ខ្ញុំឈ្មោះ យឿន យ៉ាវ អាយុ៧៣ឆ្នាំ បច្ចុប្បន្នជាស្ត្រីមេម៉ាយ និងជាស្ត្រីមេផ្ទះ រស់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលពីមុនរបបខ្មែរក្រហម ខ្ញុំប្រកបរបរជាកសិករ។ ខ្ញុំមានប្តីឈ្មោះ ប៉ុល ខុម គឺជាទាហាន ប៉ុន្ដែបានស្លាប់ក្នុងរបប លន់ នល់។ ខ្ញុំមានកូនស្រីម្នាក់ សព្វថ្ងៃប្រកបរបរធ្វើស្រែ និងលក់ដូរ។ បច្ចុប្បន្ន ខ្ញុំមានជំងឺរលាកសន្លាក់ និងទឹកនោមផ្អែម ដែលអាចបង្កឡើងមកពីការធ្វើការងារធ្ងន់ធ្ងរក្នុងសម័យខ្មែរក្រហម រួមផ្សំនឹងវ័យកាន់តែចាស់។ រាល់ថ្ងៃ ខ្ញុំព្យាបាលជំងឺដោយការប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំខ្មែរ។
រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺខ្មែរក្រហមបានជម្លៀសខ្ញុំឱ្យទៅរស់នៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបានបង្ខំខ្ញុំឱ្យធ្វើការងារជាទម្ងន់។ អំឡុងពេលនោះ ខ្ញុំមានកូនតូចទើបតែចេះដើរតែប៉ុណ្ណោះ ហើយខ្ញុំត្រូវប្រធានកងចាត់តាំងឱ្យធ្វើស្រែ និងដកស្ទូង នៅកងចល័ត។ មានថ្ងៃមួយ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យស្ទូងប្រណាំងជាមួយប្រុសៗពេញកម្លាំង ប៉ុន្តែបុរសទាំងនោះស្ទូងមិនឈ្នះខ្ញុំឡើយ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសខ្ញុំទៅតំបន់ដីខ្លាញ់ ក្នុងខេត្តពោធិ៍សាត់ ដោយកុហកថា សម្បូរម្ហូបអាហារ និងមានកង្កែបធំៗសម្រាប់ហូប។ ប៉ុន្តែពេលទៅដល់ គឺមិនដូចការអះអាងរបស់ខ្មែរក្រហមឡើយ។ នៅទីនោះ ខ្មែរក្រហមបង្ខំខ្ញុំឱ្យធ្វើការគ្មានពេលសម្រាកឡើយ និងចែកបាយឱ្យ២វែកតូចៗ និងជួនកាលចែកបបរ៣វែកតូចៗក្នុងមួយពេល។ ចំណែកកន្លែងស្នាក់នៅ គឺខ្ញុំត្រូវដេកនៅលើដីតាមវាលស្រែផ្ទាល់តែម្តង។ មួយរយៈក្រោយមក ខ្មែរក្រហមបញ្ជូនខ្ញុំឱ្យទៅកាប់ដើមឈើធំៗនៅកោះត្រឡាច ដោយក្នុងមួយក្រុមមានសមាជិក១០នាក់ ត្រូវកាប់ឈើជាកង់ៗទុកប្រើប្រាស់។ ខណៈពេលធ្វើការ កងឈ្លបខ្មែរក្រហមបានលីកាំបិតខ្វែវលើស្មា ដើរតាមដានឃ្លាំមើលខ្ញុំជាប់ជានិច្ច។ ប្រសិនបើឈ្លបខ្មែរក្រហមឃើញនរណាម្នាក់នៅក្នុងកងធ្វើការមិនកើត ឬខ្ជិលច្រអូស ឈ្លបនោះនឹងយកសមាជិកកងនោះទៅសម្លាប់ភ្លាមៗ។ ដូច្នេះ សមាជិកក្នុងកងម្នាក់ៗខិតខំប្រឹងប្រែងធ្វើការទាំងភ័យខ្លាច ទោះបីជាហត់នឿយ ឬឈឺយ៉ាងណាក៏ដោយ។ ថ្ងៃមួយមានអ្នកនៅកងចល័តម្នាក់មកសួរខ្ញុំថា «បងនៅស្រុកណា?» ខ្ញុំឆ្លើយកុហកថា «ខ្ញុំនៅស្រុកខាងលិច» ព្រោះបើប្រាប់ថាខ្ញុំមកពីខេត្តស្វាយរៀង ឬខេត្តព្រៃវែង ច្បាស់ជាឈ្លបខ្មែរក្រហមយកខ្ញុំទៅសម្លាប់មិនខាន។
នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំបានចំណាយពេលពីរខែដើរត្រឡប់មកស្រុកកំណើតនៅខេត្តព្រៃវែងវិញ។ ខ្ញុំបានសម្រាកតាមផ្លូវ និងយកកំសៀវចាស់មួយមកដាំបាយហូប។ ពេលធ្វើដំណើរមកដល់ភ្នំពេញ មានមនុស្សចិត្តល្អម្នាក់ផ្ដល់ស្រូវសាឡីឱ្យខ្ញុំហូប។ ខ្ញុំមិនដែលស្គាល់ និងហូបស្រូវសាឡីពីមុនទេ។ លុះមកដល់អ្នកលឿង ខ្ញុំបានជួបអ្នកភូមិរបស់ខ្ញុំ រួចហើយសុំជិះរទេះគោមកជាមួយរហូតមកដល់ស្រុកកំណើតវិញ។ នៅពេលនឹកឃើញដល់រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានដឹង និងចងចាំពីទុក្ខវេទនាដែលប្រជាជនបានឆ្លងកាត់របបខ្មែរក្រហម ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យអំពើឃោរឃៅកើតឡើងម្តងទៀត។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



