្រើប្រាស់អំពើហិង្សាលើប្រជាជនក្នុងរបបខ្មែរក្រហម?

១៥) តើរបបខ្មែរក្រហមមានគោលបំណងអ្វី?

១៦) តើហេតុអ្វីបានជាប្រជាជននិយាយថារបបខ្មែរក្រហមប្រព្រឹត្តអំពើប្រល័យពូជសាសន៍?

១៧) តើហេតុអ្វីបានជាខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ?

១៨) តើការជម្លៀសដោយបង្ខំកើតឡើងយ៉ាងដូចម្ដេច?

១៩) តើមេដឹកនាខ្មែរក្រហមដឹកនាំប្រជាជនដោយរបៀបណា?

២០) តើការជម្លៀសប្រជាជនមានប៉ុន្មានដំណាក់កាល?

២១) តើហេតុអ្វីបានជាមានការបង្ខិតបង្ខំប្រជាជនឲ្យធ្វើការងារលើសម៉ោង?

២២) តើហេតុអ្វីបានជាកើតមានរបបខ្មែរក្រហម?

២៣) តើហេតុអ្វីបានជាមានការបែងចែកវណ្ណៈរវាងប្រជាជនថ្មី និងប្រជាជនចាស់?

២៤) តើហេតុអ្វីបានជាខ្មែរក្រហមធ្វើទារុណកម្មលើប្រជាជន?

នៅចុងបញ្ចប់វេទិកាថ្នាក់រៀន សិស្សបង្ហាញចំណាប់អារម្មណ៍ដូចតទៅ ៖

នាងខ្ញុំឈ្មោះ ជា ស្រីរ័ត្ន អាយុ១៧ឆ្នាំ គឺជាសិស្សថា្នក់ទី១២នៃវិទ្យាល័យ សុខអាន មួយឧសភា។ ក្នុងរយៈពេលមួយព្រឹកនេះ ខ្ញុំទទួលបានចំណេះដឹងពីរបបខ្មែរក្រហមកាន់តែច្បាស់ និងយល់ដឹងអំពីការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងឲ្យទៅនៅតាមជនបទ។ ការបង្កើតឲ្យមានវេទិកាថ្នាក់រៀននេះ គឺធ្វើឲ្យខ្ញុំមានការយល់ដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្តខ្មែរក្រហម និងជួយពង្រីកចំណេះដឹងដល់ខ្ញុំ។ ខ្ញុំបានដឹងពីការប្រើប្រជាជនឲ្យធ្វើការហួសកម្លាំង និងបង្អត់អាហារប្រជាជន។ តាមរយៈការសិក្សារៀនសូត្រអំពីរបបខ្មែរក្រហមកន្លងមក ធ្វើឲ្យខ្ញុំមានការអាណិតអាសូរប្រជាជនដែលនៅរស់រានមានជីវិតសព្វថ្ងៃនេះ។ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតឡើងនាពេលអនាគត យើងត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សា។

នាងខ្ញុំឈ្មោះ ឃឿន មិនា អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២មកពីវិទ្យាល័យ សុខ អាន ១ ឧសភា។ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់រៀននេះ ខ្ញុំចាប់អារម្មណ៍ទៅលើផ្ទាំងរូបថតដែលឆ្លុះបញ្ចាំងអំពីរបបខ្មែរក្រហម។ ខ្ញុំក៏បានដឹងអំពីការជម្លៀសប្រជាជនដោយបង្ខំចេញពីភ្នំពេញឲ្យទៅនៅជនបទ និងមានការបែងចែកការគ្រប់គ្រងជា៦ភូមិភាគ។ ខ្មែរក្រហមបានប្រើល្បិចបោកបញ្ឆោត និងបង្ខិតបង្ខំប្រជាជនឲ្យចេញពីផ្ទះដែលកំពុងរស់នៅឲ្យទៅតំបន់ផ្សេង។ ដូច្នេះដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ យើងត្រូវខិតខំរៀនសូត្រ, ជៀសឲ្យឆ្ងាយពីអំពើហិង្សា, មិនរើសអើងប្រកាន់វណ្ណៈ និងមានស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ខ្ញុំឈ្មោះ គៀម រក្សា អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ សុខ អាន ១ ឧសភា។ ក្នុងរយៈពេលចូលរួមវេទិកាថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងថ្មីៗពីប្រវិត្តសាស្រ្ដខ្មែរក្រហមដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ ដោយខ្មែរក្រហមលើកឡើងថា អាមេរិកនឹងមកទម្លាក់គ្រាប់បែកដូច្នេះប្រជាជនត្រូវតែជម្លៀសចេញ, មិនមានស្បៀងអាហារគ្រប់គ្រាន់ឲ្យប្រជាជននៅភ្នំពេញ និងដើម្បីបំបែកក្រុមចារកម្ម។ ខ្ញុំក៏ធ្លាប់ឮតានិងយាយនិយាយប្រាប់ខ្ញុំថា «កូនរបស់ប្រជាជនគឺជាកូនរបស់អង្គការ គឺមានតែអង្គការប៉ុណ្ណោះដែលមានសិទ្ធិក្នុងការសម្រេចចិត្ត ហើយអង្គការប្រើឲ្យធ្វើអ្វីត្រូវតែធ្វើតាម ដូចជា ប្រើឲ្យកូនរបស់ខ្លួនមកស៊ើបការណ៍ពីឪពុកម្ដាយខ្លួន រួចហើយរាយការណ៍ប្រាប់អង្គការវិញ»។ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងនៅថ្ងៃអនាគត យើងត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹង។

ខ្ញុំឈ្មោះ ពុំ តូ អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ សុខអាន ដូងខ្ពស់ បូរីជលសារ។ ខ្ញុំបានរៀនពីរបបប្រល័យពូជសាសន៍ដែលខ្មែរសម្លាប់ខ្មែរគ្នាឯងគ្រាន់តែប្រព្រឹត្តកំហុសបន្តិចបន្តូច និងដឹងពីទីកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់។ ខ្ញុំពិតជាសោកស្ដាយជាខ្លាំងពេលឃើញខ្មែរក្រហមប្រព្រឹត្តដូច្នេះ។ ដើម្បីកុំឲ្យរបបអំពើប្រល័យពូជសាសន៍កើត ឡើងម្ដងទៀត យើងត្រូវលុបបំបាត់អំពើហិង្សា មិនត្រូវរើសអើងពូជសាសន៍, ពណ៌សម្បុរ និង សាសនា។ ការបង្កើតឲ្យមានវេទិកាថ្នាក់រៀននេះឡើងពិតជាមានសារសំខាន់ណាស់ ព្រោះធ្វើឲ្យសិស្សដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងបានស្គាល់មេដឹកនាំខ្មែរក្រហម ដូចជា សាឡុត ស, នួន ជា, ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធ និង ឌុច ជាដើម។ ចុងក្រោយ ខ្ញុំសូមផ្ដាំទៅកាន់យុវជនឲ្យសិក្សាពីរបបខ្មែរក្រហម។

ខ្ញុំឈ្មោះ ហៀង តារា អាយុ១៧ឆ្នាំ គឺជាសិស្សថា្នក់ទី១២នៃវិទ្យាល័យ សុខ អាន ដូងខ្ពស់បុរីជលសារ។ ខ្ញុំទទួលបានចំណេះដឹងអំពីប្រវត្តិសាស្រ្ដខ្មែរក្រហម និងដឹងពីទុក្ខលំបាករបស់ប្រជាជន។ រឿងរ៉ាវដែលខ្ញុំបានចាំជាងគឺ គឺលោកគ្រូបានធ្វើបទបង្ហាញអំពីការជម្លៀសប្រជាជននៅក្នុងរបបខ្មែរក្រហម។ ខ្ញុំគិតថាការបង្កើតឲ្យមានវេទិកាថ្នាក់រៀននេះ គឺល្អណាស់សម្រាប់ខ្ញុំ និងយុវជនជំនាន់ក្រោយ។ ខ្ញុំអាណិតអាសួរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទទួលបានចំណេះដឹងអំពីរបបខ្មែរក្រហមកាន់តែច្បាស់។

នៅពេលរសៀល សិស្សានុសិស្សក៏បានទៅធ្វើទស្សនកិច្ចសិក្សានៅមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រាំងតាចាន់ (អតីតគុកក្រាំងតាចាន់) និងជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយផ្ទាល់។

អត្ថបទ និង រូបថត ៖​ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖