មេឃុំព្រៃផ្តៅ ចាន់ អិន រំឮកពីអនុស្សាវរីយ៍ធ្វើកងទ័ពខ្មែរក្រហម ក្រោយពេលទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»

នៅក្នុងកម្មវិធីចែកចាយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានមាតាជាតិខ្មែរ ទៅកាន់អ្នកភូមិក្នុងឃុំព្រៃផ្តៅ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក ចាន់ អិន មេឃុំព្រៃផ្តៅ បានរំឭកពីប្រវត្តិធ្លាប់ធ្វើជាទាហានខ្មែរក្រហម ក្រោយពេលដែលគាត់បានទទួល និងបានអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» រួចមក។ ការលើកឡើងរបស់លោក ចាន់ អិន គឺដើម្បីធ្វើជាគំរូដល់អ្នកភូមិឯទៀត ឲ្យចូលរួមក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនឆ្លងកាត់របបខ្មែរក្រហម ប្រាប់ដល់ក្មេងៗជំនាន់ក្រោយ និងដើម្បីចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនាពេលអនាគត។ លោកបានលើកដៃឆ្វេង រួចបង្ហាញពីស្នាមរបួសត្រង់កដៃ ថាជាស្នាមរបួសដែលបន្សល់ទុកតាំងពីរបបខ្មែរក្រហមមក។ ស្នាមរបួស (បាក់កដៃ) នេះ គឺជាស្នាមរបួសដោយគ្រាប់កាំភ្លើងក្នុងពេលប្រយុទ្ធនឹងសត្រូវកាលពីទសវត្សរ៍ឆ្នាំ១៩៧០។ លោកបានចូលធ្វើកងទ័ពខ្មែរក្រហម តាំងពីលោកមានអាយុ១៥ឆ្នាំ គឺនៅក្នុងឆ្នាំ១៩៧២ ដោយសារតែដឹងពីការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ និងម៉្យាងទៀតដើម្បីចង់ការពារគ្រួសារពីការគំរាមកំហែងពីពួកកម្មាភិបាលមូលដ្ឋាន ដែលតែងតែចាប់កំហុសគ្រួសាររបស់គាត់។ ឪពុកម្តាយរបស់លោក ចាន់ អិន គឺជាអ្នកមានទ្រព្យសម្បត្តិនៅក្នុងភូមិ។ ក្រោយឆ្នាំ១៩៧៩ ចាន់ អិន បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយបច្ចុប្បន្ន គាត់បម្រើការងារជាប្រធានក្រុមប្រឹក្សាឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។

លោក ចាន់ អិន មេឃុំព្រៃផ្តៅ បានរំឭកពីប្រវត្តិធ្លាប់ធ្វើជាទាហានខ្មែរក្រហមប្រាប់ដល់ប្រជាជនក្នុងភូមិ ក្រោយពេលដែលគាត់បានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខាងក្រោមនេះ ជាការដកស្រង់សម្តីរបស់ លោក ចាន់ អិន ចេញពីប្រវត្តិរបស់គាត់ដែលឆ្លងកាត់របបខ្មែរក្រហម នៅក្នុងកម្មវិធីចែកចាយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានមាតាជាតិខ្មែរ ៖

«ខ្ញុំបានអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» បានខ្លះៗដែរ ហើយព្រឹត្តិការណ៍នៅក្នុងសៀវភៅនេះបានកើតឡើងក្នុងឆ្នាំ១៩៧៣ ពេលដែលសម្តេចព្រះ នរោត្តម សីហនុ យាងមកកាន់ប្រទេសកម្ពុជា មុនពេលដែលខ្ញុំត្រូវបានបញ្ជូនទៅកាន់ភាគឦសានប្រទេសនៅចុងឆ្នាំ១៩៧៣។ ដំបូងឡើយ ខ្ញុំមិនបានដឹងរឿងនេះទេ ប៉ុន្តែនៅឆ្នាំ១៩៧៤ ក្រុមខ្មែរក្រហម បានចែកទស្សនាវដ្តី (ភ្លេចឈ្មោះ) ឲ្យកងទ័ពមើល។ កាលនោះ ខ្ញុំគឺជាកងទ័ពខ្មែរក្រហមឈរជើងនៅភាគ‌ឦសាន។ ខ្ញុំបានរៀនដល់ត្រឹមថ្នាក់ទី៧ពីសង្គមចាស់។ ដូច្នេះ ខ្ញុំអាចអានអក្សរបាន។ នៅពេលនោះ ទើបខ្ញុំដឹងថា សម្តេចឪបានមកដល់ស្រុកខ្មែរ ហើយជួបជាមួយមេធំៗខ្មែរក្រហម។ ខ្ញុំមានកម្លាំងចិត្តតស៊ូណាស់ នៅពេលដែលបានអាន និងឃើញរូបថតសម្តេចថតជាមួយក្រុមមេធំៗខ្មែរក្រហម។

ខ្ញុំសូមនិយាយពីប្រវត្តិរបស់ខ្ញុំកាលពីខ្ញុំចេញទៅធ្វើកងទ័ពខ្មែរក្រហម។ ខ្ញុំបានចេញពីផ្ទះទៅធ្វើទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧២ តាំងពីខ្ញុំមានអាយុ១៥ឆ្នាំ។ មូលហេតុដែលនាំឲ្យខ្ញុំចេញពីផ្ទះចូលបម្រើជាទ័ពខ្មែរក្រហមនេះ គឺដោយសារតែចង់ឲ្យប្រទេសជាតិមានសម្តេចព្រះ នរោត្តម សីហនុ ជាមេដឹកនាំដូចពីមុន។ ខ្ញុំបានស្តាប់ឮការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ។ ខ្ញុំចង់ចូលរួមណាស់។ តាំងពី លន់ នល់ ធ្វើរដ្ឋប្រហារមក ឪពុកម្តាយរបស់ខ្ញុំដែលជាអ្នកមាននៅក្នុងភូមិ ត្រូវប្រធានឃុំ ប្រធានភូមិ និង កម្មាភិបាលខ្លះទៀត គម្រាមកំហែង រឹតត្បិត និងចាំតែចាប់កំហុសគ្រប់បែបយ៉ាង។ ថ្ងៃមួយ នៅពេលដែលខ្ញុំត្រឡប់មកពីភ្នំពេញវិញ ខ្ញុំបានស្តាប់ឮឪពុកម្តាយខ្ញុំត្អូញត្អែរពីភាពលំបាករបស់គាត់ក្នុងការរកស៊ីចិញ្ចឹមជីវិត ដោយសារតែមានការរឹតត្បិត និងមើលងាយពីពួកកម្មាភិបាលបដិវត្តន៍។ ខ្ញុំសូមបញ្ជាក់ដែរថា ខ្ញុំបានទៅបន្តការសិក្សារបស់ខ្ញុំនៅទីក្រុងភ្នំពេញ  ហើយស្នាក់នៅជាមួយបងប្អូននៅទីនោះ។ យូរៗទើបខ្ញុំត្រឡប់មកលេងស្រុកកំណើតម្តង។ ដោយសារខ្ញុំជាមនុស្សឆ្លាត ខ្ញុំបានដឹងពីសភាពការជាក់ស្តែងក្នុងពេលនោះថា មេឃុំ មេភូមិ និងកម្មាភិបាលខ្មែររំដោះឯទៀត មើលងាយគ្រួសារខ្ញុំ ដោយសារគ្រួសារខ្ញុំជាអ្នកមាន និងមិនជ្រះស្រឡះជាមួយអង្គការបដិវត្តន៍។ ខ្ញុំបានពិចារណា និងគិតគូរល្អិតល្អន់ថា ដើម្បីប្រទេសជាតិ និងគ្រួសារ ខ្ញុំត្រូវតែស្ម័គ្រចិត្តធ្វើកងទ័ពខាងខ្មែររំដោះ។ បន្ទាប់មក ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហមនៅស្រុកកំណើតតែម្តង។ ចាប់តាំងពីពេលនោះមក គ្រួសាររបស់ខ្ញុំលែងមាននរណាមកបៀតបៀនទៀតហើយ។ បន្ទាប់ពីចូលបម្រើកងទ័ពរួច ខ្ញុំតែងតែឆ្លៀតពេលសុំប្រធានអង្គភាពមកលេងផ្ទះ ហើយខ្ញុំតែងតែសំញ៉ែងកាំភ្លើងអាការរបស់ខ្ញុំដែលអង្គការបើកឲ្យដើម្បីឲ្យមេឃុំ មេភូមិបានឃើញ និងញញើត។ ជួនកាល ខ្ញុំបានស្នើសុំទៅកាន់មេឃុំមេភូមិទាំងនោះ ឲ្យជួយរកមាន់ទារ និងសាច់ ដើម្បីយកទៅជួយដល់រោងបាយធ្វើម្ហូបអាហារសម្រាប់កងទ័ពទៀតផង ហើយអ្នកទាំងនោះមិនដែលប្រកែកជាមួយខ្ញុំទេ។ នៅចុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបញ្ជូនទៅកាន់ខេត្តរតនៈគិរី ដើម្បីប្រយុទ្ធជាមួយសត្រូវ។ នៅដើមឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនមកវិញ ដើម្បីត្រៀមវាយប្រយុទ្ធយកទីក្រុងភ្នំពេញពីពួក លន់ នល់។ ខ្ញុំធ្លាប់បានចូលវាយផ្តាច់ និងគ្រប់គ្រងព្រលានយន្តហោះពោធិ៍ចិនតុង នៅក្នុងខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី១៧ មេសា ១៩៧៥ ខ្ញុំបានចូលដល់ទីក្រុងភ្នំពេញជាមួយកងទ័ពខ្មែរក្រហមឯទៀត។ ខ្ញុំបានចូលឆែកឆេរនៅតាមអគារមួយចំនួននៅម្តុំអង់តែនទូរទស្សន៍ និងកន្លែងផ្សេងទៀត។ នៅថ្ងៃទី១៨ ខែមេសា ខ្ញុំបានជិះកង់ចេញពីកង ដើម្បីស្វែងរកបងប្អូនរបស់ខ្ញុំ ដែលខ្ញុំធ្លាប់រស់នៅជាមួយកាលពីមុនខ្មែរក្រហម។ ខ្ញុំរកពួកគាត់មិនឃើញឡើយ។ ផ្ទះរបស់គាត់ត្រូវបិទទ្វារ និងគ្មានមនុស្សរស់នៅ។ នៅថ្ងៃទី១៩ ខ្ញុំបានវិលត្រឡប់ទៅកាន់កងរបស់ខ្ញុំវិញ ហើយមិត្តឯទៀតសួរនាំខ្ញុំពីការបាត់ខ្លួនខ្ញុំ។ ខ្ញុំបានកុហកអ្នកទាំងនោះថាខ្ញុំវង្វេងផ្លូវ។

លោក ចាន់ អិន មេឃុំព្រៃផ្តៅ បានរំឭកពីប្រវត្តិធ្លាប់ធ្វើជាទាហានខ្មែរក្រហមប្រាប់ដល់ប្រជាជនក្នុងភូមិ ក្រោយពេលដែលគាត់បានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ប្រហែលជាក្នុងខែកញ្ញា ឆ្នាំ១៩៧៥ ខ្ញុំធ្លាប់បានទៅទទួលសម្តេច សីហនុ នៅព្រលានយន្តហោះពោធិ៍ចិនតុង។ ខ្ញុំឃើញមានវត្តមានរបស់សម្តេចម៉ែ និងសម្តេច ប៉ែន នុត ដង្ហែរសម្តេចព្រះ នរោត្តម សីហនុ មកដែរ។ ក្នុងពេលទទួលនោះ ខ្ញុំក៏សង្កេតឃើញមាន សុន សេន, ហ៊ូ យន់, ហូ នឹម, វន វ៉េត និង អៀង សារី នៅចាំទទួលសម្តេច សីហនុ ដែរ។

នៅក្នុងខែមករា ឆ្នាំ១៩៧៦ ក្រោយពីមានកិច្ចប្រជុំសភារបស់ខ្មែរក្រហម និងបន្ទាប់ពីបានតែងតាំង ប៉ុល ពត ដែលជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម ជានាយករដ្ឋមន្ត្រីទី១របស់កម្ពុជាប្រជាធិបតេយ្យរួច ខ្ញុំត្រូវគេបញ្ជូនឲ្យទៅកាន់កន្លែងចាស់របស់ខ្ញុំ គឺនៅភាគឦសានប្រទេស ក្នុងខេត្តរតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះវិញ។ ក្នុងរយៈពេលនៃការស្នាក់នៅរបស់ខ្ញុំប៉ុន្មានឆ្នាំនេះ ខ្ញុំបានទៅដល់ផ្លូវលំហូជីមិញ និងបានឆ្លងកាត់តំបន់ សៀមប៉ាង វឺនសៃ និងអូរយ៉ាដាវ។ នៅចុងឆ្នាំ១៩៧៨ ក្នុងជួរកងទ័ពរបស់ខ្ញុំម្នាក់ៗភិតភ័យគ្រប់គ្នា ព្រោះសង្កេតឃើញថាឲ្យតែមានលិខិតអញ្ជើញឲ្យទៅចូលរួមប្រជុំនៅទីក្រុងភ្នំពេញ គឺដឹងតែបាត់ខ្លួនរហូតហើយ។ មេៗរបស់ខ្ញុំដែលបានទៅតាមការអញ្ជើញ គឺអត់មាននរណាម្នាក់វិលត្រឡប់មកអង្គភាពវិញទេ។ ខ្ញុំក៏ភ័យខ្លួននឹងគេដែរ ព្រោះគ្រួសាររបស់ខ្ញុំសុទ្ធតែជាអ្នកមានពីសង្គម។ ខ្ញុំបារម្ភពីសុខទុក្ខរបស់ឪពុកម្តាយខ្ញុំណាស់។ ខ្ញុំបានចូលរួមប្រយុទ្ធជាមួយសត្រូវជាច្រើនលើកច្រើនសារនៅក្នុងឆ្នាំ១៩៧៨។ នៅសមរភូមិចុងក្រោយ ខ្ញុំត្រូវគ្រាប់បាក់កដៃខាងឆ្វេង។ យុទ្ធមិត្តរួមក្រុម បានបញ្ជូនខ្ញុំចេញពីសមរភូមិ ហើយខ្ញុំត្រូវបានបញ្ជូនមកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យមួយកន្លែង (ភ្លេចឈ្មោះ) រហូតជាសះស្បើយ។ បន្ទាប់មក ខ្ញុំបានវិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្ញុំវិញ ហើយបន្តប្រយុទ្ធប្រឆាំងជាមួយកងទ័ពសត្រូវរហូតបាក់ទ័ព រត់ចោលសមរភូមិ។ ខ្ញុំ និងយុទ្ធមិត្តប៉ុន្មាននាក់ទៀត បានរត់ទៅដល់ខេត្តព្រះវិហារ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ មិត្តខ្ញុំខ្លះ បានរត់ឆ្ពោះទៅកាន់តំបន់អន្លង់វែង។ ចំណែកខ្ញុំបានវិលត្រឡប់មកកាន់ខេត្តសៀមរាប ហើយខ្ញុំបានចូលសារភាពនៅទីនោះ។ ខ្ញុំបានមកដល់ផ្ទះខ្ញុំឯស្រុកកំណើតវិញនៅក្រោយឆ្នាំ១៩៧៩ ពេលដែលខ្ញុំមានអាយុ២៣ឆ្នាំ។ ខ្ញុំបានចំណាយពេល៩៦ថ្ងៃ សម្រាប់ការធ្វើដំណើរដោយថ្មើរជើងពីភាគឦសានប្រទេស មកដល់ស្រុកកំណើត ដោយឆ្លងកាត់ខេត្តព្រះវិហារ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦។

ដូច្នេះអ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះ គឺជាប្រវត្តិរបស់ខ្ញុំ ហើយក៏ជាកសិណ្សសាក្សី ដែលធ្លាប់បម្រើការងារក្នុងជួរកងទ័ពខ្មែរក្រហម ដើម្បីបុព្វហេតុជាតិមាតុភូមិតាមការអំពាវនាវពីសម្តេចឪឲ្យរួមកម្លាំងជាមួយខ្មែរក្រហម ដើម្បីរំដោះប្រទេសឲ្យរួចផុតពីការត្រួតត្រារបស់ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារដោយខុសច្បាប់ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ពេលដែលខ្ញុំបានឃើញ និងបានអានសៀវភៅនេះ ខ្ញុំសូមអរព្រះគុណដល់សម្តេចម៉ែ ដែលលោកគឺជាសាក្សីប្រវត្តិសាស្ត្រពិតៗ ដែលបានរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងចំពោះព្រះអង្គក្នុងពេលមុនរបបខ្មែរក្រហម ហើយនៅពេលនេះ បងប្អូនប្រជាពលរដ្ឋរបស់ព្រះអង្គ បានដឹងហើយពីភាពលំបាករបស់ព្រះអង្គ ដើម្បីស្វែងរកសុខសន្តិភាពឲ្យកូនចៅ និងប្រទេសជាតិរបស់ព្រះអង្គ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាជនខកចិត្តបំផុតនេះគឺ ក្រោយខែមករា ឆ្នាំ១៩៧៦ ស្រាប់តែបាត់ដំណឹង និងលែងឮសូរឈ្មោះ ព្រមទាំងលែងឃើញព្រះភ័ក្រ្តសម្តេចព្រះ នរោត្តម សីហនុ តែម្តង។ បើកុំតែបានលោកគ្រូមានប្រសាសន៍ពីការជាប់ឃុំឃាំងរបស់សម្តេចព្រះ នរោ​ត្តម សីហនុ ក្នុងរបបខ្មែរក្រហម ម៉្លេះសមខ្ញុំនិងបងប្អូនឯទៀត នៅតែមិនបានដឹងពីទុក្ខលំបាក​របស់ព្រះអង្គឡើយ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖