នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម បានរៀបវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើប្រធានបទ ៖ «សុខភាពទ្រុឌទ្រោមរបស់ប្រជាជន និងការដួលរលំរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប សរុបចំនួន៥០នាក់។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះឡើងគឺដើម្បីផ្ដល់ចំណេះដឹងដល់យុវសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងការចុះផ្ទាល់ទៅកាន់ទំនប់ដែលត្រូវបានកសាងនៅក្នុងរបបខ្មែរក្រហម គឺទំនប់ក្បាល ស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ចាប់ផ្ដើមកម្មវិធីលោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ឡើងធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយនិយាយផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដូចជា ៖ ការធ្វើរដ្ឋប្រហារសម្ដេចព្រះ នរោត្តម សីហនុ ពីសេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧០, សង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនទៅកាន់ជនបទ, ការបង្ខំប្រជាជនឲ្យធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការកាប់សម្លាប់ទៅលើប្រជាជន។ លោក ស៊ាង ចិន្ដា បន្តថា ការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហមមាន៣ដំណាក់កាលធំៗ៖
– ដំណាក់កាលទី១៖ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញមកជនបទនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
– ដំណាក់កាលទី២៖ ការជម្លៀសប្រជាជនដែលនៅសេសសល់នៅក្នុងទីក្រុងភ្នំពេញតាមរថភ្លើងដែលមាន២ខ្សែ រួមមាន ខ្សែទី១គឺពីភ្នំពេញទៅខេត្តតាកែវ និងកំពត និងខែ្សទី២គឺពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
– ដំណាក់កាលទី៣៖ ការជម្លៀសប្រជាជនភូមិភាគបូព៌ាទៅខេត្តពោធិ៍សាត់ និងបាត់ដំបង នៅចន្លោះឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨។ ការបង្ខំប្រជាជនឲ្យធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ គឺផ្នែកមួយដែលធ្វើឲ្យប្រជាជនកម្ពុជាទទួលរងបញ្ហាសុខភាពទ្រុឌទ្រោម បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ។ ការបង្កើតផែនការ៤ឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម ដែលផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម បង្កើនទិន្នផលស្រូវ។ ដើម្បីសម្រេចបានជោគជ័យ ខ្មែរក្រហមបានផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងប្រព័ន្ធធារាសាស្រ្ត ដោយបានប្រមូលផ្ដុំ និងបង្ខំប្រជាជនឲ្យធ្វើការកសាងទំនប់ស្ដុកទប់ទឹក។ ប្រជាជនទទួលរងការបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាក, ការបង្អត់អាហារ, ការធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល និងការកាប់សម្លាប់ ដែលបណ្ដាលឲ្យប្រជាជនស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។
ជាកិច្ចបន្តលោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំ សិស្សចូលរួមដើរទស្សនាពិព័រណ៍ចំនួន១០ផ្ទាំងដែលបង្ហាញអំពីឈ្មោះ តួនាទី និង ប្រវត្តិរូបមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន រូបភាពធ្វើការងារក្នុងការដ្ឋានទំនប់ និងការវិលត្រឡប់មកស្រុកកំណើតវិញរបស់ប្រជាជនកម្ពុជា បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ លោក ទូច វណ្ណេត ក៏ពន្យល់អំពីនិមិត្តសញ្ញារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលតំណាងឲ្យបេសកម្មរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការស្វែងរកការពិត ដើម្បីឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យទទួលបានយុត្តិធម៌ និងការចងចាំដែលមិនត្រូវបានបំភ្លេចទាល់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ បន្ទាប់មក សិស្សចូលទស្សនាពិព័រណ៍ព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ «ក្តីសុបិនកម្ពុជា» របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាចុងក្រោយ សិស្សបន្តទៅកាន់បណ្ណាល័យខ្មែរក្រហមដែលមានតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហមជាច្រើន និងតម្កល់ឯកសារខ្មែរក្រហម។
កម្មវិធីបន្ទាប់គឺលោក លី ដេវីត បុគ្គលិកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំសិស្សទៅទស្សនាទីតាំងទំនប់កសាងក្នុងរបបខ្មែរក្រហមដែលស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក លី ដេវីត បានឲ្យសិស្សស្រមៃទៅអតីតកាលដែលប្រជាជនកម្ពុជាទទួលរងទុក្ខវេទនានៅពេលលើកទំនប់នេះ។ ទំនប់នេះបច្ចុប្បន្នប្រែក្លាយទៅជាអាងស្ដុកទឹក និងរមណីយដ្ឋាន សម្រាប់ប្រជាជនក្នុងខេត្តកំពង់ចាមមកកម្សាន្ត។
កម្មវិធីបញ្ចប់ គឺការពិភាក្សាទៅលើប្រធានបទ៖ «សុខភាពទ្រុឌទ្រោមរបស់ប្រជាជន និងការដួលរលំរបបខ្មែរក្រហម» ដោយបានបែងចែកសិស្សទាំងអស់ទៅជា៥ក្រុមពិភាក្សា។ ក្រុមពិភាក្សាទាំង៥ទទួលបានសំណួរបែបបំផុសគំនិត និងត្រិះរិះពិចារណា និងឯកសារពាក់ព័ន្ធមួយចំនួន។ ក្រុមពិភាក្សាទាំងអស់មានរយៈ៣០នាទីដើម្បីអាន និងពិភាក្សាគ្នាក្នុងការឆ្លើយតបសំណួរដែលក្រុមរបស់ខ្លួនទទួលបាន។ ខាងក្រោមនេះគឺជាការលើកឡើងរបស់ក្រុមពិភាក្សានីមួយៗ៖
- ក្រុមទី១) មានសមាជិកក្រុមរួមមាន ៖ ធន វិរះ, ហ៊ី កន, ឌឿន ស្រីពេជ្រ, សាក់ ស្រីនួន, ឡូញ សុខលី, មៀស ស្រីពេជ្រ, សៀប នាង, រៃ សុផានិត និង វង្ស វន្នេត ត្រូវពិភាក្សាលើសំណួរ ៖ «មូលហេតុអ្វីបានជាប្រជាជនកម្ពុជាមានសុខភាពទ្រុឌទ្រោមនៅក្នុងសម័យខ្មែរក្រហម»? ចម្លើយគឺកត្តាដែលធ្វើឲ្យប្រជាជនមានសុខភាពទ្រុឌទ្រោម បណ្ដាលមកពីប្រជាជនត្រូវធ្វើការលើកទំនប់ហួសកម្លាំង, មិនមានអាហារហូបគ្រាប់គ្រាន់ ធ្វើការងារគ្មានពេលសម្រាក និងធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាលជាដើម។
- ក្រុមទី២) មានសមាជិកក្រុមរួមមាន ៖ រិត ស៊ីណេ, ម៉ៅ លីតា, ហេង លីណា, ឡូញ ទីន, ហៀង សុខហេង, ឌីម សុស៊ីថាវណ្ណ និង ស្រេង លាងស្រុង ត្រូវពិភាក្សាលើសំណួរ ៖ «ចូររៀបរាប់ពីកត្តាដែលបណ្ដាលឲ្យមានអ្នកស្លាប់ច្រើន នៅតាមការដ្ឋានក្នុងសម័យខ្មែរក្រហម»? ចម្លើយគឺមានកត្តាច្រើនបណ្តាលឲ្យមនុស្សស្លាប់ ដូចជា ៖ ការធ្វើវិសុទ្ធកម្ម, កង្វះស្បៀងអាហារ, ការប្រើប្រជាជនឲ្យធ្វើការងារគ្មានពេលឈប់សម្រាក គ្មានអាហារហូបគ្រប់គ្រាន់, ខ្មែរក្រហមចោទទៅលើប្រជាជនថាជាខ្មាំង និង ឈឺគ្មានថ្នាំព្យាបាលត្រឹមត្រូវ។
- ក្រុមទី៣) មានសមាជិកក្រុម រួមមាន ៖ អាត់ ចាន់ពិសី, ថា លីហ្សា, ឡូ ចន្ទមិនា, ឡោ ស្រីពេជ្រ, សុខរីម បុត្រី, វិត រ៉ាវីត, រី ដាវីន និង នួន សុខហេង ត្រូវពិភាក្សាលើសំណួរ៖ «មូលហេតុមួយក្នុងចំណោមមូលហេតុទាំង៣ធំៗ ដែលធ្វើឲ្យខ្មែរក្រហមដួលរលំ»? ចម្លើយគឺ មកពីខ្មែរក្រហមបានធ្វើសង្រ្គាមជាមួយវៀតណាម។ ខ្មែរក្រហមបានបញ្ជូនកងទ័ពទៅព្រំដែនវៀតណាមដើម្បីធ្វើសង្រ្គាមតាមព្រំដែនរហូតដល់កងទ័ពវៀតណាមបានប្រើប្រាស់កាំភ្លើងទំនើប និងយន្ដហោះវាយមកលើកងទ័ពខ្មែរក្រហមវិញ។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានបង្កើតឡើង។ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាមបានវាយលើកងទ័ពខ្មែរក្រហមឲ្យដកថយ និងរំដោះទីក្រុងភ្នំពេញបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាស្ថាពរ។
- ក្រុមទី៤) មានសមាជិកក្រុមរួមមាន ៖ ឡាង ម៉ីម៉ី, វួន សុភា, ម៉ឺយ ចន្នី, ម៉ន ម៉េងលី, ម៉ៅ សំភព, ផឹង ស, ចំរើន ភារម្យ, ប៉ាន ចន្ថា និង លី ម៉េងជូរ ពិភាក្សាលើសំណួរ ៖ «ចូររៀបរាប់ស្ថានភាពទូទៅនៃទំនប់ក្បាលទឹក»? ចម្លើយគឺ ទំនប់ក្បាលទឹក ត្រូវបានប្រែក្លាយទៅជាកន្លែងស្ដុកទឹក កន្លែងទេសចរណ៍ដែលមានទេសភាពស្ងប់ស្ងាត់ ស្អាតក្នុងពេលបច្ចុប្បន្ន ប៉ុន្ដែ ទំនប់ក្បាលទឹក គឺធ្វើឡើងដោយកម្លាំងប្រជាជនដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារហួសកម្លាំង។ ទំនប់ក្បាលទឹក គឺជាទីតាំងប្រវត្តិសាស្រ្តឲ្យក្មេងជំនាន់ក្រោយសិក្សាឈ្វេងយល់ និង ជាទីកន្លែងដែលមានប្រជាជនបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមច្រើន។
- ក្រុមទី៥) មានសមាជិកក្រុម រួមមាន ៖ នៅ ស្រីសរ, ឈីន ណាម៉េងលី, ចក់ រតនា, វ័យ នីសា, រៀម ហុងលី, ឈឿង សុផាត, ឈុនអ៊ី ភារិ, ថាច់ រដ្ឋា និង សុខុម ស្រីខួច ពិភាក្សាលើសំណួរ៖ «ចូររៀបរាប់ស្ថានភាពរបស់ប្រជាជនកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩?» ក្រោយពីរបបខ្មែរក្រហមដួលរលំ ស្ថានភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមត្រូវទទួលរង ដូចជា ៖ រងនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ, បាត់បង់សមាជិកគ្រួសារ, បន្សល់ទុកក្មេងកំព្រា, បន្សល់ទុកស្រី្ដមេម៉ាយជាច្រើន, បន្សល់ទុកនូវជនពិការ, ការបាត់បង់នូវធនធានមនុស្ស និងការអត់ឃ្លានរបស់ប្រជាជនបន្ទាប់ពីអំពើប្រល័យពូជសាសន៍។
អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម