នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ ស្រុកកំពង់សៀម ចំនួន១០នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សទាំងអស់ ទទួលបានកម្មវិធីសិក្សា រួមមាន៖ ទី១) បទបង្ហាញអំពីពិព័រណ៍ប្រវត្តិមេដឹកនាំក្នុងខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, និងការកាត់ទោសមេដឹកនាំខ្មែរក្រហម; ទី២) ការអានសៀវភៅ និងឯកសារនៅបណ្ណាល័យខ្មែរក្រហម និងបន្ទប់បណ្ណសារនៃមជ្ឈមណ្ឌល; និងទី៣) កិច្ចពិភាក្សា និងស្វែងយល់ពីកិច្ចការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្តើម បុគ្គលិកប្រចាំការនៅទីតាំងមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម ឈ្មោះទូច វណ្ណេត បានធ្វើកិច្ចស្វាគមន៍ និងធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្សទាំងអស់ស្ដីពីពិព័រណ៍អចិន្ត្រៃយ៍ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ព្រឹត្តិការណ៍ការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំឱ្យធ្វើការជាទម្ងន់នៅការដ្ឋានលើកទំនប់ ប្រឡាយ, និងការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្តមកទៀត សិស្សទាំងអស់ត្រូវចូលទៅកាន់បណ្ណាល័យខ្មែរក្រហម និងបន្ទប់បណ្ណសារខ្មែរក្រហម ដើម្បីស្វែងយល់អំពីប្រភពធនធានសៀវភៅ និងឯកសារអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ សិស្សានុសិស្សបានបន្តការទស្សនាពិព័រណ៍ស្ដីពី«ក្តីសង្ឃឹមកម្ពុជា»។ ក្រោយពីសិស្សានុសិស្សទាំងអស់បានបញ្ចប់ការទស្សនាផ្ទាំងពិព័រណ៍, លោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម បានធ្វើបទបង្ហាញអំពីកិច្ចការងារមួយចំនួន ដែលកិច្ចការទាំងនោះរួមមាន វេទិកាថ្នាក់រៀន ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ, ដំណើរទស្សនកិច្ចតាមរយៈរថភ្លើង, កិច្ចការងាររបស់អ្នកស្ម័គ្រចិត្តកម្ពុជា ក្នុងការចុះជួបសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការសហការជាមួយអង្គការសង្គមស៊ីវិល, រដ្ឋបាលខេត្ត ស្រុកឃុំ និងវិទ្យាល័យនានា នៅក្នុងខេត្តកំពង់ចាម។
ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ចនេះ, សិស្សានុសិស្សដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ដូចខាងក្រោម៖
ឆោម ភារៈ រៀនថ្នាក់ទី១២ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ «នៅពេលដែលខ្ញុំបានចូលរួមទស្សនកិច្ចសិក្សាថ្ងៃនេះ ខ្ញុំបានឃើញរូបភាព និងយល់ដឹងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ អ្វីដែលខ្ញុំកាន់តែយល់ដឹងបន្ថែមទៀតនោះ គឺការអានឯកសារ និងបទសម្ភាសន៍ទាក់ទងអ្នករស់រានមានជីវិតពីរបបខ្មែរ ដែលចេញពីកិច្ចការងារស្រាវជ្រាវរបស់អ្នកស្ម័គ្រចិត្ត ដែលជាយុវជនយុវនារីជំនាន់ក្រោយដូចរូបខ្ញុំដែរ»។
វេ ពិសី រៀនថ្នាក់ទី១១ លើកឡើងអំពីទស្សនយល់ឃើញរបស់ខ្លួនថា៖ «នៅពេលដែលខ្ញុំសម្លឹងរូបថតរបស់ប្រជាជននៅជំនាន់មុន ដែលបានឆ្លងកាត់ការឈឺចាប់ក្នុងសម័យសង្គ្រាម, របបប្រល័យពូជសាសន៍ខ្មែរក្រហម និងជីវិតជាជនភៀសខ្លួន, ខ្ញុំមានចិត្តអាណិតអាសូរជាខ្លាំង។ ផ្ទៃមុខរបស់គាត់ បង្កប់ទៅដោយរឿងរ៉ាវនៃការស៊ូទ្រាំ និងការខិតខំប្រឹងប្រែងបន្តទៅមុខទៀត។ អ្វីដែលខ្ញុំកាន់តែសម្លឹង កាន់តែគិត និងកាន់តែអាណិតនោះ គឺខ្ញុំនៅឃើញទឹកមុខនៃទុក្ខលំបាក និងការស៊ូទ្រាំ របស់ប្រជាជន រស់នៅតាមជំរំជនភៀសខ្លួន ដោយសារតែសង្រ្គាមនាពេលនេះ។ ទុក្ខលំបាក និងការស៊ូទ្រាំ របស់ប្រជាជន ដែលរងផលប៉ះពាល់ពីសង្រ្គាម បានផ្ដល់មេរៀនដល់ខ្ញុំ និងយើងទាំងអស់គ្នានៃ សាមគ្គីភាព និងសន្តិភាព ហើយក៏ជាការក្រើនរំលឹកដល់យើងអំពីទំនួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍន៍ និងការការពារប្រទេសជាតិយើង»។
អត្ថបទ៖ សាំង ចាន់ធូ និងលី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា









