ខ្ញុំឈ្មោះ ង៉ែត សំ ភេទប្រុស កើតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៦១។ មកដល់សព្វថ្ងៃ ខ្ញុំមានអាយុ៦២ឆ្នាំហើយ និងរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានស្រុកកំណើតនៅភូមិកសិករ ឃុំស្រឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ ខ្ញុំចូលរៀននៅសាលាវត្តអង្គស្តុកក្នុងឆ្នាំ១៩៦៨។ រហូតដល់ថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋដោយសេនាប្រមុខ លន់ នល់ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំមិនសូវបានរៀនជាប់ដូចពីមុនទេ ព្រោះមានសង្រ្គាម ហើយខ្ញុំរត់គេចគ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែក។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារខ្ញុំទៅកាន់ភូមិ៤ ឃុំព្រៃយុទ្ធថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ជាប់ព្រំដែនវៀតណាម។ ពេលនោះខ្មែរក្រហមចាត់ឲ្យខ្ញុំឲ្យឃ្វាលគោជាមួយកងមនុស្សចាស់ រហូតដល់ឆ្នាំ១៩៧៦ ទើបអង្គការផ្លាស់ខ្ញុំមកនៅកងកុមារក្លាហានវិញ។ ខ្ញុំត្រូវធ្វើការងារនៅតាមកងចល័ត នៅភូមិបន្ទាយភ្នាយ ឃុំព្រៃបាយ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ទីកន្លែងដែលខ្ញុំរស់នៅមានចម្ងាយប្រហែលជាង២០ គីឡូម៉ែត្រ ពីកន្លែងឪពុកម្តាយខ្ញុំរស់នៅ។ ការងាររបស់ខ្ញុំគឺជីកប្រឡាយ លើកទំនប់ ធ្វើស្រែបីដងក្នុងមួយឆ្នាំ។
នៅចុងឆ្នាំ១៩៧៧ កងទ័ពវៀតណាមវាយចូលកាន់កាប់ស្រុកកោះអណ្តែតទាំងស្រុង ហើយមិនយូរប៉ុន្មានកងទ័ពខ្មែរក្រហមក៏វាយដណ្តើមយកមកវិញ។ ពេលនោះ ខ្ញុំត្រូវបានខ្មែរក្រហមយកទៅផ្ញើនៅតាមកងចល័តនៅភូមិពោន ឃុំអង្គុញ ស្រុកទ្រាំង ខេត្តតាកែវ។
អំឡុងពេលនោះ ខ្ញុំត្រូវប្រធានកងចល័តយល់ច្រឡំថា ខ្ញុំគឺជាមនុស្សដែលខ្មែរក្រហមបញ្ជូនពីព្រំដែនវៀតណាមមក ហេតុនេះហើយទើបប្រធានកងចល័តចោទខ្ញុំថា គឺជាខ្មែរកម្ពុជាក្រោមដោយធ្វើការលត់ដំឲ្យខ្ញុំធ្វើការងាររែកដី ជីកប្រឡាយជាទម្ងន់។ ពេលព្រឹក ខ្ញុំរែកដីចំនួន២ម៉ែត្រគុបកន្លះ និងពេលរសៀលចំនួន២ម៉ែត្រគុបកន្លះទៀត។ ប្រសិនបើខ្ញុំធ្វើការមិនរួចតាមផែនការកំណត់ទេ ត្រូវធ្វើការងារពេលយប់បន្ថែម និងមិនទទួលបានរបបអាហារទេ។ ដោយសារតែខ្ញុំធ្វើការងារលើសកម្លាំង និងខ្វះខាតអាហារ ខ្ញុំក៏ធ្លាក់ខ្លួនឈឺ។ ខ្មែរក្រហមចោទខ្ញុំថា ធ្វើពុតជាឈឺគេចវេះពីការងារ ហើយវាយដំខ្ញុំដើម្បីកុំឲ្យអ្នកផ្សេងទៀតយគំរូតាមខ្ញុំ។ ខ្មែរក្រហមបែងចែកកម្លាំងធ្វើការងារក្នុងមួយពួកមាន៦នាក់ មួយក្រុមមាន១២នាក់ និងមួយកងមានមនុស្សចំនួន៣០នាក់, ៥០នាក់ និងរហូតទៅដល់១០០នាក់។ កងកម្លាំងពួកប្រជុំតិទៀនចំនួន៣ថ្ងៃម្តង។ ចំណែកកងកម្លាំងក្រុមប្រជុំតិទៀននិងបូកសរុបការងាររយៈពេល៦ថ្ងៃម្តង។ ការប្រជុំរួមគ្នាក្នុងមួយខែបីដង ដោយប្រជុំនៅរៀងរាល់ថ្ងៃទី១០ ទី២០ និងទី៣០។ មុនពេលកិច្ចប្រជុំចាប់ផ្តើមមានការស្រែកជ័យឃោសបីដង និងប្តេជ្ញាបីដង រួចទើបធ្វើដំណើរជាជួរទៅកាន់ទីកន្លែងប្រជុំបដិវត្តន៍។
នៅក្នុងស្រុករបស់ខ្ញុំនៅក្នុងរបបខ្មែរក្រហម មានមន្ទីរសន្តិសុខដូចជា មន្ទីរតាម៉ន ស្ថិតនៅក្នុងភូមិអង្គក្រូវ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលបានសម្លាប់ប្រជាជនចំនួនប្រហែលជាងបីម៉ឺននាក់ និងទីតាំងសម្លាប់មនុស្សមួយកន្លែងទៀតស្ថិតនៅភូមិក្របៀត ក្នុងតំបន់ភ្នំក្រិល ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ នៅពេលខ្ញុំនឹកឃើញដល់របបខ្មែរក្រហម ខ្ញុំមានការឈឺចាប់ខ្លោចផ្សាមិនអាចបំភ្លេចបានឡើយ ខ្ញុំមានអារម្មណ៍ហាក់ដូចជារឿងទាំងអស់នោះទើបនឹងកើតឡើងថ្មីៗពីម្សិលមិញ។ ខ្ញុំបាត់បង់ពូម្នាក់នៅក្នុងរបបខ្មែរក្រហមដោយសារគាត់គឺជាអតីតទាហាន លន់ នល់។
អត្ថបទ ៖ ផន វន្នី អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅភូមិបាក់នឹម