ខ្ញុំឈ្មោះ ជិន ជឿន អាយុ៦២ឆ្នាំ កើតនៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ ជុំ ជៀន ស្លាប់នៅក្នុងសម័យ លន់ នល់ និងម្តាយឈ្មោះ មុំ មុន ស្លាប់ឆ្នាំ១៩៧៥។ ខ្ញុំមានបងប្អូនចំនួន៥នាក់ (ប្រុស៣ និងស្រី២នាក់) ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ ខ្ញុំមានប្រពន្ធឈ្មោះ ប៊ូ ខេន អាយុ៦១ឆ្នាំ និងមានកូនចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់។
កាលពីនៅវ័យកុមារ ខ្ញុំមិនបានចូលរៀនទេ។ នៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) ខ្ញុំត្រូវបានខ្មែរក្រហមដាក់ឱ្យនៅក្នុងកងកុមារ បែកពីឪពុកម្តាយ និងក្រុមគ្រួសារ។ នៅក្នុងកងកុមារខ្ញុំទទួលបានរបបអាហារហូបធម្មតា។ ពេលកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ ខ្ញុំក៏ត្រឡប់មកស្រុកកំណើត និងរស់នៅផ្ទះជាមួយម្តាយធំដោយប្រកបរបរធ្វើស្រែចម្ការ។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨២ ខ្ញុំបានចូលបម្រើកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅក្នុងភូមិស្នាកណ្តាល។ បន្ទាប់មកខ្ញុំត្រូវបានបញ្ជូនមកស្រុកពញាក្រែក ខ្ញុំបានហាត់រៀនយុទ្ធសាស្ត្រកងទ័ពនៅស្រុកពញាក្រែករយៈពេល៣ខែ ទើបបញ្ជូនបន្តមកនៅក្នុងអង្គភាពយោធាខេត្តកំពង់ចាម។
នៅឆ្នាំ១៩៨៣ ខ្ញុំត្រូវបានអង្គភាពបញ្ជូនមកបម្រើការនៅក្នុងកងពល១៧៩ ដែលមាន ខឹម សាខឿន ជាប្រធាន និង ជា ម៉ន ជាអនុប្រធានកងពល។ នៅខែវិច្ឆិកា ឆ្នាំ១៩៨៣ កងពល១៧៩ បានមកឈរជើងនៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខ្ញុំស្ថិតនៅក្នុងកងវរសេនាធំលេខ៩ (ង៩) ដែលមានថ្នាក់ដឹកនាំឈ្មោះ ស សាមុត ឈ្មោះ ឈាង និងឈ្មោះ ប្រាក់ សូសៀង។
នៅចុងឆ្នាំ១៩៨៣ អង្គភាពង៩ របស់ខ្ញុំត្រូវបានមកបោះទីតាំងនៅភូមិសឹង្ហ ដើម្បីវាយជាមួយកងទ័ពខ្មែរក្រហម និងទាហានសេរីការរបស់ ឡៃ វីរៈ។
នៅចុងឆ្នាំ១៩៨៤ កងពល១៧៩ បានចាប់ផ្តើមវាយនៅតាមជំរំទាហានប៉ារ៉ាដូចជា ជំរំណងចាន់ ជំរំឫទ្ធិសែន និងជំរំចម្ការគ ជាដើម។ នៅពេលនោះអង្គភាពង១០ ចំណុះកងពល១៧៩ បានសហការជាមួយកងទ័ពវៀតណាម វាយជំរំណងចាន់រយៈពេល២ថ្ងៃនិងបានកាន់កាប់ជំរំណងចាន់បានទាំងស្រុង។ ប្រជាជននៅជំរំណងចាន់រត់ភៀសខ្លួនទៅរស់នៅជំរំសាយធូក្នុងដីថៃ។ ចំណែកអង្គភាពង៩ របស់ខ្ញុំបានសហការជាមួយកងទ័ពវៀតណាមបានវាយចូលជំរំឫទ្ធិសែនទៀត។ ខ្ញុំបានឈរជើងនៅទីតាំងប្រាសាទក្នុងជំរំឫទ្ធិ សែន។ ចំណែកអង្គភាពង១១ នៃកងពល១៧៩ សហការជាមួយកងទ័ពវៀតណាមវាយចូលជំរំខ្មែរក្រហម គឺជំរំភ្នំឆ័ត្រ។
នៅឆ្នាំ១៩៨៥ ថ្នាក់លើបានដកកងពល១៧៩ ទាំងអស់ យកទៅវាយជាមួយកងទ័ពខ្មែរក្រហមនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេល១ឆ្នាំ។
នៅឆ្នាំ១៩៨៦ កងពល១៧៩ បានដកមកឈរជើងនៅភ្នំខ្លែងពណ៌វិញ។ នៅឆ្នាំ១៩៨៧ កងពល១៧៩ បានផ្លាស់ទៅឈរជើងនៅស្តៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ពេលនោះខ្ញុំបានឡើងឋានៈជាអនុប្រធានកងអនុសេនាតូច។
នៅខែកុម្ភៈ ឆ្នាំ១៩៨៨ អង្គភាពកងពល១៧៩ បានត្រឡប់មកឈរជើងនៅស្វាយចេក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យវិញ។ នៅឆ្នាំ១៩៨៨ ដដែល អង្គភាពខ្ញុំបានប្រយុទ្ធជាមួយទាហានប៉ារ៉ារបស់ ឡៃ វីរៈ នៅអាងកន្សែង។ ខ្ញុំ និងកងទ័ពពីរនាក់ទៀតបានត្រូវរបួស និងត្រូវទាហានប៉ារ៉ារបស់ ឡៃ វីរៈ ចាប់បានហើយបញ្ជូនយើងទៅព្យាបាលនៅមន្ទីរពេទ្យខាវអ៊ីដាវនៅប្រទេសថៃ។ ពេលចេញពីមន្ទីរពេទ្យ ឡៃ វីរៈ បានសួរថា ចង់ធ្វើទាហានប៉ារ៉ា ឬត្រឡប់ទៅក្នុងប្រទេសវិញ? ពេលនោះ ខ្ញុំឆ្លើយថា សម្រេចចិត្តចូលធ្វើទាហានប៉ារ៉ាជាមួយគាត់ (ឡៃ វីរៈ)។ បន្ទាប់មកខ្ញុំបានផ្លាស់មកនៅជាមួយ ដួង សុខុន នៅបន្ទាយក្នុងជំរំណងចាន់វិញ។
នៅឆ្នាំ១៩៨៨ ខ្ញុំបានរៀបការប្រពន្ធ ប៊ូ ខេន នៅជំរំណងចាន់។ បន្ទាប់ពីប្រពន្ធខ្ញុំមានផ្ទៃពោះ ខ្ញុំបានបញ្ជូនប្រពន្ធខ្ញុំទៅរស់នៅជំរំសាយធូក្នុងដីថៃវិញ។
នៅឆ្នាំ១៩៩២ អង្គការសហប្រជាជាតិបានដឹកក្រុមគ្រួសារខ្ញុំធ្វើមាតុភូមិវត្តន៍មករស់នៅស្រុកកំណើតខាងប្រពន្ធខ្ញុំនៅឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។ បន្ទាប់មកគ្រួសារខ្ញុំបានផ្លាស់មករស់នៅកំពង់ព្រះ ក្នុងខេត្តបាត់ដំបង។
នៅឆ្នាំ២០០០ គ្រួសារខ្ញុំបានត្រឡប់មករស់នៅអតីតណងចាន់វិញ ដោយសារនៅខេត្តបាត់ដំបងមិនមានដីសម្រាប់ធ្វើស្រែចម្ការ។ មកដល់ភូមិជោគជ័យ (អតីតជំរំណងចាន់) គ្រួសារខ្ញុំបានទិញដីអ្នកភូមិ សម្រាប់សាងសង់ផ្ទះរស់នៅ។ គ្រួសារខ្ញុំ និងអ្នកភូមិជោគជ័យដទៃទៀតមិនដែលមានបញ្ហាអ្វីជាមួយជនជាតិថៃ ដែលរស់នៅក្នុងភូមិថៃជាប់ជាមួយភូមិជោគជ័យទេ។ ខ្ញុំ និងអ្នកភូមិជោគជ័យបានដឹងច្បាស់ថាដីស្រែចម្ការ និងផ្ទះរបស់យើងស្ថិតនៅលើទឹកដីខ្មែរ មិនមែនដីរបស់ថៃឡើយ ពីព្រោះខ្ញុំ និងប្រពន្ធខ្ញុំបានរស់នៅណងចាន់នេះតាំងពីឆ្នាំ១៩៨៨មក មិនដែលមានជនជាតិថៃណាមកនិយាយថាដីនេះគឺជាដីរបស់ថៃឡើយ។
អត្ថបទ ៖ ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



