វេទិកាពិភាក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ជា ស៊ីម តាកែវ ចំនួន១០នាក់ ក្នុងនោះមានស្រី៥នាក់ បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ដើម្បីចូលរួមវេទិកាអប់រំ និងពិភាក្សាប្រវត្តិសាស្រ្តខ្មែរក្រហម។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ជូនសិស្សានុសិស្សនូវចំណេះដឹង៖ ១) ការបញ្រ្ជាបចំណេះដឹងពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ផ្ដោតលើការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ ២) តួនាទីភារកិច្ចរបស់យុវជនក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស ប្រឆាំងនឹងការរើសអើងក្រោយពេលបញ្ចប់សង្រ្គាម ដើម្បីរក្សាបាននូវសន្តិភាពនាពេលបច្ចុប្បន្ន។ ៣) កត្តាដែលនាំឱ្យកើតមានអំពើប្រល័យពូជសាសន៍ និង៤) វិធីសាស្ត្រសំខាន់ៗ ដែលយុវជនចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍។

ជាកិច្ចដំបូងនៃវេទិកាពិភាក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម គឺសិស្សានុសិស្សទាំងអស់ត្រូវចំណាយពេល១៥នាទី ដើម្បីបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹង ដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវបានផ្ដល់ឱ្យ។ នៅក្នុងកម្រងសំណួរ បានចែកចេញជាបីផ្នែក គឺផ្នែកប្រវត្តិសាស្ត្រខ្មែរក្រហម ផ្នែកច្បាប់ ដែលទាក់ទងនឹងនិយមន័យ ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើហិង្សា។

បន្ទាប់ពីបំពេញកម្រងសំណួររួច បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវឈ្មោះ ជីម សុខគា បានទុកពេលឱ្យសិស្សានុសិស្សចំនួន១៥នាទី អានសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដោយលើកយកមេរៀនក្នុងជំពូកទី៣ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ បន្ទាប់ពីសិស្សអានចប់ សុខគា បានពន្យល់បន្ថែម ដោយលើកគោលការទាំង៨ចំណុច មកពន្យល់ដល់សិស្ស។ គោលការណ៍ទាំងនោះរួមមាន៖ ទី១)ប្រជាជនចេញពីទីក្រុងភ្នំពេញ និងតំបន់ផ្សេងៗ ទី២) លុបបំបាត់ទីផ្សារ ទី៣) លុបបំបាត់រូបិយប័ណ្ណ ៤) ចាប់ផ្សឹកព្រះសង្ឃឱ្យមកធ្វើស្រែចម្ការ ៥) សម្លាប់មេដឹកនាំក្នុងរបប លន់ នល់ ទី៦) បង្កើតសហករណ៍ជាន់ខ្ពស់ ទី៧) បណ្តេញជនជាតិវៀតណាមឱ្យចេញពីប្រទេស និងតាមព្រំដែន និងទី៨) បញ្ជូនកងទ័ពឱ្យទៅយាមល្បាតនៅតាមព្រំដែន។ បន្តមកទៀត សុខគា បានពន្យល់ពីនិយមន័យនៃពាក្យ «ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» និងកត្តាគ្រោះថ្នាក់មួយចំនួនដែលនាំដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍។

ចុងបញ្ចប់នៃវេទិកាពិភាក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម សុខគា បានលើកយកប្រធានបទ «តួនាទីរបស់យុវជនក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងទប់ស្កាត់ការរើសអើងក្នុងសង្គម» មកពន្យល់ និងពិភាក្សាជាមួយសិស្ស។ លើសពីនេះ សុខគា ក៏បានបង្ហាញទៅកាន់សិស្សទាំងអស់ថា ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងទប់ស្កាត់ការរើសអើងក្នុងសង្គមបាន លុះត្រាយុវជនទាំងអស់​សិក្សាពីបរិបទប្រវត្តិសាស្ត្រកម្ពុជាឱ្យបានស៊ីជម្រៅ និងរិះរកវិធីសាស្ត្រដោះស្រាយ​ ដើម្បីលើកកម្ពស់សិទ្ធិ និងទប់ស្កាត់ការរើសអើង។ ដើម្បីជាជំនួយដល់ការត្រិះរិះរបស់សិស្ស សុខគា បានផ្ដល់ឱកាសឱ្យសិស្សស្វែងយល់ពីសិទ្ធិរបស់ខ្លួន និងសិទ្ធិអ្នកដទៃទៀត។ ផលប៉ះពាល់នៃការរើសអើងនៅក្នុងសង្គមលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងអភិវឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួន តាមរយៈការទប់ស្កាត់ការរើសអើង និងការលើកកម្ពស់សិទ្ធិមនុស្ស។

ការពិភាក្សាតួនាទីរបស់យុវជន សុខគា បានលើកទឹកចិត្តសិស្ស ឱ្យចូលរួមក្នុងការពិភាភ្សាពីប្រធានបទ «ភារកិច្ចយុវជនក្នុងការប្រឆាំងនឹងការរើសអើង និងការលើកកម្ពស់សិទ្ធិមនុស្ស។ ដើម្បីសម្រេចតាមគោលបំណងដែលបានគ្រោងទុក សុខគា បានឱ្យសិស្សពិភាក្សាពីសំណួរមួយចំនួន និងបានចំណាយពេល២០នាទី សម្រាប់ឆ្លើយសំណួរ ជាលក្ខណៈផ្ទាល់ខ្លួន ដោយស្ងៀមស្ងាត់ ដោយប្រើប្រាស់សំណួរបំផុសដល់យុវជន ដូចខាងក្រោម៖

១) តើយុវជនមានសិទ្ធិផ្ទាល់អ្វីខ្លះ ដើម្បីរួមចំណែកទប់ស្កាត់អំពើប្រល័យសាសន៍?

២ តើយុវជនចូលរួមសិទ្ធរបស់ខ្លួនបានយ៉ាងដូចម្ដេច? និង

៣) តើយុវជនត្រូវធ្វើអ្វីខ្លះ ដើម្បីទប់ស្កាត់ការរើសអើង និងការលើកកម្ពស់សិទ្ធិមនុស្ស?

ការពិភាក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ រយៈពេលមួយព្រឹកពេញនេះ បានផ្ដល់ចំណេះដឹងយ៉ាងច្រើនដល់សិស្សានុសិស្ស ហើយថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីគំនិតផ្ទាល់ខ្លួនរបស់សិស្សា​នុសិស្សស្វែងយល់ពីភារកិច្ចរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីទទួលបានសន្តិភាព និងស្ថិរភាពក្រោយពេលបញ្ចប់សង្គ្រាម។ ការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ គឺជាគោលជំហរមួយជំរុញយុវជនឱ្យចូលរួមក្នុងសកម្មភាពសង្គម ក្នុងការរិះរកមធ្យោបាយ ឬវិធីសាស្ត្រនានា ដើម្បីលុបបំបាត់ការរើសអើងលើសិទ្ធិមនុស្ស។ នេះបញ្ជាក់ឱ្យឃើញថា យុវជនបានរួមចំណែកយ៉ាងសំខាន់បំផុតដែលធ្វើឱ្យសង្គមជាតិទទួលបានសន្តិភាព ដែលបង្ហាញឱ្យឃើញពីការតាំងចិត្តខ្ពស់ក្នុងការរារាំង និងទប់ស្កាត់នៃការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍នាពេលអនាគត។

អត្ថបទ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖