ខ្ញុំឈ្មោះ គល់ ណុល អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ គល់ ណំ និងម្តាយឈ្មោះ គ្រួច ឆុច។ ឪពុកម្តាយរបស់ខ្ញុំស្លាប់អស់ហើយដោយសារជំងឺ ដោយឪពុករបស់ខ្ញុំស្លាប់នៅក្នុងឆ្នាំ១៩៨៥។ ខ្ញុំមានបងប្អូនចំនួន៧នាក់ គឺស្រី៤នាក់ និងប្រុស៣នាក់ ហើយខ្ញុំគឺជាកូនទី៦នៅក្នុងគ្រួសារ។ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ ភី និងមានកូនចំនួន៥នាក់ គឺស្រី៣នាក់ និងប្រុស២នាក់។
កាលពីក្មេង ឪពុកម្តាយរបស់ខ្ញុំបានបញ្ជូនខ្ញុំឱ្យទៅនៅវត្តមេមត់ ដើម្បីបានរៀនសូត្រ ព្រោះសម័យនោះ នៅក្នុងភូមិមិនទាន់មានសាលារៀន និងគ្រូបង្រៀនទេ។ ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ពីសង្គមចាស់ ដោយគ្រូបង្រៀនគឺជាព្រះសង្ឃគង់នៅវត្តមេមត់ មានព្រះនាម ងឹន ង៉ោង និងព្រះគ្រូ ហ៊ួ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ធ្វើឱ្យប្រទេសជាតិចលាចល ព្រោះប្រជាជននៅតាមភូមិស្រុកចេញតវ៉ា។ ប្រជាជននៅស្រុកមេមត់មិនពេញចិត្តនឹង លន់ នល់ ធ្វើរដ្ឋប្រហារទេ ហើយចាប់ផ្តើមប្រមូលគ្នីគ្នាទៅធ្វើបាតុកម្មដើម្បីទាមទារសម្តេចព្រះ នរោត្តម សីហនុ យាងត្រឡប់មកកាន់អំណាចវិញ។ ខ្ញុំបានចូលរួមធ្វើបាតុកម្មជាមួយប្រជាជននៅក្នុងភូមិដែរ។ ខ្ញុំបានទៅជួបជុំគ្នានៅស្រុកមេមត់ រួចបន្តដំណើរទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើបាតុកម្ម។ ពេលនោះបាតុករ និងទាហាន លន់ នល់ បានប៉ះទង្គិចគ្នាឈានដល់ប្រើអំពើហិង្សាបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ បន្ទាប់ពីបាតុកម្មចប់ ខ្ញុំបួសនៅវត្តមេមត់ ដោយមានក្រុមគ្រួសារចូលរួមពិធីបំបួស។
នៅឆ្នាំ១៩៧៤ កងទ័ពរំដោះ និងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមរៀបចំបង្កើតជាសង្កាត់ដែលខ្លួនរំដោះបាន ដើម្បីត្រៀមរៀបចំធ្វើជាសហករណ៍។ កាលនោះ ស្រុកមេមត់ត្រូវបំបែកចេញជាពីរ គឺទី១) ស្រុកមេមត់ ដឹកនាំដោយ គង់ ឈុំ និងទី២) ស្រុកត្រមូង ដឹកនាំដោយ អឿន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំខ្ញុំឱ្យលាចាកសិក្ខាបទ។ បន្ទាប់ពីសឹក ខ្ញុំបានចាកចេញពីវត្តមេមត់ត្រឡប់មកភូមិត្រពាំងរាំងវិញ ហើយខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការនៅក្នុងកងចល័តភូមិ។ ខ្ញុំលើកប្រព័ន្ធភ្លឺស្រែ លើកទំនប់ទឹក នៅតាមភូមិដែលមេកងបានកំណត់។ ខ្ញុំធ្វើការងារពីព្រឹករហូតទល់ល្ងាច ទើបត្រឡប់មកផ្ទះវិញ។ ថ្ងៃខ្លះ ខ្ញុំដេកនៅតាមសហករណ៍តែម្តង ចំណែកការហូបចុកមិនទាន់ខ្វះខាតទេ និងបានសម្រាកនៅពេលយប់។ ទោះបីយ៉ាងណា ខ្ញុំត្រូវធ្វើការងារហួសកម្លាំងជារៀងរាល់ថ្ងៃ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើការនៅកងភស្តុភារ ដើម្បីផ្គត់ផ្គង់សម្ភារ និងស្បៀងអាហារដល់យោធាខ្មែរក្រហម។ ខ្មែរក្រហមចាត់ខ្ញុំឱ្យដើរស្វែងរកស្បៀងសម្រាប់យោធាខ្មែរក្រហម ដែលកំពុងត្រៀមវាយតទល់ជាមួយកងទ័ពវៀតណាមនៅតាមព្រំដែន។ ខ្ញុំ និងឈ្មោះ ម៉ោង អណ្តែត ហៅ សុក ត្រូវដើរប្រមូលស្រូវ អង្ករ និងសាច់ តាមសហកណ៍ដឹកយកទៅអង្គភាពដើម្បីបែងចែកទៅឱ្យយោធាខ្មែរក្រហម។
នៅឆ្នាំ១៩៧៧ កងទ័ពមជ្ឈិមបានចូលមកចាប់អតីតទាហាន លន់ នល់, កម្មាភិបាលធ្វើការងារក្នុងភូមិ ឃុំ កងឈ្លបភូមិ រួមទាំងប្រធានកងចល័ត។ ជាក់ស្តែង ប្រធានកងចល័តនៅក្នុងភូមិត្រពាំងរាំងឈ្មោះ ហឹប និង លាភ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ដោយទម្លាក់ចូលក្នុងអណ្តូង ស្ថិតនៅភូមិសាឡង់ទី២ ឃុំដារ ស្រុកមេមត់។ ចំណែក ក្រុមគ្រួសារខ្ញុំត្រូវខ្មែរក្រហមចោទប្រកាន់ថាក្បត់ ដោយសារបងប្រុសខ្ញុំម្នាក់ធ្លាប់ធ្វើជាទាហាន លន់ នល់។ ខ្មែរក្រហមបន្តឃោសនារកអ្នកចេះដឹងដើម្បីផ្តល់ប្រាក់ខែ និងបំពាក់យសសក្តិ។ ពេលនោះ ឈ្មោះ ស៊ន គឺជាកម្មាភិបាលនៅស្រុកមេមត់ដែលរាប់អានជិតស្និទ្ធជាមួយខ្ញុំ ដឹងអំពីគោលបំណងខ្មែរក្រហមតាមចាប់ខ្លួន បានរត់មកស្នាក់នៅផ្ទះខ្ញុំនៅភូមិត្រពាំងរាំង ដោយយកមកជាមួយនូវឯកសារជាច្រើនទុកលើផ្ទះខ្ញុំ។ វេលាយប់មួយឈ្លបខ្មែរក្រហមមកតាមចាប់ឈ្មោះ ស៊ន នៅផ្ទះរបស់ខ្ញុំ ប៉ុន្តែ ស៊ន បានចាកចេញពីផ្ទះរបស់ខ្ញុំផុតហើយ។ ស៊ន បានធ្វើដំណើរដោយថ្មើរជើងទៅកាន់ភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់។ រយៈពេលមួយសប្តាហ៍ក្រោយមក ស៊ន បានប្រាប់ខ្ញុំឱ្យបររទេះគោដឹកសម្ភារចេញពីភូមិត្រពាំងរាំង ឃុំមេមត់ ទៅកាន់ភូមិឈើខ្លឹម ឃុំរំចេក ដោយឱ្យខ្ញុំយកឯកសារ និងសម្ភារប្រើប្រាស់របស់គាត់ទៅជាមួយ។ នៅពេលខ្ញុំបររទេះតាមផ្លូវ ខ្ញុំបានជួបកងទ័ពមជ្ឈិមខ្មែរក្រហមចំនួនបីនាក់ដែលដើរល្បាត។ កងទ័ពមជ្ឈិមខ្មែរក្រហមម្នាក់សួរខ្ញុំថា តើមិត្តបររទេះគោទៅណា? តើនៅក្នុងរទេះគោមានអ្វីខ្លះ? ភ្លាមនោះ ខ្ញុំភិតភ័យយ៉ាងខ្លាំងព្រោះខ្លាចកងទ័ពមជ្ឈិមឆែកឃើញកាំភ្លើង សេ-កា-សេ ដែលខ្ញុំលាក់ក្នុងកន្ទេល រួមទាំងឯកសារមួយចំនួនរបស់ ស៊ន ទើបខ្ញុំឆ្លើយកុហក់ថា ក្នុងរទេះគោខ្ញុំមានតែស្បៀងបន្តិចបន្តួចយកទៅសហករណ៍នៅឃុំរំចេក។ ជាសំណាងល្អ កងទ័ពមជ្ឈិមម្នាក់នោះមិនបានឆែករទេះគោរបស់ខ្ញុំ។ ខ្ញុំបានបររទេះគោរហូតដល់ភូមិឈើខ្លឹម ឃុំរំចេក ទើបប្រគល់ឯកសារ និងសម្ភារទៅឈ្មោះ ស៊ន។
នៅដើមឆ្នាំ១៩៧៨ ឈ្មោះ ស៊ន និងក្រុមគ្រួសារត្រូវខ្មែរក្រហមសម្លាប់ ដោយនៅរស់តែកូនម្នាក់ឈ្មោះ អ៊ីន ប៉ុន្តែ អ៊ីន បានស្លាប់ក្រោយរបបខ្មែរក្រហមដួលរលំ។ ចំណែកខ្ញុំបានចូលធ្វើជាកងចល័តនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់។
ក្រោយមកទៀត ខ្មែរក្រហមជម្លៀសខ្ញុំទៅធ្វើការនៅក្នុងស្រុកតំបែរ។ ខ្ញុំស្នាក់នៅជិតវត្តតំបែរ ស្ថិតនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំរស់នៅទីនោះរហូតដល់របបខ្មែរក្រហមដួលរលំទើបខ្ញុំសម្រេចចិត្តត្រឡប់មកភូមិកំណើតវិញ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



