ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកា «ពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាព» ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន១១៩នាក់ ស្ថិតនៅស្រុកព្រៃកប្បាស់ជាមួយ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ គឺជាគ្រូពេទ្យបង្គោល ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត ព្រមទាំងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។ វេទិកានេះក៏មានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស លោកប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និងសមាជិក ស.ស.យ.ក ស្រុកព្រៃកប្បាស់ផងដែរ។
លោកអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស អ៊ិត សារ និងលោកប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស បានធ្វើជាវាគ្មិននៅក្នុងជំនួបអ្នករស់រានមានជីវិតទាំង១១៩នាក់ មកពីឃុំស្នោ និងឃុំក្ដាញ់ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
គោលបំណងនៃជំនួបនេះ គឺ ១) ពិភាក្សាបញ្ហាសុខភាពជាមួយវេជ្ជបណ្ឌិត ដើម្បីពិគ្រោះយោបល់អំពីជំងឺប្រចាំកាយដែលកើតឡើងរយៈពេលយូរមកហើយ ២) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែទាំសុខភាព តាមរយៈការពិនិត្យសុខភាពឲ្យបានញឹកញាប់ និង ៣) បង្ហាញប្រាប់អំពីប្រសិទ្ធភាពក្នុងការថែទាំសុខភាព។
នៅក្នុងវេទិកាជួបជុំ «ពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាព» មានបែងចែកកាលវិភាគដូចខាងក្រោម៖
ជាកិច្ចចាប់ផ្តើមដំបូង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកស្រី គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើការសំណេះសំណាលនិងសូរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងបញ្ហាសុខភាពប្រចាំថ្ងៃរបស់ពួកគាត់។ លើសពីនោះ អ្នកស្រី គឹម សុវណ្ណដានី ក៏បានបង្ហាញពីសកម្មភាពការងារដែលធ្វើជាបន្តបន្ទាប់។ តមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន៣នាក់ ចាប់ផ្ដើមវាស់សម្ពាធឈាម និងវាស់ចង្វាក់បេះដូងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤២នាក់ មកពីភូមិវាល, ភូមិក្ប៉ម, ភូមិក្រាំងវិច, ភូមិសម្ដេចពាន់ និងភូមិអង្គ ស្ថិតនៅក្នុងឃុំក្ដាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
ថ្ងៃបន្ទាប់ គឺថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស អ៊ិត សារ លោកប្រធានក្រុមប្រឹក្សាស្រុក និងសមាជិក ស.ស.យ.ក បានធ្វើការសំណេះសំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមកចូលរួមវេទិកាជួបជុំ ពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាព។ លោក អ៊ិត សារ សម្តែងសេចក្ដីត្រេកអរ និងថ្លែងអំណរអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំវេទិកានេះឡើងដើម្បីធ្វើឲ្យប្រជាជនក្នុងភូមិរបស់លោក ទទួលបានសេវាពិនិត្យសុខភព ដោយមិនចំណាយពេលយូរ។ លើសពីនេះទៅទៀត លោកក៏បានបញ្ជូនក្រុមយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ដើម្បីជួយសម្រួលសម្រួលក្នុងវេទិកាឲ្យមានភាពរលូនផងដែរ។ តមក គឺជាការចាប់ផ្ដើមពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៣៥នាក់ មកពីភូមិត្រពាំងរាំង និងភូមិក្រាំង ដោយវេជ្ជបណ្ឌិត ឡូវ ហាវ៉ាន់ គឺជាគ្រូពេទ្យបង្គោលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
នៅថ្ងៃចុងក្រោយ គឺថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នករស់រានមានជីវិតចំនួន៤២ មកពីភូមិទង្កែ, ភូមិស្នោ និង ភូមិរកា បានមកទទួលសេវាពិនិត្យសុខភាពពីវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ គឺជាគ្រូពេទ្យបង្គោលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ឆ្លងតាមការពិនិត្យសុខភាពរួចមក វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ បានសន្និដ្ឋានជារួមថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺនៅតែប្រឈមជំងឺលើសឈាម និងទឹកនោមផ្អែម។ ចំពោះបញ្ហាឈឺសន្លាក់ចង្កេះ ភាគច្រើនកើតមានលើមនុស្សស្រី ដោយសារអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានវ័យចំណាស់ប្រឈមនឹងការអស់រដូវ។ ប៉ុន្តែអ្វីដែលវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ សង្កេតឃើញខុសពីអ្នករស់រានមានជីវិតដទៃនៅតាមខេត្តផ្សេងៗ បន្ទាប់ពីលោកបានចុះទៅពិនិត្យសុខភាពអ្នកជំងឺរួច គឺមានអ្នកជំងឺ៣ទៅ៤នាក់ មានបញ្ហាពិការភ្នែកដោយការព្យាបាលភ្នែករបស់អ្នកជំងឺមានភាពយឺតយ៉ាវ។ លោកពិតជាសោកស្ដាយ ព្រោះអ្នកជំងឺមិនបានទៅពិភាក្សាជាមួយគ្រូពេទ្យដែលមានស្រាប់នៅក្នុងខេត្តរបស់ខ្លួន។ ម្យ៉ាងទៀត វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ សង្កេតឃើញអ្នកមានជំងឺលើសឈាមចំនួន៣នាក់ ដែលមិនសូវមានការយល់ដឹងពីការថែទាំសុខភាព បានបង្កឲ្យគាត់ពិការដល់សព្វថ្ងៃ។
ចំពោះបញ្ហាផ្លូវចិត្ត វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ សង្កេតឃើញថា នៅពេលលោកសួរនាំអ្នកជំងឺទាក់ទងទៅនឹងរឿងរ៉ាវពីរបបខ្មែរក្រហម និងរឿងរ៉ាវសព្វថ្ងៃ ធ្វើឲ្យអ្នកទាំងនេះមានការប៉ះពាល់អារម្មណ៍ ច្រើនជាងអ្នកជំងឺនៅខេត្តផ្សេង។ មិនមែនមានន័យថា អ្នកមានជំងឺផ្លូវចិត្តនេះមានច្រើនជាងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែជំងឺផ្លូវចិត្តនេះគឺមានច្រើនអាចរហូតដល់៥ទៅ៦នាក់ឯណោះ។ រីឯអ្នកជំងឺមានបញ្ហាផ្លូវចិត្តដដែល ដែលគាត់កំពុងតែព្យាបាលដោយថ្នាំ អ្នកជំងឺខ្លះកំពុងបញ្ឈប់ការព្យាបាល បណ្ដាលឲ្យអ្នកជំងឺទាំងនោះធ្វើទុក្ខឡើងវិញ និងអ្នកខ្លះទៀតមិនទាន់បានព្យាបាលនៅឡើយ។ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ បន្ថែមថា វេទិកាសួរសុខទុក្ខ និងពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមនៅតែសំខាន់ ពីព្រោះ អ៊ំ ពូ មីង យាយ តា មួយចំនួនធំមិនទាន់មានការយល់ដឹងពីការថែទាំសុខភាពនៅឡើយ។ តាមការស្ទាប់ស្ទង់មតិ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រហែលជា៧០ទៅ៨០ភាគរយនៃចំនួនសរុបដែលលោកបានពិគ្រោះជំងឺ គឺនៅតែមិនមានការយល់ដឹងច្រើនលើលើការថែទាំសុខភាព។
អត្ថបទ ៖ ជឹម សុខគា និង ង៉ាន់ វិន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា