នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីពី «សន្តិភាព និងសិទ្ធិមនុស្ស» ជាមួយសិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែងចំនួន៥នាក់ ក្នុងគោលបំណងលើកកម្ពស់ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ការកសាងសន្ដិភាព និងសិទ្ធិមនុស្ស។ ដំណើរទស្សនកិច្ចនេះ ផ្ដោតទៅលើគោលដៅទីតាំងប្រវត្ដិសាស្រ្ដចំនួនពីរ គឺ ទីតាំងបូជាសព ប៉ុល ពត និងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង (អតីតផ្ទះប្រជុំតាម៉ុកលើភ្នំដងរែក)ដែលស្ថិតក្នុងចំណោមទីតាំងប្រវត្ដិសាស្រ្ដទាំង១៤កន្លែងនៅក្នុងស្រុកអន្លង់វែង ដើម្បីជំរុញឱ្យយុវជនផ្សាភ្ជាប់ខ្លួនទៅនឹងព្រឹត្តិការណ៍ប្រវត្ដិសាស្រ្ដ និងការរស់រានមានជីវិត ជាពិសេស គឺការកសាងសង្គមមួយក្រោយជម្លោះ និងអំពើប្រល័យពូជសាសន៍ពីខ្មែរក្រហម។ ក្នុងនោះ ព្រឹត្ដិការណ៍ជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានរំលេច ដែលមកទល់ពេលនេះ កន្លងផុតទៅរយៈពេល១១ខែមកហើយ គឺចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់២៨ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈការចុះទស្សនកិច្ចសិក្សានៅតាមទីតាំងប្រវត្តិសាស្ត្រទាំងពីរ និងការពិភាក្សាលើប្រធានបទខាងលើ សិស្សានុសិស្សទទួលបាននូវបទពិសោធន៍ និងចំណេះដឹងយ៉ាងជ្រាលជ្រៅ ជាពិសេស គឺការស្វែងយល់ពីប្រវត្តិសាស្ត្រអតីតកាល និងផលប៉ះពាល់នៃជម្លោះព្រំដែន បានបំផុសគំនិតឱ្យខ្លួនយល់អំពីសារសំខាន់នៃការការពារសន្តិភាព ការគោរពសិទ្ធិមនុស្ស កិច្ចសន្ទនា ឬដំណោះស្រាយដោយសន្តិវិធី និងការរួមរស់ជាមួយគ្នាដោយអត់ឱន ដើម្បីធានាថាសង្គមមួយរក្សាបាននូវសន្ដិភាព ស្ថិរភាព និងភាពសុខុដុមរមនាជានិរន្តរ៍។
ទស្សនកិច្ចសិក្សាពីសន្ដិភាព និងសិទ្ធិមនុស្ស ជំរុញឱ្យមានវត្ដមានយុវជនឆ្លងកាត់ភូមិសាស្រ្ដតាមព្រំដែនឱ្យបានច្រើន ដើម្បីរៀនសូត្រពីប្រវត្ដិសាស្រ្ដនៅក្នុងតំបន់អន្លង់វែង ដែលជាកម្លាំងជំរុញឱ្យតំបន់នេះប្រែមុខមាត់ថ្មីពីតំបន់អតីតសង្គ្រាម ទៅជាតំបន់ដែលមានការអភិវឌ្ឍន៍ និងសិក្សាស្រាវជ្រាវប្រភពសាច់រឿងមិនចេះរីងស្ងួត។ ប្រភពធនធាន ឬកេរដំណែលដែលមានស្រាប់នេះ គឺសម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ ការអប់រំ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។
ជាកិច្ចចាប់ផ្តើមដំបូងសិស្សានុសិស្ស ត្រូវធ្វើដំណើរទៅកាន់ទីតាំងបូជាសព ប៉ុល ពត ដែលជាមេដឹកនាំកំពូល ឬបងធំទីមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលស្ថិតនៅលើខ្នងភ្នំដងរែក នៃស្រុកអន្លង់វែង នៅជិតច្រកអន្ដរជាតិជាំ-សាង៉ាំ។ សិស្សានុសិស្សបានធ្វើដំណើរនៅលើដងផ្លូវអមទៅដោយវាលស្រែពណ៌លឿងទុំពីទីប្រជុំជនអន្លង់វែង ទៅលើភ្នំដងរែក ដែលកសិករកំពុងច្រូតកាត់យ៉ាងមមាញឹក និងបរិយាកាសស្រស់ស្រាយក្នុងតំបន់ជាយដែន។ ខ្យល់ជំនោរកត្ដិកបានបក់មករំភើយៗពីទិសខាងជើងធ្វើឱ្យត្រជាក់ដល់ចុងដៃចុងជើង។ ស្ថានភាពតាមបណ្ដោយផ្លូវឆ្ពោះទៅច្រកព្រំដែនអន្ដរជាតិជាំ-សាង៉ាំ មានសភាពស្ងប់ស្ងាត់ជាងមុនឆ្ងាយណាស់បន្ទាប់ពីមានជម្លោះព្រំដែន។ អគារកាស៊ីណូ អូតែល ក្លឹបកម្សាន្ត និងផ្ទះអាជីវកម្មភាគច្រើនដែលទើបនឹងលូតលាស់ថ្មីៗ និងជាច្រើនឆ្នាំមកហើយនោះ ត្រូវបានបិទទ្វារចោល និងចំណាកស្រុកទៅរកកការងារនៅតំបន់ប្រជុំជនដទៃទៀត។ អគារមួយចំនួនមិនទាន់ស្ដារការខូចខាតដោយស្លាក ស្នាមគ្រាប់កាំភ្លើងក្នុងជម្លោះនៅឡើយ។ ទោះជាយ៉ាងណា ការខិតខំស្ដារឡើងវិញរបស់ប្រជាជនពីភាពក្រៀមក្រំ និងការគំរាមកំហែងនៅតាមខ្សែបន្ទាត់ព្រំដែន កំពុងតែបន្ដឥតឈប់ឈរ។ ទីតាំងអាជីវកម្មមួយចំនួនត្រូវបានជំនួស និងបើកឱ្យដំណើរការដើម្បីបំពេញសេចក្ដីត្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលនៅសេសសល់។ ភាពមិនបាក់ស្បាត កំពុងតែទប់ទល់ក្នុងគ្រាលំបាក ស្របពេលដែលប្រជាជនភៀសសឹកប្រមាណជាង២ម៉ឺននាក់កំពុងតែបន្ដស្ថិតក្នុង «ភូមិរង់ចាំ» ដោយមិនទាន់អាចវិលត្រឡប់ទៅភូមិឋានដែលទទួលរងការបំផ្លិចបំផ្លាញរបស់ខ្លួនវិញនៅឡើយ។ នៅទីនោះ ហ៊ុមព័ទ្ធទៅដោយព្រៃឈើធំៗដែលត្រូវបានអភិរក្ស និងមានដំបូលស័ង្កសីថ្លា និងគ្រោងដែកថែបធំៗ ប្រក់ពីលើផ្នូរចំណាស់មួយ។ ដំបូលថ្មីនោះមានរាងដូចទៅនឹងមឈូស ដែលត្រូវបានពិពណ៌នាថា គឺតំណាងឱ្យភាពស្លាប់ជារៀងរហូតនៃរបបខ្មែរក្រហម។
បន្ទាប់មក សិស្សានុសិស្សបានបន្ដដំណើរទៅកាន់ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង (អតីតផ្ទះប្រជុំ តាម៉ុក នៅលើភ្នំដងរែក) ដែលការិយាល័យប្រែក្លាយពីទីបញ្ជាការប្រជុំអំពីយុទ្ធសាស្រ្ដសឹក សង្គ្រាម ទៅជាទីកន្លែងអប់រំយុវជនអំពីសន្ដិភាព និងការផ្សះផ្សាទាំងក្នុង និងក្រៅតំបន់។ លុះទៅដល់បរិវេណជុំវិញមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ទេសភាពបៃតងនៃកូនឈើដែលសិស្សានុសិស្ស និស្សិត និងគរុសិស្សបានដាំតាំងពីឆ្នាំ២០១៤ បានលូតលាស់ជាម្លប់ ធ្វើឱ្យសិស្សានុសិស្សមានអារម្មណ៍រំភើបរីករាយ និងត្រេកត្រអាលនឹងការថតរូបយ៉ាងសប្បាយរីករាយ។ ជាពិសេស សិស្សានុសិស្សបានថតរូបនៅពើយតាម៉ុក ទុកជាអនុស្សាវរីយ៍ និងផ្សព្វផ្សាយលើបណ្ដាញសង្គម។ នៅពីក្រោយភាពស្រស់ស្អាតនៃធម្មជាតិ គឺជារឿងរ៉ាវប្រវត្ដិសាស្រ្ដដែលត្រូវការការពិពណ៌នាមិនចេះរីងស្ងួត។ បន្ទាប់មក សិស្សានុសិស្សបានធ្វើដំណើរថ្មើរជើងចូលទៅខាងក្នុងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីរៀនសូត្រ និងពិភាក្សាអំពីមេរៀនប្រវត្ដិសាស្រ្ដក្នុងថ្ងៃនេះ។ ក្នុងបរិយាកាសនៃការបង្រៀន និងពិភាក្សា គឺអគារមជ្ឈមណ្ឌលបានភ្ជាប់ទៅដោយពិព័រណ៍រូបថតនៅអំឡុងរបបខ្មែរក្រហម និងសមាហរណកម្មបញ្ចប់សង្គ្រាមនៅអន្លង់វែង។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានទម្លាក់អាវុធចុះ ហើយចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ ដែលធ្វើឱ្យតំបន់អន្លង់វែង ក្លាយជាទីកន្លែងបញ្ចប់សង្គ្រាមចុងក្រោយបង្អស់នៅកម្ពុជា ហើយប្រសូតចេញផ្លែផ្កានៃសន្ដិភាពរហូតដល់ពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា សន្ដិភាព នៅកម្ពុជាត្រូវបានសាកល្បងឱ្យបរាជ័យជាច្រើនលើកច្រើនសារ ដោយសារជម្លោះតាមព្រំដែន។
នៅក្នុងមេរៀនប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ គឺបានពិភាក្សាទៅលើ សាច់រឿងរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងការបែងចែកជាក្រុមពិភាក្សា។ រឿងរ៉ាវរបស់ «ឈឿត សម៖ ខ្ញុំបររទេះគោដឹកសពរហូតដល់លែងមានអារម្មណ៍ខ្លាចខ្មោច» ត្រូវបានជ្រើសរើសជាមេរៀននៃការពិភាក្សា ដែលមានខ្លឹមសារដូចខាងក្រោម៖
«ខ្ញុំឈ្មោះ ឈឿត សម ភេទស្រី អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅឃុំស្រះស្រង់ ខេត្តសៀមរាប។ ខ្ញុំមិនបានរៀនសូត្រទេ តាំងពីវ័យកុមារមកម្ល៉េះ ដោយសារតែជីវភាពគ្រួសារក្រីក្រ។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ ខ្ញុំរស់នៅផ្ទះ និងជួយធ្វើការងារស្រែចម្ការឪពុកម្ដាយព្រមទាំងជួយមើលថែប្អូនៗរបស់ខ្ញុំ»។ រហូតដល់ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង។ ប្រជាជនម្នាក់ៗតែងមានការព្រួយបារម្មណ៍ និងភ័យខ្លាចថាប្រទេសជាតិនឹងកើតមានសង្គ្រាម។ ក្នុងវ័យ១៧ឆ្នាំ (គិតមកត្រឹមឆ្នាំ១៩៧០) ខ្ញុំត្រូវបានជ្រើសរើសចូលក្នុងកងសិល្បៈនៃរបបសាធារណរដ្ឋខ្មែរ។ មួយរយៈក្រោយមក ខ្ញុំត្រូវបានជ្រើសរើសឱ្យចូលក្នុងកងកម្ម៉ង់ដូ។ «កងកម្ម៉ង់ដូ» គឺជាកងកម្លាំងពិសេស ដែលត្រូវបានបង្កើតឡើង និងទទួលការហ្វឹកហាត់យ៉ាងហ្មត់ចត់ ដើម្បីធ្វើប្រតិបត្តិការសឹក ឬបំពេញបេសកកម្មពិសេសៗ និងលំបាកៗ តទល់នឹងកងទ័ពវៀតកុង និងខ្មែរក្រហម។ បន្ទាប់ពីការហ្វឹកហាត់បានមួយរយៈ ថ្នាក់លើបានចាត់បញ្ជូនខ្ញុំទៅខាងកងចល័តសែងអ្នករបួសនៅក្នុងសមរភូមិវិញ។ គោលដៅរបស់ខ្ញុំរាប់ចាប់ពីភូមិគោកដូងទៅដល់ត្រង់ម្តុំប្រាសាទនាគព័ន្ធ។ ប៉ុន្តែ ជួនកាល យើងសែងអ្នករបួសពីប្រាសាទអង្គរវត្ត ទៅកាន់ប្រាសាទនាគព័ន្ធ។ សមរភូមិប្រយុទ្ធ ក្តៅគគុកបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើន រហូតដល់ថ្នាក់លើបានបញ្ជាឱ្យក្រុមខ្ញុំសែងសាកសពទៅកាន់វិមាននៅឯស្រះស្រង់។ ក្នុងគ្រានោះ អ្នករបួសចំនួន៥ស្នែងបានស្លាប់ទាំង៥ស្នែង ដោយសារយើងមិនអាចយកទៅព្យាបាលទាន់ពេល។ ថ្ងៃខ្លះ អ្នករបួសដែលយើងកំពុងសែង ត្រូវបានទុកចោលមួយភ្លែតសិននៅតាមផ្លូវ ហើយរត់ចូលលេណដ្ឋានកងទ័ព ដើម្បីលាក់ខ្លួនពីការបាញ់ប្រហារ។ ការសែងអ្នករបួស និងសាកសពជួបបញ្ហាប្រឈមខ្លាំងណាស់ ដោយសារតែការបាញ់ប្រហារគ្នាទៅវិញទៅមករវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហម។ ខ្ញុំត្រូវបានផ្លាស់ប្ដូរឱ្យទៅនៅក្រុមកប់សពនៅស្រះស្រង់ម្តង ដោយក្រុមខ្ញុំមានគ្នាចំនួន៥ទៅ៦នាក់។ ពីមួយថ្ងៃទៅមួយថ្ងៃ សពមានចំនួនកើនឡើងខ្លាំង។ ថ្ងៃខ្លះ យើងត្រូវកប់ទាំងយប់ទាំងថ្ងៃដោយមិនបានសម្រាកឡើយ។
អាស្រ័យហេតុនេះហើយ ថ្នាក់លើបានប្រកាសស្វែងរកនារីណា ដែលចេះបររទេះគោ។ ដោយសារតែស្វែងរកមិនបានសោះ ទើបថ្នាក់លើហៅខ្ញុំនិងគ្នីគ្នាខ្ញុំម្នាក់ទៀតឱ្យទៅបររទេះគោដឹកសព។ នៅពាក់ កណ្ដាលផ្លូវត្រឡប់មកវិញ រទេះគោបានរអិលធ្លាក់ផ្លូវ ដែលបណ្តាលឱ្យរមៀលសពទាំង៤ចេញពីរទេះទាំងអស់។ យើងភ័យខ្លាចណាស់ ហើយនាំគ្នាលើកសពទាំង៤ដាក់ក្នុងរទេះវិញ។ សពទាំងនោះមានសភាពត្រជាក់ណាស់។ ខ្ញុំមានអារម្មណ៍ព្រឺព្រួចយ៉ាងខ្លាំង។ ប៉ុន្តែ យើងមិនអាចទុកចោលបានទេ។ យើងបានបន្តដំណើរទៅមុខទៀត រហូតដល់ស្រះស្រង់។ ខ្ញុំរស់នៅធ្វើការងារនេះរហូតដល់លែងមានអារម្មណ៍ខ្លាចខ្មោច ឬភ័យខ្លាចនឹងបញ្ហាផ្សេងៗ។ ខ្ញុំមានអារម្មណ៍ស្និទ្ធជាមួយសាកសព ដោយបានចាត់ទុកក្លិនសាកសពដូចទៅនឹងក្លិនសត្វប្រចៀវ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះ ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានរៀបចំឱ្យប្រជាជនរស់នៅក្នុងសហករណ៍ ដែលត្រូវហូបរួម ធ្វើការរួម និងរស់នៅរួម។ គ្រួសារខ្ញុំត្រូវបានបញ្ជូនទៅរស់នៅក្នុងសហករណ៍ផ្សេងៗគ្នា តាមការចាត់តាំងរបស់អង្គការ។ ខ្ញុំត្រូវបានជ្រើសរើសឱ្យចូលក្នុងកងចល័ត។ ការងាររបស់ខ្ញុំនៅពេលនោះ គឺធ្វើស្រែនៅត្រង់ម្តុំប្រាសាទភ្នំក្រោម។ ការងារមិនច្បាស់លាស់ទេ ដែលមានន័យថាយើងធ្វើការតាមរដូវកាល។ ខ្ញុំរស់នៅធ្វើស្រែ និងយាមស្រូវនៅភ្នំក្រោម អស់រយៈពេលមួយឆ្នាំ មុននឹងត្រូវបានបញ្ជូនបន្តទៅធ្វើការនៅអូរអាគុក។ ការងារប្រចាំថ្ងៃគឺសែងឆ្នាំងបបរទៅឱ្យប្រជាជនដែលធ្វើការនៅតាមការដ្ឋាន។ ថ្ងៃមួយ ខ្ញុំនិងមិត្តនារីម្នាក់ បានសែងឆ្នាំងបបរយកទៅឱ្យប្រជាជនតាមធម្មតា ប៉ុន្តែនៅតាមផ្លូវយើងបានជួបជាមួយសត្វខ្លាមួយក្បាល។ ខ្ញុំភ័យខ្លាចណាស់ព្រោះខ្លានោះបានដើរតាមពីក្រោយយើង ប៉ុន្តែវាមិនបានធ្វើអ្វីយើងទេ។
នៅក្នុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅរលំជើងស្ពាន។ ការងាររបស់ខ្ញុំគឺស្ទូងស្រូវ និងច្រូតស្រូវ។ ក្រៅពីនេះ ខ្ញុំបិទទំនប់ និងជីកប្រឡាយ។ ខ្ញុំបានបិទទំនប់ក្បាលរហាល។ ការហូបចុកនៅក្នុងអំឡុងពេលនោះ គឺខ្វះខាត ព្រោះយើងត្រូវហូបបបរលាយក្តឹលចេក លាយត្រកួន និងគល់ល្ហុងជាដើម។ នៅឆ្នាំ១៩៧៨ គឺជាឆ្នាំដែលខ្ញុំមានវ័យ២៥ឆ្នាំ។ អង្គការបានបង្ខំឱ្យខ្ញុំរៀបការ។ ខ្ញុំមិនពេញចិត្តឡើយ ដោយសារយើងមិនបានស្រឡាញ់គ្នា ឬស្គាល់គ្នាពីមុនមកទេ។ ប៉ុន្តែ ខ្ញុំមិនហ៊ានប្រកែក ព្រោះខ្លាចការវាយធ្វើបាប។ បន្ទាប់ពីរៀបការ យើងមិនបានរស់នៅជាមួយគ្នាទេ។ យើងរស់នៅធ្វើការដាច់ដោយឡែកពីគ្នា។ រហូតដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញ។ នៅពេលដែលខ្ញុំបានទៅដល់ផ្ទះ ទើបខ្ញុំបានដឹងថាឪពុកម្ដាយខ្ញុំបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។ ខ្ញុំនិងបងប្អូនបង្កើតបានក្លាយជាក្មេងកំព្រា និងត្រូវចិញ្ចឹមជីវិតដោយខ្លួនឯង។ នៅពេលបងប្អូនឈានដល់វ័យមានគ្រួសារ យើងបានបំបែកគ្រួសារថ្មីរៀងៗខ្លួន។ មកដល់បច្ចុប្បន្ននេះ ខ្ញុំមានជីវភាពមធ្យម និងហូបគ្រប់គ្រាន់ មិនខ្វះខាតដូចមុនៗឡើយ»។
តាមរយៈសាច់រឿងខាងលើ សិស្សានុសិស្សបានបង្កើតនូវការពិភាក្សា និងបញ្ចេញនូវសកម្មភាពមួយចំនួនដូចជា ការរៀបការដោយបង្ខំ ការសម្លាប់ក្នុងភ្លើងសង្គ្រាម និងទុក្ខលំបាកវេទនារបស់ប្រជាជនយ៉ាងអនេក។
កេង ស្រីណុច ភេទស្រី អាយុ១៥ឆ្នាំ គឺជាសិស្សអនុវិទ្យាល័យលំទង បានសម្ដែងការយល់ឃើញថា ៖ «ការផ្ទុះអាវុធទ្រង់ទ្រាយធំទាំងពីរលើកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ (លើកទី១ នៅចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា និងលើកទី២ នៅចន្លោះថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) បានបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ពលរដ្ឋរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តភៀសសឹក និងរងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធាយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់អាវុធធុនធ្ងន់ កាំភ្លើងធំ ដ្រូន គ្រាប់បែកចង្កោម និងយន្តហោះចម្បាំង បានធ្វើឱ្យតំបន់ព្រំដែនរងនូវសោកនាដកម្ម និងការខូចខាតយ៉ាងដំណំ។ ខ្ញុំយល់ថា ការគោរពខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់បំផុតក្នុងការបិទផ្លូវ និងដកហូតលេសនយោបាយរបស់ក្រុមជ្រុលនិយម ឬអ្នកនយោបាយដែលតែងតែយកបញ្ហាព្រំដែនមកកូរកម្ដៅ ដើម្បីកេងចំណេញប្រជាប្រិយភាព។ ការព្យាបាលផលវិបាកផ្នែកចិត្តសាស្ត្រសង្គម និងការកាត់បន្ថយការស្អប់ខ្ពើមគ្នារវាងប្រជាជនកម្ពុជា និងថៃ ក្រោយជម្លោះប្រដាប់អាវុធឆ្នាំ២០២៥ ទាមទារឱ្យមានការរួមបញ្ចូលគ្នារវាងការផ្តល់សេវាសុខភាពផ្លូវចិត្តដល់ជនរងគ្រោះ ការកែទម្រង់ការផ្សព្វផ្សាយព័ត៌មាន និងការស្តារទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជននិងប្រជាជនឡើងវិញ»។
ថុន សុខាន ភេទប្រុស អាយុ១៥ឆ្នាំ គឺជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យលំទង បានបង្ហាញចំណាប់អារម្មណ៍ និងការយល់ដឹងពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)ថា៖ «ខ្ញុំបានដឹងពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរបបខ្មែរក្រហមមានការលំបាក ប្រជាជនត្រូវធ្វើការងារដោយបង្ខំ មានការកាប់សម្លាប់ និងមានការគាបសង្កត់។ ខ្ញុំយល់ថាការអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការបង្កើតទិវាចងចាំ មានសារសំខាន់យ៉ាងខ្លាំងចំពោះការព្យាបាលរបួសផ្លូវចិត្តសង្គម និងការកសាងសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ពីព្រោះវាបានធ្វើឱ្យយើងយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម ទទួលបាននូវចំណេះដឹងជាប់ខ្លួនដែលជាមធ្យោបាយជួយសម្រួលដល់ការកសាងសន្តិភាពនៅក្នុងប្រទេស។ ក្នុងនាមខ្ញុំ ជាយុវជនជំនាន់ក្រោយដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បែបនេះកុំឱ្យកើតឡើងជាថ្មីម្តងទៀត យើងត្រូវចូលរួមចំណែកយ៉ាងសកម្មតាមរយៈ ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពិត ការរក្សាសន្តិភាព និងការប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់។ ការចងចាំអតីតកាលដ៏ឈឺចាប់ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតក្នុងការការពារអនាគតកុំឱ្យដើរជាន់ដានចាស់»។
នឿន រក្សា ភេទប្រុស អាយុ១៥ឆ្នាំ បានលើកឡើងពីការយល់ដឹងរបស់ខ្លួនថា «ខ្ញុំបានដឹងថានៅតំបន់អន្លង់វែងមានទីតាំងប្រវត្តិសាស្រ្តចំនួន១៤ទីតាំង។ ខ្ញុំបានស្គាល់ទីតាំងសារមន្ទីរផ្ទះតាម៉ុក សាលារៀនតាម៉ុក ស្ពានអូរជីក(ហៅស្ពានតាម៉ុក) ផ្ទះប្រជុំតាម៉ុក(លើភ្នំដងរែក) ទីតាំងបូជាសព ប៉ុល ពត កន្លែងដុតសព សុន សេន និងគ្រួសារ។ តាមមតិខ្ញុំគិតថា ការអភិរក្សទីតាំងប្រវត្តិសាស្ត្រទាំង១៤កន្លែង នៅអន្លង់វែង ពិតជាមានសារសំខាន់ណាស់ចំពោះការអប់រំយុវជនជំនាន់ក្រោយអំពីសោកនាដកម្មពីអតីតកាល ដោយសារវាគឺជាមធ្យោបាយដ៏សំខាន់បំផុត ក្នុងការរក្សាភស្តុតាងរស់សម្រាប់អប់រំយុវជនជំនាន់ក្រោយ។ ម៉្យាងវិញទៀត បានធ្វើឱ្យយុវជនជំនាន់ក្រោយដឹងពីការឈឺចាប់របស់ប្រជាជនខ្មែរនៅជំនាន់ខ្មែរក្រហម។ ដូច្នេះ កូនខ្មែរជំនាន់ក្រោយអាចសិក្សារៀនសូត្រ ដោយផ្ទាល់តាមរយៈទីតាំងប្រវត្តិសាស្រ្តទាំង១៤កន្លែង។ ក្នុងចំណោមទីតាំងប្រវត្តិសាស្ត្រទាំង១៤កន្លែងនៅស្រុកអន្លង់វែង ដែលអាចទាក់ទាញភ្ញៀវទេសចរទស្សនាច្រើន និងគួរជាទីចាប់អារម្មណ៍ មានដូចជា សារមន្ទីរតាម៉ុក (ផ្ទះតាម៉ុក) កន្លែងបូជាសព ប៉ុល ពត ផ្ទះតាម៉ុក លើខ្នងភ្នំដងរែក និងផ្ទះ ប៉ុល ពត គឺជាទីតាំងដែលមានសក្តានុពលខ្លាំងជាងគេក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រាវជ្រាវ។ ទីតាំងទាំងនេះមានលក្ខណៈពិសេសដោយសារវាផ្សាភ្ជាប់ទាំងប្រវត្តិសាស្ត្រចុងក្រោយនៃរបបខ្មែរក្រហម និងទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលលើជួរភ្នំដងរែក»។
ហូវ ពិសី ភេទស្រី អាយុ១៤ឆ្នាំ បានសម្ដែងនូវការយល់ឃើញរបស់ខ្លួនថា៖ « ខ្ញុំគិតថាដើម្បីធានាថាតំបន់អតីតសមរភូមិមានសុវត្ថិភាពទាំងស្រុងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មុននឹងអនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅរស់នៅផ្ទះវិញ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស អាជ្ញាធរមីន (CMAA) និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) រួមជាមួយអង្គការដៃគូ ត្រូវអនុវត្តវិធានការសំខាន់ៗជាដំណាក់កាលយ៉ាងហ្មត់ចត់។ សកម្មភាពទាំងនេះ ផ្តោតសំខាន់លើការបោសសម្អាតសំណល់គ្រាប់បែកចង្កោម និងគ្រាប់ផ្លោងដែលនៅសេសសល់ក្នុងខេត្តជាប់ព្រំដែនដែលបានទទួលរងការប៉ះពាល់។ ពិតប្រាកដណាស់ នៅពេលគ្រួសារជនភៀសសឹកវិលត្រឡប់មកដល់ស្រុកកំណើតវិញភ្លាមៗ តម្រូវការចាំបាច់បំផុតចំពោះមុខរួមមាន ជម្រកស្នាក់នៅបណ្តោះអាសន្ន ស្បៀងអាហារសង្គ្រោះបន្ទាន់ ទឹកស្អាត និងអនាម័យ ព្រមទាំងសេវាសុខាភិបាល និងថ្នាំសង្កូវ។ ខ្ញុំគិតថា ដើម្បីធានាថាជនភៀសសឹកដែលវិលត្រឡប់មកស្រុកកំណើតវិញ ទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងដោយស្របច្បាប់ ព្រមទាំងជៀសវាងទំនាស់ជាមួយអ្នកដទៃ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តរួមបញ្ចូលគ្នារវាងការផ្ទៀងផ្ទាត់ភស្តុតាងកាន់កាប់ដីធ្លី ការពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការប្រើប្រាស់យន្តការសម្រុះសម្រួលវិវាទនៅថ្នាក់មូលដ្ឋាន។ វិធានការទាំងនេះមានសារសំខាន់ជាពិសេសសម្រាប់គ្រួសារដែលបានបាត់បង់ឯកសារកំឡុងពេលរត់ភៀសសឹក ឬគ្រួសារដែលធ្លាប់កាន់កាប់ដីដោយគ្មានប័ណ្ណកម្មសិទ្ធិផ្លូវការ»។
ហូយ រ៉ូសា ភេទស្រី អាយុ១៤ឆ្នាំ បានលើកឡើងថា៖ « ខ្ញុំធ្លាប់បានទៅទស្សនានៅសារមន្ទីរផ្ទះ តាម៉ុក។ ចំពោះរូបថតទាំង១០០ផ្ទាំង ដែលដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរផ្ទះតាម៉ុក (ផ្ទះទី៣) ឆ្លុះបញ្ចាំងពីដំណើរវិវត្តនៃប្រវត្តិសាស្ត្រខ្មែរក្រហមតាមដំណាក់កាល ចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ (លន់ នល់) របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រហូតដល់ការតស៊ូចុងក្រោយនៅអន្លង់វែង និងសមាហរណកម្មនៅឆ្នាំ១៩៩៨។ ការទស្សនារូបថតប្រវត្តិសាស្ត្រទាំង១០០ផ្ទាំងនៅសារមន្ទីរផ្ទះតាម៉ុក គឺជាស្ពានចម្លងការពិតមានឥទ្ធិពលបំផុត ក្នុងការប្រែក្លាយរឿងរ៉ាវអតីតកាលទៅជាការយល់ដឹងជាក់ស្តែង ដើម្បីដាស់តឿនស្មារតីយុវជនជំនាន់ក្រោយឱ្យចេះការពារសន្តិភាព និងទប់ស្កាត់ការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍។ ក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនជំនាន់ក្រោយ ការចូលរួមថែរក្សាសារមន្ទីរប្រវត្តិសាស្ត្រនៅអន្លង់វែងឱ្យបានគង់វង្សយូរអង្វែង អាចធ្វើឡើងតាមរយៈការប្រតិបត្តិវិន័យល្អពេលចូល ទស្សនា ការផ្សព្វផ្សាយគុណតម្លៃប្រវត្តិសាស្ត្រតាមប្រព័ន្ធឌីជីថល ការចូលរួមការងារស្ម័គ្រចិត្ត និងការផ្តល់មតិកែលម្អដើម្បីអភិវឌ្ឍន៍សារមន្ទីរឱ្យកាន់តែទាក់ទាញ។
អត្ថបទ ៖ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា













