ស៊ុម សុផល ៖ អតីតកងទ័ពរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ធ្លាប់វាយកាន់កាប់ជំរំណងចាស់ និងជំរំឫទ្ធិសែន

ខ្ញុំឈ្មោះ ស៊ុម សុផល អាយុ៦៥ឆ្នាំ កើតនៅភូមិស្រះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំរៀបការនៅឆ្នាំ១៩៨៧ ជាមួយប្រពន្ធឈ្មោះ សឹង ចាន់ អាយុ៥៨ឆ្នាំ និងមានកូនស្រីចំនួន២នាក់។ សព្វថ្ងៃខ្ញុំប្រកបអាជីវករលក់ទឹកសុទ្ធ។

ខ្ញុំមានឪពុកឈ្មោះ ស៊ុម សយ (ស្លាប់) ម្ដាយឈ្មោះ ហេង សុឃីម (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៥នាក់​ គឺស្រី២នាក់ និងប្រុស៣នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅឆ្នាំ១៩៧៦ ឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំទាំងអស់ត្រូវបានខ្មែរក្រហមសម្លាប់ ដោយសារខ្មែរក្រហមដឹងថា ឪពុកខ្ញុំធ្លាប់ធ្វើជាទាហាន លន់ នល់។ នៅក្នុងរបបសាធារណរដ្ឋខ្មែរ ឪពុកខ្ញុំបម្រើការងារជានាយទាហាន និងបាននាំគ្រួសារខ្ញុំមករស់នៅទីក្រុងភ្នំពេញជុំគ្នា។

កាលពីក្មេងខ្ញុំរៀនត្រឹមថ្នាក់ទី៧ចាស់ នៅសាលាបឋមសិក្សាភ្នំដូនពេញ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ គ្រួសារខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនគ្រួសារខ្ញុំ និងប្រជាជនថ្មីជាច្រើនទៅខេត្តបាត់ដំបង ដោយជិះរថភ្លើង។ ប្រជាជនទាំងអស់អង្គុយជាជួរៗទល់មុខគ្នា។ គ្រួសារខ្ញុំបានចេញដំណើរពីស្ថានីយរថភ្លើងខេត្តតាកែវ មកឈប់នៅស្វាយស៊ីសុផុន ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។ យើងធ្វើដំណើររយៈពេល៣យប់៤ថ្ងៃតាមរថភ្លើង។ ខ្មែរក្រហមបានចែកនំប៉័ងធំៗឱ្យម្នាក់មួយដើមសម្រាប់បរិភោគតាមផ្លូវ។ នៅពេលមកដល់ស្ថានីយរថភ្លើងស្វាយស៊ីសុផុន ខ្មែរក្រហមបានបែងចែកប្រជាជនតាមផែនការ និងទិសដៅផ្សេងៗគ្នា។ ក្រុមគ្រួសារខ្ញុំ និងប្រជាជនមួយចំនួនត្រូវបានខ្មែរក្រហមឱ្យធ្វើដំណើរតាមត្រាក់ទ័រទៅស្រុកព្រះនេត្រព្រះ។ គ្រួសារខ្ញុំត្រូវបានអង្គការបញ្ជូនទៅភូមិព្រះនេត្រព្រះ និងឱ្យស្នាក់នៅក្នុងវត្តព្រះនេត្រព្រះបានមួយរយៈ។ បន្ទាប់មក ខ្មែរក្រហមបញ្ជូនគ្រួសារខ្ញុំតាមទូកបន្តទៅភូមិស្រេះកើត និងឱ្យស្នាក់នៅជាមួយផ្ទះអ្នកភូមិម្នាក់ឈ្មោះ មីងឈិត។

នៅចុងឆ្នាំ១៩៧៥ ខ្ញុំមានអាយុ១៤ឆ្នាំ ត្រូវបានអង្គការបញ្ចូលក្នុងកងចល័ត និងចាត់តាំងឱ្យទៅលើកទំនប់អូររន្ទះបាញ់។ ប្រធានកងចល័តឈ្មោះ តាវ៉ាល។ បន្ទាប់មក កងចល័តរបស់ខ្ញុំត្រូវបន្តទៅលើកទំនប់អាងត្រពាំងថ្ម។ នៅពេលនោះ ខ្មែរក្រហមបានឱ្យយុវជនកងចល័តជ្រើសរើសចបម្នាក់មួយទុកសម្រាប់កាប់ដីលើកទំនប់ និងប្រឡាយម្នាក់៣ម៉ែត្រគុបក្នុងមួយថ្ងៃ។ នៅពេលកាប់ដីលើកទំនប់នៅអាងត្រពាំងថ្ម ប្រធានសហករណ៍ណាំតាវ បាននាំខ្ញុំទៅជួបឪពុកម្ដាយខ្ញុំតែម្ដងគត់។ ក្រោយមក មីងឈីត គឺជាម្ចាស់ផ្ទះដែលគ្រួសារខ្ញុំធ្លាប់ស្នាក់នៅជាមួយ មកប្រាប់ខ្ញុំថា ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំទាំងអស់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ព្រោះខ្មែរក្រហមស៊ើបដឹងថា ឪពុកខ្ញុំគឺជាអតីតនាយទាហាន លន់ នល់។

នៅចុងឆ្នាំ១៩៧៧ មិត្តនារីម្នាក់ដែលនៅកងចល័តជាមួយគ្នា បានរាយការណ៍ទៅខ្មែរក្រហមថាឪពុកខ្ញុំគឺជាទាហាន លន់ នល់។ បន្ទាប់មក មិត្តណាក់ មកចាប់ខ្ញុំចងត្រៀមយកទៅវាយចោល ប៉ុន្តែ សំណាងល្អប្រធានកងចល័តឈ្មោះ រ៉ាក់ ស្រឡាញ់រាប់អានខ្ញុំ និងធ្លាប់រស់នៅស្រុកកំណើតជាមួយខ្ញុំបានបញ្ជាឱ្យ មិត្តណាក់ ដោះលែងខ្ញុំវិញ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវរស់នៅកំព្រាតែម្នាក់ឯង។ នៅខែឧសភា ឆ្នាំ១៩៧៩ ខ្ញុំបានស័្មគ្រចិត្តចូលបម្រើកងទ័ពនៅក្នុងអង្គភាពកងទ័ពវៀតណាមនៅស្រុកព្រះនេត្រព្រះ។ ពីរខែក្រោយមក កងទ័ពវៀតណាមបានផ្លាស់ខ្ញុំមកស្រុកស្វាយស៊ីសុផុន។ ខ្ញុំបានមកជាមួយអង្គភាពកងទ័ពវៀតណាមបម្រើការងារផ្នែកចុងភៅ។

នៅឆ្នាំ១៩៨០ ខ្ញុំត្រូវបានបញ្ជូនទៅស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីចូលបម្រើកងទ័ពនៅក្នុងកងពលលេខ៤ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ កងពលលេខ៤ មាន៣កងវរសេនាធំជាចំណុះ គឺកងវរសេនាធំលេខ៩ កងវរសេនាធំលេខ១០ និងកងវរសេនាធំលេខ១១។ ប្រធានកងពលលេខ៤ មានឈ្មោះ នាង សាបាន។ ខ្ញុំស្ថិតនៅក្នុងកងអនុសេនាធំដឹកជញ្ជូនចំណុះឱ្យកងវរសេនាធំលេខ១០។ ប្រធានកងដឹកជញ្ជូនមានឈ្មោះ ឈុន អ៊ុន និង អនុប្រធានវរសេនាធំលេខ១០ មានឈ្មោះ មាស សំប៊ន។

នៅឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ កងពលលេខ៤ ត្រូវបានផ្លាស់មកឈរជើងនៅសាលាវិស័យ ក្នុងខេត្តកំពង់ធំ ដើម្បីវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅតំបន់នោះ។ នៅដើមឆ្នាំ១៩៨៣ កងពលលេខ៤ បានបន្តផ្លាស់មកឈរជើងនៅស្រុកពួក ខេត្តសៀមរាប ដើម្បីវាយរុញច្រានកងទ័ពខ្មែរក្រហម ដឹកនាំដោយ តាម៉ុក ដែលធ្វើប្រតិបត្តិការនៅដូនស្វា និងចារឈូក ក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប។ នៅចុងឆ្នាំ១៩៨៣ កងពលលេខ៤ បានផ្លាស់មកឈរជើងនៅស្វាយស៊ីសុផុន ដោយបញ្ជាការដ្ឋានកងពលលេខ៤ ស្ថិតនៅលើភ្នំស្វាយ។ ពេលនោះថ្នាក់ដឹកនាំកងពលលេខ៤ រួមមាន ៖ ខឹម ជាសាខឿន, ជា ម៉ន, ងិន សំអាន និង ស សាវឿន។ ចំណែក កងវរសេនាធំលេខ១០ ឈរជើងនៅភូមិយាងថ្មី ដែលមានថ្នាក់នាំឈ្មោះ ពែក សាវ៉ាន, ប៉ែន ពុធ និង មាស សំប៊ន។ នៅពេលនោះ អង្គភាពកងទ័ពវៀតណាមបានឈរជើងនៅកូនដំរី គឺចាប់ពីនិមិត្តរហូតដល់ប៉ោយប៉ែត។ កងពលលេខ៤ និងកងទ័ពវៀតណាមបានប្រយុទ្ធនៅសមរភូមិស៊ីសុផុនខាងជើងជាមួយទាហានប៉ារ៉ារបស់ ឡៃ វីរៈ ប្រចាំនៅជំរំណងចាន់។ ចំណែកសមរភូមិស៊ីសុផុនខាងត្បូងកងពលលេខ៤ និងកងទ័ពវៀតណាមបានប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅកងពលលេខ៤៥០របស់ សុខ ភាព ប្រចាំនៅតំបន់ម៉ក់ហ្វឺន ខ្លាងាប់ និងភ្នំមេឡៃ។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៨៥ កងពលលេខ៤ សហការជាមួយកងទ័ពវៀតណាមបានបើកយុទ្ធនាការបោសសម្អាតទាហានប៉ារ៉ានៅតាមជំរំចាស់ ជំរំថ្មី និងជំរំណងចាន់ ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលឡាក់លេខ៤២ ដល់៤៧។ កងអនុសេនាតូចដឹកជញ្ជូនរបស់ខ្ញុំត្រូវបាន   បញ្ចូលជាមួយកងវរសេនាតូចលេខ១៦ បានចុះទៅភូមិយាងដង្គំ បន្តចូលទៅព្រៃបឹងខ្នោដែលមានចម្ងាយប្រមាណពី២ គីឡូម៉ែត្រ ពីជំរំចាស់ (ជំរំណងម៉ាកមុន) មានអូរមួយប្រវែងប្រហែលមួយគីឡូម៉ែត្រ។ នៅមុខជំរំចាស់ក្បែរអូរមានបង្គោលឡាក់ព្រំដែនលេខ៤៣។

បន្ទាប់ពីត្រៀមរយៈពេលមួយសប្តាហ៍នៅបឹងខ្នោ ទើបកងវរសេនាតូចលេខ១៦ នៃកងវរសេនាធំលេខ១០ កងវរសេនាតូច៣៤ កងវរសេនាតូច៤៨ និងអង្គភាពផ្សេងទៀតនៃកងវរសេនាធំលេខ៩ ចំណុះកងពលលេខ៤ បានបើកប្រតិបត្តិការវាយកាន់កាប់ជំរំចាស់ និងជំរំថ្មី (ជំរំឫទ្វិសែនដែលមានប្រាសាទស្តុកកក់ធំ) ទាំងស្រុង។ បន្ទាប់ពីកងរវរសេនាតូចលេខ១៦ កាន់កាប់ជំរំចាស់ កងវរសេនាតូវលេខ៣៤ និង៤៨ កាន់កាប់នៅជំរំថ្មីបានរយៈពេលប្រហែលមួយសប្តាហ៍ ទើបកងវរសេនាតូចលេខ៣២ និងអង្គភាពផ្សេងទៀតនៃកងពលលេខ៤ និងកងទ័ពវៀតណាមវាយដណ្តើមយកជំរំណងចាន់បន្ថែមទៀត។

បន្ទាប់ពីកងពលលេខ៤ និងកងទ័ពវៀតណាមកាន់កាប់ជំរំណងចាន់ ជំរំចាស់ និងជំរំថ្មីបានទាំងស្រុង អង្គភាពកងវរសេនាតូចលេខ១៦របស់ខ្ញុំ កងវរសេនាតូចលេខ៣៤ កងវរសេនាតូចលេខ៤៨ ចំណុះកងពលធំលេខ៤ និងកងទ័ពវៀតណាមបានល្បាតនៅតាមបណ្តោយទំនប់ប្រឡាយព្រំដែនកម្ពុជា- ថៃ ក្នុងទឹកដីកម្ពុជា។ ចំណែកទីតាំងជំរំទាំង៣ខាងលើស្ថិតនៅជ្រៅក្នុងទឹកដីខ្មែរទាំងអស់។ នៅពេលនោះខ្ញុំធ្លាប់បានទៅងូតទឹកអណ្តូងនៅក្នុងកសិណប្រាសាទសេរី (ប្រាសាទស្តុកកក់ធំ) ដែលស្ថិតនៅក្នុងជំរំឫទ្ធិសែន។ ខ្ញុំ និងកងទ័ពដទៃទៀតក៏ធ្លាប់ទៅសែងទឹកពីអណ្តូងប្រាសាទសេរីយកមកប្រើប្រាស់នៅជំរំចាស់ ពីព្រោះនៅជំរំចាស់មិនមានប្រភពទឹកប្រើប្រាស់ឡើយ។ ក្រោយមកកងពលធំលេខ៤ ត្រូវបានប្តូរឈ្មោះជាកងពលធំ១៧៩វិញ។ នៅខែវស្សា ឆ្នាំ១៩៨៥ ខ្ញុំ និងកងទ័ពនៅអង្គភាពដឹកជញ្ជូនប្រមាណ១០នាក់ទៀតបានដកត្រឡប់មកនៅអង្គភាពដឹកជញ្ជូនចំណុះកងវរសេនាធំលេខ១០វិញ។

នៅចុងឆ្នាំ១៩៨៦ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបញ្ជូនពលករមកពីខេត្តស្វាយរៀងកាប់​ឆ្ការព្រៃតាមបណ្តោយព្រំដែនពីប៉ោយប៉ែតរហូតដល់ទីតាំងជំរំថ្មី (តំបន់ព្រៃចាន់) ដើម្បីសាងសង់របងយុទ្ធសាស្ត្រ និងទំនប់ការពារព្រំដែន (ទំនប់ក-៥)។ កងទ័ពវៀតណាម និងកងទ័ពនៃកងពល១៧៩ បានដឹកបង្គោលរបងស៊ីម៉ង់ត៍ និងលួសបន្លាមកដាំធ្វើរបងយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដាក់មីន និងរាយចម្រូងដែកជាច្រើនជាន់។

នៅឆ្នាំ១៩៨៧ ថ្នាក់ដឹកនាំបានបញ្ជូនកងទ័ពនៃកងពលធំ១៧៩ទាំងអស់វាយខ្មែរក្រហមនៅស្រុកស្វាយលើ ខេត្តសៀមរាប។ នៅចុងឆ្នាំ១៩៨៧ អង្គភាពខ្ញុំត្រូវបានត្រឡប់មកនៅស្វាយស៊ីសុផុនវិញ។ បន្ទាប់មកថ្នាក់លើបានផ្លាស់ខ្ញុំមកនៅក្នុងកងវរសេនាតូចលេខ៣៦ និងឈរជើងនៅសឹង្ហចង្ហា។ ថ្នាក់ដឹកនាំកងវរសេនាតូចលេខ៣៦ រួមមាន៖ ម៉ុក ផន, ធុន សឿន និង ពេជ្រ ស៊ីថា។ ក្រោយមកអង្គភាពកងវរសេនាតូចលេខ៣៦បានផ្លាស់មកឈរជើងនៅតំបន់ប៉ោយប៉ែត។ ពេលនោះខ្ញុំមានតួនាទីជាប្រធានអនុសេនាធំលេខ៤ ចំណុះកងវរសេនាតូចលេខ៣៦ ឈរជើងនៅចំណុចអតីតជំរំណងចាន់។ បន្ទាប់មកអង្គភាពអនុសេនាធំលេខ៤ របស់ខ្ញុំបានផ្លាស់មកឈរជើងនៅក្បាលទំនប់ក៥នៃតំបន់ប៉ោយប៉ែតបន្តទៀត។

នៅថ្ងៃមួយក្នុងឆ្នាំ១៩៨៨ ទាហានថៃបានយកគ្រឿងចក្រមកឈូសឆាយចម្ការស្វាយក្នុងទឹកដីកម្ពុជា និងត្រូវអង្គភាពរបស់ខ្ញុំបាញ់ឱ្យឆេះ និងស្លាប់អ្នកបើកបរគ្រឿងចក្រជនជាតិថៃចំនួន២នាក់។ បន្ទាប់មកទាហានថៃបានដឹកនាំកងកម្លាំងចូលមកប្រយុទ្ធជាមួយកងកម្លាំងរបស់ខ្ញុំរយៈពេលប្រហែល២ម៉ោងទើបដកថយត្រឡប់ចូលទៅប្រទេសថៃវិញ។

នៅឆ្នាំ១៩៨៩ ខ្ញុំត្រូវបានថ្នាក់លើផ្លាស់ចុះមកនៅកងវរសេនាតូចពិសេស យោធភូមិភាគទី៤ ឈរជើងនៅតំបន់ប៉ោយប៉ែត។ ពេលនោះខ្ញុំមានតួនាទីជាអនុប្រធានយោធាកងវរសេនាតូចពិសេស។

នៅឆ្នាំ១៩៩១ យន្តហោះស៊ើបការណ៍របស់ទាហានថៃមួយគ្រឿងបានហោះចូលមកក្នុងទឹកដីកម្ពុជា និងត្រូវកម្លាំងខ្ញុំបាញ់ធ្លាក់នៅតំបន់និមិត្ត។ ខ្ញុំបានបញ្ជាឱ្យកម្លាំងខ្ញុំចាប់អ្នកបើកយន្តហោះទាំងរស់បញ្ជូនទៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៅខេត្តសៀមរាប។ បន្ទាប់មកខ្ញុំបានបញ្ជាកម្លាំងឱ្យរុញយន្តហោះថៃនោះឡើងលើថ្នល់។ ប៉ុន្មានថ្ងៃក្រោយមកទាហានថៃទាក់ទងមកភាគីកម្ពុជាសុំយកអ្នកបើកបរ និងយន្តហោះនោះត្រឡប់ទៅប្រទេសថៃវិញ។

អត្ថបទ៖ ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖