ម្តាយរបស់វីរកងទ័ព ហេង កំសាន្ត៖ «កូនប្រុសខ្ញុំបានសម្រាកជារៀងរហូតនៅលើទឹកដី ប្រាសាទព្រះវិហារដ៏សក្ដិសិទ្ធិ»

ជារៀងរាល់យប់ ជាពិសេសនៅពេលមេឃចុះត្រជាក់ ខ្ញុំតែងតែនឹកឃើញដល់កូនប្រុសដែលបានសម្រាកជារៀងរហូតនៅលើទឹកដីប្រាសាទព្រះវិហារដ៏សក្ដិសិទ្ធិ។ អ្នកស្រី ឡាំ វង ម្តាយរបស់វីរកងទ័ពកម្ពុជាឈ្មោះ វរសេនីយ៍ត្រី ហេង​ កំសាន្ត បានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដែលជាស្ត្រីមេម៉ាយ និងអនុស្សាវរីយ៍ជាមួយកូនប្រុសដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ ឡាំ វង អាយុ៦៥ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។  ប្តីខ្ញុំឈ្មោះ ហេង សួរ បានស្លាប់ដោយសារជំងឺតាំងពីឆ្នាំ២០០៨។ ខ្ញុំមានកូនពីរនាក់ (កូនទី១ វរសេនីយ៍ត្រី ហេង កំសាន្ត ភេទប្រុស អាយុ៣៣ឆ្នាំ និងកូនទី២ ឈ្មោះ ហេង សៀវម៉ី ភេទស្រី អាយុ២៨ឆ្នាំ ។ គ្រួសារខ្ញុំជាកសិករធ្វើស្រែចម្ការ។

ពេលប្តីខ្ញុំទទួលមរណភាព កូនប្រុសខ្ញុំទើបតែមានអាយុ១៥ឆ្នាំ និងកូនស្រីមានអាយុ១០ឆ្នាំ។ ខ្ញុំត្រូវខំប្រឹងប្រែងតស៊ូធ្វើស្រែចម្ការតែម្នាក់ឯងដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវិភាពគ្រួសារ និងឱ្យកូនៗបន្តការសិក្សាទៅមុខទៀត។ បន្ទាប់ពីកូនប្រុសខ្ញុំបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅអនុវិទ្យាល័យសំរោង និងបានផ្លាស់ទៅរៀនបន្តនៅវិទ្យាល័យ ១០ មករា ក្រុងសៀមរាប ខេត្តសៀមរាប។ ពេលនោះកូនប្រុសខ្ញុំបានស្នាក់នៅផ្ទះរបស់អ៊ំស្រីឈ្មោះ មុំ ដែលជាបងស្រីបង្កើតរបស់ឪពុកខ្លួន។ ទោះបីអត់ពីឪពុកនិងខ្វះខាតថវិការៀនសូត្រ កូនប្រុសខ្ញុំនៅតែខិតខំប្រឹងប្រែងរៀនសូត្ររហូតបានក្លាយជាសិស្សពូកែម្នាក់ប្រចាំវិទ្យាល័យ ១០ មករា។ កូនប្រុសខ្ញុំបានប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំសិក្សា២០១០-២០១១ ដោយទទួលបានលទ្ធផលល្អ។ ប៉ុន្តែដោយសារគ្រួសារខ្ញុំមានជីវភាពខ្វះខាត ខ្ញុំមិនមានលទ្ធភាពក្នុងការចំណាយថវិកាឱ្យកូនប្រុសរៀនបន្តនៅថ្នាក់ឧត្តមសិក្សាឡើយ។ កូនប្រុសខ្ញុំបានរៀនជួសជុលទូរសព្ទដៃនៅក្រុងសៀមរាបមួយរយៈពេលខ្លី មុនពេលចាកចេញទៅស្វែងរកការងារធ្វើនៅក្រុងតាខ្មៅជាមួយមិត្តភក្តិ។ សំណាងល្អកូនប្រុសខ្ញុំបានស្គាល់អ៊ំប្រុសម្នាក់ឈ្មោះ ឆេង មានសណ្ឋានចិត្តល្អបានអនុញ្ញាតឱ្យកូនប្រុសខ្ញុំស្នាក់នៅក្នុងផ្ទះជាមួយ និងបានរាប់អានគ្នាជាឪពុក និងកូនចិញ្ចឹមថែមទៀត។  ឪពុកចិញ្ចឹមរបស់កូនប្រុសខ្ញុំបានជួយជ្រោមជ្រែង និងណែនាំឱ្យកូនប្រុសខ្ញុំឱ្យចូលបម្រើការងារជាកងទ័ពបម្រុងនៅបញ្ជាការដ្ឋានកងអង្គរក្ស។ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហ្វឺនបច្ចេកទេសយោធាយ៉ាងស្វិត​ស្វាញជាច្រើនដំណាក់កាល និងច្រើនកន្លែងមក ទើបកូនខ្ញុំត្រូវបានបញ្ចូលទៅក្នុងក្របខណ្ឌកងទ័ពពេញសិទ្ធិនៃបញ្ជាការដ្ឋានកងអង្គរក្ស។ បន្ទាប់ពីបានបម្រើការងារជាកងទ័ពនៅបញ្ជាការដ្ឋានកងអង្គរក្សអស់រយៈពេលជាង១០ឆ្នាំ កូនប្រុសខ្ញុំមានឋានន្តរៈសក្កិជាវរសេនីយ៍ត្រីក្នុងអង្គភាពបញ្ជូនសារនៃបញ្ជាការដ្ឋានកងអង្គរក្ស។

ក្រោយពីមានការបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ដែលមិនមានអាវុធនៅក្បែរលេណដ្ឋានក្នុងភូមិសាស្ត្រមុំបីនៃស្រុកជំាក្សាន្ត ខេត្តព្រះវិហារនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានការតានតឹងខ្លាំងបន្តបន្ទាប់។ កូនប្រុសខ្ញុំ និងកងទ័ពផ្សេងទៀតត្រូវបានអង្គភាពបញ្ជូនទៅប្រចាំការនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ។ កូនប្រុសខ្ញុំមានតួនាទីជាភ្នាក់ងារបញ្ជូនសារពីសមរភូមិមកអង្គភាពនៅពេលមានជម្លោះព្រំដែនកម្ពុជា-ថៃផ្ទុះឡើង។ កូនប្រុសខ្ញុំបានប្រាប់ថា តួនាទីជាអ្នកបញ្ជូនសារ គឺមានសារសំខាន់ខ្លាំង ហើយក៏មានគ្រោះថ្នាក់ណាស់ដែរ។ អ្នកបញ្ជូនសារត្រូវក្ដាប់ព័ត៌មាន និងឆ្លើយឆ្លងរាល់សភាពការណ៍សង្គ្រាមទៅទីបញ្ជាការដ្ឋាន។

ខ្ញុំតែងតែហៅទូរសព្ទទៅកូនប្រុសជារៀងរាល់ថ្ងៃ ដើម្បីសួរសុខទុក្ខ និងដាស់តឿនឱ្យកូនប្រុសប្រុងប្រយ័ត្ន៖ «កូនឯងត្រូវប្រយ័ត្ន ខ្លាចគេវ៉ៃជាប់រាប់ខែ កូនឯងត្រូវត្រៀមស្បៀងក្រៀម ដូចជាមី និងអាហារដែលអាចហូបចុកបានយូថ្ងៃឱ្យបានច្រើន ពីព្រោះពេលសង្គ្រាមផ្ទុះឡើងយើងមិនអាចចេញមកយកស្បៀងបានដោយងាយស្រួលទេ»។  កូនប្រុសខ្ញុំបានថតរូបផ្ញើមកឱ្យខ្ញុំមើល។ ខ្ញុំឃើញកន្លែងដែលកូនប្រុសស្នាក់នៅក្នុងលេណដ្ឋានរឹងមាំដូចផ្ទះថ្ម ហើយឃើញមានអាយកូម១០-២០គ្រឿងនៅលើតុ។ ពេលខ្ញុំឃើញលេណដ្ឋានកូនប្រុសរឹងមាំបែបនោះ ខ្ញុំហាក់មានអារម្មណ៍មិនសូវព្រួយបារម្ភ ព្រោះគិតថាកូនប្រុសខ្ញុំមានសុវត្ថិភាព និងអាចការពារខ្លួនបាន។ ក្រោយមកទៀតកូនប្រុសខ្ញុំប្រាប់ខ្ញុំថា គាត់សម្រាកនៅក្នុងលេណ​ដ្ឋាន។ ខ្ញុំសួរទៅកូនប្រុសខ្ញុំវិញថាហេតុដូចម្តេចក៏សម្រាកក្នុងលេណដ្ឋាន បើស្ងាត់សង្គ្រាមហើយ? ខ្ញុំបានហៅទូរសព្ទទៅកូនប្រុសខ្ញុំស្ទើររាល់ថ្ងៃ ហើយកូនប្រុសខ្ញុំបានប្រាប់ថាដ្រូន (យន្តហោះគ្មានមនុស្សបើក) របស់សត្រូវបានហោះឆ្វែលរាល់ថ្ងៃ ប៉ុន្តែវាហោះនៅប៉ែកម្ខាងទៀត។

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កូនស្រីខ្ញុំឈ្មោះ ហេង សៀវម៉ី បានហៅទូរសព្ទទៅបងប្រុសតែមិនអាចទាក់ទងបាន។ ខ្ញុំឱ្យកូនស្រីហៅទូរសព្ទទៅគ្រប់ច្រកល្ហកនៅតែអត់អាចទាក់ទងបានទៀត។ ខ្ញុំក៏ហៅទូរសព្ទទៅអ្នកធ្លាប់ស្គាល់គ្នានៅឃុំស្រអែម គឺជាម្ចាស់អគ្គិសនីនៅផ្សារស្រអែមចម្ងាយពីកន្លែងកូនខ្ញុំប្រហែល៨គីឡូម៉ែត្រ។ ម្ចាស់អគ្គិសនីនោះ បានប្រាប់ខ្ញុំថាគ្រាប់ផ្លោងកំពុងធ្លាក់ខ្លាំង ធ្លាក់ខាងកើតផ្ទះគាត់មួយគ្រាប់ដែរ កងទ័ព និងប្រជាជនស៊ីវិលបាននាំគ្នាចូលក្នុងលេណដ្ឋានអស់ហើយ។ ពេលនោះខ្ញុំនឹកឃើញថា ប្រហែលកូនប្រុសខ្ញុំបិទទូរសព្ទកុំឱ្យវាស្រូបរលកសញ្ញា។

លុះដល់ម៉ោងជិត១០ព្រឹកថ្ងៃដដែលនោះ អង្គភាពកូនប្រុសខ្ញុំនៅក្រុងតាខ្មៅបានហៅទូរសព្ទមកប្រាប់ថា កូនប្រុសខ្ញុំស្លាប់ហើយ។ បន្ទាប់ពីទទួលព័ត៌មានដ៏រន្ធត់នោះ កូនស្រីខ្ញុំហៅទូរសព្ទទៅមេអង្គភាពកូនប្រុសខ្ញុំដើម្បីបញ្ជាក់។ មេអង្គភាពកូនប្រុសខ្ញុំបានប្រាប់ថា កន្លែងកូនប្រុសខ្ញុំបានត្រូវគ្រាប់ផ្លោងរបស់សត្រូវចំនួន៣គ្រាប់ និងបានធ្លុះរហូតដល់ខាងក្នុង។

បន្ទាប់មកអង្គភាពកូនប្រុសខ្ញុំបានប្រាប់ឱ្យខ្ញុំទៅធ្វើដំណើរទៅទីក្រុងភ្នំពេញ ពីព្រោះអង្គភាពបានកំពុងដឹកសពកូនប្រុសខ្ញុំឆ្ពោះទៅក្រុងតាខ្មៅ។ ខ្ញុំបានព្យាយាមធ្វើដំណើរពីភូមិរហូតមកដល់ទីក្រុងតាខ្មៅនៅយប់ថ្ងៃដដែលនោះ គឺក្នុងគោលបំណងចុងក្រោយថានឹងបានស្ទាបអង្អែលមុខកូនប្រុសជាលើកចុងក្រោយ ប៉ុន្តែអ្វីៗមិនបានដូចបំណងឡើយ ពីព្រោះសពកូនប្រុសខ្ញុំ និងសពវីរកងទ័ពចំនួន៣នាក់ទៀតត្រូវបានអង្គភាពដាក់ក្នុងមឈូសបិទជិតហើយ។ ក្មួយប្រុសរបស់ខ្ញុំដែលបានមកដល់មុន បានប្រាប់ខ្ញុំទាំងទឹកភ្នែកថា៖ កូនមីងឆេះអស់ហើយ នៅសល់តែផ្លាកឈ្មោះដែលជាប់នឹងឯកសណ្ឋានកងទ័ពប៉ុណ្ណោះ”។ សម្តីនេះបានធ្វើឱ្យខ្ញុំសឹងតែសន្លប់បាត់បង់ស្មារតី ពីព្រោះរូបភាពកូនប្រុសដ៏ស្លូតបូត ពេលនេះសូម្បីតែមុខមាត់ក៏មិនអាចបានឃើញជាលើកចុងក្រោយ។

កូនប្រុសខ្ញុំបានពលីនៅសមរភូមិទិសប្រាសាទព្រះវិហារ គឺជាការបាត់បង់សមាជិកគ្រួសារដ៏សំខាន់ម្នាក់ ប៉ុន្តែកូនប្រុសខ្ញុំបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិឱ្យស្ថិតនៅគង់វង្សបន្តទៀត។

ទោះបីកូនប្រុសខ្ញុំបានលាចាកលោកទៅហើយ ប៉ុន្តែកូនប្រុសស្ថិតនៅក្នុងក្រអៅបេះដូងរបស់ខ្ញុំដែលជាម្តាយជានិច្ច។ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយនឹងចងចាំឈ្មោះកូនប្រុសខ្ញុំ វីរសេនីយ៍ត្រី ហេង កំសាន្ត និងវីរកងទ័ពកម្ពុជាផ្សេងៗទៀតជារៀងរហូត។

អត្ថបទ ៖ រឹម ពេជ្រដារ៉ូ បុគ្គលិកគម្រោង៨១៧ ដើម្បីការចងចាំ យុត្តិធម៌ និងសន្តិភាព នៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖