ក្រុមនិស្សិតស្រ្តីមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមនិស្សិតស្រ្តីដែលកំពុងសិក្សាឆ្នាំទី១ ជំនាញ ពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពងចាម។ និស្សិតដែលចូលរួមទស្សនកិច្ចនេះមានចំនួនសរុប ១៣នាក់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្ត​កំពង់ចាម។

ក្រុមនិស្សិតស្រ្តីដែលកំពុងសិក្សាឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពងចាម។ (លី ដេវីដ និង វ៉ា ដារ៉ាពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ជាកិច្ចចាប់ផ្ដើម ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបាននាំនិស្សិតទាំងអស់​ទៅទស្សនាពិព័រណ៍រូបថត ដើម្បីស្វែងយល់បន្ថែមទៅលើចំណេះដឹងប្រវត្តិសាស្រ្ត។ ក្នុងឱកាសទស្សនកិច្ចនេះ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានបង្ហាញនិស្សិតទាំងអស់នូវកម្មវិធីអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងឯកសារខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងបានលើកទឹកចិត្តនិស្សិតធ្វើការស្រាវ​ជ្រាវបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ បន្ទាប់ពីការធ្វើបទបង្ហាញ និស្សិតទាំងអស់បានទស្សនាវីដេអូឯកសារ មានចំណងជើងថា ក្តីសង្ឃឹមសម្រាប់អនាគត «Hope For The Future» ដែលបានលើកឡើងអំពីស្ដ្រីពកូននៅក្នុងរូបថតដ៏ល្បីល្បាញមួយសន្លឹកនៅសារ​មន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬអតីតមន្ទីរសន្តិសុខ ស-២១ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

ក្រុមនិស្សិតស្រ្តីដែលកំពុងសិក្សាឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពងចាម។ (លី ដេវីដ និងវ៉ា ដារ៉ាពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីបានទស្សនាវីដេអូឯកសារ និស្សិតទាំងអស់ក៏បានចូលរួមវេទិកាសន្ទនាអន្តរជំនាន់ជាមួយ អៀង សារឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសមាជិកសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សារឿន បានចែករំលែកអំពីរឿងរ៉ាវជីវិតរបស់ខ្លួន និងការចូលធ្វើជាពេទ្យកងទ័ពខ្មែរក្រហមទៅកាន់ក្រុមនិស្សិត។ នៅពេលដែល សារឿន បានបញ្ចប់ការនិយាយរៀបរាប់ពីបទពិសោធន៍ជីវិតនៅក្នុងរបបខ្មែរក្រហម ការពិភាក្សា និងការសួរសំណួរបានចាប់ផ្ដើម។ នៅក្នុងការជជែកពិភាក្សានេះ ក្រុមនិស្សិតបានសួរសំណួរទៅកាន់ សារឿន រួមមាន៖

អៀង សារឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសមាជិកសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកអំពីរឿងរ៉ាវជីវិតរបស់ខ្លួននៅក្នុងរបបខ្មែរក្រហមទៅកាន់និស្សិត។ (លី ដេវីដ និងវ៉ា ដារ៉ាពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ទី១) តើអ៊ំប្រុសមានបាត់បង់សមាជិកគ្រួសារដែរឬទេ?

ទី២) តើអ៊ំប្រុសត្រូវបានបញ្ជូនទៅសមរភូមិមុខដែរឬទេ?

ទី៣) តើការហូបចុកគ្រប់គ្រាន់ដែរឬទេ

ទី៤) តើកុមារធ្វើការងារអ្វីខ្លះ និងទទួលបានរបបអាហារយ៉ាងដូចម្ដេច?

ទី៥) តើមូលហេតុអ្វីបានជាអ៊ំប្រុសចូលធ្វើជាពេទ្យកងទ័ពខ្មែរក្រហម?

ជាកិច្ចបញ្ចប់ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ចែក​សៀវភៅ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩) បោះពុម្ព​លើក​ទី​២ ដល់​និស្សិតចូលរួម​ដើម្បី​​សិក្សា​ឈ្វេងយល់បន្ថែម​ទៀត​។ ក្រុមនិស្សិតចូលរួមបានសរសេរចំណាប់អារម្មណ៍របស់​ខ្លួនដូចខាងក្រោម៖

រុំ អាម៉ី និស្សិតឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ (លី ដេវីដ និង វ៉ា ដារ៉ាពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រុំ អាម៉ី និស្សិតឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បង្ហាញចំណាប់អារម្មណ៍ថា «បន្ទាប់ពីបានចូលរួមកម្មវិធីថ្ងៃនេះ នាងខ្ញុំទទួលបានចំណេះដឹងបន្ថែម និងកាន់តែយល់អំពីផលលំបាកបន្សល់ទុកដោយរបបខ្មែរក្រហម»។

សន ស្រីកា និស្សិតឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ (លី ដេវីដ និង វ៉ា ដារ៉ាពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សន ស្រីកា និស្សិតឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានចែករំលែកថា «នាងខ្ញុំយល់ថារបបខ្មែរក្រហមពិតជាផ្ដល់ផលវិបាកខ្លាំងណាស់ដល់ប្រជាជនកម្ពុជា។ នាងខ្ញុំសង្ឃឹមថា ការរៀនពីប្រវត្តិ សាស្រ្តនេះគឺអាចបង្រៀនឲ្យកូនខ្មែរចេះសាមគ្គីភាពគ្នា»។

ហ៊ុន ស្រីនុត និស្សិតឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ (លី ដេវីដ និង វ៉ា ដារ៉ាពេជ្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ហ៊ុន ស្រីនុត និស្សិតឆ្នាំទី១ ជំនាញពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានលើកឡើងថា «នាងខ្ញុំមានអារម្មណ៍សោកស្ដាយ និអាណិតអាសូរយ៉ាងខ្លាំងចំពោះប្រជាជនខ្មែរដែលបានរស់នៅក្នុងរបបខ្មែរក្រហម និងបានរស់រានមានជីវិតពីរបបនេះ។ នាងខ្ញុំខិតខំរៀនសូត្រនិងចូលរួមសហការគ្នាដើម្បីកុំឲ្យរបបខ្មែរក្រហមនេះវិលត្រឡប់មកវិញម្ដងទៀត»។

ដោយ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖