"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

និស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ចូលរួមវេទិកាអន្តរជំនាន់អំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅវេលាម៉ោង៩ព្រឹកថ្ងៃអាទិត្យថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារ ខេត្ត​កំពង់ចាម រៀបចំវេទិកាអន្តរជំនាន់ដោយមានការចូលរួមដោយ ម៉ៅ វណ្ណា និង ឡុង គឹមស្រ៊ាង គឺជាមិត្តភក្តិពីកុមារភាពនិងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមនឹងនិស្សិតចំនួន១៨នាក់មកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ វេទិកាអន្តរជំនាន់នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតអាចស្ដាប់រឿងរ៉ាវជីវិតរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជំរុញឲ្យការយល់ដឹងបន្ថែមលើប្រវត្តិសាស្រ្តខ្មែរក្រហម។

មុនពេលចាប់ផ្ដើមវេទិកាអន្តរជំនាន់នេះ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម បានទទួលស្វាគមន៍ទៅកាន់និស្សិតទាំងអស់​​ និងធ្វើបទបង្ហាញអំពីផ្ទាំង ពិព័រណ៍ធំៗ​ពី​ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន និងការធ្វើការងារ​នៅ​ការ​រដ្ឋា​ន។ ឆ្លៀតក្នុងឱកាសនេះផងដែរ និស្សិត​បានចូលទៅទស្សនាបន្ទប់ឯកសារអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលផ្ទុកឯកសាររាប់សែន​ទំព័រ។ និស្សិត បានពិនិត្យមើល និងចាប់អារម្មណ៍ ឯកសារបទសម្ភាសន៍​ដែលចងក្រងអស់​រយៈពេល​ជាច្រើនឆ្នាំ។​

ជាកិច្ចបន្ត ម៉ៅ វណ្ណា ចែករំលែករឿងរ៉ាវជីវិតរបស់ខ្លួនទៅកាន់និស្សិតចូលរួម ដោយចាប់ផ្ដើមពីពេលវេលារៀននៅសាលាបឋមសិក្សាជាមួយមិត្តភក្ដិពីកុមារភាពជាមួយ ឡុង គឹមស្រ៊ាង រហូតដល់ពេលវេលាធ្វើការនៅកងចល័តរយនៅការដ្ឋានឆ្ន័ត្រ។

ម៉ៅ វណ្ណា បន្តថា៖ «នៅវ័យកុមារ ខ្ញុំរៀនសូត្រជាមួយមិត្តរបស់ខ្ញុំឈ្មោះ គឹមស្រ៊ាង នៅសាលា បឋមសិក្សាវត្តគ្រូអ៊ុក ស្ថិតនៅភូមិទី៨​​​ ឃុំកោះសូទិន ស្រុកកោះសូទិន។ ខ្ញុំ និង គឹមស្រ៊ាង បានបែកគ្នា នៅពេលដែលសង្គ្រា​មរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះឡើងនៅឆ្នាំ១៩៧២។ នៅពេលនោះ ភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន គឺជាសមរភូមិប្រទាញប្រទង់គ្នាយ៉ាងខ្លាំង។ ខ្ញុំចាកចេញពីភូមិទី៨ ទៅរស់នៅជាមួ​យ​ឪពុក​ បង្រៀននៅវិទ្យាល័យជម្ពូវ័ន្តទីក្រុងភ្នំពេញ ហើយខ្ញុំបន្តការសិក្សានៅទីនោះ ចំណែកឯ គឹមស្រ៊ាង រត់ភៀសខ្លួនទៅខាងជីហែគឺជាតំបន់រំដោះខ្មែរក្រហមនៅពេលនោះ។ នៅពេលទីក្រុងភ្នំពេញត្រូវវាយបែកដោយកងទ័ពរំដោះខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំ និងគ្រួសារ បានជម្លៀសមកកាន់ភូមិទី៨វិញ។ នៅឆ្នំា១៩៧៧ ខ្ញុំជួបគ្នាជាមួយ គឹមស្រ៊ាង ជាថ្មី ម្ដងទៀត គឺនៅកងចល័តរយនៅការដ្ឋានឆ្ន័ត្រ។ នៅ​ពេលនោះ ខ្ញុំគឺជាប្រជាជនថ្មីត្រូវបានដាក់ឲ្យ ធ្វើការនៅកងចល័តតាមការដ្ឋាន រួមមាន លើកដី ភ្ជួររាស់ និងដាំដំណាំ។ ចំណែក គឹមស្រ៊ាង គឺជាប្រធានកងចល័តរយទទួលបន្ទុកដឹកនាំខ្ញុំ និងសមមិត្ត ផ្សេងទៀតក្នុងការធ្វើការងារប្រចាំថ្ងៃ។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានចូល មកដល់ និងចាប់ផ្ដើមស្រាវជ្រាវប្រវត្តិប្រជាជនថ្មីដើម្បីយកទៅសម្លាប់។ កងចល័តរយគឺមានប្រជាជនថ្មីសរុបចំនួន១២​នាក់។ ខ្ញុំមានឈ្មោះនៅក្នុងចំណោមប្រជាជនថ្មីទាំង១២នាក់នោះ។ នៅយប់មួយ គឹមស្រ៊ាង ជាប្រធានកងចល័តរយ ដើរស្រង់ឈ្មោះដើម្បីយកទៅសម្លាប់។ នៅពេលនោះ គឹម ស្រ៊ាង ស្រង់ឈ្មោះប្រជាជនថ្មីត្រឹមតែ១១​នាក់តែប៉ុណ្ណោះ។ នៅព្រឹកបន្ទាប់ អ្នកទាំង១១នាក់ដែល សមមិត្ត​ គឹមស្រ៊ាង ស្រង់យកគឺត្រូវបានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីយកទៅសម្លាប់ ទាំងអស់។​ ខ្ញុំរួចផុតពីសេចក្ដីស្លាប់នៅពេលនោះ និងនៅ​តែគិតថាមិត្តភក្ដិពីកុមារភាពរបស់ខ្ញុំ គឹមស្រ៊ាង បានជួយជីវិតរបស់ខ្ញុំ។ បើទោះបីជាខ្ញុំមានវាសនារួចផុតពីសេចក្ដីស្លាប់ ឪពុកម្ដាយ និងបងប្អូនប្រុសស្រី របស់ខ្ញុំត្រូវខ្មែរក្រហមសម្លាប់យ៉ាងព្រៃផ្សៃដោយបានចង​ទម្លាក់ចូលក្នុងទន្លេ»។

វាគ្មិនបន្ទាប់គឺ  ឡុង គឹមស្រ៊ាង និយាយប្រាប់អំពីបទពិសោធន៍ជីវិតរបស់ខ្លួនថា៖ «ខ្ញុំឈ្មោះ ឡុង គឹមស្រ៊ាង អាយុ៦៤ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅវ័យកុមារ ខ្ញុំរៀននៅសា​លាបឋមសិក្សាវត្តគ្រូអ៊ុកតឹ្រមថ្នាក់ទី១០ ជាមួយមិត្តរបស់ខ្ញុំ វណ្ណា។ ខ្ញុំ ឃើញអ្នកភូមិជាច្រើនចូលរួមបាតុកម្មដង្ហែទៅទីរួមខេត្តកំពង់ចាម បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចាប់ផ្ដើមចូលមកក្នុងភូមិជាបណ្ដើរៗ និងសូមផ្ទះអ្នកភូមិស្នាក់នៅ។ នៅឆ្នាំ១៩៧២ ខ្ញុំឃើញមានយន្តហោះទ្រុងជ្រូកហោះមកទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅភូមិ។ ពេលនោះ ខ្ញុំរត់ភៀសខ្លួនទៅរស់នៅភូមិមហាលាភ។ នៅឆ្នាំ១៩៧៥ ខ្ញុំវិលត្រឡប់មកភូមិកំណើតវិញ។ នៅឆ្នាំ១៩៧៦ ខ្ញុំចូលធ្វើការនៅក្នុងកងចល័តនារី និងកងចុងភៅរោងបាយរួមស្ថិតនៅកោះសូទិន។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវ ដាក់ធ្វើជាប្រធានកងរយ ដែលក្ដាប់មនុស្សចំនួន៩៧នាក់។ កងចល័តរយគឺមានទិសដៅធ្វើការងារនៅការដ្ឋានឆ្ន័ត្រស្ថិតនៅខាងអូររាំងឪ។ នៅឆ្នាំ១៩៧៧ដដែល ខ្ញុំទទួលបានបទបញ្ជាឲ្យស្រង់ឈ្មោះសមមិត្តចំនួន៣៤នាក់ដែលកំពុងធ្វើការនៅក្នុងកងចល័ត​រយនេះ។ ដោយគ្មានជម្រើសអ្វី ខ្ញុំដើរស្រង់ឈ្មោះមិត្តចំនួន៣៤នាក់នោះ និងប្រគល់ដល់ប្រធានក្ដាប់ធំ គឺសមមិត្ត ជុន។ នៅថ្ងៃ បន្ទាប់ ខ្ញុំដឹងថាឈ្មោះមិត្តទាំងចំនួន៣៤នាក់នោះត្រូវបានសម្លាប់នៅទីវាលក្រោយភូមិ ទីតាំងសម្លាប់នោះគឺជាគុកចាន់អណ្ដែត។ បន្ទាប់មកខ្ញុំត្រូវ បញ្ជាឲ្យបន្តស្រង់ឈ្មោះប្រជាជនថ្មី ដែលនៅសេសសល់ក្នុងកងចល័តរយនោះ។ ខ្ញុំស្រង់បានឈ្មោះត្រឹមតែ១១នាក់តែប៉ុណ្ណោះ។ នៅពេលនោះ ខ្ញុំមិនដឹង​ថាស​មមិត្ត វណ្ណា គឺជាប្រជាជនថ្មីដែលត្រូវបានជម្លៀសពីទីក្រុងភ្នំពេញនោះឡើយ ទើបខ្ញុំមិន​បានដាក់​ឈ្មោះរបស់វណ្ណានៅក្នុងបញ្ជីសម្លាប់។ ខ្ញុំគ្រាន់តែដឹងថា វណ្ណាក៏ជាប្រជាជនមូលដ្ឋានដូចខ្ញុំដែរ។ នៅចុងឆ្នាំ​១៩៧៨ ខ្ញុំឮដំណឹងអំពីសារាចរឈប់សម្លាប់មនុស្ស និងបានវិលត្រឡប់មកភូមិវិញ»។

បន្ទាប់ពីការនិយាយប្រាប់រឿងរ៉ាវជីវិតរបស់វាគ្មិនទាំងពីរមក និស្សិតចូលរួមបានស្ដាប់យ៉ាង​យក​ចិត្ត​ទុកដាក់​ជាមួយភាពសោកសង្រេង និងការបាត់បង់គ្រួសារនៅក្នុងរបបខ្មែរក្រហម និង​បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖

សុខ ចំរើន គឺជានិស្សតឆ្នាំទី១នៃវិទ្យាស្ថានពហុបច្ចេកទេសកំពង់ចាម លើកឡើងថា៖ «​​​ខ្ញុំ​មាន​អារម្មណ៍អាណិតអាសូរដល់អ៊ំស្រីទាំងពីរ ដែលរស់នៅក្នុងភាពលំបាកទាំងផ្លូវកាយទាំងផ្លូវចិត្ត និង​ការ​បាត់បង់សមា​ជិកគ្រួសារ។ ខ្ញុំពិតជារំភើបនៅចំពោះមិត្តភាពរបស់អ៊ំស្រីទាំងពីរនាក់។ បើទោះបីជាសង្រ្គាម និង​របបខ្មែរក្រហមបានបំបែកភាពស្និតស្នាល និងទំនុកចិត្តយ៉ាងណាក៏ដោយ អ៊ំស្រីទាំងពីរនៅតែគោរពរាប់​អាន​គ្នាជាមិត្តភក្តិពីកុមារភាព»។

ដឿង គឹមឡាង គឺជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានពហុបច្ចេកទេសកំពង់ចាម បង្ហាញអារម្មណ៍​របស់​ខ្លួនថា៖ «ខ្ញុំទទួលអារម្មណ៍លំបាកវេទនា និងខ្លោចផ្សា។ ខ្ញុំមិនបានដឹងពីរឿងរ៉ាវកើតឡើងនៅ​ក្នុង​របបខ្មែរក្រហមជ្រាលជ្រៅប៉ុន្មានទេ គឺខ្ញុំគ្រាន់តែឮតាមជីដូនរបស់ខ្ញុំនិយាយប្រាប់ខ្លះនៅពេលនោះ។ ក្រោយ​ពីបាន​ស្ដាប់ផ្ទាល់បែបនេះ ខ្ញុំពិតជាអាណិតអាសូរដល់អ្នកដែលបានរស់នៅក្នុងរបបខ្មែរក្រហមរួម​ទាំង​ជីដូនរបស់ខ្ញុំផង​ដែរ»។

អត្ថបទ ៖  អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្ត​កំពង់ចាម

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌលឯកសារកម្ពុជា