មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់សិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ដារ

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» លើប្រធានបទការជម្លៀសប្រជាជនចេញពីទីក្រុង ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ ដល់សិស្សចំនួន៥៣នាក់ ក្នុងនោះមានស្រី៣៨នាក់ មកពីវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ដារ ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀន គឺចង់ឲ្យយុវជនរៀនសូត្របន្ថែមអំពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងនិយមន័យការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងកត្តាគ្រោះថ្នាក់នានាដែលនាំឲ្យកើតមានអំពើនេះនាពេលអនាគត។ យុវជនក៏អាចផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិង្សា មកជាការកសាងសន្តិភាព ក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ជាកិច្ចចាប់ផ្តើមលោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំសិស្សដើរទស្សនាពិព័រណ៍រូបថត ស្តីអំពីសង្គ្រាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ រូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបចេញទៅប្រទេសវៀតណាមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។

បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើបទបង្ហាញដល់យុវជនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លើប្រធានបទការឡើងកាន់អំណាចរបស់ខ្មែរក្រហម ៖ ការជម្លៀសប្រជាជនចេញពីទីក្រុង ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ លោក ឡុង ដានី បានលើកយកវិធីសាស្ត្រ K-W-L  មកបង្រៀនសិស្ស និងចាប់ផ្តើមដោយសួរសំណួរទៅសិស្សទាំងអស់ថា តើប្អូនៗបានដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម? តមក លោក ឡុង ដានី សួរសំណួរបន្ថែមទៅកាន់សិស្សទាំងអស់ថា តើប្អូនៗចង់ដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម? ចុងក្រោយ លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីការជម្លៀសប្រជាជនចេញពីទីក្រុង ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំមាន៣ដំណាក់កាលដូចខាងក្រោម ៖

១) នៅថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ បានរយៈពេល២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឲ្យកងទ័ពខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងប្រជុំជននានា ទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់លើទីក្រុងភ្នំពេញ។ ប្រជាជននឹងជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញហើយ ដូច្នេះប្រជាជនទាំងអស់មិនចាំបាច់យកទ្រព្យសម្បត្តិច្រើនទៅតាមខ្លួន និងចាក់សោផ្ទះទេ។ ប៉ុន្តែការពិតខ្មែរក្រហមមិនបានអនុញាតឲ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនជម្លៀសច្រើនលើសលប់បានស្លាប់ដោយសារការសម្លាប់ ធ្វើការងារហួសកម្លាំង និងអត់អាហារ។

២) ចាប់តាំងពីចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្លាស់ទីប្រជាជន ជាពិសេសជម្លៀសប្រជាជនថ្មីដោយបង្ខំពីទីជនបទមួយទៅទីជនបទមួយទៀត ម្តងហើយម្តងទៀត នៅភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា (រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើងពីភូមិភាគនិរតី និងភូមិភាគបស្ចិម ទៅកាន់ភូមិភាគពា័ព្យ)។ ការផ្លាស់ទីប្រជាជននេះពុំមានជូនដំណឹងជាមុនឡើយ បង្កជាទុក្ខវេទនា និងភាពលំបាកលំបិនដល់ប្រជាជន និងសហគមន៍ជាខ្លាំង។

៣) ចាប់តាំងពីរបបខ្មែរក្រហមធ្វើសង្រ្គាមតាមព្រំដែនជាមួយប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្តើមលែងទុកចិត្តលើកម្មាភិបាល យុទ្ធជន និងប្រជាជននៅភូមិភាគបូព៌ា។ ប្រជាជនភូមិភាគបូព៌ាត្រូវបានខ្មែរក្រហមចោទប្រកាន់ថាជាមនុស្សដែលមានក្បាលយួនខ្លួនខ្មែរ។ ប្រជាជនភូមិភាគបូព៌ាទាំងអស់ជាគោលដៅនៃការជម្លៀសដោយបង្ខំចេញពីភូមិភាគបូព៌ាទៅភូមិភាគពាយ័ព្យ ភូមិភាគកណ្តាល និងភូមិភាគឧត្តរ។ ការជម្លៀសដោយបង្ខំនេះបានបណ្តាលឲ្យប្រជាជនភូមិភាគបូព៌ាជាច្រើន បានស្លាប់ដោយសារខ្មែរក្រហមសម្លាប់ អត់អាហារ ជំងឺ និងគ្មានថ្នាំព្យាបាល។

ជាកិច្ចបន្ត លោក ឡុង ដានី បានបង្ហាញយុវជនអំពីទីតាំងទួលពោធិ៍ជ្រៃ គឺជាទីវាលធំមួយស្ថិតនៅកៀកទៅនឹងបឹងទន្លេសាប និងជាប់តំបន់ព្រៃរនាម ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ទីតាំងទួលពោធិ៍ជ្រៃនេះត្រូវបានគេស្គាល់ថា គឺជាកន្លែងដែលខ្មែរក្រហមសម្លាប់ទាហាន លន់ នល់ និងជនស៊ីវិលរាប់ពាន់នាក់ក្នុងអំឡុងនៃការជម្លៀសដោយបង្ខំជាទ្រង់ទ្រាយធំលើកដំបូងក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥ -១៩៧៩)។

នៅចុងបញ្ចប់វេទិកាថ្នាក់រៀន លោក ឡុង ដានី បានធ្វើបទបង្ហាញជាសង្ខេបអំពីដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿង ០០១ និងសំណុំរឿង ០០២ (សំណុំរឿង០០២ វគ្គទី១ និងសំណុំ០០២ វគ្គទី២)។ និយមន័យអំពើប្រល័យពូជសាសន៍  ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់ប្រល័យពូជសាសន៍។

នៅក្នុងឱកាសនោះ សិស្សដែលចូលរួមវេទិកាថ្នាក់រៀននៅថ្ងៃនេះ បានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

១) ខ្ញុំឈ្មោះ លឿន ចេស្ដា ភេទប្រុស គឺជាសិស្សមកពីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ដារ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលខ្ញុំបានចូលរួមដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ វេទិកាថ្នាក់រៀនស្ដីអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ធ្វើឲ្យខ្ញុំបានដឹងថា របបនេះពិតជាឃោរឃៅ សាហាវយង់ឃ្នង ពិបាកក្នុងការរស់នៅ និងគ្មានសិទ្ធិសេរីភាព។ បន្ទាប់ពីខ្ញុំបានរៀនជាមួយលោកគ្រូឧទ្ទេសរួចមក ខ្ញុំពិតជាមិនចង់ឲ្យរបបនេះវិញត្រឡប់មកម្ដងទៀតទេ ព្រោះវាបានធ្វើឲ្យយើងបាត់បង់គ្រួសារ ធ្វើឲ្យប្រទេសជាតិគ្មានការរីកចម្រើន។

ក្នុងនាមខ្ញុំជាសិស្សមួយរូបខ្ញុំនឹងខិតខំរៀនសូត្រឲ្យមានចំណេះដឹង ដើម្បីជួយសង្គមនិងខ្លួនឯង។ មិនតែប៉ុណ្ណោះ ត្រូវលុបបំបាត់ការរើសអើងផ្សេងៗ និងអំពើហិង្សា។ ជាចុងក្រោយខ្ញុំសូមសុំណូមពរដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ឲ្យរៀបចំកម្មវិធីទស្សនកិច្ចសិក្សានេះជាបន្តទៀត ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រងំពីរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បន្ថែមទៀត និងឲ្យដឹងពីប្រវត្តិសាស្រ្តរបស់ខ្លួនកាន់តែច្បាស់។

២) ខ្ញុំឈ្មោះ អន ស្រីឡេង ភេទស្រី មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដារ ។ ខ្ញុំមានបងប្អូនចំនួនពីរនាក់ គឺស្រីទាំងពីរ។ ខ្ញុំមានម្តាយឈ្មោះ ឌុច លី និងឪពុកឈ្មោះ ឌឹម អន។ សព្វថ្ងៃនេះ ឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់ប្រវត្តិសាស្រ្ដយោធា អ៊ិច-១៦។  នៅវេលាព្រឹកនេះពិតជាពិសេសណាស់ ដែលខ្ញុំបានមកសិក្សា និងបានយល់ដឹងអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ ម៉្យាងទៀត បានធ្វើឲ្យខ្ញុំយល់ដឹងអំពីប្រវត្តិសាស្ដ្រ និងបទពិសោធន៍ថ្មីៗជាច្រើនទៀត។ មួយវិញទៀត លោក គ្រូឧទ្ទេសបានពន្យល់ណែនាំខ្ញុំយ៉ាងក្បោះក្បាយទាក់ទងទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ព្រមទាំងមានការសួរសំណួរ និងការឆ្លើយសំណួរជាច្រើន។

៣) នាងខ្ញុំឈ្មោះ ណាក់ ណារី ភេទស្រី គឺជាសិស្សមកពីវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ដារ។ ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ កាលពីមុន ចំណេះដឹងដែលខ្ញុំធ្លាប់មានអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ពិតជាតិចតួចណាស់។ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំក្នុងរយៈពេលតែបីថ្ងៃតែប៉ុណ្ណោះ  ហើយមិនឲ្យយកអីវ៉ាន់ទៅជាមួយទេ ព្រោះអង្គការទទួលខុសត្រូវក្នុងការហូបចុក និងយកលេសថា អង្គការចង់បោសសម្អាតទីក្រុង ព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ ប៉ុន្តែនៅពេលខ្មែរក្រហមជម្លៀសប្រជាជនចេញទៅតាមជនបទរួច ខ្មែរក្រហមពុំមានសមត្ថភាពដឹកជញ្ជូនស្បៀងឲ្យប្រជាជនទេ។ ទាំងនេះជាកត្តាដែលធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដួលរលំ។ ចំណែក ប្រជាជនមិនពេញចិត្តជាមួយរបកម្ពុជាប្រជាធិបតេយ្យដែលកាប់សម្លាប់ប្រជាជនយ៉ាងឃោរឃៅទេ។ ខ្មែរក្រហមលែងទុកចិត្តគ្នាឯងដូចមានពាក្យពោលថា «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត»។ ខ្មែរក្រហមបានបញ្ជូនកងកម្លាំងឲ្យទៅធ្វើសង្រ្គាមនៅតាមព្រំដែនជាមួយវៀតណាម។ នៅពេលដែលនាងខ្ញុំបានមកទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម គឺខ្ញុំមានការចាប់អារម្មណ៍ទៅលើការតាំងពិព័រណ៍រូបថត និងការពន្យល់ណែនាំរបស់គ្រូឧទ្ទេសយ៉ាងក្បោះក្បាយអំពីសាច់រឿងដែលខ្ញុំមិនធ្លាប់សិក្សាពីមុនមក។ ខ្ញុំទទួលបាននូវចំណេះដឹងថ្មីៗអំពីប្រវត្តិសាស្រ្តជា ដែលខ្ញុំពុំធ្លាប់បានដឹងពីមុនមក។ ខ្ញុំសំណូមពរមជ្ឈមណ្ឌលឯកសារកោះថ្មឲ្យបន្តរៀបចំកម្មវិធីសិក្សាអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដើម្បីអនុញ្ញាតឲ្យសាលា និងសិស្សានុសិស្សផ្សេងទៀតបានចូលរួមដូចខ្ញុំដែរ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»