ជីវិតពុករបស់ខ្ញុំ

ប៉ុន សន្យា ភេទប្រុស អាយុ២៣ឆ្នាំ (គឺជាកូនទី២នៅក្នុងគ្រួសារ) មានទីកន្លែងកំណើតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នរស់ នៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ប៉ុន សន្យា មានបងប្អូនចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ និងប្រុសពីរនាក់ និងម្តាយឈ្មោះ ប៉ុន សុផល ។ ឪពុកឈ្មោះ គឹម សំអាត អាយុ៥៥ឆ្នាំ មានឋានន្តរសក្តិអនុសេនីយ៍ឯក នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងយោធពលខេមរភូមិន្ទ ពលីជីវិតនៅតំបន់ប្រាសាទព្រះវិហារ។

ខាងក្រោមនេះគឺជាការចងចាំរបស់ ប៉ុន សន្យា អំពីឪពុករបស់ខ្លួន៖

ពុករបស់ខ្ញុំឈរជើងនៅតំបន់ប្រាសាទព្រះវិហារតាំងពីបីខែមុនពេលផ្ទុះអាវុធរវាងខ្មែរ-ថៃ។ មុនពេលប៉ះទង្គិចគ្នាមួយថ្ងៃ ពុករបស់ខ្ញុំបានខ្ចីម៉ូតូមិត្តភក្តិរបស់គាត់ជិះចុះពីលើភ្នំដើម្បីរកទិញថ្នាំ ពីព្រោះជើងរបស់គាត់ហើម ដោយសារឡើងជាតិអាស៊ីត។ នៅពេលចុះមកដល់ក្រោម ពុករបស់ខ្ញុំបានជួបជាមួយបងស្រីខ្ញុំ ហើយនិយាយជាមួយគ្នាថា៖ «ពុកនៅខាងក្រោមព្យាបាលជើងឱ្យជាសិនទៅចាំត្រឡប់ឡើងទៅលើភ្នំវិញ ពីព្រោះពុកឧស្សាហ៍ឈឺជើង ពុកលេបថ្នាំតែម្តង ឬពីរដងអស់តែជាតិថ្នាំ ជើងពុកហើមឡើងវិញហើយ»។ ពុករបស់ខ្ញុំឆ្លើយតបមកវិញថា៖ «សុំមេមកបានតែមួយថ្ងៃទេ ស្អែកពុកត្រូវឡើងទៅភ្នំវិញ ទៅប្រចំាការ»។ ពេលឮដូច្នេះ បងស្រីរបស់ខ្ញុំបានព្យាយាមអង្វរ ប៉ុន្តែគាត់មិនព្រមនៅ ព្រោះគាត់ត្រូវឡើងទៅលើភ្នំ និងមិនអាចបោះបង់សមរភូមិ។ បងស្រីខ្ញុំប្រាប់ថា ពុករបស់ខ្ញុំហើមជើងដើរមិនចង់រួចនោះទេ ប៉ុន្តែដោយសារគាត់ត្រូវទិញថ្នាំ ទើបចូលមកលេងបងស្រីរបស់ខ្ញុំ។ ពុក និងបងស្រីខ្ញុំហូបបាយជាមួយគ្នា និងជជែកសួរសុខទុក្ខគ្នាទៅវិញទៅមក។

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ មុនពេលផ្ទុះអាវុធមួយថ្ងៃ ខ្ញុំបានទៅជួបពុកខ្ញុំនៅប្រាសាទព្រះវិហារ។ ខ្ញុំអាចជួបពុករាល់ថ្ងៃ ដោយសារតែខ្ញុំធ្វើការជាភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិខេត្តព្រះវិហារ លើប្រាសាទព្រះវិហារនេះតែម្ដង។ នៅពេលជួបគ្នា ពុកប្រាប់ខ្ញុំឱ្យត្រៀមខ្លួន ព្រោះភាគីខាងថៃមិនសូវស្រួលជាមួយកម្ពុជាយើងទេ។

នៅថ្ងៃបន្ទាប់ ខ្ញុំឡើងទៅធ្វើការនៅប្រាសាទព្រះវិហារដូចសព្វដង ប៉ុន្តែនៅពេលទៅដល់លើភ្នំ អាជ្ញាធរប្រចាំនៅប្រាសាទព្រះវិហារ បានប្រាប់ឱ្យខ្ញុំ និងសមាជិកផ្សេងទៀត ជម្លៀសខ្លួនចុះមកខាងក្រោមវិញភ្លាមៗ។ ពេលឮដូច្នេះ ខ្ញុំចាប់ផ្ដើមចុះពីលើភ្នំមកវិញ ប៉ុន្តែសំឡេងអាវុធបានកើតឡើងមុនគ្រប់ទីកន្លែង ដែលជាហេតុធ្វើឱ្យខ្ញុំជាប់នៅទីនោះ ២យប់ ៣ថ្ងៃ។ នៅប្រាសាទព្រះវិហារ អាវុធចាប់ផ្តើមផ្ទុះនៅវេលាម៉ោង៩:២០នាទីពេលព្រឹក ទាហានថៃបាញ់ផ្លោងគ្រាប់ដំបូងមកលើប្រាសាទព្រះវិហារ។ ខ្ញុំក្រាបចុះ ហើយលូនចូលក្នុងលេណដ្ឋាននៅក្បែរនោះ។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ ជម្លៀសក្រុមរបស់ខ្ញុំដែលមានសមាជិកសរុប៩នាក់ ចុះមកក្រោមតាមច្រកពើយតាឌី ដោយថ្មើរជើង។ នៅពេលធ្វើដំណើរ ក្រុមរបស់ខ្ញុំបានចំណាយពេលមួយថ្ងៃ ទើបចុះមកដល់ខាងក្រោម។ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមរបស់ខ្ញុំត្រូវបានជម្លៀសចេញទៅដល់ប្រាសាទកោះកេរ ហើយអាជ្ញាធរកោះកេរបានជម្លៀសយើងបន្តមកវត្តពោធិ៍៥០០០ដើម។

នៅម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំទទួលដំណឹងមកថា ពុករបស់ខ្ញុំបានស្លាប់នៅលើភ្នំព្រះវិហារ។ នៅពេលទទួលដំណឹងនោះភ្លាម ខ្ញុំទាក់ទងទៅបងស្រីរបស់ខ្ញុំតាមទូរសព្ទដើម្បីសួរបញ្ជាក់គាត់ឱ្យច្បាស់។ បង​ស្រីរបស់ខ្ញុំបានឆ្លើយតបមកវិញថា ពុកពិតជាបាត់បង់ជីវិតមែន។ ក្រុមការងាររបស់ពុកខ្ញុំ បញ្ជាក់មកខ្ញុំបន្ថែមទៀតថាពុករបស់ខ្ញុំបានស្លាប់ពិតមែន។ ពុករបស់ខ្ញុំស្លាប់នៅពេលដែលគាត់ចេញពីលេណដ្ឋានដើម្បីរកបាយហូប។ តាមការបញ្ជាក់របស់ក្រុមការងាររបស់គាត់ថា ពុករបស់ខ្ញុំហូបបាយទើបតែបានមួយម៉ាត់ ស្រាប់តែគ្រាប់ផ្លោងរបស់ថៃ ធ្លាក់ចំកន្លែងដែលគាត់កំពុងហូបបាយ។ មួយគ្រាប់ដំបូងគឺត្រូវចំក្បាល និងគ្រាប់ទីពីរត្រូវចំដើមទ្រូង និងពោះ។ នៅពេលដឹងថាពុករបស់ខ្ញុំបានស្លាប់ ក្រុមការងាររបស់គាត់មិនហ៊ានចេញពីលេណដ្ឋានមកពិនិត្យមើលសពនោះទេ ព្រោះការផ្ទុះអាវុធនៅតែបន្តមិនឈប់។

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទើបក្រុមការងារអាចនាំយកសពពុករបស់ខ្ញុំចុះមកក្រោម ដើម្បីប្រគល់ជូនគ្រួសាររបស់ខ្ញុំ។ សពពុករបស់ខ្ញុំ បានដឹកចេញពីខេត្តព្រះវិហារទាំងយប់ យកទៅធ្វើបុណ្យនៅខេត្តសៀមរាប ហើយបានបូជានៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ «នៅក្នុងពិធីបុណ្យ មានសប្បុរសជន និងអាជ្ញាធរខេត្តជួយឧបត្ថម្ភដល់គ្រួសាររបស់ខ្ញុំដោយស្មោះស្ម័គ្រ ប៉ុន្តែទោះបីជួយប៉ុនណាក៏មិនស្មើជីវិតរបស់ពុកខ្ញុំដែរ។ គ្មានអ្វីតបស្នង និងមានតម្លៃស្មើពុកខ្ញុំទេ។ ពុករបស់ខ្ញុំទើបអាយុ៥៥ឆ្នាំ ហើយខ្ញុំមិនទាន់បានសងគុណគាត់ទេ»។

អត្ថបទ៖ ឡុង អូន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ផ្ដល់ទីតាំងសម្រាប់ កិច្ចសន្ទនាជាមួយបុរសក្នុងតួនាទីសម្រេចចិត្ត លើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី

យុវជនស្ម័គ្រចិត្តគម្រោង «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម» ដោយចុះសម្ភាសន៍ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម