ហេម ហ៊ីន៖ អតីតពេទ្យសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ហេម ហ៊ីន អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ហេម ហីន ចំណែកម្ដាយឈ្មោះ ប្រាក់​​ និងមានបងប្អូនបង្កើតចំនួន៧នាក់ គឺស្រីចំនួន៤នាក់ និងប្រុសចំនួន៣នាក់។ បងប្អូនរបស់ខ្ញុំស្លាប់២នាក់ ដោយម្នាក់បានជាន់គ្រាប់មីនផ្ទុះស្លាប់ពេលទៅឃ្វាលក្របី និងម្នាក់ទៀតស្លាប់ដោយសារជំងឺ។ ខ្ញុំមានប្ដីឈ្មោះ ស៊ូន ប៉ាន់ និងមានកូនចំនួន៥នាក់។ កូនៗខ្ញុំស្លាប់ពីរនាក់ដោយសារជំងឺ។

កាលពីកុមារខ្ញុំរៀននៅសាលាវត្តរំចេក ជាមួយគ្រូ ឈួន។ នៅក្នុងថ្នាក់ខ្ញុំរៀនមានសិស្សចំនួន២០នាក់។  ពេលព្រឹក ខ្ញុំចូលរៀននៅម៉ោង៧ និងចេញពីរៀននៅម៉ោង៩។ បន្ទាប់ពីចេញពីរៀន ខ្ញុំត្រូវឃ្វាលគោក្របីជាមួយក្មេងៗនៅភូមិ។

នៅពេលនោះមានកងទ័ពវៀតកុងឬយួនខាងជើងបានរស់នៅពេញព្រៃក្បែរៗភូមិ។ មិនយូរប៉ុន្មានក៏មានការទម្លាក់គ្រាប់បែបលើកងទ័ពវៀតកុងទាំងនោះ។ ឃើញហេតុការណ៍ដូច្នេះ តាយាយរបស់ខ្ញុំក៏ហៅខ្ញុំឲ្យចូលពួនក្នុងរណ្ដៅត្រង់សេ រហូតដល់ឈប់ឮសំឡេងទម្លាក់គ្រាប់បែកទើបខ្ញុំរត់មកផ្ទះវិញ។ នៅឆ្នាំ១៩៧៥ នៅក្នុងភូមិរបស់ខ្ញុំមានបង្កើតជាសហករណ៍ និងប្រមូលចាន ឆ្នាំង ដាក់រួម គឺនៅសល់តែគោ-ក្របីមិនទាន់ដាក់រួម។ បន្ទាប់មកទៀតខ្មែរក្រហមឲ្យប្រជាជនហូបរួម នៅសាលារៀនក្នុងភូមិ។

ហេម ហ៊ីន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេកស្រុកមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា)

 

ខ្មែរក្រហមឲ្យខ្ញុំធ្វើការនៅកងចល័ត គឺ ច្រូតស្រូវ, ដក និង ស្ទូង។ ខ្ញុំក្រោកធ្វើការនៅវេលាម៉ោង៣ភ្លឺ ប៉ុន្តែខ្ញុំមិនអាចស៊ូទ្រាំនឹងការងារដូចចាស់ៗឡើយ ព្រោះខ្ញុំទើបតែអាយុ១៥ឆ្នាំ។ ឪពុករបស់ខ្ញុំគឺជាប្រធានក្រុមខ្ញុំ ហើយរយៈ៣ថ្ងៃខ្មែរក្រហមផ្លាស់ប្តូរប្រធានក្រុមម្ដង ដែលប្រធានក្រុមទាំងនោះមានឈ្មោះដូចជា តា តុម, តា អួន, តា ហ៊ីន គឺជាឪពុករបស់ខ្ញុំ។ ក្រុមរបស់ខ្ញុំមានសមាជិកចំនួន១៥នាក់ ជីកប្រឡាយ និងលើកទំនប់ ខ្ញុំធ្វើការនៅភូមិព្នៅ។

ក្រោយពេលឪពុកខ្ញុំឈឺ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្នៅ ខ្ញុំត្រូវបានដកមកធ្វើការនៅពេទ្យស្រុក និងបម្រើឪពុកខ្ញុំនៅទីនោះ។ តាគួង គឺជាអ្នកប្រាប់ឲ្យខ្ញុំមកធ្វើការនៅមន្ទីរពេទ្យព្នៅ ហើយខ្ញុំរៀនចាក់ថ្នាំនៅទីនោះ។ ពេលថ្ងៃ តា គួង ចាត់ឲ្យខ្ញុំទៅឃ្វាលក្របីនៅទួលខែ។ ចំណែកពេលព្រឹក និងល្ងាចដើរចាក់ថ្នាំឲ្យអ្នកជំងឺ។ ដំបូងខ្ញុំមិនហ៊ានចាក់ថ្នាំឲ្យអ្នកជំងឺឡើយ ដូច្នេះ យាយ ផុន បង្រៀនខ្ញុំពីរបៀបចាក់ថ្នាំ និងការប្រើប្រាស់ថ្នាំដោយផ្ទាល់។ បន្ទាប់មក ខ្ញុំផ្លាស់ទៅរស់នៅស្រែសង្កែរយៈពេល២ខែ ទើបយាយផុន ហៅខ្ញុំទៅរស់ចម្ការកាហ្វេនៅភូមិឡូព្រោះខ្វះពេទ្យ។ នៅទីនោះមានប្រជាជនឈឺច្រើន ហើយភាគច្រើនកើតជំងឺគ្រុនបាញ់។ មានប្រជាជនច្រើនណាស់ស្លាប់នៅចម្ការកាហ្វេ។ ខ្ញុំធ្វើនៅទីនោះបានរយៈពេល៤ខែ កងទ័ពវៀតណាមបានវាយចូលមក។

ខ្ញុំត្រឡប់ទៅភូមិរំចេកវិញ ខណៈនោះប្រធានភូមិឈ្មោះ អែម ហោង ប្រាប់ខ្ញុំឲ្យរត់ទៅត្រពាំងរាំង។ ខ្ញុំស្នាក់នៅត្រពាំងរាំងបានរយៈពេល៧ថ្ងៃ ក៏ភៀសខ្លួនបន្តទៅស្រែត្រៀក និងវាលកន្សែង។ ក្រោយមក ខ្ញុំទៅរស់នៅភូមិជីទ្រុន ហើយនៅទីនោះខ្ញុំធ្វើការងារកាច់ពោត ហើយល្ងាចទើបត្រឡប់មកសម្រាកវិញ។ ខ្ញុំធ្វើការងារភូមិជីទ្រុនបានរយៈពេលកន្លះខែឈ្មោះ សំអាង ប្រាប់ឲ្យខ្ញុំត្រឡប់មករស់នៅភូមិរំចេកវិញ។ ប៉ុន្តែខ្ញុំភៀសខ្លួនបន្តទៅដល់ភូមិត្របែក និងខ្នងក្រពើ ហើយពេលនោះបានជួបរថយន្តវៀតណាម។ វៀតណាមបើកអង្ករ មី ឲ្យខ្ញុំ និងប្រជាជនដែលរត់ភៀសខ្លួន ហើយឲ្យទៅភូមិរូងជាប់ព្រំដែនវៀតណាម។ ខ្ញុំរស់នៅទីនោះបានរយៈពេល១សប្ដាហ៍ ក៏ផ្លាស់ទៅនៅភ្នំជើងអណ្ដែងក្នុងប្រទេសវៀតណាម។ នៅទីនោះ ប៉ែន សុវណ្ណ បានកោះហៅប្រជាជនខ្មែរឲ្យទៅចូលរួមពិធីប្រារព្ធនៃថ្ងៃបង្កើតរណសិរ្ស២ឆ្នូ ហើយខ្ញុំបានទៅចូលរួមកម្មពិធីមួយព្រឹក។

បន្ទាប់ពីចូលរួមពិធីប្រារព្ធនៃថ្ងៃបង្កើតរណសិរ្ស២ឆ្នូរួច ខ្ញុំបានចូលធ្វើកងទ័ពជាមួយវៀតណាម។ ខ្ញុំហ្វឹកហាត់ពីរបៀបប្រយុទ្ធនិងប្រើប្រាស់កាំភ្លើងនៅឡុងយ៉ាវ ដោយមានជនជាតិខ្មែរគឺជាអ្នកបង្រៀន។ ក្រោយមក ខ្ញុំបានចូលរួមពិធីអបអរជ័យជម្នះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅស្តាតអូឡាំពិច ក្នុងទីក្រុងភ្នំពេញ។ បន្ទាប់មក ខ្ញុំទៅជាមួយកងទ័ពនៅព្រៃបន្ទុំជិតជើងភ្នំអណ្តែងក្នុងប្រទេសវៀតណាមរយៈពេល២ខែ ប៉ុន្តែដោយសារខ្ញុំនឹកឪពុកម្ដាយខ្លាំងពេក ក៏សុំច្បាប់ប្រធានអង្គភាពមកផ្ទះវិញ។ ដំបូងខ្ញុំមកស្នាក់នៅជាមួយមីងនៅក្នុងក្រុងកំពង់ចាមរយៈពេល១០ថ្ងៃ រួចក៏បន្តដំណើរមកមេមត់ ដោយពេលនោះម្ដាយរបស់ខ្ញុំមកចាំទទួលខ្ញុំនៅមេមត់។ សំណាងល្អនៅតាមផ្លូវខ្ញុំបានជួបរទេះគោអ្នកស្រុកបរមក ហើយខ្ញុំនិងម្តាយបានសុំអ្នកបរទេះជិះត្រឡប់មកភូមិវិញ។

ពេលមកភូមិកំណើតវិញ ខ្ញុំឈប់ធ្វើទាហាន និងរស់នៅជុំគ្នាជាមួយម្ដាយ។ ខ្ញុំរៀបការនៅអាយុ២៤ឆ្នាំ និងប្រកបរបរធ្វើការរកស៊ី ធ្វើចម្ការ ស្រែ រហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទ ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម

អត្ថបទផ្សេងទៀត៖