នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សចំនួន១៥នាក់ ក្នុងនោះមានស្រី១២នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅការិយាល័យរបស់ខ្លួនក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ វេទិកាថ្នាក់រៀនក្នុងថ្ងៃនេះគឺផ្តោតលើប្រធានបទ៖ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការជម្លៀសដោយបង្ខំដំណាក់កាលទី២ និងទី៣, និយមន័យអំពីអំពើប្រល័យពូជសាសន៍ និងវិធីសាស្រ្តក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យកើតមានឡើងសារជាថ្មី។ គោលបំណងដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) គឺចង់ឱ្យសិស្សានុសិស្សឈ្វេងយល់ពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបខ្មែរក្រហម និងកត្តាអ្វីខ្លះដែលនាំឱ្យកើតមានផលប៉ះពាល់នាពេលអនាគត ប្រសិនបើយើងមិនបានរៀនសូត្រពីរបបខ្មែរក្រហម។ សិស្សានុសិស្សត្រូវមានគំនិតផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិង្សា មកជាការជំរុញឱ្យមានការពិភាក្សាអំពីកេរដំណែលប្រវត្តិសាស្ត្រ នៅក្នុងសង្គម គ្រួសារ សហគមន៍ និងប្រទេសជាតិ។
មុនវេទិកាថ្នាក់រៀនចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានណែនាំខ្លួនទៅកាន់ សិស្សនុសិស្ស និងរៀបរាប់ពីវត្ថុបំណងចំនួន៤ នៃការបើកដំណើរការរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ ដូចខាងក្រោម៖
១) ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។
២) ដើម្បីពង្រឹងដល់ដំណើរការសន្តិភាព និងការទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ។ កម្មវិធីអប់រំនេះនិងផ្តល់ឪកាសឱ្យសិស្សានុសិស្សជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមទីជនបទបានមកចូលរួមរៀនសូត្រ។
៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការចែករំលែកអំពីរឿងរ៉ាវ និងបទ ពិសោធន៍ផ្ទាល់ខ្លួនដល់សិស្សានុសិស្សជំនាន់ក្រោយ។
៤) ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបានបន្សល់ ពីរបបខ្មែរក្រហម។
ជាកិច្ចបន្ទាប់មកលោក ឡុង ដានី បានឱ្យសិស្សានុសិ្សបំពេញតារាងស្ទាបស្ទង់មតិអំពីចំណេះដឹងរបស់ខ្លួនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរនៅមុនបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩)។ ក្រោយពីប្រមូលតារាងស្ទាបស្ទង់មតិរួច លោក ឡុង ដានី បានលើកយកវិធីសាស្ត្រ K-W-L និង អំណានជំពូកមកបង្រៀនសិស្ស ដោយចាប់ផ្តើមសួរសំណួរទៅសិស្សានុសិស្សទាំងអស់ថា តើប្អូនៗបានដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម? សំណួរបន្ទាប់មកទៀត តើប្អូនៗចង់ដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម? តមកទៀត យុវជនស្ម័គ្រចិត្តឡើងអានអត្ថបទការជម្លៀសដោយបង្ខំក្នុងដំណាក់កាលទី២ និងទី៣ ក្នុងរបបខ្មែរក្រហម។ នៅក្នុងឱកាសនោះ លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីការឡើងកាន់អំណាចរបស់ខ្មែរក្រហមគឺ ៖ ការជម្លៀសប្រជាជនចេញពីទីក្រុង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែលខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំជាបីដំណាក់កាលដូចខាងក្រោម៖
១) នៅថ្ងៃទី១៧ខែមសា ឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ បានរយៈពេល២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឱ្យកងទ័ពខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែនៃតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញហើយ ដូច្នេះប្រជាជនទាំងអស់មិនចាំបាច់យកទ្រព្យសម្បត្តិច្រើនទៅតាមខ្លួន និងចាក់សោផ្ទះឡើយ។ ប៉ុន្តែការពិតខ្មែរក្រហមមិនបានអនុញ្ញាតឱ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនជម្លៀសច្រើនលើសលប់បានស្លាប់ដោយសារការសម្លាប់ ធ្វើការងារហួសកម្លាំង និងអត់អាហារ។
២) ចាប់តាំងពីចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានការផ្លាស់ទីប្រជាជន ជាពិសេសប្រជាជនថ្មីដោយបង្ខំនៅតាមទីជនបទមួយទៅតាមទីជនបទមួយទៀត ម្តងហើយម្តងទៀត នៅក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចឹម ភូមិភាគបូព៌ា (រួមបញ្ចូលទាំងការផ្លាស់ទីតាមរយៈរថភ្លើងពីភូមិភាគនិរតី និងភូមិភាគបស្ចិម ទៅកាន់ភូមិភាគពាយ័ព្យ)។ ការផ្លាស់ទីប្រជាជននេះពុំមានជូនដំណឹងជាមុនបានបង្កជាទុក្ខវេទនា និងភាពលំបាកលំបិនដល់ប្រជាជន និងសហគមន៍យ៉ាងខ្លាំង។
៣) ចាប់តាំងពីរបបខ្មែរក្រហមធ្វើសង្រ្គាមតាមព្រំដែនជាមួយប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្តើមលែងទុកចិត្តលើកម្មាភិបាល យុទ្ធជន និងប្រជាជននៅភូមិភាគបូព៌ា។ ប្រជាជនភូមិភាគបូព៌ាត្រូវបានខ្មែរក្រហមចោទប្រកាន់ថា ជាមនុស្សដែលមានក្បាលយួនខ្លួនខ្មែរ។ ប្រជាជនភូមិភាគបូព៌ាទាំងអស់ជាគោលដៅនៃការជម្លៀសដោយបង្ខំចេញពីភូមិភាគបូព៌ាទៅភូមិភាគពាយ័ព្យ ភូមិភាគកណ្តាល និងភូមិភាគឧត្តរ។ ការជម្លៀសដោយបង្ខំនេះ បានបណ្តាលឱ្យប្រជាជនភូមិភាគបូព៌ាជាច្រើនបានស្លាប់ដោយសារខ្មែរក្រហមសម្លាប់ អត់អាហារ និងមានជំងឺគ្មានថ្នាំព្យាបាល។ បន្ទាប់ពីការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហមចប់ លោក ឡុង ដានី ក៏បានធ្វើបទបង្ហាញជាសង្ខេបអំពីដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿង ០០១ និងសំណុំរឿង ០០២ (សំណុំរឿង០០២ វគ្គទី១ និងសំណុំ០០២ វគ្គទី២)។ និយមន័យអំពើប្រល័យពូជសាសន៍ ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់។
នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនលោក ឡុង ដានី បានស្នើសុំឱ្យសិស្សានុសិស្សបំពេញតារាងស្ទាបស្ទង់មតិ ម្តងទៀតដើម្បីចង់ដឹងអំពីចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើរឃោរឃៅធ្ងន់ធ្ងរ បន្ទាប់ពីការសិក្សារៀនសូត្រ។
ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៖
ខ្ញុំឈ្មោះ ភ័ណ ផល ភេទប្រុស អាយុ១៩ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ខ្ញុំសប្បាយចិត្ត និងរំភើបជាខ្លាំង នៅពេលដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ វេទិកាថ្នាក់រៀនធ្វើឱ្យខ្ញុំយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដូចជា ការសម្លាប់សត្រូវខាងក្នុង និងសត្រូវខាងក្រៅ ការអនុវត្តច្បាប់តាមគោលការណ៍ដឹកនាំរបស់លោក នួន ជា និង លោក ខៀវ សំផន ការកាត់ទោសលើមេដឹកនាំធំៗក្នុងរបបខ្មែរក្រហម និងការទប់ស្កាត់អំពើហិង្សានានា ដើម្បីកុំឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។
ខ្ញុំឈ្មោះ ប៉ែត ស្រីឌៀ ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ នាងខ្ញុំសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានសិក្សាពីប្រវត្តិសាស្ត្រក្នុងរបបខ្មែរក្រហម និងទទួលបានចំណេះដឹងបន្ថែមពីការចូលរួមវេទិកាថ្នាក់រៀននេះ។ ខ្ញុំយល់ដឹងកាន់តែច្បាស់ជាងមុនទាក់ទងទៅនឹងការជម្លៀសប្រជាជនទាំងបីដំណាក់កាល ស្ថានភាពរស់នៅ ការហូបចុក ការធ្វើការងារដោយប្រើកម្លាំងរបស់ប្រជាជនក្នុងរបបខ្មែរក្រហម។
ខ្ញុំឈ្មោះ ពឿន ឃុននូ ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ខ្ញុំសប្បាយរីករាយដែលបានចូលរួមវេទិកាថ្នាក់រៀន ដែលរៀបចំដោយមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់ពីបានស្ដាប់បទបង្ហាញរបស់លោកគ្រូ ឡុង ដានី រួចមក ខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំពីកន្លែងមួយទៅកន្លែងមួយទៀត ដោយធ្វើដំណើរតាមរយៈរថភ្លើង តាមរថយន្ត និងតាមទូក ក្នុងរបបខ្មែរក្រហម។ ពិសេស ខ្ញុំទទួលបានចំណេះដឹងអំពីការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។
អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា