វេទិកាប្រវត្តិសាស្រ្ត និងសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងជនពិការ នៅស្រុកកោះសូទិន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯសារកម្ពុជា រៀបចំវេទិកាប្រវត្តិសាស្រ្ត និងសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងជនពិការ នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន​ ដោយមានការចូលរួមពីលោក ឌឿន គឹមសាន មេភូមិទី៨, អ្នកគ្រូ ម៉ៅ វណ្ណា តំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងឃុំកោះសូទិន រួមទាំងអ្នក​រស់រានមានជីវិត​​ពី​របប​ខ្មែរក្រហមចំនួន២០នាក់មកពីស្រុកកោះសូទិន និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា។ វេទិកា​នេះដែលបានប្រព្រឹត្តទៅនៅក្រោយផ្ទះរបស់អ្នកភូមិទី៨ ឃុំកោះសូទិន ក្នុងគោលបំណងដើម្បីបង្កើតឲ្យមានឱកាសជួបសួរសុខទុក្ខ និងឈ្វេងយល់អំពីពិសោធន៍ក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពរបស់អ្នក​រស់​រាន​មាន​ជីវិតពីរបបខ្មែរក្រហម​។

ជាការចាប់ផ្ដើម​ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានថ្លែងបើកវេទិកាដោយបានរំឭកអំពីសារសំខាន់នៃការចងចាំប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលប្រជាជនកម្ពុជាឆ្លងកាត់រាល់ទុក្ខវេទនា, ការបែកបាក់គ្រួសារ និងការបាត់បង់ជីវិត។ ផ្អែកតាមការស្រាវជ្រាវរបស់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានជួបសួរសុខទុក្ខ និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅស្រុកកោះសូទិនចំនួនប្រហែល៣០០នាក់ មានជនរងគ្រោះជាច្រើនត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅវត្តចុងកោះ ខណៈពេលដែលអ្នកភូមិផ្សេងទៀតត្រូវបានបញ្ជូនទៅធ្វើការងារផ្សេងៗនៅក្នុងកងចល័ត នៅតាមការដ្ឋាន ក្នុងនោះគឺ ការដ្ឋានឆ្ន័ត្រ។​ អ្នករស់រានមានជីវិតនៅមូលដ្ឋានកោះសូទិននៅតែចងចាំមិនភ្លេចរាល់ទុក្ខវេទនា និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួនក្នុងរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតភាគច្រើនបន្តទទួលរងផលប៉ះពាល់ពីរបបខ្មែរក្រហម ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។

ជាកិច្ចបន្ត លោក សោម សេរី សមាជិកក្រុមប្រឹក្សាឃុំកោះសូទិន បានថ្លែងចំណាប់អារម្មណ៍ថា វេទិកានេះគឺល្អដែលក្រុមការងារបានចុះមកជួប និងសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានកោះសូទិន ដើម្បីដឹងអំពីបទពិសោធន៍ក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាព ក៏ដូចជាការផ្ដោតយកចិត្តទុកដាក់ដល់ជនពិការក្នុងមូលដ្ឋាននេះ។

បន្ទាប់មក អ្នកស្រី សូ ហ្វារីណា នាយិកា​រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានលើកឡើងអំពីគម្រោងប្រវត្តិសាស្រ្ត និងសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលអ្នកស្ម័គ្រចិត្តកម្ពុជាបានចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេស។ ក្នុងជំនួបវេទិកានេះផងដែរ ក្រុមការងារនឹងផ្ដោតទៅលើការចែករំលែកបទពិសោធន៍ជីវិតរបស់អ៊ំប្រុសអ៊ំស្រីក្នុងរបបខ្មែរក្រហម ស្ថានភាពសុខភាព និងតម្រូវការរបស់ជនពិការ។

​អ្នកគ្រូ ម៉ៅ វណ្ណា តំណាងសមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហមក្នុងមូលដ្ឋានកោះសូ ទិនបានថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះមកជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិទី៨នេះ។ អ្នកគ្រូ វណ្ណា បន្តថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋាននេះ ដែលមានអាយុកាន់តែច្រើន និងសុខភាពកាន់តែខ្សោយ នៅតែចងចាំអំពីការរងទុក្ខវេទនា និងការស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ អ្នកគ្រូ វណ្ណា បានរំឭកអំពីរឿងរ៉ាវរបស់គាត់ដែលស្ទើរតែត្រូវបានយកទៅសម្លាប់ និងការសម្លាប់របស់ខ្មែរក្រហមទៅលើគ្រួសាររបស់គាត់ ដោយបានចាប់ចង និងសម្លាប់ទម្លាក់ចូលក្នុងទឹកទន្លេ។ អ្នកគ្រូ វណ្ណា បានបាត់បង់សមាជិកគ្រួសាជាទីស្រាឡាញ់ រួមមាន ឪពុកម្ដាយ និងបងប្អូនប្រុសស្រីចំនួន៤នាក់។ ជាចុងក្រោយ អ្នកគ្រូ វណ្ណា ក៏បានលើកឡើងផងដែរអំពីស្ថានភាពចុះខ្សោយរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមទាំងអ្នកគ្រូផ្ទាល់ និងសារសំខាន់នៃការបន្តនិយាយប្រាប់ក្មេងជំនាន់ក្រោយអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងមូលដ្ឋានក្នុងរបបខ្មែរក្រហម។

អ៊ំស្រី ស៊ុន ហ៊ីម អាយុ៧៩ឆ្នាំ រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន មានកូនប្រុសស្រីសរុបចំនួន៦នាក់ ប៉ុន្តែជាអកុសល កូនប្រុសម្នាក់របស់អ៊ំស្រីឈ្មោះ លាង បច្ចុប្បន្នអាយុ៤៥ឆ្នាំ កើតមកមិនគ្រប់ទឹកនៅឆ្នាំ១៩៨០។ នៅឆ្នាំ១៩៧៥ អ៊ំស្រី ហ៊ីម ចាប់ផ្ដើមធ្វើការកងប្រវាស់ដៃដើម្បីជួយច្រូតស្រូវ និងប្រមូលផលដំណាំចែកគ្នាហូប។ នៅពេលដែលសហករណ៍ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៦ អ្នកភូមិត្រូវបានដាក់ចូលធ្វើការនៅតាមកងចល័តនៅតាមការដ្ឋានរែកដីលើកទំនប់នៅចុងកោះ។ អ៊ំស្រី ហ៊ីម ដែលនៅពេលនោះមានអាយុប្រហែល៣០ឆ្នាំ ត្រូវបានចាត់តាំងធ្វើការនៅកងចល័តនារី ដោយត្រូវងើបពីម៉ោង៥ និងចេញទៅប្រជុំជួរប្រហែលរយៈពេលកន្លះម៉ោងដើម្បីប្រាប់ពីការចាត់ចែងឲ្យទៅធ្វើការតាមគោលដៅកំណត់។ អ៊ំស្រី ហ៊ីម ត្រូវធ្វើការចាប់ពីម៉ោង៦ដល់ម៉ោង១១ទើបបានឈប់សម្រាកហូបបបរថ្ងៃត្រង់ និងបន្តធ្វើការងារចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច។ នៅឆ្នាំ១៩៧៧ អ៊ំស្រី ហ៊ីម និងគ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសទៅល្វាឯមដោយជិះទូក។ អ៊ំស្រី ហ៊ីម បន្តធ្វើការគ្មានអាហារហូប និងពេលសម្រាកគ្រប់គ្រាន់នៅកងចល័ត ​រួមមាន ដកស្ទូង និងច្រូតស្រូវ រហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចូលមករំដោះប្រជាជននៅដើមឆ្នាំ១៩៧៩។ អ៊ំស្រី ហ៊ីម បានរួចផុតពីការធ្វើការងារហួសកម្លាំង និងសេចក្ដីអត់ឃ្លាននៅពេលនោះ។ នៅដើមឆ្នាំ១៩៨០ អ៊ំស្រី ហ៊ីម បានបង្កើតកូនប្រុសម្នាក់ ឈ្មោះ ឈុន លាង ដែលមានជំងឺខ្សោយបញ្ញាតាំងពីកំណើត។

អត្ថបទ ៖ ទូច វណ្ណេត និង លី ដេវីត បុគ្គលិកមជ្ឈមណ្ឌល​ឯកសារកម្ពុជា

រូបថត ​៖  លី ដេវីត/បុគ្គលិកមជ្ឈមណ្ឌល​ឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖