សិស្សានុសិស្សនៃវិទ្យាល័យ ក្រាំងស្លា អានពីព្រឹត្តិការណ៍នៃការយាងមកដល់ប្រទេសកម្ពុជារបស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅខែមីនា ឆ្នាំ១៩៧៣

ស៊ុន ស្រីពេជ្រ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចប់មុនគេក្នុងចំណោមមិត្តរួមថ្នាក់ទាំងអស់ ដែលចូលរួមនៅក្នុងកម្មវិធីចែកសៀវភៅនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យ ក្រាំងស្លា។ ស្រីពេជ្រ ត្រូវបានណែនាំឲ្យអាននៅផ្នែកទី២ នៃដំណើរយាងមកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោយចាប់ផ្តើមអានពីទំព័រទី៣៤ និងបញ្ចប់នៅទំព័រទី៣៩។ នេះគឺជាកំណត់ហេតុថ្ងៃទី៩ នៃការយាងមកកាន់ប្រទេសកម្ពុជា និងជាថ្ងៃទី១ នៃការយាងមកដល់មាតុប្រទេសរបស់ព្រះអង្គទាំងទ្វេ។ សំណេរនៅក្នុងកំណត់ហេតុថ្ងៃទី៩នេះ បានរៀបរាប់អំពី សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពី ហូ នឹម គឺជារដ្ឋមន្ដ្រីក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា និង សុន សេន គឺជាប្រធានអគ្គសេនាធិការនៃកងទ័ពរំដោះ។

ទួន ច័ន្ទទិត្យ គឺជាសិស្សថ្នាក់ទី១២ ម្នាក់ទៀត បានអានបន្តពី ស្រីពេជ្រ ចាប់ពីទំព័រទី៤១ដល់ទំព័រ៤៤។ ទំព័រនេះ បង្ហាញអំពីដំណើរជាប្រវត្តិសាស្ត្រក្នុងថ្ងៃទី២ ដល់ ទី៤ របស់សម្តេចទាំងទ្វេនៅក្នុងទឹកដីប្រទេសកម្ពុជា ជាថ្ងៃដែលព្រះអង្គត្រូវបានទទួលស្វាគមន៍ដោយ ខៀវ សំផន និង សាឡុត ស នៅក្នុងព្រៃ។ នៅក្នុងសេចក្តីកំណត់ហេតុ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានរៀបរាប់អំពីការបន្តទម្លាក់គ្រាប់បែកពីលើអាកាសដោយពួកសត្រូវ មកលើទីតាំងមួយចំនួននៃទឹកដីប្រទេសកម្ពុជា។

សន សុគន្ធា បានអានបន្តពី ច័ន្ទ ទិត្យ ពីទំព័រទី៤៧ដល់ទំព័រទី៥២។ ទំព័រនេះ រៀបរាប់ពីការព្រួយបារម្ភចំពោះយន្តហោះសត្រូវ ដែលតែងតែហោះឆ្វែលចុះឡើងនៅពីលើអាកាសក្បែរព្រះរាជសំណាក់បណ្តោះអាសន្នរបស់ព្រះអង្គ។ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់បានឈ្វេងយល់ថា យន្តហោះសត្រូវទាំងនោះពិតជាបានដឹងពីព្រះរាជដំណើរយាងមកប្រទេសកម្ពុជារបស់ព្រះអង្គហើយ ទើបបានជាហោះពីលើអាកាសមិនដាច់សោះ។ សមាជិកកម្មាភិបាលខ្មែរក្រហម បានទូលសម្តេចថា ទីកន្លែងដែលសម្តេចកំពុងស្នាក់នៅនេះ គឺពុំដែលមានយន្តហោះហោះកាត់ទេ។ ប៉ុន្តែពេលនេះ ហាក់ដូចជាចម្លែកណាស់។ ទីបំផុត សម្តេចទាំងទ្វេ ត្រូវបានចាកចេញពីទីកន្លែងនេះឆ្ពោះទៅកាន់តំបន់ផ្សេងទៀតដោយសុវត្ថិភាព។

កឹម សុភី បានអានបន្តពី សុគន្ធា ត្រង់ទំព័រទី៥៣ ហើយបានបញ្ចប់ការអាននៅត្រឹមទំព័រទី៥៦។ ទំព័រដែល សុភី បានអានបង្ហាញពីដំណើររបស់សម្តេចព្រះ នរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងមកដល់ទឹកដីខេត្តព្រះវិហារ និងបានបន្តទៅកាន់ខេត្តសៀមរាប។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ ព្រះអង្គទាំងទ្វេជួបប្រទះការលំបាកជាច្រើន ដោយសារការគេចចេញពីការទម្លាក់គ្រាប់បែកពីកម្លាំងសត្រូវ។ នៅតាមផ្លូវ ព្រះអង្គត្រូវបានទទួលស្វាគមន៍ពី ហ៊ូ យន់ និង នួន ជា។ បន្ទាប់ពីអានចប់សិស្សានុសិស្សទំាងអស់ដល់ម៉ោងសម្រាកដោយបាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់​ហេតុ​របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីទុកអាននៅផ្ទះបន្តទៀត។

សូមរំឭកថា វេទិកាអំណានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នេះបានធ្វើឡើងនៅក្នុងកម្មវិធីចែកសៀវភៅមួយ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៅក្នុងបរិវេណវិទ្យាល័យ ក្រាំងស្លា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានសិស្សានុសិស្សចំនួន១១៥នាក់ ក្នុងនោះស្រី៤០នាក់ បានចូលរួមនៅក្នុងកម្មវិធីនេះ ហើយសៀវភៅចំនួន១១៥ក្បាល ក៏ត្រូវបានចែកជូនដល់សិស្សានុសិស្សទាំងនោះដែរ។ កម្មវិធីនេះ មានការចូលរួមពីនាយក នាយករង និងគ្រូបង្រៀននៃវិទ្យាល័យ ក្រាំងស្លា ហើយបានបញ្ចប់នៅម៉ោង១១ព្រឹក។

បន្ទាប់ពីបានទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ ម៉ិល សុខា ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រាំងស្លា។  ខ្ញុំមានអារម្មណ៍រីករាយ ដែលបានអានសៀវភៅដែលសរសេរចងក្រងដោយសម្តេចយាយជាលើកដំបូង។ ខ្ញុំចង់ដឹងបន្ថែមទៀតពីប្រវត្តិសាស្ត្រខ្មែរ។ ខ្ញុំបានដឹងអំពីការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងការបង្កើតរណសិរ្សរួមរួមជាតិ ព្រោះព្រះអង្គចង់បង្រួបបង្រួមជាតិឡើងវិញ។ ជាចុងក្រោយខ្ញុំសូមថ្វាយព្រះ ពរដល់សម្ដេចយាយឲ្យមានព្រះជន្មរាប់រយព្រះវស្សា នៅគង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅជំនាន់ក្រោយ។

ខ្ញុំឈ្មោះ ណោ ស្រីពេជ ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រាំងស្លា។ ខ្ញុំមានអារម្មណ៍រំភើបដែលទទួលសៀវ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោ​ត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទើបបោះពុម្ព។ សៀវភៅនេះបានបង្ហាញឲ្យឃើញច្បាស់ពីការយាងត្រឡប់មកវិញរបស់សម្ដេចយាយ និងសម្ដេចតាមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជារយៈពេលជាង៣ឆ្នាំ។ ខ្ញុំចង់ឲ្យសិស្សានុសិស្សទាំងអស់យល់ដឹងពីប្រវត្តិសាស្ត្រឲ្យបានច្រើនជាពិសេសអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះឲ្យបានចប់។ ខ្ញុំបានដឹងអំពីការធ្វើរដ្ឋប្រហាររបស់ លន់ នល់ និងមានការទម្លាក់គ្រាប់បែកជាច្រើនដែលធ្វើឲ្យបាត់បងជីវិតមនុស្ស។ បន្ទាប់មក សម្ដេចព្រះ នរោត្ដម សីហនុ បានបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ដើម្បីរំដោះកម្ពុជាចេញពីរបប លន់ នល់។ ជាចុងក្រោយ ខ្ញុំសូមថ្វាយព្រះពរឲ្យសម្ដេចយាយមានព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីជាម្លប់ដល់កូនចៅជំនាន់ក្រោយ។

អត្ថបទ ៖ រឹម ស្រីស្រស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖