អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខជនភៀសសឹកមកពីភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាលើកទី២ នៅឯផ្ទះរបស់គាត់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅពេលទៅដល់ផ្ទះរបស់គាត់នៅវេលាម៉ោង៨ព្រឹក អ៊ី ស៊ីដា កំពុងមើលថែកូនភ្លោះតូចៗទាំងពីររបស់គាត់ ចំណែកប្តីរបស់គាត់ទទួលបានការងារជាជាងសំណង់នៅក្នុងភូមិ និងរកកម្រៃបាន៤០,០០០រៀល ក្នុងមួយថ្ងៃ។ នៅពេលសាកសួរអំពីស្ថានភាពសុខភាព ស៊ីដា បាននិយាយថា កូនតូចៗទាំងពីរទើបចេញមកពីមន្ទីរសម្រាកព្យាបាល ដោយសារមានជំងឺគ្រុនផ្តាសាយដោយសារអាកាសធាតុត្រជាក់ខ្លាំងកាលពីពីរសប្តាហ៍កន្លងទៅ។ ចំណែកកូនប្រុសច្បងរបស់គាត់ទៅរៀននៅសាលាបឋមសិក្សាពូតាំងធម្មតា។ អស់រយៈពេល៥០ថ្ងៃហើយ ចាប់តាំងពី ស៊ីដា និងក្រុមគ្រួសារ មករស់នៅភូមិពូតាំង ដោយសារការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។ ក្រុមគ្រួសារ ស៊ីដា គឺជាគ្រួសារមួយក្នុងចំណោមមនុស្សប្រហែល១សែននាក់ទៀតដែលកំពុងរស់នៅជាជនភៀសសឹក ចាប់តាំងពីការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជាក្នុងដំណាក់កាលទីពីរកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
នៅពេលសាកសួរអំពីរយៈពេលនៃការស្នាក់នៅបន្តក្នុងភូមិពូតាំង ស៊ីដា បានរៀបរាប់ថា៖
«ខ្ញុំចង់ត្រឡប់ទៅស្រុកកំណើតនៅភូមិព្រង ខេត្តឧត្តរមានជ័យវិញ ប៉ុន្តែមិនទាន់ដឹងថ្ងៃណាទេ។ ខ្ញុំបានទូរសព្ទទៅសួរម៉ែ គាត់ប្រាប់ថា ‘កុំអាលត្រឡប់មកផ្ទះវិញ ព្រោះប្រជាជនថៃបានបោះឆ្នោតឱ្យអ្នកដឹកនាំចាស់ [អានុទីន ឆាន់វីរៈគុល] ដែលធ្លាប់បានឈ្លានពានយើង។ ស្ថានភាពហាក់ដូចជាមិនសូវស្រួលសោះ។ បើកូនអាចបន្តនៅខេត្តមណ្ឌលគិរីបាន ចូរនៅទីនោះសិនចុះ ដោយសារកូនមានកូនតូចៗ។ រង់ចាំស្រុកមានសុវត្ថិភាព១០០% ចាំម៉ែទូរសព្ទឱ្យកូនវិលត្រឡប់មកផ្ទះយើងវិញ’។ ឮដូច្នោះ ខ្ញុំក៏មិនទានហ៊ានត្រឡប់ទៅវិញដែរ។ ប្រហែលជារស់នៅក្នុងភូមិពូតាំងហ្នឹងយូរបន្តិចហើយមើលទៅ។ រង់ចាំឱ្យមានសុវត្ថិភាពពេញលេញសិន និងទម្រាំតែកូនប្រុសរបស់ច្បងរបស់ខ្ញុំ រៀនដល់ថ្នាក់ទី៦ឬទី៧ នៅខេត្តមណ្ឌលគិរីនេះសិនហើយមើលទៅ។ នៅពេលយើងដូរកន្លែងរស់នៅច្រើនពេក ធ្វើឱ្យកូនគ្មានអារម្មណ៍ឬផ្តោតក្នុងការសិក្សារៀនសូត្រទេ។ ដូច្នេះប្ដីប្រពន្ធរបស់ខ្ញុំទាំងពីរនាក់បានពិភាក្សាគ្នា សុំរស់នៅក្នុងភូមិពូតាំងបន្តទៀតនេះ។ បងរបស់ខ្ញុំបានយល់ព្រមឱ្យក្រុមគ្រួសារខ្ញុំ រស់នៅជាមួយគាត់ក្នុងផ្ទះរបស់គាត់បន្តទៀត’។
នៅពេលសួរអំពីផលវិបាកនៃការភៀសសឹកនិងការឈ្លានពានរបស់ទាហានថៃមកលើក្រុមគ្រួសារគាត់ ស៊ីដា ឆ្លើយថា «ការលំបាកប៉ុណ្ណេះ មិនស្មើនឹងការលំបាករបស់មនុស្សជំនាន់មុនដែលបានតស៊ូឆ្លងកាត់សង្រ្គាម និងរស់រានមកដល់សព្វថ្ងៃនេះឡើយ។ ឳពុករបស់ខ្ញុំអាយុ៥៤ឆ្នាំ។ គាត់ធ្លាប់ត្រូវបានជម្លៀសកាលពីក្មេង ធ្លាប់រស់នៅឆ្លងកាត់សម័យសង្រ្គាម និងអាចរស់រានរហូតដល់សព្វថ្ងៃ។ យើងមានការសើ្ងចសរសើរនិងអាណិតដល់វីរកងទ័ពកម្ពុជាដែលបានការពារយើងនិងទឹកដីយើង។ ខ្ញុំសូមសរសើរដោយស្មោះចំពោះក្រុមគ្រួសាររបស់វីរកងទ័ពដែលសុខចិត្តរស់នៅបែកគ្នា និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពដើម្បីការពារដែនដីរបស់យើង។ ទោះបីអាកាសធាតុនៅទីនេះត្រជាក់ខ្លាំងសម្រាប់ខ្ញុំ និងមានបញ្ហាខ្វះខាតខាងសេដ្ឋកិច្ច យើងអាចសម្របខ្លួនបន្តិចម្តងៗ។ សម្រាប់យើងជាឳពុកម្តាយវ័យក្មេងជំនាន់នេះ ត្រូវតស៊ូដើម្បីកូនៗបន្តទៀតនិងដើម្បីប្រទេសយើង»។ គាត់បានបន្ថែមថា «ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានយុត្តិធម៌ ហើយពិភពលោកនឹងមិនឈរឱបដៃមើលយើងលំបាកឡើយ»។
អត្ថបទ ៖ សូ ហ្វារីណា នាយកមជ្ឈមណ្ឌលសហគមន៍ចងចាំជនជាតិដើមភាគតិច
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



