ខ្ញុំឈ្មោះ សាន់ ជ្រេន អាយុ៧៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំមានប្ដីឈ្មោះ ង៉ែត ច្រឹក (ស្លាប់) និងមានកូនចំនួន៧នាក់ គឺស្រី២នាក់ និងប្រុស៥នាក់។ បច្ចុប្បន្នកូនរបស់ខ្ញុំនៅរស់៥នាក់ ចំណែក២នាក់ទៀតបានស្លាប់តាំងពីនៅតូច ដោយម្នាក់ស្លាប់ដោយសារជំងឺ។ រាល់ថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយគឺ ជំងឺលើសជាតិស្ករ លើសឈាម និងជំងឺទងសួត ដែលត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ។
នៅឆ្នាំ១៩៧០ ដោយសារស្រុកភូមិកើតមានចលាចល គ្រួសារខ្ញុំបានភៀសខ្លួនទៅរស់នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំរស់នៅទីនោះបានប្រហែលកន្លះខែ ទើបត្រឡប់មកស្រុកកំណើតវិញ។ លុះដល់ឆ្នាំ១៩៧១ ខ្ញុំបានរៀបការជាមួយប្តីខ្ញុំឈ្មោះ ង៉ែត ច្រឹក ហើយបានផ្លាស់ទីលំនៅទៅរស់នៅភូមិចំប៉ីព្រៃសូរិយា ខេត្តកំពត។ ថ្ងៃមួយ ពេលកំពុងឃ្វាលគោក្នុងព្រៃ ខ្ញុំបានឃើញការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ ពីកងទ័ពអាកាសរបស់ លន់ នល់។ ដោយសារសភាពការណ៍មិនស្រួល ខ្ញុំនិងប្ដីបានភៀសខ្លួនម្ដងទៀតទៅរស់នៅតំបន់ក្បាលទន្សោង និងបានប្រកបរបរដាំដំណាំនៅជើងភ្នំសែនហាន រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំទៅរស់នៅ និងធ្វើការងារនៅភូមិធម្មវិន័យ។ ខ្ញុំត្រូវបានអង្គការឱ្យទៅជីកប្រឡាយ និងបោកស្រូវទាំងថ្ងៃទាំងយប់មិនសូវមានពេលសម្រាកឡើយ។ នៅរដូវវស្សា ខ្មែរក្រហមបានដាក់អំពូលភ្លើងក្នុងវាលស្រែ និងបង្ខំខ្ញុំឱ្យដកសំណាបទល់ភ្លឺ។ អ្នកដែលធ្វើការជាមួយខ្ញុំជាប្រចាំគឺឈ្មោះ នួន។ ក្រោយមក ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំទៅភូមិទួលសាំង ដើម្បីសែងកងទ័ពរបួស។ ខ្ញុំរស់នៅភូមិទួលក្រសាំងបានរយៈពេលកន្លះខែ ខ្មែរក្រហមបានចាត់តាំងក្រុមខ្ញុំទៅភូមិរូង ក្បែរវត្តកកោះ និងស្ពានហូរឈាម ដើម្បីធ្វើស្រែរួមដោយមានប្រធានកងម្នាក់ដឹកនាំការងារ។ កាលនោះ ខ្ញុំមានកូនម្នាក់ ប៉ុន្តែដោយសារកូនខ្ញុំនៅតូច ខ្ញុំបានយកទៅផ្ញើឱ្យឪពុកម្ដាយនៅផ្ទះឱ្យជួយមើលថែ។ ពេលនោះ ការហូបចុករបស់ខ្ញុំមានការខ្វះខាតខ្លាំងណាស់ ពេលខ្លះខ្ញុំហូបបាយលាយជាមួយអំបិល (ចម្រាញ់ពីដីច្រាប)។
បន្តមកទៀត ខ្មែរក្រហមបានចាត់តាំងខ្ញុំ និងគ្រួសារឱ្យទៅជីកប្រឡាយ នៅក្បែរវត្តតុំ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ថ្ងៃមួយ ដោយសារនឿយហត់ខ្លាំងពេក ខ្ញុំបានសម្រាកមួយភ្លែតនៅលើខ្នងប្រឡាយក្បែរការដ្ឋាន។ ភ្លាមនោះ ប្រធានកងឈ្មោះ យ៉េន បានឃើញ រួចដើរសំដៅមករកខ្ញុំ។ ប្រធានកងបានស្ដីបន្ទោសខ្ញុំ និងប្រមាថជាមួយពាក្យអាក្រក់ ដួចជា ៖ «ស្រីពីងពាង ស្រីឬស្យា ស្រីបាតផ្សារ» ដែលខុសពីប្រធានកងផ្សេងទៀត ដូចជា ឈ្មោះ ផុន ពុធ និងក្រិល គឺមានចរិកស្លូតបូត មិនដែលស្ដីបន្ទោស ឬធ្វើបាបប្រជាជនឡើយ។ ប៉ុន្តែសំណាងល្អ ដែលប្រធានកងឈ្មោះ យ៉េន មិនយកខ្ញុំទៅសម្លាប់។ ការរស់នៅរបស់ខ្ញុំពេលនោះពិបាកវេទនាខ្លាំងណាស់ ព្រោះគ្មានផ្ទះសម្បែងស្នាក់នៅ។ ខ្ញុំត្រូវដេកក្នុងទ្រុងមាន់ ចំណែកការហូបចុកមានការខ្វះខាត។ ប៉ុន្មានខែក្រោយមក ខ្មែរក្រហមបានផ្លាស់គ្រួសារខ្ញុំឱ្យទៅរស់នៅវត្តព្រៃផ្អាវ ស្រុកទ្រាំង ខេត្តតាកែវ។ នៅទីនោះ ខ្មែរក្រហមចាត់តាំងខ្ញុំ រួមជាមួយសមាជិក សរុបចំនួន១០នាក់ឱ្យស្ទូងស្រែទំហំមួយហិកតា ឱ្យហើយរួចរាល់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ខ្ញុំធ្លាប់បានឃើញ តា ម៉ុក គឺជាប្រធានភូមិភាគនិរតី ចុះមកត្រួតពិនិត្យការដ្ឋាន រួចត្រឡប់ទៅវិញបាត់។
នៅរៀងរាល់ថ្ងៃទី១០ និងថ្ងៃទី២០ នៃខែនីមួយៗខ្មែរក្រហមបានអនុញ្ញាតឱ្យប្រជាជនឈប់សម្រាក។ ទោះបីយ៉ាងណា ប្រធានកងនៅទីនោះនិយាយឱ្យខ្ញុំថា៖ «នារីឯងនេះ ប្រហែសនឹងការងារខ្លាំងណាស់! គ្រាន់តែឮថ្ងៃ១០ ថ្ងៃ២០ មិនទាន់ទេ រត់សឹងតែបាក់កងាប់»។ ដោយទ្រាំមិនបាន ខ្ញុំបានតមាត់ទៅវិញថា៖ « និយាយឱ្យតែខ្ញុំ ត្រង់ក្រុម ជ្រី និងក្រុម សំបូរ អត់ដែលស្តីបន្ទោសឱ្យសោះ ដូចខ្វាក់ភ្នែក»។
សមាជិកកងនៅទីនោះឮហើយ បាននាំគ្នាភ័យជំនួសខ្ញុំគ្រប់ៗគ្នា។ ពូ ចែម ដែលធ្វើការនៅកងភ្ជួរ បានប្រាប់ឈ្មោះ ជ្រឹក ទាំងបារម្ភថា៖ «ជ្រេន ពិតជាមិនរស់ទេ ហ៊ានស្ដីឱ្យប្រធានកងអ៊ីចឹង»។ នៅយប់នោះ ពូ ចែម មិនហ៊ានសម្រាន្ដទេ ព្រោះខ្លាចកងឈ្លបមករកខ្ញុំ និងយកខ្ញុំទៅសម្លាប់ទាំងយប់។ ប៉ុន្តែសំណាងល្អ ដែលប្រធានកងឈ្មោះ ឆោម មិនយកទោសពៃរ៍ ទើបខ្ញុំអាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ ប្រធានកងឈ្មោះ ឆោម ថែមទាំងបានប្រាប់យាយ ប្រឹម និងយាយ ស៊ុន ដែលកំពុងកាប់ដីដំបូក បែបលេងសើចថា៖ «យាយ ស៊ុន អើយ មើលនារី ជ្រេន មិញនេះ គេដើរកាត់ទឹកមករកខ្ញុំ ហើយបម្រុងនឹងរុកភ្នែកខ្ញុំឱ្យខ្វាក់ទៀតផង» រួចគាត់ដើរចេញទៅ។
ថ្ងៃមួយ ខ្ញុំបានដើរទៅលេងប្អូនជីដូនមួយឈ្មោះ សុំាង (បច្ចុប្បន្នស្លាប់) ដែលធ្វើជាចុងភៅនៅសហករណ៍។ សុំាង បានចង្អុលបង្ហាញខ្ញុំឱ្យមើលគំនរប្រមាត់មនុស្សដែលឈ្លបចងព្យួរទុកក្នុងចង្ក្រានបាយ និងបានសួរខ្ញុំថាខ្លាចឬទេ? ខ្ញុំបានឆ្លើយតបវិញថា ខ្ញុំអត់ខ្លាចទេ។ ប៉ុន្តែក្នុងចិត្តពេលឃើញហេតុការណ៍នោះហើយ ធ្វើឱ្យខ្ញុំព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំគិតថា ថ្ងៃណាមួយឈ្លបអាចនឹងវះយកប្រមាត់ខ្ញុំមកព្យួរនៅទីនោះដែរ។
នៅឆ្នាំ១៩៧៩ អំឡុងពេលកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមកដល់ ខ្ញុំនិងគ្រួសារបានរត់ភៀសខ្លួនទៅដល់ស្រុកត្រាំកក់។ តាមផ្លូវធ្វើដំណើរ ខ្ញុំបានឃើញសាកសពមនុស្សគ្រប់វ័យស្លាប់ជាហូរហែ។ រយៈពេល១០ថ្ងៃក្រោយមក ទើបគ្រួសារខ្ញុំវិលត្រឡប់មកដល់ស្រុកកំណើត។
ក្រោយរបបខ្មែរក្រហមដួលរលំទៅ តាយ៉េន ត្រូវបានប្រជាជនចាប់ចងដៃ រួចអារកនឹងធាងត្នោតសម្លាប់ចោលទៅនឹងកន្លែងដើម្បីសងសឹក ព្រោះអំឡុងរបបខ្មែរក្រហមគាត់តែងតែវាយធ្វើបាបសាច់ញាតិ ប្រជាជនក្នុងស្រុកភូមិ។
អត្ថបទ ៖ ជឹម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



