ព្រឹន្ទបាលឯក ពេជ្រ ង៉ោល ពលីដើម្បីការពារបូរណភាពទឹកដី

ស៊ុន ឡឹង គឺជាប្រពន្ធរបស់វីរកងទ័ព ពេជ្រ ង៉ោល សព្វថ្ងៃរស់នៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរៀបរាប់ថា ៖ ពេជ្រ ង៉ោល កើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពេជ្រ ង៉ោល គឺជាមនុស្សស្លូតបូត ហើយចូលចិត្តធ្វើបុណ្យណាស់។ ពេជ្រ ង៉ោល ធ្លាប់ធ្វើជាចុងភៅតុការ នៅពេលមានកម្មវិធីអាពាហ៍ពិពាហ៍ម្តងម្កាល អ្នកភូមិតែងពឹងពាក់គាត់ឱ្យមកជួយជាដរាប។ ពេជ្រ ង៉ោល បានរៀប ​​អាពាហ៍ពិពាហ៍ជាមួយ ស៊ុន ឡឹង ក្នុងឆ្នាំ២០១៤ ហើយមានកូនចំនួន៤នាក់ (ប្រុសពីរនាក់ និងស្រីពីរនាក់)។ បន្ទាប់ពីមានការឈ្លានពានពីសំណាក់ទាហានថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ អង្គភាពវរសេនាតូច៣៨២ ដែលស្ថិតនៅក្នុងកងពលលេខ៨ របស់ ពេជ្រ ង៉ោល បានចេញទៅប្រចាំការជារៀងរាល់ថ្ងៃនៅសមរភូមិជួរមុខទិសភ្នំទ្រព្យ។ មុនពេលផ្ទុះអាវុធ ពេជ្រ ង៉ោល ត្រូវបានមេបញ្ជាការអនុញ្ញាតឱ្យចុះពីភ្នំមកផ្ទះជារៀងរាល់ល្ងាចដើម្បីបានមកមើលថែប្រពន្ធកូនខ្ចី លុះម៉ោង៦ព្រឹកទើបវិលត្រឡប់ទៅប្រចាំការនៅជួរមុខវិញ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៦ព្រឹក ពេជ្រ ង៉ោល បានវិលទៅអង្គភាពវិញដូចធម្មតា លុះដល់ម៉ោង៩ និង៣០នាទីព្រឹក គឺចាប់ផ្តើមផ្ទុះអាវុធ ហើយបានជាប់ដៃតតាំងជាមួយសត្រូវជាប់រហូតមក។ ដោយស្ថានភាពផ្ទុះអាវុធកើតឡើងប្រថុចញ៉ុចពេក ពេជ្រ ង៉ោល មិនបានត្រៀមជាស្បៀងអាហារ ឬទឹកទទួលទានគ្រប់គ្រាន់។ ក្នុងពេលជាប់ដៃតទល់ជាមួយសត្រូវ ពេជ្រ ង៉ោល បានធ្វើការទាក់ទងហៅទូរសព្ទមកផ្ទះជាប់រហូតដែរ។ លុះដល់វេលាយប់ថ្ងៃទី២៥ ឆ្លងចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ពេជ្រ ង៉ោល បានប្រាប់ប្រពន្ធតាមទូរសព្ទថា គាត់ត្រូវរបួស ចំខាងក្រោមស្មា។ ក្រោយពេលត្រូវរបួស ពេជ្រ ង៉ោល បានរត់ទៅលាក់ខ្លួននៅលេណដ្ឋានដែលមានផ្ទាំងថ្មធំៗ ហើយបន្ទាប់មកគាត់បានគេចទៅរោងបាយរបស់មេបញ្ជាការនៅលើភ្នំទ្រព្យ ហើយក៏បានដួលសន្លប់នៅទីនោះទៅ។

ស៊ុន ឡឹង បានព្យាយាមទាក់ទងទៅប្តីរបស់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែទាក់ទងមិនបាន។ លុះដល់វេលាម៉ោង២ភ្លឺឆ្លងអាធ្រាត្រ ចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ទើបខ្លួនហៅទូរសព្ទទាក់ទងចូលជាធម្មតាវិញ។ ស៊ុនឡឹង បានសួរទៅប្តីថា៖ «បងនៅឯណា?​ ប្តីឆ្លើយថា បងនៅលើភ្នំ។ បងនៅលើភ្នំមានគ្នាប៉ុន្មាននាក់? បងនៅតែម្នាក់ឯងទេ បងទើបតែងើបពីសន្លប់ បងសន្លប់អស់៤ម៉ោងហើយ។ ម៉េចក៏បងមិនចុះមក? បងខ្សោះខ្លួនណាស់ បងហូរឈាមច្រើន។ បងត្រូវរបួសត្រង់កន្លែងណា? បងត្រូវរបួសក្រោមស្មា បងត្រូវរបួសធ្ងន់ ទាហានថៃបាញ់ត្រូវ។​ បងនៅលើភ្នំម្នាក់ឯងទេ អ្នកផ្សេងៗទៀតចុះពីភ្នំអស់ហើយ​។ ពេលច្បាំងបងមានបានហូបបាយ ហូបទឹកអីទេ? បងអត់បានហូបទេ បាយក៏មិនបានហូប ទឹកក៏មិនបានហូបតាំងពីឡើងលើភ្នំ ហើយខ្លួនប្រឡាក់សុទ្ធតែភក់។ អីចឹងបងអាចរំកិលខ្លួនចុះមកបានអត់? ចាំបងសុំកម្លាំង    ជំនួយ។  បងទៅអត់រួចទេ បងខ្សោះក្នុងខ្លួនណាស់ ជួយមើលថែកូនៗផង បងស៊ូលែងបានហើយ បងទ្រាំលែងបានហើយ»។​

ស៊ុន ឡឹង បានរៀបរាប់ថា «ពេលកំពុងនិយាយឆ្លើយឆ្លងគ្នា ខ្ញុំបានឮស្នូរកាំភ្លើងផ្ទុះក្នុងទូរសព្ទខាងប្តីរបស់ខ្ញុំ ហើយការទាក់ទងគ្នាក៏បានកាត់ផ្តាច់ត្រឹមនោះទៅ»។​

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស៊ុន​ឡឹង បានទទួលដំណឹងថាប្តីរបស់ខ្លួនបានស្លាប់បាត់ហើយ។ អ្នកផ្តល់ដំណឹងបានប្រាប់ទៀតថា ឱ្យទៅរកមើលសាកសពនៅមន្ទីរពេទ្យអន្លង់វែង។ ស៊ុន ឡឹង បានឱ្យប្អូនថ្លៃទៅអន្លង់វែង។ នៅពេលទៅដល់អន្លង់វែង ប្អូនថ្លៃបានប្រាប់ថា សាកសពហើម និងធុំក្លិនអស់ទៅ​​      ហើយ។ ក្រោយមក ស៊ុន ឡឹងនិងប្អូនថ្លៃ បានទៅកន្លែងតម្កល់សាកសពដែលស្ថិតនៅស្រុកស្រែណូយ។ ម៉ោងប្រហែលជា១ភ្លឺឆ្លងអាធ្រាត្រ ចូលថ្ងៃទី២៨ ទើបស៊ុន ឡឹង យកសាកសពប្តីរបស់ខ្លួនមកដល់ផ្ទះនៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីធ្វើបុណ្យ ដោយមានការចូលរួមពីប្រជាជនក្នុងភូមិ និងជួយជ្រោមជ្រែងពីអង្គភាពទ័ព រាជរដ្ឋាភិបាល និងរដ្ឋអំណាចមូលដ្ឋាន។

សពព្រឹន្ទបាលឯក ពេជ្រ ង៉ោល បូជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នៅពេលកំពុងបូជាសព មានស្នូរផ្ទុះគ្រាប់កាំភ្លើងចំនួនប្រាំគា្រប់ចេញពីសាកសព។ ស៊ុន ឡឹង បានប្រាប់ឱ្យដឹងថា «សពរបស់ប្តីគាត់ត្រូវបានទាហានថៃបាញ់ត្រូវចំនួនប្រាំគ្រាប់ បន្សល់លើសពមានស្នាមបាញ់មួយគ្រាប់ចំចុងដង្ហើម ហើយមានស្នាមវាយបែកក្បាល និងបំបាក់ឆ្អឹងស្មា»។

អត្ថបទ ៖ ឆេង វ៉េង បុគ្គលិកជម្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ក្រុមគ្រួសារ ពេជ្រ ង៉ោល/មជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖